១ រីឯ​អស់​អ្នក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​នឹម​ជា​បាវ​បំរើ​គេ នោះ​ត្រូវ​រាប់​ចៅហ្វាយ​ខ្លួន ទុក​ជា​គួរ​នឹង​គោរព​ប្រតិបត្តិ​គ្រប់​យ៉ាង​ចុះ ដើម្បី​កុំ​ឲ្យ​គេ​ប្រមាថ​ដល់​ព្រះនាម​ព្រះ និង​សេចក្តី​បង្រៀន​នេះ​ឡើយ ២ ហើយ​អ្នក​ណា​ដែល​មាន​ចៅហ្វាយ​ជា​អ្នក​ជឿ នោះ​មិន​ត្រូវ​មាន​ចិត្ត​មើលងាយ​ដល់​ចៅហ្វាយ​នោះ ដោយ​ព្រោះ​ជា​បង​ប្អូន​គ្នា​ទេ តែ​ស៊ូ​បំរើ​វិញ ដោយ​ព្រោះ​ចៅហ្វាយ​នោះ​ជា​អ្នក​ជឿ ហើយ​ជា​ស្ងួនភ្ងា​ដែរ ជា​អ្នក​ដែល​ចំរើន​ឡើង ដោយ​ការ​បំរើ​យ៉ាង​ល្អ​នោះ​ឯង ចូរ​ឲ្យ​អ្នក​បង្រៀន​សេចក្តី​ទាំង​នេះ ហើយ​ទូន្មាន​គេ​ចុះ។
អំពី​សេចក្តី​បង្រៀន​ក្លែងក្លាយ និង​ការ​ស្រឡាញ់​សម្បត្តិ​លោកីយ៍
៣ បើ​អ្នក​ណា​បង្រៀន​ពី​សេចក្តី​អ្វី​ផ្សេង​ទៀត ហើយ​មិន​យល់​ព្រម​តាម​ពាក្យ​សំដី​ដែល​ត្រឹម​ត្រូវ គឺ​ជា​ព្រះបន្ទូល​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង និង​ជា​សេចក្តី​បង្រៀន​ដែល​ត្រឹម​ត្រូវ តាម​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ទេ ៤ អ្នក​នោះ​ឈ្មោះ​ថា​មាន​ចិត្ត​ធំ ហើយ​មិន​ដឹង​អ្វី​សោះ គឺ​វក់​តែ​នឹង​ជជែក ហើយ​ដេញ​ដោល​ពី​ន័យ​ពាក្យ ដែល​នាំ​ឲ្យ​កើត​សេចក្តី​ឈ្នានីស ឈ្លោះ​ប្រកែក ជេរ​ប្រមាថ និង​សេចក្តី​សង្ស័យ​ដ៏​អាក្រក់​ប៉ុណ្ណោះ ៥ ជា​សេចក្តី​ជំលោះ​ឥត​ប្រយោជន៍​របស់​មនុស្ស​ខូច​គំនិត ហើយ​ឥត​ស្គាល់​សេចក្តី​ពិត ដោយ​ស្មាន​ថា ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ជា​ផ្លូវ​ឲ្យ​បាន​កំរៃ ៦ តែ​ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់ស្កល់​ផង នោះ​ជា​កំរៃ​១​យ៉ាង​ធំ​មែន ៧ ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ៍​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ ៨ តែ​បើ​មាន​អាហារ​ទទួល​ទាន និង​សំលៀកបំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ ៩ ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ល្បួង និង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្តេស​ផ្តាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្តី​ហិនវិនាស និង​សេចក្តី​អន្តរធាន​វិញ ១០ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួងលោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្តី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេ ដោយ​សេចក្តី​ព្រួយ​លំបាក​ជា​ច្រើន។
ពាក្យ​ដាស់តឿន​ចុង​បញ្ចប់
