៣
១ ដូច្នេះ កាលទ្រាំមិនបានទៀត នោះយើងខ្ញុំបានគិតថា គួរឲ្យយើងខ្ញុំនៅក្រុងអាថែនតែម្នាក់ឯងចុះ ២ ដើម្បីនឹងចាត់ធីម៉ូថេ ជាបងប្អូន គឺជាអ្នកបំរើនៃព្រះ ដែលបានធ្វើការជាមួយនឹងយើងខ្ញុំ ក្នុងដំណឹងល្អនៃព្រះគ្រីស្ទ ឲ្យគាត់បានតាំងអ្នករាល់គ្នាឡើងជាមាំមួន ហើយជួយចំរើនខាងឯសេចក្តីជំនឿផង ៣ ក្រែងអ្នកណាកើតមានចិត្តថប់ព្រួយ ដោយសេចក្តីទុក្ខលំបាកទាំងនេះ (ដ្បិតអ្នករាល់គ្នាដឹងហើយថា យើងចៀសពីសេចក្តីយ៉ាងនេះមិនរួចទេ ៤ ព្រោះកាលយើងខ្ញុំនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ នោះក៏បានប្រាប់ជាមុនថា យើងរៀបនឹងរងទុក្ខលំបាក ដូចជាអ្នករាល់គ្នាដឹងស្រាប់ថា មានមកហើយ) ៥ ដោយហេតុនោះ កាលខ្ញុំទ្រាំមិនបានទៀត នោះខ្ញុំបានចាត់គាត់មកឲ្យបានដឹងពីសេចក្តីជំនឿរបស់អ្នករាល់គ្នា ក្រែងមេល្បួងបានលួងនាំចិត្តអ្នករាល់គ្នា ឲ្យការនឿយហត់របស់យើងខ្ញុំបានទៅជាឥតអំពើវិញ ៦ តែឥឡូវនេះ ដែលធីម៉ូថេបានចេញពីអ្នករាល់គ្នា ទៅដល់យើងខ្ញុំ ព្រមទាំងនាំដំណឹងល្អពីសេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់អ្នករាល់គ្នាទៅប្រាប់យើងខ្ញុំវិញ ហើយពីដំណើរដែលអ្នករាល់គ្នានឹកចាំពីយើងខ្ញុំ ដោយអំណរជានិច្ច ទាំងរឭកចង់ឃើញយើងខ្ញុំផង ដូចជាយើងខ្ញុំរឭកដល់អ្នករាល់គ្នាដែរ ៧ ដូច្នេះ បងប្អូនអើយ ក្នុងខណៈដែលយើងខ្ញុំកំពុងតែមានសេចក្តីទុក្ខព្រួយ និងសេចក្តីលំបាកជាច្រើន នោះយើងខ្ញុំមានសេចក្តីក្សាន្តចិត្ត ពីដំណើរអ្នករាល់គ្នាឡើងវិញ ដោយសារសេចក្តីជំនឿរបស់អ្នករាល់គ្នា ៨ ដ្បិតឥឡូវនេះ បើអ្នករាល់គ្នាឈរនៅមាំមួនក្នុងព្រះអម្ចាស់ នោះទើបយើងខ្ញុំនឹងរស់នៅ ៩ តើយើងខ្ញុំអាចនឹងអរព្រះគុណដល់ព្រះ ពីដំណើរអ្នករាល់គ្នា ដោយប្រការដូចម្តេច ឲ្យបានល្មមធួននឹងអស់ទាំងសេចក្តីអំណរ ដែលយើងខ្ញុំមាននៅចំពោះព្រះនៃយើង ដោយព្រោះអ្នករាល់គ្នាបាន ១០ យើងខ្ញុំទូលអង្វរដោយទទូចទាំងយប់ទាំងថ្ងៃ សូមឲ្យបានឃើញមុខអ្នករាល់គ្នា ហើយឲ្យបានបំពេញសេចក្តីអ្វីដែលខ្វះ ខាងឯសេចក្តីជំនឿរបស់អ្នករាល់គ្នាផង ១១ សូមឲ្យព្រះដ៏ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងខ្ញុំ ទ្រង់ដំរង់ផ្លូវយើងខ្ញុំ ឲ្យបានមកឯអ្នករាល់គ្នា ១២ សូមឲ្យព្រះអម្ចាស់ចំរើនសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា ឲ្យបានពេញពោរហូរហៀរដល់គ្នាទៅវិញទៅមក ព្រមទាំងដល់មនុស្សទាំងអស់ផង ដូចជាយើងខ្ញុំស្រឡាញ់ដល់អ្នករាល់គ្នាដែរ ១៣ ប្រយោជន៍នឹងតាំងចិត្តអ្នករាល់គ្នា ឲ្យបរិសុទ្ធ ឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតារបស់យើងរាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក ជាមួយនឹងអស់ទាំងអ្នកបរិសុទ្ធរបស់ទ្រង់។