១៥
ស្តេច​អេសា​កែ​ទំរង់​សាសនា
១ គ្រា​នោះ ព្រះវិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​អ័សារា ជា​កូន​អូដេឌ ២ ហើយ​លោក​ចេញ​ទៅ​ទទួល​អេសា​ទូល​ថា បពិត្រ​ព្រះករុណា​អេសា ព្រម​ទាំង​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ទាំង​អស់​គ្នា​អើយ សូម​ស្តាប់​ចុះ កំពុង​ដែល​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នឹង​ព្រះយេហូវ៉ា នោះ​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ទ្រង់ នោះ​នឹង​រក​ឃើញ​ពិត តែ​បើ​អ្នក​រាល់​គ្នា​បោះបង់​ចោល​ទ្រង់​វិញ ទ្រង់​ក៏​នឹង​បោះបង់​ចោល​អ្នក​រាល់​គ្នា​ដែរ ៣ រីឯ​នៅ​គ្រា​នោះ ពួក​អ៊ីស្រាអែល​ឥត​មាន​ព្រះ​ដ៏​ជា​ពិត​ទេ ក៏​គ្មាន​ពួក​សង្ឃ​ដែល​បង្ហាត់​បង្រៀន ហើយ​គ្មាន​ក្រឹត្យវិន័យ​ដែរ នៅ​អស់​កាល​ជា​យូរ​មក​ហើយ ៤ តែ​កាល​កើត​មាន​សេចក្តី​វេទនា​នោះ ហើយ​គេ​បាន​វិល​មក​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​វិញ ព្រម​ទាំង​ស្វែង​រក​ទ្រង់​ផង នោះ​ក៏​រក​ទ្រង់​ឃើញ ៥ នៅ​អស់​ទាំង​គ្រា​នោះ គ្មាន​សេចក្តី​សុខ​ដល់​អ្នក​ណា ដែល​ចេញ​ចូល​ទៅ​ឯ​ណា​ឡើយ គឺ​មាន​សុទ្ធ​តែ​សេចក្តី​ប្រទូសរ៉ាយ​ជា​ខ្លាំង ដល់​អស់​អ្នក​នៅ​ក្នុង​ស្រុក​ទាំង​នោះ​វិញ ៦ គេ​ត្រូវ​បាក់​បែក​ខ្ទេចខ្ទី​ទៅ គឺ​នគរ​១​ទាស់​នឹង​នគរ​១ ហើយ​ទី​ក្រុង​១​ទាស់​នឹង​ទី​ក្រុង​១​ទៀត ពី​ព្រោះ​ព្រះ​ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្តី​ប្រទូសរ៉ាយ​ដល់​គេ ដោយ​នូវ​សេចក្តី​ទំនាស់​គ្រប់​យ៉ាង ៧ តែ​ឯ​អ្នក​រាល់​គ្នា ចូរ​ខំ​ប្រឹង​ឡើង កុំ​ឲ្យ​ដៃ​ថយ​កំឡាំង​ឡើយ ពី​ព្រោះ​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់។
៨ លុះ​កាល​អេសា​បាន​ឮ​ពាក្យ​ទាំង​នោះ គឺ​ជា​សេចក្តី​ទំនាយ​របស់​ហោរា​អូដេឌ​ហើយ នោះ​ទ្រង់​មាន​ព្រះទ័យ​ក្លាហាន​ឡើង ក៏​បំបាត់​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម ពី​ក្នុង​ស្រុក​យូដា និង​ស្រុក​បេនយ៉ាមីន​ទាំង​អស់​ចេញ ហើយ​ពី​អស់​ទាំង​ទី​ក្រុង ដែល​ទ្រង់​ចាប់​យក​បាន នៅ​ស្រុក​ភ្នំ​អេប្រាអិម​ដែរ ទ្រង់​ក៏​រៀប​អាសនា​នៃ​ព្រះយេហូវ៉ា ដែល​នៅ​មុខ​បាំងសាច​ព្រះវិហារ នៃ​ព្រះយេហូវ៉ា​ឡើង​ជា​ថ្មី​វិញ ៩ រួច​ទ្រង់​ប្រមូល​ពួក​យូដា និង​ពួក​បេនយ៉ាមីន ព្រម​ទាំង​ពួក​អេប្រាអិម ម៉ាន៉ាសេ និង​ស៊ីម្មាន ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន​ឲ្យ​មូល​គ្នា ដ្បិត​មាន​ពួក​អ៊ីស្រាអែល​ជា​ច្រើន បាន​បាក់​ចូល​មក​ខាង​ទ្រង់ ដោយ​ឃើញ​ថា ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ គង់​នៅ​ជា​មួយ​នឹង​ទ្រង់​ពិត ១០ ដូច្នេះ គេ​ក៏​មូល​គ្នា​មក​ឯ​ក្រុង​យេរូសាឡិម នៅ​ខែ​ជេស្ឋ ឆ្នាំ​ទី​១៥​ក្នុង​រាជ្យ​អេសា ១១ ហើយ​នៅ​ថ្ងៃ​នោះ​ឯង គេ​ថ្វាយ​យញ្ញបូជា​ដល់​ព្រះយេហូវ៉ា ពី​របឹប​ដែល​បាន​នាំ​យក​មក គឺ​គោ​៧​រយ និង​ចៀម​៧​ពាន់ ១២ គេ​ក៏​ព្រមព្រៀង​គ្នា និង​តាំង​សេចក្តី​សញ្ញា ឲ្យ​បាន​ខំ​ប្រឹង​ស្វែង​រក​តាម​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ១៣ ហើយ​ថា អ្នក​ណា​ដែល​មិន​ព្រម​ស្វែង​រក​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​នឹង​ត្រូវ​សំឡាប់​បង់ ទោះ​តូច​ឬ​ធំ ប្រុស​ឬ​ស្រី​ក្តី ១៤ គេ​ក៏​ស្បថ​ដល់​ព្រះយេហូវ៉ា ដោយ​សំឡេង​ដ៏​ខ្លាំង ហើយ​ដោយ​ស្រែក​ហ៊ោ ព្រម​ទាំង​ផ្លុំ​ត្រែ និង​ស្នែង​ផង ១៥ ពួក​យូដា​ទាំង​អស់​គ្នា​មាន​សេចក្តី​អំណរ ដោយ​សេចក្តី​សម្បថ​នោះ ពី​ព្រោះ​គេ​បាន​ស្បថ​ដោយ​ចិត្ត​ស្មោះ ហើយ​ស្វែង​រក​ព្រះយេហូវ៉ា ដោយ​ពេញ​បំណង​ចិត្ត ក៏​រក​ទ្រង់​ឃើញ​ផង ព្រះយេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​គេ​បាន​សេចក្តី​ស្រាកស្រាន្ត នៅ​ព័ទ្ធ​ជុំវិញ។
១៦ ឯ​នាង​ម្អាកា ជា​ព្រះមាតា​ស្តេច​អេសា ទ្រង់​ក៏​ដក​ពី​ដំណែង​ជា​មាតា​ហ្លួង​ចេញ ដោយ​ព្រោះ​ព្រះនាង​បាន​ធ្វើ​រូប​គួរ​ស្អប់​ខ្ពើម​ទុក​ជា​ព្រះ អេសា​ទ្រង់​ក៏​កាប់​រំលំ​រូប​នោះ​កិន​កំទេច​ជា​ផង់ យក​ទៅ​ដុត​ចោល នៅ​ត្រង់​ជ្រោះ​កេដ្រុន ១៧ តែ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នោះ​មិន​បាន​បំបាត់​ចេញ ពី​ស្រុក​អ៊ីស្រាអែល​ទេ ប៉ុន្តែ​អេសា​ទ្រង់​មាន​ព្រះទ័យ​ស្មោះត្រង់​អស់​១​ព្រះជន្ម​ទ្រង់ ១៨ ទ្រង់​ក៏​នាំ​យក​អស់​ទាំង​របស់​ដែល​ព្រះបិតា​ទ្រង់​បាន​ថ្វាយ និង​របស់​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ​ផង មក​តម្កល់​ទុក ក្នុង​ព្រះវិហារ​នៃ​ព្រះ គឺ​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ផ្សេងៗ ១៩ ត​ពី​នោះ​មក គ្មាន​ចំបាំង​ទៀត​ឡើយ ដរាប​ដល់​ឆ្នាំ​ទី​៣៥​ក្នុង​រាជ្យ​អេសា។