១១ តែ ឱ​អ្នក​សំណប់​នៃ​ព្រះ​អើយ ចូរ​ឲ្យ​អ្នក​រត់​ចៀស​ចេញ​ពី​សេចក្តី​ទាំង​នោះ ហើយ​ដេញ​តាម​សេចក្តី​សុចរិត សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ សេចក្តី​ខ្ជាប់ខ្ជួន និង​សេចក្តី​សំឡូត​វិញ ១២ ចូរ​ខំ​ប្រឹង​តស៊ូ ដោយ​ការ​ត​យ៉ាង​ល្អ​នៃ​សេចក្តី​ជំនឿ ចូរ​តោង​ចាប់​ជីវិត​អស់​កល្ប​ជានិច្ច​ឲ្យ​ខ្ជាប់ ដែល​ព្រះ​បាន​ហៅ​អ្នក​មក​ទទួល ហើយ​អ្នក​ក៏​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ​នៅ​មុខ​សាក្សី​ជា​ច្រើន​ដែរ ១៣ ខ្ញុំ​ផ្តាំ​មក​អ្នក​នៅ​ចំពោះ​ព្រះ ដែល​ទ្រង់​ប្រទាន​ជីវិត​ដល់​គ្រប់​ទាំង​អស់ ហើយ​នៅ​ចំពោះ​ព្រះគ្រីស្ទយេស៊ូវ ដែល​ទ្រង់​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ នៅ​មុខ​លោក​ប៉ុនទាស-ពីឡាត់​ថា ១៤ ឲ្យ​អ្នក​កាន់​តាម​បញ្ញត្ត​បែប​ដែល​ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ដរាប​ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ទ្រង់​លេច​មក ១៥ ដែល​ព្រះ​នឹង​សំដែង​ឲ្យ​ឃើញ​ទ្រង់ ក្នុង​វេលា​កំណត់ គឺ​ជា​ស្តេច​ចក្រ​តែ​១​ព្រះអង្គ​ដ៏​មាន​ពរ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ ១៦ ក៏​មាន​ទ្រង់​ប៉ុណ្ណោះ​ដែល​មិន​ចេះ​សុគត ទ្រង់​គង់​នៅ​ក្នុង​ពន្លឺ​ដែល​រក​ចូល​ទៅ​ជិត​មិន​បាន គ្មាន​មនុស្ស​ណា​ដែល​ឃើញ​ទ្រង់​ឡើយ ក៏​មើល​ទ្រង់​មិន​ឃើញ​ផង សូម​ឲ្យ​ទ្រង់​បាន​ល្បី​ព្រះនាម និង​ព្រះចេស្តា នៅ​អស់​កល្ប​ជានិច្ច អាម៉ែន។
១៧ ចូរ​ហាមប្រាម ដល់​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ​ផង កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​ទុក​ចិត្ត​នឹង​ទ្រព្យសម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ ១៨ ចូរ​បង្គាប់​ឲ្យ​គេ​ធ្វើ​គុណ និង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង ១៩ យ៉ាង​នោះ​ឯង ទើប​ឈ្មោះ​ថា គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​ជា​គោល​យ៉ាង​ល្អ​សំរាប់​ខ្លួន​ដល់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​អស់​កល្ប​ជានិច្ច។
២០ ឱ​ធីម៉ូថេ​អើយ ចូរ​រក្សា​សេចក្តី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ ហើយ​ចៀស​ចេញ​ពី​សំដី​ឡេះឡោះ​ឥត​ប្រយោជន៍ និង​ពាក្យ​ទទឹងទទែង​នៃ​សេចក្តី ដែល​ក្លែង​ហៅ​ថា ចំណេះ​វិជ្ជា​ផង ២១ ដែល​មាន​មនុស្ស​ខ្លះ​ប្រកាន់ ក៏​បាន​ជ្រួស​ពី​សេចក្តី​ជំនឿ​ចេញ​ហើយ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះគុណ។ អាម៉ែន។:៚