២២
១ ដាវីឌ​ក៏​មាន​ព្រះបន្ទូល​ថា នេះ​គឺ​ជា​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ហើយ​នេះ​ជា​អាសនា​នៃ​ដង្វាយ​ដុត​សំរាប់​ពួក​អ៊ីស្រាអែល​ហើយ។
ស្តេច​ដាវីឌ​រៀបចំ​សង់​ព្រះវិហារ
២ គ្រា​នោះ ទ្រង់​បង្គាប់ ឲ្យ​ប្រមូល​ពួក​សាសន៍​ដទៃ​ទាំង​អម្បាលម៉ាន ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​ចាត់​ជាង​ឲ្យ​ទៅ​ដាប់​ថ្ម សំរាប់​ស្អាង​ព្រះវិហារ​នៃ​ព្រះ ៣ ទ្រង់​ក៏​រៀបចំ​ដែក​យ៉ាង​សន្ធឹក ដើម្បី​ធ្វើ​ដែក​គោល​សំរាប់​សន្លឹក និង​ក្រប​ទ្វារ ហើយ​សំរាប់​ត្រចៀក​ទ្វារ​ផង និង​លង្ហិន​យ៉ាង​សន្ធឹក ដែល​ថ្លឹង​មិន​បាន​ដែរ ៤ ព្រម​ទាំង​ឈើ​តាត្រៅ​ឥត​គណនា ដ្បិត​ពួក​សាសន៍​ស៊ីដូន និង​ពួក​អ្នក​ក្រុង​ទីរ៉ុស​គេ​នាំ​ឈើ​តាត្រៅ​យ៉ាង​សន្ធឹក មក​ថ្វាយ​ដាវីឌ ៥ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថា សាឡូម៉ូន បុត្រ​យើង នៅ​ក្មេង​ខ្ចី​ពេក​ណាស់ ហើយ​ព្រះវិហារ​ដែល​ត្រូវ​ស្អាង​ថ្វាយ​ព្រះយេហូវ៉ា នោះ​ត្រូវ​តែ​បាន​រុងរឿង​យ៉ាង​ក្រៃលែង ព្រម​ទាំង​មាន​សិរី​លំអ និង​ល្បី​ឮ​ទួទៅ នៅ​គ្រប់​ទាំង​នគរ​ផង ដូច្នេះ យើង​នឹង​រៀបចំ​ឲ្យ យ៉ាង​នោះ​ដាវីឌ​ក៏​ត្រៀម​ប្រដាប់​ទុក​ជា​បរិបូរ​មុន​ដែល​ទ្រង់​អស់​ព្រះជន្ម​ទៅ។
៦ រួច​មក​ទ្រង់​ហៅ​សាឡូម៉ូន ជា​ព្រះរាជបុត្រា មក​ផ្តាំ​ឲ្យ​ស្អាង​ព្រះវិហារ ថ្វាយ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ៧ ដាវីឌ​ក៏​មាន​ព្រះបន្ទូល​នឹង​សាឡូម៉ូន​ថា កូន​អើយ ក្នុង​ចិត្ត​អញ​មាន​គំនិត​ចង់​ស្អាង​ព្រះវិហារ​ថ្វាយ​ដល់​ព្រះនាម​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អញ​ហើយ ៨ តែ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​បាន​មក​ដល់​អញ​ថា ឯង​បាន​កំចាយ​ឈាម​ជា​ច្រើន ហើយ​បាន​ច្បាំង​ចំបាំង​យ៉ាង​ធំ មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​ព្រះវិហារ សំរាប់​ឈ្មោះ​អញ​ទេ ពី​ព្រោះ​បាន​កំចាយ​ឈាម​ជា​ច្រើន នៅ​លើ​ផែនដី នៅ​ចំពោះ​អញ ៩ មើល នឹង​មាន​កូន​ប្រុស​១​កើត​ដល់​ឯង កូន​នោះ​នឹង​បាន​ជា​មនុស្ស​ទំនេរ​នៅ ហើយ​អញ​នឹង​ឲ្យ​វា​មាន​សេចក្តី​សំរាក ពី​ពួក​ខ្មាំងសត្រូវ​នៅ​ជុំវិញ ដ្បិត​វា​នឹង​មាន​ឈ្មោះ​ថា សាឡូម៉ូន ហើយ​នៅ​ជំនាន់​វា អញ​នឹង​ឲ្យ​ពួក​អ៊ីស្រាអែល​បាន​សេចក្តី​សុខ​សាន្ត និង​សេចក្តី​ស្រាកស្រាន្ត ១០ កូន​នោះ​នឹង​ស្អាង​ព្រះវិហារ សំរាប់​ឈ្មោះ​អញ​វិញ វា​នឹង​ធ្វើ​ជា​កូន​របស់​អញ អញ​ក៏​នឹង​ធ្វើ​ជា​ឪពុក​ដល់​វា ហើយ​នឹង​តាំង​រាជ្យ​វា លើ​នគរ​អ៊ីស្រាអែល​ជា​ដរាប​ទៅ ១១ ដូច្នេះ កូន​អើយ សូម​ឲ្យ​ព្រះយេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង ហើយ​សូម​ឲ្យ​ឯង​បាន​ចំរើន​ឡើង