៧
១ នោះពួកគារយ៉ាត់-យារីមក៏មកនាំយកហិបនៃព្រះយេហូវ៉ា ឡើងទៅដាក់នៅក្នុងផ្ទះរបស់អ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំ ក៏ញែកអេលាសារជាកូនចេញសំរាប់ថែរក្សាហិបនៃព្រះយេហូវ៉ា
ជ័យជំនះលើកងទ័ពភីលីស្ទីន
២ ចាប់តាំងពីថ្ងៃដែលហិបបានតាំងនៅត្រង់គារយ៉ាត់-យារីម នោះបានយូរណាស់ គឺអស់កំណត់២០ឆ្នាំ ហើយពូជពង្សអ៊ីស្រាអែលទាំងអស់គ្នា ក៏នឹកស្រណោះដល់ព្រះយេហូវ៉ា។
៣ នៅវេលានោះ សាំយូអែលប្រាប់ដល់ពួកវង្សអ៊ីស្រាអែលទាំងអស់ថា បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ និងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តដំរង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ទ្រង់តែ១ នោះទ្រង់នឹងជួយដោះអ្នករាល់គ្នា ឲ្យរួចចេញពីកណ្តាប់ដៃនៃពួកភីលីស្ទីន ៤ ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏យកព្រះបាល និងរូបព្រះទាំងប៉ុន្មានចោលចេញ វិលមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែ១វិញ។
៥ សាំយូអែលក៏ប្រាប់ថា ចូរឲ្យប្រមូលពួកអ៊ីស្រាអែលទាំងអស់មកឯមីសប៉ាចុះ ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យអ្នករាល់គ្នា ៦ គេក៏ប្រជុំគ្នានៅត្រង់មីសប៉ា រួចដងទឹកយកទៅចាក់នៅចំពោះព្រះយេហូវ៉ា ហើយតមនៅថ្ងៃនោះ ដោយថា យើងរាល់គ្នាបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ នោះសាំយូអែលក៏វិនិច្ឆ័យរឿងរបស់ពួកកូនចៅអ៊ីស្រាអែលនៅត្រង់មីសប៉ា ៧ លុះពួកភីលីស្ទីនឮថា ពួកកូនចៅអ៊ីស្រាអែលបានប្រជុំគ្នានៅ មីសប៉ាដូច្នោះ នោះពួកមេនៃសាសន៍ភីលីស្ទីនក៏ឡើងមកទាស់នឹងគេ កាលពួកកូនចៅអ៊ីស្រាអែលបានដឹង នោះគេភ័យខ្លាចនឹងពួកភីលីស្ទីន ៨ ហើយក៏អង្វរសាំយូអែលថា សូមកុំឲ្យលោកឈប់លែងអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឡើយ ដើម្បីឲ្យទ្រង់ជួយសង្គ្រោះយើងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ៩ ដូច្នោះ សាំយូអែលក៏យកកូនចៀមដែលនៅបៅ មកដុតទាំងមូលថ្វាយដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ទ្រង់ឲ្យពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាទ្រង់ក៏យល់ព្រមតាម ១០ កាលសាំយូអែលកំពុងដែលថ្វាយដង្វាយដុត នោះពួកភីលីស្ទីនចូលមកដល់ជិត ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលហើយ តែនៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានផ្គរលាន់ ជាយ៉ាងខ្លាំងត្រង់ពីលើពួកភីលីស្ទីន ឲ្យគេបាក់ទ័ពខ្ចាត់ខ្ចាយចេញ ហើយគេត្រូវពួកអ៊ីស្រាអែលកាប់សំឡាប់ ១១ ពួកអ៊ីស្រាអែលក៏ចេញពីមីសប៉ា ដេញតាមពួកភីលីស្ទីនទៅ ទាំងប្រហារជីវិតគេរហូតដល់បេត-ការ។
១២ នោះសាំយូអែល លោកយកថ្ម ដាក់នៅកណ្តាលមីសប៉ា និងស៊េន ហើយក៏ហៅថ្មនោះ ឈ្មោះថា អេបេន-អេស៊ើរ ដោយថា ព្រះយេហូវ៉ាទ្រង់បានជួយយើងខ្ញុំ ដរាបដល់ឥឡូវនេះ ១៣ ដូច្នេះ ពួកភីលីស្ទីនត្រូវទទួលចុះចាញ់ គេមិនបានទន្ទ្រានចូលមក ក្នុងដែនស្រុកអ៊ីស្រាអែលទៀត ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងពួកភីលីស្ទីន នៅគ្រប់១ជីវិតសាំយូអែល ១៤ ឯអស់ទាំងទីក្រុងណាដែលពួកភីលីស្ទីនបានចាប់យកពីពួកអ៊ីស្រាអែលទៅ នោះក៏បានប្រគល់មកអ៊ីស្រាអែលវិញ ចាប់តាំងពីក្រុងអេក្រុនរហូតដល់ក្រុងកាថ ហើយគ្រប់ដែនស្រុកនោះ ពួកអ៊ីស្រាអែលក៏បានដោះឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ នៅជាន់នោះ សាសន៍អ៊ីស្រាអែល និងសាសន៍អាម៉ូរី មានសេចក្តីមេត្រីនឹងគ្នា។
១៥ ឯសាំយូអែល លោកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់១ជីវិត ១៦ លោកតែងដើរវង់ ពីបេត-អែល ទៅដល់គីលកាល ហើយនឹងមីសប៉ា រាល់តែឆ្នាំ ក៏វិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែល នៅកន្លែងទាំងនោះ ១៧ រួចត្រឡប់មករ៉ាម៉ាវិញ ដ្បិតផ្ទះលោកនៅត្រង់រ៉ាម៉ានោះ គឺនៅទីនោះ ដែលលោកតែងវិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែលជានិច្ច ហើយលោកក៏ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ។