ការ​រស់​នៅ​ដោយ​មិន​ប្រព្រឹត្ត​អំពើ​បាប
១ ដូច្នេះ ដែល​ព្រះគ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ក្នុង​សាច់​ឈាម​ជំនួស​យើង​រួច​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច្នោះ​ដែរ ទុក​ជា​គ្រឿង​ការពារ​ខ្លួន ដ្បិត​អ្នក​ណា​ដែល​បាន​រង​ទុក្ខ​ក្នុង​សាច់​ឈាម នោះ​បាន​ឈប់​ខាង​ឯ​អំពើ​បាប​ហើយ ២ ដើម្បី​កុំ​ឲ្យ​បង់​ពេល​ដែល​សល់ និង​រស់​នៅ​ខាង​សាច់​ឈាម តាម​តែ​សេចក្តី​ប៉ងប្រាថ្នា​របស់​មនុស្ស​ទៀត​ឡើយ គឺ​តាម​បំណង​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ៣ ដ្បិត​ដែល​ពី​ដើម យើង​រាល់​គ្នា​បាន​ធ្វើ​តាម​បំណង​ចិត្ត​របស់​សាសន៍​ដទៃ ទាំង​ដើរ​ក្នុង​សេចក្តី​អាសអាភាស ការ​ស្រើបស្រាល ការ​ចំណូល​ស្រា ស៊ី​ផឹក​ជ្រុល ការ​ប្រមឹក និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដែល​សុទ្ធ​តែ​ខុស​ច្បាប់ នោះ​ល្មម​ដល់​យើង​ហើយ ៤ គេ​ក៏​ឆ្ងល់ ដែល​អ្នក​រាល់​គ្នា​មិន​រត់​ទៅ តាម​សេចក្តី​ខូច​អាក្រក់​ដ៏​ហូរហៀរ ជា​មួយ​នឹង​គេ​ដែរ បាន​ជា​គេ​ប្រមាថ​ដល់​អ្នក​រាល់​គ្នា ៥ តែ​គេ​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ព្រះ​វិញ ដែល​ទ្រង់​រៀប​នឹង​ជំនុំជំរះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ ៦ ហេតុ​នោះ​បាន​ជា បាន​ផ្សាយ​ដំណឹង​ល្អ​ទៅ​មនុស្ស ដែល​ស្លាប់​ហើយ​ដែរ ដើម្បី​ឲ្យ​គេ​ត្រូវ​ជាប់​ជំនុំជំរះ​ខាង​ឯ​សាច់​ឈាម តាម​បែប​មនុស្ស តែ​ឲ្យ​គេ​បាន​រស់​ខាង​ឯ​វិញ្ញាណ​តាម​ព្រះ​វិញ។
របៀប​រស់​នៅ​ក្នុង​ក្រុម​គ្រីស្ទបរិស័ទ
៧ រីឯ​ចុង​បំផុត​នៃ​របស់​ទាំង​អស់ នោះ​ជិត​ដល់​ហើយ ដូច្នេះ ចូរ​ឲ្យ​មាន​គំនិត​នឹងធឹង ហើយ​ចាំ​យាម​ក្នុង​សេចក្តី​អធិស្ឋាន​ចុះ ៨ តែ​មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត ៩ ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្តី​ចៅរ៉ៅ ឥត​មាន​ត្អូញត្អែរ​ឡើយ ១០ គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះគុណដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ ១១ បើ​អ្នក​ណា​អធិប្បាយ នោះ​ត្រូវ​តែ​អធិប្បាយ ដូច​ជា​អ្នក​ដែល​បញ្ចេញ​ព្រះបន្ទូល​នៃ​ព្រះ ហើយ​បើ​អ្នក​ណា​បំរើ នោះ​ត្រូវ​បំរើ​ដោយ​កំឡាំង​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​ឲ្យ​ព្រះ​បាន​ថ្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​មាន​សិរីល្អ និង​ព្រះចេស្តា​នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។
ទុក្ខ​លំបាក​របស់​គ្រីស្ទបរិស័ទ
១២ ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កើត​មាន​សេចក្តី​ចំឡែក​នោះ​ឡើយ ១៣ ត្រូវ​អរ​សប្បាយ​វិញ ដោយ​ព្រោះ​មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​របស់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រេកអរ​រីករាយ​ជា​ខ្លាំង ក្នុង​កាល​ដែល​សិរីល្អ​ទ្រង់​លេច​មក ១៤ បើ​សិន​ជា​គេ​តិះដៀល​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះគ្រីស្ទ នោះ​មាន​ពរ​ហើយ ពី​ព្រោះ​ព្រះវិញ្ញាណ​ដ៏​មាន​សិរីល្អ គឺ​ជា​ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ ១៥ កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ណា​មួយ​រង​ទុក្ខ​ទោស ដោយ​ព្រោះ​សំឡាប់​គេ ឬ​លួច​គេ ឬ​ធ្វើ​ការ​អាក្រក់ ឬ​សៀត​ចូល​ក្នុង​ការ​របស់​អ្នក​ដទៃ​ឡើយ ១៦ តែ​បើ​រង​ទុក្ខ ដោយ​ព្រោះ​ជា​ពួក​គ្រីស្ទាន​វិញ នោះ​កុំ​ឲ្យ​ខ្មាស​ឲ្យ​សោះ ចូរ​សរសើរដំកើង​ដល់​ព្រះ ដោយ​ព្រោះ​នាម​នោះ​វិញ ១៧ ដ្បិត​ពេល​វេលា​ដែល​សេចក្តី​ជំនុំជំរះ​ត្រូវ​ចាប់​ផ្តើម​ពី​ដំណាក់​នៃ​ព្រះ​ទៅ នោះ​បាន​មក​ដល់​ហើយ បើ​សិន​ជា​ចាប់​តាំង​ពី​យើង​រាល់​គ្នា​ជា​មុន​ដូច្នេះ នោះ​តើ​ចុង​បំផុត​របស់​ពួក​អ្នក ដែល​មិន​ជឿ​តាម​ដំណឹង​ល្អ​នៃ​ព្រះ នឹង​បាន​យ៉ាង​ដូម្តេច​ទៅ ១៨ បើ​មនុស្ស​សុចរិត​បាន​រួច​ដោយ​ពិបាក​ផង នោះ​ពួក​ទមិល​ល្មើស និង​ពួក​មាន​បាប​នឹង​លេច​មក​នៅ​ឯ​ណា ១៩ ដូច្នេះ ពួក​អ្នក​ដែល​រង​ទុក្ខ​តាម​ព្រះហឫទ័យ​នៃ​ព្រះ នោះ​ត្រូវ​ផ្ញើ​ព្រលឹង​ខ្លួន​ទុក​នឹង​ព្រះ​ដ៏​បង្កបង្កើត ដែល​ទ្រង់​ស្មោះត្រង់ ដោយ​ខ្លួន​ប្រព្រឹត្ត​ការ​ល្អ​ចុះ។