៩
សូលស្វែងរកសត្វលាដែលបាត់
១ រីឯមានពួកបេនយ៉ាមីនម្នាក់ ឈ្មោះគីស ជាកូនអ័បៀល ដែលអ័បៀលជាកូនសេរ៉ោៗ ជាកូនបេកូរ៉ាៗជាកូនអ័ភីយ៉ាៗជាកូនពួកបេនយ៉ាមីនម្នាក់ អ្នកនោះជាមនុស្សមានចិត្តក្លាហាន ២ គាត់មានកូនកំឡោះម្នាក់ ឈ្មោះសូលដែលមានរូបឆោមល្អណាស់ ក្នុងបណ្តាពួកកូនចៅអ៊ីស្រាអែល គ្មានអ្នកណាល្អជាងទេ គាត់មានមាឌខ្ពស់ជាងគេទាំងអស់ ឯពួកគេមានកំពស់ ត្រឹមតែស្មារបស់គាត់ទេ ៣ សម័យនោះ ហ្វូងលារបស់គីស ជាឪពុកសូល បានវង្វេងបាត់ទៅ នោះគីសនិយាយទៅសូល ជាកូនថា ចូរឯង និងបាវម្នាក់នាំគ្នាទៅរកហ្វូងលាទៅ ៤ ដូច្នេះ គាត់បានដើរកាត់ស្រុកភ្នំអេប្រាអិម និងស្រុកសាលីសា តែរកហ្វូងលាមិនឃើញសោះ រួចនាំគ្នាដើរកាត់ស្រុកសាលីម តែមិនឃើញនៅស្រុកនោះដែរ ក៏ដើរកាត់ស្រុកបេនយ៉ាមីនទៀត តែរកមិនឃើញសោះឡើយ។
៥ លុះកាលបានទៅដល់ស្រុកស៊ូភហើយ នោះសូលនិយាយទៅបាវដែលទៅជាមួយថា ឥឡូវនេះ ចូរយើងវិលត្រឡប់ទៅវិញ ក្រែងឪពុកអញលែងគិតពីហ្វូងលា ដោយព្រួយចិត្តនឹងយើង ៦ បាវនោះឆ្លើយថា មើល មានអ្នកសំណប់របស់ព្រះម្នាក់នៅក្រុងនេះ ជាអ្នកដែលគេរាប់អានគ្រប់គ្នា ឯអស់ទាំងសេចក្តីណាដែលលោកថា នោះរមែងកើតមកជាមិនខាន ដូច្នេះ សូមយើងទៅឯណោះចុះប្រហែលជាលោកនឹងប្រាប់យើង ពីផ្លូវដែលត្រូវទៅបាន ៧ តែសូលឆ្លើយថា បើសិនជាយើងទៅ តើយើងមានអ្វីយកទៅជូនលោក ដ្បិតអាហារក្នុងសំពាយរបស់យើងអស់រលីងហើយ គ្មានអ្វីនឹងយកទៅជូនដល់អ្នកសំណប់របស់ព្រះនោះទេ តើនៅមានអ្វីដែរឬទេ ៨ បាវឆ្លើយជំរាបទៅសូលម្តងទៀតថា មើល ខ្ញុំមានប្រាក់២កាក់នៅដៃ ខ្ញុំនឹងជូនដល់លោក ឲ្យលោកបង្ហាញផ្លូវយើង ៩ (កាលពីដើម នៅស្រុកអ៊ីស្រាអែល កាលណាមនុស្សម្នាក់ទៅសួរដល់ព្រះ នោះគេតែងនិយាយថា ចូរយើងទៅឯអ្នកមើលឆុត ដ្បិតអ្នកដែលសព្វថ្ងៃនេះហៅថា ហោរា នោះពីដើមគេហៅថា អ្នកមើលឆុតវិញ) ១០ ដូច្នេះ សូលក៏ឆ្លើយតបទៅបាវថា អើ ស្រួលហើយ ចូរយើងទៅចុះ នោះគេក៏ទៅឯក្រុងនោះ ជាកន្លែងដែលអ្នកសំណប់របស់ព្រះអាស្រ័យនៅ។
១១ កំពុងដែលគេដើរតាមផ្លូវឡើងទៅឯទីក្រុង នោះគេជួបប្រទះនឹងពួកស្រីក្រមុំៗដែលចេញមកដងទឹក ហើយក៏សួរថា តើអ្នកមើលឆុតនៅទីនេះឬអី ១២ នាងទាំងនោះឆ្លើយថា ចាស មែនហើយ មើល លោកបានដើរទៅខាងមុខនុ៎ះ អញ្ជើញទៅជាប្រញាប់ទៅ ដ្បិតថ្ងៃនេះលោកទើបនឹងមកដល់ទីក្រុង ពីព្រោះបណ្តាជនគេត្រូវថ្វាយយញ្ញបូជានៅលើទីខ្ពស់នៅថ្ងៃនេះ ១៣ កាលណាអ្នកចូលទៅក្នុងទីក្រុង នោះអ្នកនឹងឃើញលោកហើយ មុនដែលលោកឡើងទៅពិសានៅលើទីខ្ពស់នោះ ដ្បិតពួកបណ្តាជនមិនបរិភោគឡើយ ទាល់តែលោកអញ្ជើញទៅដល់ ពីព្រោះគឺលោកហើយ ដែលត្រូវឲ្យពរដល់យញ្ញបូជានោះ ទើបពួកភ្ញៀវបរិភោគជាខាងក្រោយ ដូច្នេះ អញ្ជើញអ្នកឡើងទៅចុះ ដ្បិតថ្មើរណេះអ្នកនឹងរកលោកឃើញ។
សូលទៅជួបសាំយូអែល
១៤ ដូច្នេះ គេក៏ឡើងទៅឯទីក្រុង កាលគេកំពុងតែចូលទៅ នោះមើល សាំយូអែលក៏ចេញមកនៅប្រទល់មុខ ដើម្បីនឹងឡើងទៅឯទីខ្ពស់។
