៧
អំពីបញ្ហាគូស្រករ
១ ឯសេចក្តីដែលអ្នករាល់គ្នាបានផ្ញើទៅសួរខ្ញុំ នោះខ្ញុំយល់ឃើញថា បើមនុស្សប្រុសមិនដែលប៉ះពាល់នឹងស្រីសោះ នោះល្អជាជាង ២ តែ ដោយព្រោះមានការសហាយស្មន់កើតឡើង បានជាគួរឲ្យគ្រប់មានប្រពន្ធជារបស់ផងខ្លួនវិញ ហើយគ្រប់ទាំងស្រីក៏ត្រូវមានប្តីជារបស់ផងខ្លួនដែរ ៣ ត្រូវឲ្យប្តីប្រព្រឹត្តនឹងប្រពន្ធដោយចិត្តសប្បុរស ហើយត្រូវឲ្យប្រពន្ធប្រព្រឹត្តនឹងប្តីក៏ដូច្នោះដែរ ៤ ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយខ្លួនឯងទេ គឺជាប្តីវិញ ហើយប្តីក៏មិនមែនជាម្ចាស់លើរូបកាយខ្លួនឯងដែរ គឺជាប្រពន្ធវិញ ៥ ដូច្នេះ កុំឲ្យបង្អត់គ្នាឡើយ លើកតែស្រុះចិត្តគ្នាក្នុង១ពេល ដើម្បីឲ្យបានជាទំនេរនឹងអធិស្ឋាន រួចត្រូវវិលមកនៅជាមួយវិញ ក្រែងអារក្សសាតាំងល្បួងលួងអ្នករាល់គ្នា ដោយមិនចេះអត់ទ្រាំ ៦ ប៉ុន្តែ ខ្ញុំនិយាយសេចក្តីនេះដោយអធ្យាស្រ័យទេ មិនមែនដោយបង្គាប់ឡើយ ៧ ខ្ញុំចូលចិត្តឲ្យគ្រប់មនុស្សទាំងអស់បានដូចជាខ្ញុំ តែគ្រប់គ្នាមានអំណោយទានមកពីព្រះផ្សេងគ្នារៀងខ្លួន គឺម្នាក់យ៉ាងនេះ ម្នាក់យ៉ាងនោះ ៨ ខ្ញុំក៏និយាយចំពោះនឹងពួកក្រមុំ កំឡោះ ហើយនិងពួកមេម៉ាយថា បើគេនៅដូចជាខ្ញុំ នោះល្អហើយ ៩ ប៉ុន្តែ បើអ្នកទាំងនោះអត់ទ្រាំមិនបាន នោះចូរយកប្តីប្រពន្ធចុះ ដ្បិតដែលយកប្តីប្រពន្ធ នោះជាជាងទ្រាំឲ្យមានសេចក្តីរោលរាលវិញ ១០ ឯខាងអ្នកដែលមានប្តីប្រពន្ធហើយ នោះខ្ញុំនឹងបង្គាប់ដែរ តែមិនគឺខ្ញុំ គឺជាព្រះអម្ចាស់វិញ ទ្រង់បង្គាប់ថា កុំឲ្យប្រពន្ធលែងប្តីឡើយ ១១ ឬបើបានលែងប្តីហើយ នោះចូរនៅជាឥតប្តីទៅចុះ ឬឲ្យជានឹងប្តីខ្លួនវិញទៅ ហើយឯប្តី ក៏កុំឲ្យលែងប្រពន្ធខ្លួនដែរ។
១២ ឯមនុស្សឯទៀត មិនមែនព្រះអម្ចាស់មានព្រះបន្ទូលទេ គឺខ្លួនខ្ញុំនិយាយថា បើបងប្អូនណាមានប្រពន្ធដែលមិនជឿ តែព្រមនៅជាមួយនឹងខ្លួន នោះមិនត្រូវលះចោលនាងឡើយ ១៣ ហើយស្ត្រីណាមានប្តីដែលមិនជឿ តែព្រមនៅជាមួយនឹងនាង នោះក៏មិនត្រូវឲ្យនាងលះចោលគេដែរ ១៤ ដ្បិតប្តីដែលមិនជឿ នោះបានរាប់ជាស្អាតដោយសារប្រពន្ធ ហើយប្រពន្ធដែលមិនជឿក៏ដោយសារប្តីដែរ ពុំនោះ កូនចៅគេមិនស្អាតទេ តែឥឡូវនេះ វាស្អាតហើយ ១៥ តែបើអ្នកដែលមិនជឿគេដកខ្លួនចេញ នោះឲ្យគេចេញចុះ យ៉ាងនោះ បងប្អូនប្រុសឬស្រី នឹងមិននៅជាប់ចំណងទៀតទេ ប៉ុន្តែ ព្រះទ្រង់បានហៅយើងរាល់គ្នា ឲ្យមានសេចក្តីមេត្រីនឹងគ្នាវិញ ១៦ ដ្បិតឱស្ត្រីអើយ ប្រហែលជានាងនឹងសង្គ្រោះប្តីបានទេដឹង ឬបុរសអើយ ប្រហែលជាអ្នកនឹងសង្គ្រោះប្រពន្ធបានដែរទេដឹង។