ដើម្បី​ស្អាង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ពី​ដំណើរ​ឯង​ហើយ ១២ សូម​តែ​ឲ្យ​ព្រះយេហូវ៉ា ទ្រង់​ប្រទាន​ប្រាជ្ញា និង​យោបល់ ដល់​ឯង ហើយ​បង្គាប់​បញ្ជា​ឯង​ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល ដើម្បី​ឲ្យ​ឯង​បាន​កាន់​តាម​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ១៣ យ៉ាង​នោះ ឯង​នឹង​បាន​ចំរើន​ឡើង គឺ​បើ​ឯង​រក្សា ហើយ​ប្រព្រឹត្ត​តាម​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះយេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ពី​ដំណើរ​ពួក​អ៊ីស្រាអែល​ជា​ពិត ចូរ​ឲ្យ​ឯង​មាន​កំឡាំង​ចុះ ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ដែរ កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ ១៤ ឥឡូវ​នេះ មើល ក្នុង​អស់​ទាំង​សេចក្តី​ទុក្ខ​លំបាក​របស់​អញ នោះ​អញ​បាន​ចាត់ចែង​ទុក ជា​មាស​១​សែន​ហាប និង​ប្រាក់​១​លាន​ហាប ព្រម​ទាំង​លង្ហិន និង​ដែក​ដែល​ថ្លឹង​មិន​បាន​ផង ដ្បិត​ច្រើន​ហួស​កំណត់​ណាស់ ក៏​បាន​ចាត់ចែង​ឈើ និង​ថ្ម​ដែរ ហើយ​ឯង​នឹង​ចង់​បន្ថែម​ទៀត​ក៏​បាន ១៥ មួយ​ទៀត មាន​ពួក​ជាង​នៅ​ជា​មួយ​នឹង​ឯង​ជា​បរិបូរ​ដែរ គឺ​មាន​ជាង​ដាប់​ថ្ម​ជាង​អារ​ឈើ ហើយ​គ្រប់​ទាំង​មនុស្ស ដែល​ជំនាញ​ក្នុង​ការ​គ្រប់​មុខ ១៦ ខាង​ឯ​មាស ប្រាក់ លង្ហិន និង​ដែក នោះ​មាន​ជា​ច្រើន​ឥត​គណនា ដូច្នេះ ចូរ​ឯង​រៀបចំ​ឡើង ចាប់​ធ្វើ​ចុះ សូម​ឲ្យ​ព្រះយេហូវ៉ា​គង់​នៅ​ជា​មួយ​នឹង​ឯង​ផង។
១៧ ដាវីឌ​ក៏​បង្គាប់​ដល់​ពួក​អ្នក ដែល​ជា​កំពូល​របស់​សាសន៍​អ៊ីស្រាអែល​ដែរ ឲ្យ​គេ​ត្រូវ​ជួយ​សាឡូម៉ូន ជា​ព្រះរាជបុត្រា​ទ្រង់ ១៨ ដោយ​ព្រះបន្ទូល​ថា តើ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា មិន​គង់​នៅ​ជា​មួយ​ទេ​ឬ​អី តើ​ទ្រង់​មិន​បាន​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក នៅ​គ្រប់​ទិស​ដែរ​ទេ​ឬ ដ្បិត​ទ្រង់​បាន​ប្រគល់​ពួក​អ្នក​ស្រុក​នេះ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ ស្រុក​នេះ​បាន​ចុះ​ចូល​នៅ​ចំពោះ​ព្រះយេហូវ៉ា និង​ពួក​រាស្ត្រ​របស់​ទ្រង់ ១៩ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​តាំង​ចិត្ត តាំង​ព្រលឹង ដើម្បី​រក​តាម​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ចូរ​ខំ​ប្រឹង​ឡើង ស្អាង​ទី​បរិសុទ្ធ​ផង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ដើម្បី​នឹង​នាំ​ហិប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះយេហូវ៉ា ព្រម​ទាំង​គ្រឿង​ប្រដាប់​បរិសុទ្ធ​របស់​ទ្រង់ មក​ក្នុង​ព្រះវិហារ ដែល​នឹង​ត្រូវ​ស្អាង សំរាប់​ព្រះនាម​ទ្រង់។