១ ទ្រង់​ធ្វើ​អាសនា​លង្ហិន បណ្តោយ​២០​ហត្ថ ទទឹង​២០​ហត្ថ ហើយ​កំពស់​១០​ហត្ថ
អាង​ធំ​ពី​លង្ហិន
២ ក៏​សិត​ធ្វើ​សមុទ្រ​មាន​រាង​មូល ទំហំ​១០​ហត្ថ​ពី​មាត់​ខាង​ទៅ​ម្ខាង ហើយ​កំពស់​៥​ហត្ថ យក​ខ្សែ​វាស់​ជុំវិញ​ត្រូវ​ជា​៣០​ហត្ថ ៣ នៅ​ពី​ក្រោម​គែម​មាត់​សមុទ្រ​នោះ មាន​រូប​ផ្កា​ក្រពុំ​១០ ក្នុង​១​ហត្ថ​នៅ​ព័ទ្ធ​ជុំវិញ បាន​សិត​ជា​២​ជួរ​ស្រេច ក្នុង​កាល​ដែល​សិត​សមុទ្រ​នោះ​តែ​ម្តង ៤ សមុទ្រ​នោះ​ដាក់​នៅ​លើ​រូប​គោ​១២ ដែល​មាន​៣​បែរ​ទៅ​ខាង​ជើង ៣​បែរ​ទៅ​ខាង​លិច ៣​បែរ​ទៅ​ខាង​ត្បូង ហើយ​៣​បែរ​ទៅ​ខាង​កើត សមុទ្រ​នៅ​ពី​លើ ហើយ​គោ​ទាំង​នោះ​បែរ​គូថ​ទៅ​ខាង​ក្នុង​ទាំង​អស់ ៥ សមុទ្រ​នោះ​មាន​កំរាស់​១​ទះ ហើយ​គែម​ក៏​ធ្វើ​ដូច​ជា​មាត់​ពែង រាង​ដូច​ជា​ផ្កា​ច័ន្ធូ ចំណុះ​បាន​ទឹក​៣​ពាន់​អំរែក ៦ ទ្រង់​ក៏​ធ្វើ​ចាន​ក្លាំ​១០ ដាក់​៥​ខាង​ស្តាំ និង​៥​ខាង​ឆ្វេង សំរាប់​ការ​លាង​សំអាត របស់​អ្វី​ដែល​ត្រូវ​ខាង​ដង្វាយ​ដុត នោះ​គេ​លាង​ក្នុង​ចាន​ក្លាំ​ទាំង​នោះ តែ​ឯ​សមុទ្រ​នោះ សំរាប់​ឲ្យ​ពួក​សង្ឃ​លាង​វិញ។
បញ្ជី​របស់របរ​ដែល​លោក​ហ៊ីរ៉ាម​បាន​ធ្វើ
៧ ទ្រង់​ធ្វើ​ជើង​ចង្កៀង​១០​ពី​មាស តាម​ច្បាប់​នៃ​ជើង​ចង្កៀង​ទាំង​នោះ ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះវិហារ ៥​ខាង​ស្តាំ ហើយ​៥​ខាង​ឆ្វេង ៨ ក៏​ធ្វើ​តុ​១០​ដាក់​ក្នុង​ព្រះវិហារ ៥​ខាង​ស្តាំ ហើយ​៥​ខាង​ឆ្វេង រួច​ធ្វើ​ផ្តិល​មាស​១០០ ៩ ទ្រង់​ធ្វើ​ទីលាន​សំរាប់​ពួក​សង្ឃ និង​ទីលាន​ធំ ព្រម​ទាំង​ទ្វារ​សំរាប់​ទីលាន ហើយ​ស្រោប​ទ្វារ​ទាំង​នោះ​ដោយ​លង្ហិន ១០ ទ្រង់​ដាក់​សមុទ្រ​នៅ​ខាង​ស្តាំ នៃ​ចុង​ខាង​កើត​របស់​ព្រះវិហារ គឺ​ឆៀង​ទៅ​ខាង​ត្បូង ១១ ហ៊ីរ៉ាម​ធ្វើ​ឆ្នាំង ចបចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន​ដែរ ដូច្នេះ ហ៊ីរ៉ាម​បាន​ធ្វើ​សំរេច​ការ​ទាំង​ប៉ុន្មាន​នោះ​ដែល​គាត់​ធ្វើ​ថ្វាយ​ស្តេច​សាឡូម៉ូន នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះ ១២ គឺ​សសរ​ទាំង​២ តួ​ក្បាល​សសរ​ទាំង​២ ដែល​នៅ​លើ​កំពូល​សសរ​នោះ ព្រម​ទាំង​ក្បាច់​រាង​ក្រឡា​អួន សំរាប់​បាំង​តួ​ក្បាល​សសរ ដែល​នៅ​លើ​កំពូល​នោះ ១៣ និង​ផ្លែ​ទទឹម​៤០០​សំរាប់​ក្បាច់​ក្រឡា​អួន​ទាំង​២ គឺ​ជា​ផ្លែ​ទទឹម​២​ជួរ​ក្នុង​ក្បាច់​ក្រឡា​អួន​១ សំរាប់​នឹង​បាំង​តួ​ក្បាល​សសរ ដែល​នៅ​ពី​លើ​នោះ ១៤ គាត់​ក៏​ធ្វើ​គ្រោង និង​ចាន​ក្លាំ ដាក់​នៅ​លើ​គ្រោង​ទាំង​នោះ ១៥ សមុទ្រ​១ និង​គោ​១២​ទ្រ​ពី​ក្រោម ១៦ ឆ្នាំង ចបចូក សម និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ឯ​បណ្តាការ​ទាំង​នោះ ហ៊ីរ៉ាម ជា​មេ​ជាង បាន​ធ្វើ​ពី​លង្ហិន​យ៉ាង​ភ្លឺ ថ្វាយ​ស្តេច​សាឡូម៉ូន សំរាប់​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ១៧ ស្តេច​ទ្រង់​បាន​សិត​ធ្វើ​ទាំង​អស់ នៅ​ក្នុង​ពុម្ព​ដី​ឥដ្ឋ​ត្រង់​វាល​ទន្លេ​យ័រដាន់ កណ្តាល​ភូមិ​សិកូត និង​សារថាន ១៨ គឺ​យ៉ាង​នោះ ដែល​សាឡូម៉ូន​បាន​ធ្វើ​ប្រដាប់ប្រដា ទាំង​នោះ​យ៉ាង​សន្ធឹក​ណាស់ ដ្បិត​លង្ហិន​ទាំង​នោះ​រក​ដឹង​ទំងន់​មិន​បាន។ ១៩ សាឡូម៉ូន​ទ្រង់​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះ គឺ​អាសនា​មាស និង​តុ​ទាំង​ប៉ុន្មាន​សំរាប់​ដាក់​នំបុ័ង​តាំង​ទុក ២០ ហើយ​នឹង​ជើង​ចង្កៀង និង​តួ​ចង្កៀង​ពី​មាស​សុទ្ធ សំរាប់​ដុត​តាម​ច្បាប់ នៅ​មុខ​ទី​ទូល​សួរ​ដល់​ព្រះ ២១ ហើយ​ផ្កា ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​ពី​មាស​ដែរ គឺ​ជា​មាស​យ៉ាង​សុទ្ធ​បំផុត ២២ ឯ​គ្រប​ប្រឆេះ ចាន​ក្លំ កូន​ចាន និង​ពាន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ចំណែក​ទ្វារ​ចូរ​ក្នុង​ព្រះវិហារ និង​ទ្វារ​ខាង​ក្នុង​ដែល​សំរាប់​ចូល​ទី​បរិសុទ្ធ​បំផុត ព្រម​ទាំង​ទ្វារ​នៃ​ព្រះវិហារ​ទាំង​ប៉ុន្មាន​នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់។