២
ព្រះគ្រីស្ទជាទីពឹងរបស់យើង
១ កូនតូចៗ រាល់គ្នាអើយ ដែលខ្ញុំសរសេរសេចក្តីទាំងនេះផ្ញើមក នោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានព្រះដ៏ជាជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត ២ ដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នា មិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះ គឺនឹងបាបរបស់លោកីយ៍ទាំងមូលដែរ។
បទបញ្ជាថ្មីៈ ត្រូវស្រឡាញ់គ្នាជាបងប្អូន
៣ យើងរាល់គ្នាដឹងថា យើងស្គាល់ទ្រង់ ដោយសារសេចក្តីនេះ គឺដោយយើងកាន់តាមបញ្ញត្តរបស់ទ្រង់ ៤ អ្នកណាដែលថា បានស្គាល់ទ្រង់ តែមិនកាន់តាមបញ្ញត្តទ្រង់ទេ អ្នកនោះឈ្មោះថាជាអ្នកកុហក ហើយសេចក្តីពិតមិននៅក្នុងអ្នកនោះឡើយ ៥ តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះបា្រកដជាសេចក្តីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ គឺដោយសេចក្តីនោះឯង ដែលយើងដឹងថា យើងនៅក្នុងទ្រង់ ៦ អ្នកណាដែលថាខ្លួននៅក្នុងទ្រង់ នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ។
៧ ពួកស្ងួនភ្ងាអើយ សេចក្តីដែលខ្ញុំសរសេរ ផ្ញើមកអ្នករាល់គ្នា នោះមិនមែនជាបញ្ញត្តថ្មីទេ គឺជាបញ្ញត្តចាស់ដដែល ដែលអ្នករាល់គ្នាមានតាំងពីដើមមក ឯបញ្ញត្តចាស់នោះ គឺជាព្រះបន្ទូល ដែលអ្នករាល់គ្នាបានឮហើយ ៨ ខ្ញុំក៏សរសេរបញ្ញត្ត១ថ្មីទៀត ផ្ញើមកអ្នករាល់គ្នា ជាសេចក្តីពិតដែលនៅក្នុងទ្រង់ ហើយក្នុងអ្នករាល់គ្នាដែរ ដ្បិតសេចក្តីងងឹតកំពុងតែបាត់ទៅ ហើយពន្លឺដ៏ពិតបានភ្លឺឡើង ៩ អ្នកណាដែលថា ខ្លួននៅក្នុងពន្លឺ តែស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្តីងងឹត ដរាបដល់សព្វថ្ងៃនេះ ១០ ឯអ្នកណាដែលស្រឡាញ់ដល់បងប្អូនខ្លួន នោះតែងនៅក្នុងពន្លឺវិញ ហើយនៅក្នុងអ្នកនោះគ្មានហេតុណា នឹងបង្អាក់បង្អន់ចិត្ត គេឡើយ ១១ តែអ្នកណាដែលស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្តីងងឹតវិញ ក៏ដើរក្នុងសេចក្តីងងឹត ហើយមិនដឹងជាខ្លួនទៅឯណាផង ពីព្រោះសេចក្តីងងឹតនោះបានបំបាំងភ្នែកហើយ។
១២ កូនតូចៗ រាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះទ្រង់បានអត់ទោសបាបរបស់អ្នករាល់គ្នាហើយដោយយល់ដល់ព្រះនាមទ្រង់ ១៣ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលទ្រង់គង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានឈ្នះមេកំណាចហើយ ក្មេងរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះវរបិតា ១៤ ឪពុករាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលគង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះមានកំឡាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នករាល់គ្នា អ្នករាល់គ្នាបានឈ្នះមេកំណាចហើយ ១៥ កុំឲ្យស្រឡាញ់លោកីយ៍ ឬរបស់អ្វីដែលនៅក្នុងលោកីយ៍នេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ៍ អ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ១៦ ដ្បិតអស់ទាំងសេចក្តី ដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម និងសេចក្តីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្តីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយ៍នេះវិញ ១៧ ឯលោកីយ៍នេះ និងសេចក្តីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ។
