១៥
ស្តេចអ័ប៊ីយ៉ាសោយរាជ្យនៅស្រុកយូដា
១ លុះដល់ឆ្នាំទី១៨ ក្នុងរាជ្យយេរ៉ូបោម ជាបុត្រនេបាត នោះអ័ប៊ីយ៉ាក៏ចាប់តាំងសោយរាជ្យឡើងនៅស្រុកយូដា ២ ទ្រង់គ្រងរាជ្យបាន៣ឆ្នាំនៅក្រុងយេរូសាឡិម ឯមាតា ព្រះនាមជាម្អាកា បុត្រីអ័ប៊ីសាឡូម ៣ ទ្រង់ក៏ប្រព្រឹត្តតាមអស់ទាំងអំពើបាប ដែលព្រះបិតាបានប្រព្រឹត្តពីមុនមកដែរ ព្រះទ័យទ្រង់មិនបានស្មោះត្រង់ ដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាព្រះទ័យដាវីឌ ជាឰយុកោទ្រង់ទេ ៤ ប៉ុន្តែ ដោយព្រោះយល់ដល់ដាវីឌ បានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ បានប្រទានឲ្យមានចង្កៀង១ភ្លឺ នៅក្រុងយេរូសាឡិម គឺបានតាំងព្រះរាជបុត្រាទ្រង់ឲ្យសោយរាជ្យឡើងជំនួសបិតា ដើម្បីនឹងប្រោសឲ្យក្រុងយេរូសាឡិមនៅជាប់តទៅ ៥ ពីព្រោះដាវីឌបានប្រព្រឹត្តសេចក្តីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ដោយឥតបែរចេញ ពីសេចក្តីបង្គាប់ណាមួយរបស់ទ្រង់ ដរាបអស់ព្រះជន្ម លើកតែក្នុងរឿងពីអ៊ូរី ជាសាសន៍ហេតប៉ុណ្ណោះ ៦ ឯរេហូបោម និងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាដរាបដល់អស់ព្រះជន្ម។
៧ រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចយូដាហើយ អ័ប៊ីយ៉ា និងយេរ៉ូបោម ក៏តែងតែច្បាំងគ្នា ៨ អ័ប៊ីយ៉ាទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅក្នុងទីក្រុងរបស់ដាវីឌ រួចអេសាជាព្រះរាជបុត្រា ក៏សោយរាជ្យឡើងជំនួសបិតា។
ស្តេចអេសាសោយរាជ្យនៅស្រុកយូដា
៩ លុះដល់ឆ្នាំទី២០ ក្នុងរាជ្យយេរ៉ូបោម ជាស្តេចពួកអ៊ីស្រាអែល នោះអេសាចាប់តាំងសោយរាជ្យឡើង នៅស្រុកយូដា ១០ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបាន៤១ឆ្នាំ ឯមាតា ទ្រង់ ព្រះនាមជាម្អាកា បុត្រីអ័ប៊ីសាឡូម ១១ អេសានេះទ្រង់បានប្រព្រឹត្តទៀងត្រង់ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាឰយុកោទ្រង់ដែរ ១២ ទ្រង់កំចាត់ពួកកូនជឹងពីនគរចេញ ក៏បំបាត់អស់ទាំងរូបព្រះ ដែលវង្សានុវង្សទ្រង់បានធ្វើបង់។ ១៣ ទ្រង់ដកម្អាកា ជាមាតា ពីដំណែងជាមាតាហ្លួង ដោយព្រោះព្រះនាងបានធ្វើរូប១ ដែលគួរស្អប់ខ្ពើម ទុកសំរាប់ជាព្រះ ហើយអេសាក៏កាប់រូបនោះ យកទៅដុតនៅត្រង់ជ្រោះកេដ្រុន ១៤ តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញទេ ប៉ុន្តែទ្រង់មានព្រះទ័យស្មោះត្រង់ ដល់ព្រះយេហូវ៉ា រហូតដល់អស់ព្រះជន្ម ១៥ ហើយគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលព្រះបិតាបានថ្វាយ និងរបស់ដែលអង្គទ្រង់បានថ្វាយ គឺជាប្រាក់ មាស និងគ្រឿងប្រដាប់ផ្សេងៗ នោះទ្រង់ក៏យកទៅដាក់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
១៦ អេសានេះ និងប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ច្បាំងគ្នា រហូតដល់អស់ព្រះជន្ម ១៧ ឯប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ឡើងទៅទាស់នឹងពួកយូដា ក៏សង់ក្រុងរ៉ាម៉ាឡើង ដើម្បីកុំឲ្យមានអ្នកណាចេញចូលទៅខាងអេសា ជាស្តេចស្រុកយូដាបានឡើយ ១៨ ដូច្នេះ អេសាទ្រង់យកអស់ទាំងប្រាក់មាស ដែលនៅសល់ក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅក្នុងដំណាក់ស្តេច ប្រគល់ទៅក្នុងដៃនៃពួកមហាតលិកទ្រង់ ចាត់គេទៅឯបេន-ហាដាឌ់ ជាបុត្រថាបរីម៉ូន ដែលជាបុត្រហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយពាក្យថា ១៩ ទ្រង់ ហើយនឹងទូលបង្គំមានសេចក្តីសញ្ញានឹងគ្នាមកហើយ ព្រមទាំងព្រះបិតាទូលបង្គំ និងព្រះបិតារបស់ទ្រង់ផង នោះនែ ទូលបង្គំផ្ញើដង្វាយ ជាប្រាក់មាសមកថ្វាយដល់ទ្រង់ សូមឲ្យទ្រង់ទៅផ្តាច់សេចក្តីសញ្ញា ដែលទ្រង់មានចំពោះប្អាសា ជាស្តេចស្រុកអ៊ីស្រាអែលទៅ ដើម្បីឲ្យគេថយពីទូលបង្គំចេញ ២០ បេន-ហាដាឌ់ក៏ស្តាប់តាមស្តេចអេសា ទ្រង់ចាត់ពួកពលទ័ពទៅច្បាំងនឹងអស់ទាំងទីក្រុងនៅស្រុកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ និងក្រុងអេបិល-បេត-ម្អាកា ព្រមទាំងស្រុកគីនេរ៉ែតទាំងមូល ហើយស្រុកណែបថាលីទាំងអស់ ២១ កាលប្អាសាបានជ្រាប នោះទ្រង់ក៏លែងសង់ក្រុងរ៉ាម៉ា ទៅអាស្រ័យនៅឯក្រុងធើសាវិញ ២២ គ្រានោះ ស្តេចអេសាទ្រង់ចេញព្រះរាជឱង្ការ ប្រកាសដល់ពួកយូដាទាំងអស់គ្នា ឥតប្រោសទុកអ្នកណាមួយឡើយ ហើយគេក៏ទៅយកទាំងថ្ម និងឈើ ដែលប្អាសាបានប្រើ ដើម្បីនឹងសង់ក្រុងរ៉ាម៉ាមក រួចស្តេចអេសាក៏យកទៅសង់ក្រុងកេបានៅខែត្របេនយ៉ាមីន ព្រមទាំងក្រុងមីសប៉ាវិញ។
២៣ រីឯដំណើរឯទៀត ពីអេសា និងអំណាចរបស់ទ្រង់ ហើយការដែលទ្រង់ធ្វើទាំងប៉ុន្មាន ព្រមទាំងទីក្រុងទាំងអស់ដែលទ្រង់បានសង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅជាពង្សាវតាររបស់ពួកស្តេចយូដាហើយ តែកាលស្តេចទ្រង់ព្រះជរាហើយ នោះក៏កើតព្រះរោគឡើងត្រង់ព្រះបាទ ២៤ អេសា ទ្រង់ក៏ផ្ទំលក់ទៅមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់ នៅមួយនឹងពួកឰយុកោទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ជាឰយុកោ រួចយ៉ូសាផាត ជាព្រះរាជបុត្រាក៏សោយរាជ្យឡើងជំនួសបិតា។
ស្តេចណាដាបសោយរាជ្យនៅស្រុកអ៊ីស្រាអែល
២៥ លុះដល់ឆ្នាំទី២ ក្នុងរាជ្យអេសា ជាស្តេចស្រុកយូដា នោះណាដាប ជាព្រះរាជបុត្រាយេរ៉ូបោម ទ្រង់ចាប់តាំងសោយរាជ្យ នៅស្រុកអ៊ីស្រាអែល ទ្រង់គ្រងរាជ្យនៅស្រុកអ៊ីស្រាអែលបាន២ឆ្នាំ ២៦ ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយប្រតិបត្តិតាមផ្លូវ និងតាមអំពើបាបរបស់ព្រះបិតា ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ ២៧ រួចប្អាសា ជាកូនអ័ហ៊ីយ៉ា ក្នុងពូជអំបូរអ៊ីសាខារ ក៏ក្បត់ទ្រង់ ហើយប្រហារសំឡាប់ទ្រង់នៅត្រង់គីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីនទៅ ដ្បិតនៅគ្រានោះ ណាដាប និងពួកអ៊ីស្រាអែលទាំងអស់ គេកំពុងឡោមព័ទ្ធច្បាំងនឹងក្រុងគីបថោន ២៨ គឺនៅឆ្នាំទី៣ ក្នុងរាជ្យអេសាជាស្តេចស្រុកយូដា ដែលប្អាសាបានធ្វើគុតណាដាប រួចក៏សោយរាជ្យឡើងជំនួសទ្រង់ ២៩ លុះបានតាំងឡើងជាស្តេចហើយ នោះទ្រង់ក៏ប្រហារជីវិតនៃពួកវង្សារបស់យេរ៉ូបោមទាំងអស់បង់ ឥតមានទុកឲ្យពូជពង្សយេរ៉ូបោមណាមួយ មានដង្ហើមនៅរស់ទៀតឡើយ រហូតដល់បានធ្វើឲ្យវិនាសអស់រលីងទៅ តាមសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារអ័ហ៊ីយ៉ា ជាអ្នកបំរើទ្រង់ ដែលនៅក្រុងស៊ីឡូរ ៣០ ដោយព្រោះអំពើបាបដែលយេរ៉ូបោមបានធ្វើ ព្រមទាំងឲ្យពួកអ៊ីស្រាអែលប្រព្រឹត្តតាមដែរ ជាអំពើដែលបណ្តាលឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មានសេចក្តីក្រោធ។
៣១ រីឯដំណើរឯទៀតពីណាដាប និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ ៣២ អេសា នឹងប្អាសា ជាស្តេចអ៊ីស្រាអែល ក៏ច្បាំងគ្នាដរាបដល់អស់ព្រះជន្ម។
ស្តេចបាសាសោយរាជ្យនៅស្រុកអ៊ីស្រាអែល
៣៣ លុះដល់ឆ្នាំទី៣ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះប្អាសា ជាកូនអ័ហ៊ីយ៉ា ចាប់តាំងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូលនៅក្រុងធើសា ទ្រង់បានសោយរាជ្យអស់២៤ឆ្នាំ ៣៤ ទ្រង់ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយបានប្រតិបត្តិតាមផ្លូវ និងអំពើបាប ដែលយេរ៉ូបោមបានធ្វើ ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ។