១៩
ពួក​ទូត​របស់​ស្តេច​ដាវីឌ​ត្រូវ​អាម៉ាស់​មុខ
១ ក្រោយ​នោះ​មក ណាហាស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ទ្រង់​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយរាជ្យ​ជំនួស ២ នោះ​ដាវីឌ​ទ្រង់​ព្រះដំរិះ​ថា អញ​នឹង​សំដែង​សេចក្តី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត ឲ្យ​ទៅ​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់ ពី​ដំណើរ​បិតា​សុគត ពួក​រាជ​ទូត​របស់​ដាវីឌ ក៏​ចូល​ទៅ​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ដល់​ហានូន ដើម្បី​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់ ៣ ប៉ុន្តែ ពួក​មេ​របស់​កូន​ចៅ​អាំម៉ូន​ទូល​ដល់​ហានូន​ថា ទ្រង់​ជឿ​ថា ដាវីឌ​ចង់​លើក​មុខ​បិតា​ទ្រង់ ដោយ​ចាត់​ពួក​នេះ​មក​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់​ឬ​អី ដែល​ពួក​ទូត​នេះ​បាន​មក​ឯ​ទ្រង់​ដូច្នេះ គឺ​ដើម្បី​តែ​នឹង​ឈ្លប​លប ហើយ​សង្កេត​មើល​ស្រុក​ប៉ុណ្ណោះ រួច​បំផ្លាញ​វិញ​ទេ​តើ ៤ ដូច្នេះ ហានូន​ក៏​ចាប់​ពួក​ទូត​របស់​ដាវីឌ​មក​កោរ ហើយ​កាត់​អាវ​គេ​ផ្តាច់​ផ្នែក​ខាង​ក្រោម នៅ​ត្រឹម​គូថ រួច​លែង​ឲ្យ​ទៅ​វិញ ៥ មាន​មនុស្ស​មក​ទូល​ដល់​ដាវីឌ ពី​ការ​ដែល​គេ​ប្រព្រឹត្ត​នឹង​ពួក​ទូត​ទាំង​នោះ ដូច្នេះ ទ្រង់​ចាត់​មនុស្ស​ឲ្យ​ទៅ​ទទួល ដ្បិត​គេ​មាន​សេចក្តី​ខ្មាស​ណាស់ ហើយ​ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូរ​សិន​ចុះ ចាំ​ទំរាំ​ពុកចង្កា​បាន​ដុះ​ជា​ថ្មី​ឡើង រួច​សឹម​ត្រឡប់​មក​វិញ។
សង្គ្រាម​ជា​មួយ​កូន​ចៅ​អាំម៉ូន និង​ពួក​ស៊ីរី
៦ លុះ​កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា គេ​បាន​នាំ​ឲ្យ​ដាវីឌ​ខ្ពើម​ដល់​ខ្លួន​ហើយ នោះ​ហានូន និង​ពួក​កូន​ចៅ​អាំម៉ូន ក៏​ផ្ញើ​ប្រាក់​១​ពាន់​ហាប ទៅ​ជួល​រទេះ​ចំបាំង និង​ទ័ព​សេះ​ពី​ស្រុក​មេសូប៉ូតាមា ស្រុក​ស៊ីរី-ម្អាកា និង​ពី​ស្រុក​សូបា​មក​ជួយ ៧ យ៉ាង​នោះ គេ​ជួល​បាន​រទេះ ៣​ម៉ឺន​២​ពាន់ ព្រម​ទាំង​ស្តេច​ស្រុក​ម្អាកា និង​បណ្តា​រាស្ត្រ​របស់​ទ្រង់​ផង ពួក​ទាំង​នោះ​ក៏​មក​បោះ​ទ័ព នៅ​មុខ​ក្រុង​មេឌីបា ឯ​ពួក​កូន​ចៅ​អាំម៉ូន ក៏​ចេញ​ពី​ទី​ក្រុង​ខ្លួន​ទាំង​ប៉ុន្មាន មូល​មក​ច្បាំង ៨ កាល​ដាវីឌ​បាន​ជ្រាប នោះ​ទ្រង់​ចាត់​យ៉ូអាប់ និង​ពួក​ពលទ័ព​ខ្លាំង​ពូកែ​ទាំង​អស់ ឲ្យ​ចេញ​ទៅ ៩ ពួក​កូន​ចៅ​អាំម៉ូន ក៏​ចេញ​មក​ត្រៀម​ពល នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ហើយ​ពួក​ស្តេច​ដែល​មក​ជួយ គេ​ក៏​នៅ​ឯ​វាល​ដោយ​ខ្លួន។