ជីវិតរស់នៅស្របតាមការត្រាស់ហៅរបស់ព្រះ
១៧ តែត្រូវឲ្យគ្រប់គ្នាដើរតាមដែលព្រះអម្ចាស់បានចែកឲ្យ ហើយតាមដែលព្រះបានហៅមករៀងខ្លួន ខ្ញុំក៏តាំងរបៀបយ៉ាងដូច្នេះ ក្នុងគ្រប់ទាំងពួកជំនុំដែរ ១៨ បើទ្រង់បានហៅអ្នកណាដែលកាត់ស្បែកហើយ កុំឲ្យអ្នកនោះត្រឡប់ដូចជាមិនកាត់ស្បែកវិញឡើយ បើទ្រង់ហៅអ្នកណាដែលមិនបានកាត់ស្បែក កុំឲ្យអ្នកនោះកាត់ស្បែកឲ្យសោះ ១៩ ព្រោះការកាត់ស្បែកមិនជាអ្វីទេ ឬដែលមិនកាត់ស្បែក នោះក៏មិនជាអ្វីដែរ តែដែលមានប្រយោជន៍ នោះគឺស្រេចនឹងកាន់តាមបញ្ញត្តរបស់ព្រះវិញ ២០ បើមនុស្សមានសណ្ឋានជាយ៉ាងណា ក្នុងកាលដែលព្រះទ្រង់ហៅ នោះឲ្យប្រព្រឹត្តតាមសណ្ឋាននោះចុះ ២១ កាលទ្រង់ហៅអ្នកមក តើអ្នកជាបាវបំរើគេឬអី កុំឲ្យព្រួយពីសេចក្តីនោះឡើយ តែបើអាចនឹងដោះខ្លួនរួច នោះស៊ូដោះខ្លួនចេញទៅ ២២ ដ្បិតអ្នកណាដែលធ្វើជាបាវបំរើគេ ក្នុងកាលដែលព្រះអម្ចាស់ហៅមក នោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលទ្រង់ហៅមក នោះជាបាវបំរើនៃព្រះគ្រីស្ទវិញ ២៣ ទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ កុំឲ្យត្រឡប់ជាបាវបំរើរបស់មនុស្សទៀតឡើយ ២៤ បងប្អូនអើយ អ្នករាល់គ្នាមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះទ្រង់ហៅមក នោះឲ្យប្រព្រឹត្តតាមសណ្ឋាននោះ នៅចំពោះទ្រង់ចុះ។
អ្នកមិនទាន់រៀបការ និងស្ត្រីមេម៉ាយ
២៥ ឯត្រង់ពួកស្រីក្រមុំៗ ខ្ញុំគ្មានទទួលសេចក្តីបង្គាប់ពីព្រះអម្ចាស់មកទេ តែខ្ញុំសំដែងដោយគំនិតខ្ញុំ ទុកដូចជាបានទទួលសេចក្តីមេត្តាករុណាមកពីព្រះអម្ចាស់ ឲ្យបានគួរជឿដែរ ២៦ ដូច្នេះ ដោយព្រោះគ្រាលំបាកនេះ ខ្ញុំស្មានជាយ៉ាងនេះបានស្រួល គឺថាគួរឲ្យមនុស្សនៅតែដដែលវិញ ២៧ តើជាប់មានប្រពន្ធឬអី កុំឲ្យរកផ្លូវនឹងលែងគ្នាឡើយ បើមិនទាន់ជាប់មានប្រពន្ធនៅឡើយ នោះក៏កុំឲ្យរកប្រពន្ធដែរ ២៨ ប៉ុន្តែ បើអ្នកបានយកប្រពន្ធហើយ នោះមិនមែនហៅថាមានបាបទេ ហើយបើស្រ្តីក្រមុំណាយកប្តីហើយ នាងនោះក៏មិនមែនហៅថាមានបាបដែរ តែពួកអ្នកយ៉ាងនោះនឹងមានសេចក្តីទុក្ខព្រួយខាងសាច់ឈាម ណ្ហើយ ខ្ញុំឈប់ស្លេះប៉ុណ្ណេះចុះ ដោយព្រោះអាណិតដល់អ្នករាល់គ្នា។
