២៧
ស្តេច​យ៉ូថាម​សោយរាជ្យ​លើ​ស្រុក​យូដា
១ កាល​យ៉ូថាម​ចាប់​តាំង​សោយរាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយរាជ្យ​នៅ​ក្រុង​យេរូសាឡិម​បាន​១៦​ឆ្នាំ ព្រះមាតា​ទ្រង់​ព្រះនាម​ជា យេរូសា​ជា​បុត្រី​សាដុក ២ ទ្រង់​ប្រព្រឹត្ត​សេចក្តី​ដែល​ត្រឹមត្រូវ នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា តាម​គ្រប់​ទាំង​សេចក្តី​ដែល​អូសៀស​ជា​ព្រះបិតា​បាន​ធ្វើ​ដែរ តែ​ទ្រង់​មិន​បាន​យាង​ចូល​ទៅ ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​ទេ ឯ​បណ្តាជន គេ​នៅ​តែ​ប្រព្រឹត្ត​ខូច​អាក្រក់​នៅ​ឡើយ។
៣ ទ្រង់​ធ្វើ​ទ្វារ​ខាង​លើ​របស់​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ក៏​សង់​កំផែង​អូផែល​ឡើង​ជា​ច្រើន ៤ ១​ទៀត​ទ្រង់​សង់​ទី​ក្រុង​ខ្លះ​នៅ​ស្រុក​ភ្នំ​យូដា ហើយ​នៅ​ក្រុង​ព្រៃ ទ្រង់​ក៏​សង់​បន្ទាយ និង​ប៉ម​ផង ៥ ទ្រង់​ក៏​ច្បាំង​ឈ្នះ​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ឆ្នាំ​នោះ​ឯង​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ថ្វាយ​ប្រាក់​១០០​ហាប​ស្រូវ​ភោជ្ជសាលី​១​ម៉ឺន​រង្វាល់ និង​ស្រូវ​ឱក​១​ម៉ឺន​រង្វាល់​ដល់​ទ្រង់ ដល់​ឆ្នាំ​ទី​២ ហើយ​ទី​៣ គេ​ក៏​ថ្វាយ​ប៉ុណ្ណោះ​ដល់​ទ្រង់​ទៀត ៦ ដូច្នេះ យ៉ូថាម​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង ពី​ព្រោះ​ទ្រង់​បាន​រៀប​ផ្លូវ​ទ្រង់​ឲ្យ​ត្រឹមត្រូវ​នៅ​ចំពោះ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ៧ រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូថាម និង​អស់​ទាំង​ការ​ចំបាំង​របស់​ទ្រង់ ហើយ​អំពើ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​រឿង​ពី​ពួក​ស្តេច​អ៊ីស្រាអែល និង​យូដា​ហើយ ៨ កាល​ទ្រង់​ចាប់​តាំង​សោយរាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយរាជ្យ​នៅ​ក្រុង​យេរូសាឡិម​បាន​១៦​ឆ្នាំ ៩ យ៉ូថាម​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អ័ហាស ជា​ព្រះរាជបុត្រា​ក៏​ឡើង​សោយរាជ្យ​ជំនួស​ព្រះបិតា។