១៥ រីឯ១ថ្ងៃមុនដែលសូលបានមកដល់ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់សាំយូអែលថា ១៦ ដល់ថ្ងៃស្អែកពេលថ្មើរណេះ អញនឹងចាត់មនុស្សម្នាក់ពីស្រុកបេនយ៉ាមីនមកឯឯង ត្រូវឲ្យឯងចាក់ប្រេងតាំងអ្នកនោះឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែល ជារាស្ត្រអញចុះ អ្នកនោះនឹងជួយសង្គ្រោះរាស្ត្រអញ ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ដ្បិតអញបានក្រឡេកមើលទៅរាស្ត្រអញ ពីព្រោះសំរែករបស់គេបានឮមកដល់អញហើយ ១៧ ដូច្នេះ កាលសាំយូអែលបានឃើញសូល នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នេះហើយជាមនុស្សដែលអញបានប្រាប់ឯង គឺអ្នកនេះឯង ដែលត្រូវសោយរាជ្យលើរាស្ត្ររបស់អញ ១៨ គ្រានោះ សូលបានចូលទៅជិតសាំយូអែល នៅត្រង់កណ្តាលទ្វារក្រុងសួរថា សូមលោកប្រាប់ខ្ញុំ តើផ្ទះគ្រូដែលមើលឆុតនៅឯណា ១៩ នោះសាំយូអែលឆ្លើយថា គឺខ្ញុំនេះហើយជាអ្នកមើលឆុត ចូរអ្នកឡើងទៅឯទីខ្ពស់មុនខ្ញុំចុះ ដ្បិតត្រូវឲ្យអ្នកបរិភោគជាមួយនឹងខ្ញុំនៅថ្ងៃនេះ រួចដល់ព្រឹកឡើងខ្ញុំនឹងឲ្យអ្នកអញ្ជើញទៅ ហើយនឹងប្រាប់ពីគ្រប់ទាំងសេចក្តីដែលអ្នកប៉ងក្នុងចិត្តដែរ ២០ ឯហ្វូងលាដែលបានវង្វេងបាត់៣ថ្ងៃមកហើយ នោះកុំឲ្យធុរៈឡើយ ដ្បិតបានឃើញហើយ ១ទៀត តើសេចក្តីប៉ងប្រាថ្នារបស់សាសន៍អ៊ីស្រាអែលសំរេចលើអ្នកណា តើមិនសំរេចលើអ្នក និងពួកគ្រួឪពុកអ្នកទេឬអី ២១ តែសូលឆ្លើយថា តើខ្ញុំមិនមែនជាពួកបេនយ៉ាមីនជាពូជអំបូរតូចជាងគេក្នុងបណ្តាសាសន៍អ៊ីស្រាអែលទេឬអី ហើយពួកគ្រួខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួ ក្នុងពូជអំបូរបេនយ៉ាមីនដែរទេឬអី ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ។
២២ សាំយូអែលក៏នាំយកសូល និងអ្នកបំរើ ចូលទៅក្នុងរោងជំនុំ ឲ្យអង្គុយនៅទីលេខ១ក្នុងពួកភ្ញៀវ ដែលមានចំនួនប្រហែលជា៣០នាក់ ២៣ រួចលោកប្រាប់ទៅអ្នកធ្វើបាយថា ចូរយកចំណែក១ដែលអញបានប្រគល់ឲ្យឯងដោយប្រាប់ថា ចូរទុកដោយខ្លួននោះមក ២៤ ដូច្នេះ អ្នកធ្វើបាយ ក៏យកស្មា និងសាច់ដែលនៅជាប់នោះ មកដាក់នៅមុខសូល រួចសាំយូអែលប្រាប់ថា មើល នេះជារបស់ដែលបានបំរុងទុកឲ្យអ្នក អញ្ជើញពីសាចុះ ដ្បិតបានបំរុងទុកដល់ពេលកំណត់សំរាប់អ្នក ចាប់តាំងពីខ្ញុំបានអញ្ជើញពួកជនមក ដូច្នេះ សូលក៏បរិភោគជាមួយនឹងសាំយូអែលនៅថ្ងៃនោះ។
២៥ កាលគេបានចុះពីទីខ្ពស់មកក្នុងទីក្រុងវិញ នោះសាំយូអែល និងសូលក៏និយាយគ្នានៅលើដំបូលផ្ទះ ២៦ រួចក្រោកឡើងពីព្រលឹមស្រាង លុះដល់ថ្ងៃរះ នោះសាំយូអែលហៅសូលទៅលើដំបូលផ្ទះប្រាប់ថា នែ ខ្ញុំឲ្យអ្នកអញ្ជើញទៅហើយ នោះសូលក្រោកឡើង ហើយគាត់ និងសាំយូអែលក៏ដើរចេញទៅក្រៅទាំង២នាក់ ២៧ កាលគេកំពុងតែចុះទៅជិតដល់ទីចុងក្រុងហើយ នោះសាំយូអែលប្រាប់សូលថា ចូរប្រាប់ដល់អ្នកបំរើរបស់អ្នកឲ្យដើរទៅខាងមុខយើងទៅ (វាក៏ទៅ) តែឯអ្នក ចូរឈប់សិន ដើម្បីឲ្យខ្ញុំបានប្រាប់ឲ្យអ្នកដឹងពីព្រះបន្ទូលនៃព្រះ។