អ្នកប្រឆាំងព្រះគ្រីស្ទ
១៨ ក្មេងរាល់គ្នាអើយ នេះជាពេលម៉ោងក្រោយបង្អស់ហើយ សព្វថ្ងៃនេះកើតមានពួកទទឹងនឹងព្រះគ្រីស្ទជាច្រើន ដូចជាអ្នករាល់គ្នាបានឮហើយថា អាទទឹងនឹងព្រះគ្រីស្ទត្រូវមក ហេតុនោះបានជាយើងដឹងថា នេះជាពេលម៉ោងក្រោយបង្អស់ ១៩ គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសំដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ ២០ រីឯអ្នករាល់គ្នា បានព្រះដ៏បរិសុទ្ធចាក់លាបឲ្យហើយ ក៏ចេះគ្រប់ទាំងអស់ផង ២១ ខ្ញុំសរសេរផ្ញើមក មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្តីពិតទេ គឺដោយព្រោះបានស្គាល់ហើយ ក៏ដឹងថា គ្មានសេចក្តីភូតភរណាកើតពីសេចក្តីពិតនោះឡើយ ២២ តើអ្នកណាជាអ្នកកុហក បើមិនមែនជាអ្នកដែលប្រកែកថា ព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទនោះទេ អ្នកណាដែលមិនព្រមទទួលស្គាល់ទាំងព្រះវរបិតា នឹងព្រះរាជបុត្រាផង អ្នកនោះហើយជាអ្នកដែលទទឹងនឹងព្រះគ្រីស្ទ ២៣ ឯអស់អ្នកដែលមិនព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏គ្មានព្រះវរបិតាដែរ តែអ្នកណាដែលព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏មានទាំងព្រះវរបិតាផង ២៤ ដូច្នេះ ចូរឲ្យសេចក្តីដែលអ្នករាល់គ្នាបានឮពីដើមមក បាននៅជាប់ក្នុងខ្លួនចុះ បើសិនជាសេចក្តីដែលឮតាំងពីដើមមក បាននៅជាប់ក្នុងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នានឹងនៅជាប់ក្នុងព្រះរាជបុត្រា ហើយក្នុងព្រះវរបិតាដែរ ២៥ នេះហើយ ជាសេចក្តីដែលទ្រង់បានសន្យានឹងយើងរាល់គ្នា គឺជាជីវិតដ៏រស់នៅអស់កល្បជានិច្ច។
២៦ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីដំណើរនៃពួកអ្នកដែលនាំអ្នករាល់គ្នាឲ្យវង្វេង ២៧ រីឯដំណើរដែលទ្រង់ចាក់លាបឲ្យ នោះក៏នៅជាប់នឹងអ្នករាល់គ្នាពិត ហើយអ្នករាល់គ្នាមិនត្រូវការ ឲ្យអ្នកណាបង្រៀនពីការអ្វីទេ ប៉ុន្តែដូចជាដំណើរចាក់លាបនោះ បានបង្រៀនពីគ្រប់ការទាំងអស់ ហើយមិនមែនជាសេចក្តីកំភូតទេ គឺជាសេចក្តីពិតវិញ នោះត្រូវឲ្យអ្នករាល់គ្នានៅជាប់ក្នុងទ្រង់ចុះ តាមដែលដំណើរនោះបានបង្រៀនមក ២៨ ហើយឥឡូវនេះ ពួកកូនតូចៗ អើយ ចូរនៅជាប់ក្នុងទ្រង់ចុះ ដើម្បីកាលណាទ្រង់លេចមក នោះយើងខ្ញុំនឹងមានចិត្តក្លាហាន ឥតត្រូវការនឹងខ្មាសនៅចំពោះទ្រង់ ក្នុងកាលដែលទ្រង់យាងមកនោះឡើយ ២៩ បើអ្នករាល់គ្នាដឹងថា ទ្រង់សុចរិត នោះត្រូវតែយល់ឃើញថា អស់អ្នកណាដែលប្រព្រឹត្តតាមសេចក្តីសុចរិតនោះ គេបានកើតពីទ្រង់មកដែរ។