៥
ហិបនៃសេចក្តីសញ្ញានៅស្រុកភីលីស្ទីន
១ រីឯពួកភីលីស្ទីន គេចាប់យកបានហិបនៃព្រះ រួចក៏នាំយកចេញពីអេបេន-អេស៊ើរ ទៅឯក្រុងអាសដូឌទៅ ២ ហើយគេយកទៅដាក់ក្នុងវិហារនៃព្រះដាកុន គឺនៅក្បែរព្រះនោះ ៣ លុះស្អែកឡើង កាលពួកក្រុងអាសដូឌបានក្រោកឡើងពីព្រលឹម នោះក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហិបនៃព្រះយេហូវ៉ា រួចគេលើកព្រះដាកុន ទៅដាក់នៅកន្លែងដើមវិញ ៤ លុះដល់ថ្ងៃស្អែកទៀត កាលគេក្រោកពីព្រលឹម នោះក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហិបនៃព្រះយេហូវ៉ាទៀត ហើយក្បាល និងដៃទាំង២នៃព្រះដាកុន ក៏បាក់ដាច់ នៅលើក្របទ្វារ សល់នៅតែតួព្រះដាកុនប៉ុណ្ណោះ ៥ ដោយហេតុនោះបានជាពួកសង្ឃរបស់ព្រះដាកុន និងពួកអ្នកដែលចូលទៅក្នុងវិហារនៃព្រះដាកុន គេមិនដែលជាន់លើក្របទ្វារនៃវិហារព្រះដាកុន នៅក្រុងអាសដូឌ ដរាបដល់សព្វថ្ងៃនេះ។
៦ ឯព្រះហស្តនៃព្រះយេហូវ៉ា ក៏សង្កត់លើពួកក្រុងអាសដូឌយ៉ាងធ្ងន់ ទ្រង់បំផ្លាញគេ ហើយវាយគេដោយរោគឫសដូងបាត នៅក្រុងអាសដូឌ និងស្រុកជុំវិញទាំងអស់ ៧ កាលពួកអាសដូឌឃើញថា កើតមានយ៉ាងដូច្នោះ នោះគេជំនុំគ្នាថា មិនត្រូវឲ្យហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលនៅជាមួយនឹងយើងទៀតឡើយ ដ្បិតព្រះហស្តនៃទ្រង់សង្កត់លើយើងរាល់គ្នាធ្ងន់ណាស់ ហើយលើព្រះដាកុនជាព្រះនៃយើងដែរ ៨ ដូច្នេះ គេក៏ចាត់ឲ្យទៅ ប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមកជំនុំគ្នាថា តើត្រូវឲ្យយើងធ្វើដូចម្តេចនឹងហិបព្រះ របស់សាសន៍អ៊ីស្រាអែលនេះ គេឆ្លើយថា ចូរនាំយកទៅឯក្រុងកាថទៅ ដូច្នេះ គេក៏នាំយកហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែល ទៅឯទីនោះ ៩ កាលគេបាននាំយកទៅឯណោះហើយ នោះព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងទីក្រុងនោះ ដោយសេចក្តីវេទនាយ៉ាងខ្លាំងដែរ ទ្រង់វាយពួកក្រុងនោះទាំងតូចទាំងធំ ឲ្យកើតមានឫសដូងបាតទាំងអស់គ្នា ១០ ដូច្នេះ គេក៏នាំយកហិបនៃព្រះទៅឯក្រុងអេក្រុនទៀត កាលបានដល់អេក្រុនហើយ ពួកក្រុងនោះស្រែកឡើងថា គេបានយកហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលមកឯយើង ដើម្បីនឹងសំឡាប់យើង និងពួកយើងផងហើយ ១១ នោះគេចាត់ឲ្យទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មាន មកជំនុំគ្នាថា ចូរផ្ញើហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញទៅ ឲ្យបានត្រឡប់ទៅឯកន្លែងដើមវិញ ដើម្បីកុំឲ្យយើង និងពួកយើងត្រូវស្លាប់ទាំងអស់គ្នាដូច្នេះឡើយ ពីព្រោះកើតមានសេចក្តីវេទនាដ៏នាំឲ្យស្លាប់សន្ធឹក នៅពេញក្នុងទីក្រុង ដ្បិតព្រះហស្តនៃព្រះសង្កត់លើគេជាយ៉ាងធ្ងន់ ១២ ឯពួកមនុស្សដែលមិនបានស្លាប់ទេ នោះក៏កើតមានឫសដូងបាតវិញ ហើយសូរសំរែកនៅទីក្រុងនោះ ក៏ឮរហូតដល់ផ្ទៃមេឃ។