២៩ បងប្អូនអើយ ខ្ញុំប្រាប់សេចក្តីនេះថា ពេលវេលាចង្អៀតណាស់ហើយ ពីនេះទៅមុខ គួរតែឲ្យពួកអ្នកដែលមានប្រពន្ធ បាននៅដូចជាគ្មានវិញ ៣០ ពួកដែលយំ ដូចជាមិនយំ ពួកដែលអរសប្បាយ ដូចជាមិនអរសប្បាយ ពួកដែលទិញ ដូចជាគ្មានអ្វីសោះ ៣១ ហើយពួកអ្នកដែលប្រើប្រាសលោកីយ៍នេះ ដូចជាមិនប្រើហួសខ្នាតទេ ដ្បិតគំរូនៃលោកីយ៍នេះតែងតែផ្លាស់ទៅ ៣២ ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានរួចពីសេចក្តីកង្វល់ ឯអ្នកដែលគ្មានប្រពន្ធ នោះតែងរវល់តែនឹងការរបស់ព្រះអម្ចាស់ ដែលនឹងធ្វើដូចម្តេចឲ្យទ្រង់សព្វព្រះហឫទ័យប៉ុណ្ណោះ ៣៣ តែអ្នកណាដែលមានប្រពន្ធ នោះតែងរវល់នឹងការនៅលោកីយ៍នេះវិញ ដែលនឹងធ្វើដូចម្តេច ឲ្យប្រពន្ធបានពេញចិត្ត ៣៤ ស្ត្រីមានប្តី និងស្ត្រីក្រមុំក៏ខុសពីគ្នាយ៉ាងនោះដែរ គឺស្រីដែលគ្មានប្តី នោះតែងរវល់នឹងការរបស់ព្រះអម្ចាស់ ឲ្យបានបរិសុទ្ធទាំងខ្លួនប្រាណ និងព្រលឹងវិញ្ញាណផង តែស្ត្រីណាដែលមានប្តី នោះតែងរវល់នឹងការនៅលោកីយ៍នេះវិញ ដែលនឹងធ្វើដូចម្តេចឲ្យប្តីបានពេញចិត្ត ៣៥ ដែលខ្ញុំនិយាយសេចក្តីនេះ នោះសំរាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា មិនមែនជាការដាក់អន្ទាក់រូតនៅមុខអ្នករាល់គ្នាទេ គឺសំរាប់ការដែលគួរគប្បី ហើយឲ្យអ្នករាល់គ្នាបានឧស្សាហ៍បំរើព្រះអម្ចាស់ ឥតមានសេចក្តីណានាំឲ្យទាស់ចិត្តឡើយ ៣៦ បើមានអ្នកណាស្មានថា មិនគួរគប្បីចំពោះកូនក្រមុំ ដែលហួសអាយុគ្រប់ការហើយ ក៏មានសេចក្តីបង្ខំក្នុងការនោះដែរ នោះឲ្យឪពុកធ្វើតាមចិត្តទៅ គឺឲ្យកូនយកប្តីចុះ គ្មានបាបទេ ៣៧ តែឪពុកអ្នកណាដែលមានចិត្តដាច់ ឥតមានសេចក្តីបង្ខំទេ គឺមានអំណាចនឹងសំរេចដោយខ្លួនឯងបាន ហើយបានតាំងចិត្តថា នឹងទុកកូននៅជាក្រមុំដរាបទៅ នោះក៏ស្រួលហើយ ៣៨ បានជាអ្នកដែលឲ្យកូនទៅគេ ក៏បានប្រព្រឹត្តល្អ ហើយអ្នកដែលមិនឲ្យកូនទៅគេ នោះក៏ប្រព្រឹត្តល្អជាងទៅទៀត ៣៩ កាលប្តីនៅរស់នៅឡើយ នោះប្រពន្ធត្រូវតែជាប់នៅក្នុងចំណងរបស់ប្តីជាដរាប តែបើកាលណាប្តីស្លាប់ទៅ នោះនាងមានច្បាប់នឹងយកប្តីបានតាមចិត្ត ឲ្យតែយកក្នុងព្រះអម្ចាស់ ៤០ ប៉ុន្តែ តាមគំនិតខ្ញុំយល់ថា បើនាងនោះនៅតែមេម៉ាយតទៅ នោះនាងបានសប្បាយជាង ហើយខ្ញុំស្មានថា ខ្ញុំមានវិញ្ញាណនៃព្រះដែរ។