១០ រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​យក​ពួក​ជ្រើសរើស ក្នុង​ពួក​អ៊ីស្រាអែល ដាក់​ឲ្យ​ដំរៀប​គ្នា​ត​នឹង​ពួក​ស៊ីរី ១១ ឯ​បណ្តា​ទ័ព​ដែល​សល់ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ីសាយ ជា​ប្អូន ហើយ​គេ​ក៏​ដំរៀប​គ្នា​ត​នឹង​ពួក​កូន​ចៅ អាំម៉ូន ១២ លោក​ប្រាប់​ថា បើ​សិន​ជា​ពួក​ស៊ីរី​មាន​កំឡាំង​ហួស​ពេក អញ​ឈ្នះ​គេ​មិន​បាន នោះ​ចូរ​ឯង​មក​ជួយ​អញ​ផង បើ​ពួក​កូន​ចៅ​អាំម៉ូន​មាន​កំឡាំង​ហួស​ពេក ឯង​ឈ្នះ​គេ​មិន​បាន នោះ​អញ​នឹង​ទៅ​ជួយ​ឯង​វិញ ១៣ ចូរ​យើង​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​មាន​កំឡាំង​ចុះ ដោយ​ព្រោះ​សាសន៍​យើង និង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​ផង សូម​ព្រះយេហូវ៉ា​ទ្រង់​សំរេច​សេចក្តី​តាម​ព្រះហឫទ័យ​ទ្រង់​ចុះ ១៤ ដូច្នេះ យ៉ូអាប់ និង​ពួក​ពល​ដែល​នៅ​ជា​មួយ ក៏​ចូល​ទៅ​តស៊ូ​នឹង​ពួក​ស៊ីរី ហើយ​គេ​បាក់​ទ័ព​រត់​ពី​មុខ​លោក​ចេញ​ទៅ ១៥ កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ពួក​ស៊ីរី​បាន​បាក់​ទ័ព​ហើយ នោះ​គេ​ក៏​រត់​ពី​មុខ​អ័ប៊ីសាយ ជា​ប្អូន​យ៉ូអាប់​ដែរ នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង រួច​យ៉ូអាប់​ក៏​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ។
១៦ កាល​ពួក​ស៊ីរី​ឃើញ​ថា បាន​ចាញ់​ពួក​អ៊ីស្រាអែល​ហើយ នោះ​ក៏​ចាត់​ទូត ឲ្យ​ទៅ​អង្វរ​បាន​ពួក​ស៊ីរី ដែល​នៅ​ខាង​នាយ​ទន្លេ នាំ​ចេញ​មក​ជួយ មាន​សូបាក ជា​មេទ័ព​របស់​ហាដារេស៊ើរ ជា​អ្នក​នាំ​មុខ ១៧ កាល​ដាវីឌ​ទ្រង់​បាន​ជ្រាប នោះ​ទ្រង់​ប្រមូល​ពួក​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ប្រទះ​នឹង​គេ ហើយ​ក៏​ដំរៀប​គ្នា​ច្បាំង កាល​ដាវីឌ​បាន​ដំរៀប​ទ័ព​ច្បាំង​នឹង​ពួក​ស៊ីរី​ដូច្នេះ នោះ​គេ​ក៏​ត​នឹង​ទ្រង់ ១៨ តែ​ពួក​ស៊ីរី​គេ​បាក់​ទ័ព រត់​ពី​ពួក​អ៊ីស្រាអែល​ចេញ​ទៅ ហើយ​ដាវីឌ​បាន​សំឡាប់​ពួក​ទ័ព​ស៊ីរី ដែល​នៅ​រទេះ​ចំបាំង​អស់​៧​ពាន់ និង​ពល​ថ្មើរ​ជើង​៤​ម៉ឺន​នាក់ ក៏​សំឡាប់​សូបាក ជា​មេទ័ព​ដែរ ១៩ កាល​ពួក​ពលទ័ព​របស់​ហាដារេស៊ើរ​បាន​ឃើញ​ថា គេ​ចាញ់​ពួក​អ៊ីស្រាអែល​ហើយ នោះ​ក៏​តាំង​មេត្រី​នឹង​ដាវីឌ ហើយ​ចំណុះ​ទ្រង់ ដូច្នេះ ពួក​ស៊ីរី​មិន​ព្រម​ជួយ​ពួក​កូន​ចៅ​អាំម៉ូន​ទៀត​ឡើយ។