១០
ត្រូវ​ប្រយ័ត្ន​នឹង​ព្រះ​ក្លែងក្លាយ
១ បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់ ពី​ដំណើរ​ពួក​ឰយុកោ​យើង​ទេ ថា​គេ​បាន​នៅ​ក្រោម​ពពក​ទាំង​អស់​គ្នា ហើយ​គ្រប់​គ្នា​បាន​ដើរ​កាត់​សមុទ្រ ២ គ្រប់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ពពក ហើយ​ក្នុង​សមុទ្រ​នោះ ឲ្យ​បាន​តាម​លោក​ម៉ូសេ ៣ គ្រប់​គ្នា​បាន​បរិភោគ​ចំណី​អាហារ​ដដែល​ខាង​ព្រលឹង​វិញ្ញាណ ៤ ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ដដែល​ខាង​ព្រលឹង​វិញ្ញាណ​ដែរ ដ្បិត​បាន​ផឹក​ពី​ថ្មដា​ខាង​ព្រលឹងវិញ្ញាណ​ដែល​តាម​គេ ឯ​ថ្មដា​នោះ គឺ​ជា​ព្រះគ្រីស្ទ ៥ ប៉ុន្តែ ព្រះ​ទ្រង់​មិន​ពេញ​ព្រះហឫទ័យ​នឹង​គេ​ជា​ច្រើន​គ្នា​ទេ ដ្បិត​គេ​ត្រូវ​ដួល​ស្លាប់​រាត់រាយ នៅ​ក្នុង​ទី​រហោស្ថាន ៦ ការ​ទាំង​នោះ​បាន​ត្រឡប់​ជា​គំរូ​ដល់​យើង ប្រយោជន៍​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្តី​អាក្រក់ ដូច​ជា​គេ​ឡើយ ៧ ឬ​ថ្វាយ​បង្គំ​រូប​ព្រះ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ថ្វាយ​ដែរ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «បណ្តាជន​បាន​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ» ៨ ឬ​ប្រព្រឹត្ត​សេចក្តី​កំផិត ដូច​ជា​ពួក​គេ​ខ្លះ​បាន​ប្រព្រឹត្ត ហើយ​មាន​២​ម៉ឺន​៣​ពាន់​នាក់ បាន​ត្រូវ​វិនាស​ក្នុង​១​ថ្ងៃ​នោះ​ឯង ៩ ឬ​ល្បង​ព្រះគ្រីស្ទ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ល្បង​ទ្រង់ ហើយ​ត្រូវ​វិនាស​ទៅ ដោយ​ពស់​ចឹក ១០ ក៏​កុំ​ឲ្យ​ត្អូញត្អែរ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ត្អូញត្អែរ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ ១១ រីឯ​ការ​ទាំង​នោះ​បាន​កើត​មក​ដល់​គេ​ទុក​ជា​គំរូ ហើយ​បាន​កត់​ទុក សំរាប់​ជា​សេចក្តី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​គ្នា ដែល​យើង​នៅ​គ្រា​ចុង​បំផុត​នៃ​អស់​ទាំង​កល្ប ១២ បាន​ជា​អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត្ន ក្រែង​លោ​ដួល ១៣ ដ្បិត​គ្មាន​សេចក្តី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ល្បួង ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ រីឯ​ព្រះ​ទ្រង់​ក៏​ស្មោះត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្តី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន។
១៤ ហេតុ​នោះ ឱ​ពួក​ស្ងួនភ្ងា​ខ្ញុំ​អើយ ចូរ​រត់​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ចេញ ១៥ ខ្ញុំ​និយាយ​នេះ ដូច​ជា​និយាយ​នឹង​មនុស្ស​មាន​ប្រាជ្ញា ចូរ​ពិចារណា​ពី​សេចក្តី​ដែល​ខ្ញុំ​ថា​នេះ​ចុះ ១៦ ឯ​ពែង​ដ៏​មាន​ពរ ដែល​យើង​សូម​ពរ​ឲ្យ តើ​មិន​មែន​ជា​សេចក្តី​ប្រកប​នឹង​លោហិត​របស់​ព្រះគ្រីស្ទ​ទេ​ឬ​អី ហើយ​នំបុ័ង​ដែល​យើង​កាច់ នោះ​តើ​មិន​មែន​ជា​សេចក្តី​ប្រកប​នឹង​រូប​អង្គ​នៃ​ព្រះគ្រីស្ទ​ទេ​ឬ​អី ១៧ ដ្បិត​ដែល​មាន​នំបុ័ង​តែ​១​ដុំ​នោះ​យ៉ាង​ណា ចំណែក​ពួក​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូបកាយ​តែ​១​យ៉ាង​នេះ​ដែរ ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​ទទួល​ទាន​ពី​ដុំ​នំបុ័ង​តែ​មួយ​នោះ​ឯង ១៨ ចូរ​ពិចារណា​ពី​សាសន៍​អ៊ីស្រាអែលខាង​សាច់​ឈាម​ចុះ ឯ​ពួក​អ្នក​ដែល​បរិភោគ​យញ្ញបូជា​ទាំង​នោះ តើ​មិន​មាន​សេចក្តី​ប្រកប​នឹង​អាសនាទេ​ឬ​អី ១៩ ដែល​ខ្ញុំ​និយាយ​ដូច្នេះ តើ​មាន​ន័យ​ថា រូប​ព្រះ​ជា​អ្វី​ឬ​ទេ ឬ​ដង្វាយ​ថ្វាយ​ដល់​រូប​ព្រះ​ជា​អ្វី​ឬ​ទេ ២០ មិន​មែន​ជា​អ្វី​ទេ ឯ​របស់​ដែល​សាសន៍​ដទៃ​បូជា​ថ្វាយ នោះ​មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ គឺ​ថ្វាយ​ដល់​អារក្ស​វិញ​ទេ​តើ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា មាន​សេចក្តី​ប្រកប​នឹង​អារក្ស​ឡើយ ២១ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ផឹក​ពី​ពែង​នៃ​ព្រះអម្ចាស់ និង​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ ក៏​ពុំ​អាច​នឹង​បរិភោគ​នៅ​តុ​ព្រះអម្ចាស់ និង​តុ​របស់​អារក្ស​ផង​បាន​ដែរ ២២ ឬ​តើ​យើង​ចង់​បណ្តាល​ឲ្យ​ព្រះអម្ចាស់​ទ្រង់​ប្រចណ្ឌ​ឬ​អី តើ​យើង​ខ្លាំង​ពូកែ​ជាង​ទ្រង់​ឬ។
អំពី​ការ​ដែល​ត្រូវ​ប្រព្រឹត្ត​ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះ
២៣ មាន​ច្បាប់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តែ​គ្រប់​ទាំង​ការ​គ្មាន​ប្រយោជន៍​ទេ មាន​ច្បាប់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តែ​គ្រប់​ទាំង​ការ​មិន​ស្អាង​ចិត្ត​ឡើង​ទេ ២៤ កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ ២៥ ចូរ​បរិភោគ​គ្រប់​របស់​ទាំង​អស់ ដែល​គេ​លក់​នៅ​ទី​ផ្សារ ឥត​ចាំ​បាច់​ស៊ើប​សួរ​អ្វី​ឡើយ ដោយ​យល់​ដល់​បញ្ញា​ចិត្ត ២៦ ដ្បិត​ផែនដី និង​របស់​ទាំង​អស់​នៅ​ផែនដី សុទ្ធ​តែ​ជា​របស់​ផង​ព្រះអម្ចាស់ ២៧ តែ​បើ​អ្នក​ណា​ដែល​មិន​ជឿ គេ​អញ្ជើញ​អ្នក​ទៅ​ពិសា ហើយ​អ្នក​ចង់​ទៅ​ដែរ នោះ​ត្រូវ​បរិភោគ​គ្រប់​មុខ ដែល​គេ​ដាក់​នៅ​មុខ​អ្នក​ចុះ ឥត​ចាំ​សួរ​អ្វី​ឡើយ ដោយ​យល់​ដល់​បញ្ញា​ចិត្ត ២៨ ប៉ុន្តែ បើ​អ្នក​ណា​ប្រាប់​អ្នក​ថា មុខ​នេះ​ជា​ដង្វាយ​ថ្វាយ​ដល់​រូប​ព្រះ​ហើយ នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ ដោយ​យល់​ដល់​អ្នក​ដែល​ប្រាប់​នោះ និង​បញ្ញា​ចិត្ត​ផង ២៩ ដែល​ខ្ញុំ​ថា បញ្ញា​ចិត្ត​នេះ នោះ​មិន​មែន​បញ្ញា​ចិត្ត​របស់​អ្នក​ទេ គឺ​របស់​គេ​វិញ ដ្បិត​ហេតុ​អ្វី​បាន​ជា​សេរីភាព​របស់​ខ្ញុំ​ត្រូវ​បញ្ញា​ចិត្ត​របស់​គេ​ជំនុំជំរះ ៣០ បើ​ខ្ញុំ​ទទួល​ទាន​ដោយ​អរ​ព្រះគុណ នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​ប្រកាន់​ទោស​ខ្ញុំ ដោយ​ព្រោះ​របស់​ដែល​ខ្ញុំ​បាន​អរ​ព្រះគុណ​រួច​ហើយ​នោះ ៣១ ដូច្នេះ ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​ចូរ​ធ្វើ​ទាំង​អស់​សំរាប់​ចំរើន​សិរីល្អ​ដល់​ព្រះ​ចុះ ៣២ កុំ​ឲ្យ​ធ្វើ​ជា​ទី​បង្អាក់​ចិត្ត ដល់​ពួក​សាសន៍​យូដា ឬ​សាសន៍​ក្រេក ឬ​ពួក​ជំនុំ​នៃ​ព្រះ​ឡើយ ៣៣ ដូច​ជា​ខ្លួន​ខ្ញុំ​ក៏​ផ្គាប់​ដល់​ចិត្ត​មនុស្ស​គ្រប់​គ្នា ក្នុង​ការ​ទាំង​អស់​ដែរ ដោយ​ឥត​រក​ផល​ប្រយោជន៍​ដល់​ខ្លួន​ឡើយ គឺ​ជា​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន​វិញ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​រួច។