១៣
សេចក្តីស្រឡាញ់
១ ទោះបើខ្ញុំចេះនិយាយ ជាភាសារបស់មនុស្សជាតិទាំងប៉ុន្មាន និងភាសារបស់ពួកទេវតាផង តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំបានត្រឡប់ដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹង ដែលឮទ្រហឹងប៉ុណ្ណោះ ២ បើខ្ញុំចេះអធិប្បាយ ហើយស្គាល់អស់ទាំងសេចក្តីអាថ៌កំបាំង និងគ្រប់ទាំងចំណេះវិជ្ជា ហើយបើខ្ញុំមានគ្រប់ទាំងសេចក្តីជំនឿល្មមនឹងឲ្យភ្នំរើចេញបាន តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំមិនជាអ្វីទេ ៣ បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិខ្ញុំជាអាហារដល់គេ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំសោះ ៤ ឯសេចក្តីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង ៥ មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស ៦ មិនដែលអរសប្បាយចំពោះសេចក្តីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្តីស្មោះត្រង់វិញ ៧ ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់ ៨ រីឯការអធិប្បាយ នោះនឹងត្រូវបាត់ទៅ ការនិយាយភាសាដទៃនឹងត្រូវឈប់ ហើយចំណេះក៏ត្រូវសាបសូន្យទៅដែរ តែឯសេចក្តីស្រឡាញ់មិនដែលផុតឡើយ ៩ ដ្បិតយើងចេះមិនទាន់សព្វគ្រប់ ហើយយើងអធិប្បាយមិនទាន់បានពេញខ្នាតផង ១០ តែកាលណាសេចក្តីគ្រប់លក្ខណ៍បានចូលមក នោះសេចក្តីដែលមិនពេញខ្នាតនឹងបាត់ទៅ ១១ កាលដែលខ្ញុំនៅក្មេងនៅឡើយ នោះខ្ញុំបាននិយាយដូចជាកូនក្មេង ក៏មានគំនិតដូចជាកូនក្មេងហើយបានពិចារណា ដូចជាកូនក្មេងដែរ លុះកាលខ្ញុំធំហើយ នោះខ្ញុំបានលះចោលការរបស់កូនក្មេងចេញទៅ ១២ ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខទល់នឹងមុខ ឥឡូវនេះ ខ្ញុំស្គាល់មិនទាន់អស់ តែនៅវេលានោះ ខ្ញុំនឹងស្គាល់វិញ ដូចជាព្រះទ្រង់ស្គាល់ខ្ញុំដែរ ១៣ ឥឡូវនេះ នៅមានសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺជាសេចក្តីស្រឡាញ់។