ពាក្យ​ទូន្មាន​ក្នុង​ការ​ទូល​អង្វរ​ព្រះ
១ ដូច្នេះ ខ្ញុំ​ទូន្មាន​សេចក្តី​នេះ​ជា​មុន​ដំបូង​ថា ចូរ​ពោល​ពាក្យ​អរ​ព្រះគុណ ពាក្យ​ទូល​សូម ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​ឲ្យ​មនុស្ស​ទាំង​អស់ ២ គឺ​ឲ្យ​ស្តេច ហើយ​ឲ្យ​ពួក​នាម៉ឺន​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​នៅ​ជា​សុខ​សាន្ត ហើយ​ស្រគត់ស្រគំ ដោយ​កោតខ្លាច ហើយ​ដោយ​នឹងធឹង​គ្រប់​ជំពូក ៣ ដ្បិត​យ៉ាង​នោះ ទើប​បាន​ល្អ ហើយ​គាប់​ព្រះហឫទ័យ ដល់​ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង ៤ ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្តី​ពិត ៥ ពី​ព្រោះ​មាន​ព្រះ​តែ​១ ហើយ​មាន​អ្នក​សង្រួប​សង្រួម​តែ​១ នៅ​កណ្តាល​ព្រះ និង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះគ្រីស្ទយេស៊ូវ​នោះ ៦ ទ្រង់​បាន​ថ្វាយ​ព្រះអង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ដែល​ត្រូវ​មាន​ទី​បន្ទាល់​នៅ​ពេល​កំណត់ ៧ ហើយ​ទ្រង់​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ប្រាប់ និង​ជា​សាវ័ក​ពី​ការ​នោះ​ឯង គឺ​ជា​គ្រូ​បង្រៀន​ដល់​ពួក​សាសន៍​ដទៃ ដោយ​សេចក្តី​ជំនឿ និង​សេចក្តី​ពិត (ខ្ញុំ​និយាយ​តាម​សេចក្តី​ពិត​មិន​កុហក​ទេ)។
៨ ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង និង​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​ខឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ ៩ ឯ​ពួក​ស្រីៗ នោះ​ខ្ញុំ​ក៏​ចង់​ឲ្យ​គេ​តែង​ខ្លួន​តាម​បែប​គួរ​សម ឲ្យ​ចេះ​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន មិន​មែន​ជា​អ្នក​តែង​ខ្លួន ដោយ​ក្រង​សក់ ឬ​ពាក់​មាស កែវមុក្តា ឬ​សំលៀកបំពាក់​យ៉ាង​ថ្លៃ​ពេក​នោះ​ឡើយ ១០ តែ​ឲ្យ​សំណំ​នឹង​ពួក​ស្ត្រី ដែល​រាប់​ខ្លួន​ជា​អ្នក​កោតខ្លាច​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​ល្អ​វិញ ១១ ត្រូវ​ឲ្យ​ស្រីៗ រៀន​ដោយ​សំងាត់ ទាំង​ចុះ​ចូល​គ្រប់​ជំពូក ១២ ខ្ញុំ​មិន​បើក​ឲ្យ​ស្ត្រី​ណា​បង្រៀន ឬ​ឲ្យ​មាន​អំណាច​លើ​បុរស​ទេ ត្រូវ​ឲ្យ​គេ​នៅ​ដោយ​ស្រគត់ស្រគំ​ចុះ ១៣ ពី​ព្រោះ​ព្រះ​បាន​បង្កើត​លោក​អ័ដាម​មក​ជា​មុន រួច​មក​នាង​អេវ៉ា ១៤ ហើយ​មិន​មែន​លោក​អ័ដាម ដែល​ចាញ់​បញ្ឆោត​ទេ គឺ​ជា​ស្ត្រី​វិញ​ទេ​តើ ដែល​ចាញ់​បញ្ឆោត​នោះ ព្រម​ទាំង​រំលង​ច្បាប់​ផង ១៥ តែ​បើ​សិន​ជា​នាង​នៅ​ជាប់​ក្នុង​សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​បរិសុទ្ធ ទាំង​មាន​គំនិត​មារយាទ នោះ​នាង​នឹង​បាន​សង្គ្រោះ​ក្នុង​កាល​ដែល​បង្កើត​កូន។