សាំយូអែល ទី ១
អេលី និងសាំយូអែល
១
នាងហាណានៅកន្លែងសក្ការៈស៊ីឡូរ
១ រីឯនៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម នោះមានមនុស្សម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំៗ ជាកូនអេលីហ៊ូវៗ ជាកូនថូហ៊ូវៗ ជាកូនស៊ូភ អ្នកនោះជាពួកអេប្រាតា ២ គាត់មានប្រពន្ធ២ មួយឈ្មោះហាណា មួយទៀតឈ្មោះពេនីណា ឯពេនីណានាងមានកូន តែនាងហាណាគ្មានកូនទេ ៣ រាល់តែឆ្នាំ គាត់តែងឡើងពីក្រុងខ្លួនទៅឯស៊ីឡូរ ដើម្បីនឹងថ្វាយបង្គំ ហើយថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៃពួកពលបរិវារ រីឯនៅទីនោះ មានហុបនី និងភីនេហាស ជាកូនអេលីទាំង២នាក់ ធ្វើជាសង្ឃនៃព្រះយេហូវ៉ា ៤ លុះដល់ថ្ងៃដែលអែលកាណាថ្វាយយញ្ញបូជារបស់ខ្លួន នោះក៏ចែកចំណែកដល់ពេនីណាជាប្រពន្ធ និងដល់កូនប្រុសកូនស្រីរបស់នាងទាំងអស់គ្នា ៥ តែបានចែកដល់ហាណា១ជា២វិញ ដ្បិតគាត់ស្រឡាញ់ហាណាជាង តែព្រះយេហូវ៉ាទ្រង់បានបង្ខាំងផ្ទៃនាង ៦ គូវិវាទរបស់នាងក៏រុកកួននាងជាខ្លាំង ចង់ឲ្យនាងកើតសេចក្តីកំហឹង ដោយព្រោះព្រះយេហូវ៉ាបានបង្ខាំងផ្ទៃ ៧ ហើយដែលគាត់ឡើងទៅរាល់តែឆ្នាំដូច្នោះ នោះពេនីណាក៏តែងតែរុកកួននាងកំពុងដែលធ្វើដំណើរ ឡើងទៅឯដំណាក់នៃព្រះយេហូវ៉ា បានជាហាណា នាងយំ ហើយមិនបរិភោគទេ ៨ នោះអែលកាណាជាប្តីសួរថា ហាណាអើយ ហេតុអ្វីបានជានាងយំ ហើយមិនបរិភោគដូច្នេះ ម្តេចក៏នាងកើតទុក្ខ តើខ្ញុំមិនវិសេសដល់នាង ជាជាងមានកូនប្រុស១០នាក់ទេឬអី។
៩ ដូច្នេះ ក្រោយដែលគេបានបរិភោគនៅត្រង់ស៊ីឡូររួចហើយ នោះនាងហាណាក៏ក្រោកឡើង រីឯអេលីដ៏ជាសង្ឃ លោកកំពុងនៅលើទីអង្គុយរបស់លោក ជិតសសរទ្វារនៃព្រះវិហារព្រះយេហូវ៉ា ១០ ខណៈនោះ នាងមានសេចក្តីជូរល្វីងក្នុងចិត្តណាស់ ក៏អធិស្ឋានដល់ព្រះយេហូវ៉ាទាំងយំអណ្តឺតអណ្តក ១១ រួចនាងបន់ថា ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ បើសិនជាទ្រង់នឹងក្រឡេកព្រះនេត្រមកទតចំពោះសេចក្តីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ បានកូនប្រុស១ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាគ្រប់១ជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ។
១២ គ្រាកំពុងដែលនាងនៅអធិស្ឋាន ចំពោះព្រះយេហូវ៉ានៅឡើយ នោះអេលីក៏ចំណាំមើលមាត់នាង ១៣ ឯហាណា នាងនឹកតែក្នុងពោះ មានបបូរមាត់ផ្អូចៗ តែឥតឮសំឡេងនាងឡើយ បានជាអេលីស្មានថាជានាងស្រវឹងហើយ ១៤ ទើបសួរថា តើនាងនៅតែស្រវឹងដល់កាលណាទៀត ចូរលះចោលស្រាពីខ្លួននាងចេញទៅ ១៥ តែហាណាឆ្លើយតបថា ទេ ព្រះគុណម្ចាស់អើយ ខ្ញុំជាស្ត្រីមានចិត្តព្រួយជាខ្លាំងទេ ខ្ញុំមិនបានផឹកស្រាទំពាំងបាយជូរឬគ្រឿងស្រវឹងណាឡើយ គឺខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ ១៦ សូមកុំរាប់ខ្ញុំជាអ្នកបំរើលោក ទុកជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបានចេញវាចា ដរាបដល់ឥឡូវនេះ នោះកើតតែពីសេចក្តីទុក្ខព្រួយរបស់ខ្ញុំ និងការរុកកួនដ៏ហួសកំណោះប៉ុណ្ណោះទេ ១៧ នោះអេលីឆ្លើយថា ដូច្នេះ សូមអញ្ជើញទៅ ប្រកបដោយសេចក្តីសុខចុះ សូមឲ្យព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រោសឲ្យបានសំរេចដល់នាង តាមសេចក្តីដែលបានសូមពីទ្រង់ចុះ ១៨ រួចនាងសូមថា ដូច្នេះ សូមឲ្យខ្ញុំ ជាអ្នកបំរើលោក បានប្រកបដោយគុណនៃលោកម្ចាស់ផង នោះនាងក៏បាត់ទឹកមុខព្រួយ ហើយចេញទៅបរិភោគភោជន៍វិញ។
១៩ លុះព្រលឹមស្រាងឡើង គេក៏នាំគ្នាទៅថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ា រួចត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ
កំណើត និងកុមារភាពរបស់សាំយូអែល
ឯអែលកាណា ក៏ស្គាល់ហាណាជាប្រពន្ធ ហើយព្រះយេហូវ៉ាទ្រង់នឹងនឹកចាំពីនាង ២០ លុះដល់នាងហាណាមានទំងន់គ្រប់ខែហើយ នោះក៏សំរាលបានកូនប្រុស១ នាងឲ្យឈ្មោះថាសាំយូអែល ដោយថា អញបានសូមវាពីព្រះយេហូវ៉ាមក។
២១ ឯអែលកាណា ជាប្តីនាង ព្រមទាំងពួកគ្រួគាត់ទាំងអស់ ក៏នាំគ្នាឡើងទៅថ្វាយយញ្ញបូជា តាមដែលធ្លាប់ថ្វាយដល់ព្រះយេហូវ៉ារាល់តែឆ្នាំ ហើយនឹងលាបំណន់របស់គាត់ទៅ ២២ តែហាណាមិនបានទៅទេ ដោយប្រាប់ប្តីថា ចាំដល់កូនលែងដោះសិន នោះខ្ញុំនឹងនាំវាទៅ ឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយឲ្យនៅទីនោះជាប់ជាដរាបទៅ ២៣ នោះអែលកាណាជាប្តីឆ្លើយថា ចូរធ្វើតាមដែលនាងគិតឃើញថាត្រូវចុះ ចូរនៅចាំទាល់តែវាលែងដោះសិន សូមតែឲ្យព្រះយេហូវ៉ាបានសំរេចតាមព្រះបន្ទូលទ្រង់ប៉ុណ្ណោះ ដូច្នេះ នាងក៏នៅបំបៅកូន ទាល់តែបានផ្តាច់ដោះហើយ ២៤ លុះបានផ្តាច់ដោះស្រេចហើយ នោះនាងក៏នាំយកកូនឡើងទៅជាមួយ ព្រមទាំងគោឈ្មោលស្ទាវ៣ ម្សៅ១ថាំង ហើយនឹងថង់ស្បែកដាក់ស្រាទំពាំងបាយជូរ១ នាំទៅឯដំណាក់នៃព្រះយេហូវ៉ានៅត្រង់ស៊ីឡូរ ឯកូននោះនៅក្មេងណាស់ ២៥ រួចគេសំឡាប់គោឈ្មោល ហើយនាំកូនទៅឯអេលី ២៦ ជំរាបថា ឱព្រះគុណម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រលឹងលោកដែលនៅរស់ ព្រះគុណម្ចាស់ខ្ញុំអើយ ខ្ញុំនេះហើយ ជាស្រីដែលបានឈរអធិស្ឋានដល់ព្រះយេហូវ៉ា នៅទីនេះជិតលោក ២៧ គឺខ្ញុំបានអធិស្ឋានសូមឲ្យបានកូននេះ ហើយព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យបានសំរេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន ២៨ ដូច្នេះ ខ្ញុំសូមប្រគល់វាដល់ព្រះយេហូវ៉ា ទុកជារបស់ផងទ្រង់រហូតដល់អស់ជីវិត រួចគេនាំគ្នាថ្វាយបង្គំដល់ព្រះយេហូវ៉ានៅទីនោះ។