៣៣
ស្តេច​ម៉ាន៉ាសេ​សោយរាជ្យ​លើ​ស្រុក​យូដា
១ លុះ​កាល​ម៉ាន៉ាសេ​ចាប់​តាំង​សោយរាជ្យ​ឡើង​នោះ​ទ្រង់​មាន​ព្រះជន្ម​១២​ឆ្នាំ​ហើយ ក៏​សោយរាជ្យ​នៅ​ក្រុង​យេរូសាឡិម​បាន​៥៥​ឆ្នាំ ២ ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា តាម​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ព្រះយេហូវ៉ា​បាន​បណ្តេញ​ចេញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល ៣ ដ្បិត​ទ្រង់​បាន​ធ្វើ​អស់​ទាំង​ទី​ខ្ពស់​ឡើង​វិញ ដែល​ហេសេគា ជា​ព្រះបិតា​ទ្រង់​បាន​រំលង​ទៅ​នោះ ហើយ​ក៏​ស្អាង​អាសនា​ថ្វាយ​ព្រះបាល ព្រម​ទាំង​ធ្វើ​រូប​ព្រះ ហើយ​ថ្វាយ​បង្គំ​គោរព​ដល់​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ផង ៤ ទ្រង់​ក៏​ស្អាង​អាសនា នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ដែល​ព្រះយេហូវ៉ា​បាន​មាន​ព្រះបន្ទូល​ពី​ទី​នោះ​ថា ឈ្មោះ​អញ និង​នៅ​ក្រុង​យេរូសាឡិម​ជា​ដរាប​ត​ទៅ ៥ ទ្រង់​ធ្វើ​អាសនា​សំរាប់​គោរព​ដល់​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ត្រង់​ទីលាន​ទាំង​២​នៃ​ព្រះវិហារ​ព្រះយេហូវ៉ា ៦ ក៏​ធ្វើ​ឲ្យ​បុត្រ​ទ្រង់​ឆ្លង​កាត់​ភ្លើង នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ហ៊ីនណំម ក៏​ប្រព្រឹត្ត​នក្ខត្តឫក្ស អង្គុយ​ធម៌ អាបធ្មប់ ហើយ​រក​គ្រូ​ខាប និង​គ្រូ​គាថា ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ជា​ច្រើន នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា ជា​ហេតុ​ដែល​បណ្តាល​ឲ្យ​ព្រះ​មាន​សេចក្តី​ក្រោធ ៧ ទ្រង់​យក​រូប​ធ្លាក់​ជា​រូប​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ ទៅ​តម្កល់​ក្នុង​ព្រះវិហារ​នៃ​ព្រះ​ជា​ទី​ដែល​ព្រះ​បាន​មាន​ព្រះបន្ទូល​នឹង​ដាវីឌ ហើយ​នឹង​សាឡូម៉ូន​ជា​ព្រះរាជបុត្រា​ទ្រង់​ថា អញ​នឹង​តាំង​ឈ្មោះ​អញ នៅ​ក្នុង​ព្រះវិហារ​នេះ​នៅ​ក្រុង​យេរូសាឡិម ជា​ទី​ដែល​អញ​បាន​រើស​ក្នុង​គ្រប់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល ឲ្យ​នៅ​ជា​ដរាប​ត​ទៅ ៨ ហើយ​អញ​ក៏​មិន​ដែល​ដក​ជើង​នៃ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង​រាល់​គ្នា​ទៀត​ឡើយ ឲ្យ​តែ​គេ​រក្សា ហើយ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្តី​ដែល​អញ​បាន​បង្គាប់​ដល់​គេ គឺ​ជា​ក្រឹត្យវិន័យ​ទាំង​មូល និង​បញ្ញត្ត ហើយ​ច្បាប់​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ឲ្យ​ដោយសារ​ម៉ូសេ​ប៉ុណ្ណោះ​ចុះ ៩ តែ​ម៉ាន៉ាសេ​ទ្រង់​ព្រលួង​ពួក​យូដា និង​ពួក​អ្នក​ក្រុង​យេរូសាឡិម ឲ្យ​បាន​ធ្វើ​ការ​អាក្រក់ លើស​ជាង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៅ​ទៀត ជា​សាសន៍​ដែល​ព្រះយេហូវ៉ា​បាន​បំផ្លាញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ។
១០ ព្រះយេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះបន្ទូល និង​ម៉ាន៉ាសេ ហើយ​នឹង​រាស្ត្រ​ទ្រង់​ដែរ តែ​គេ​មិន​ព្រម​ទទួល​ស្តាប់​តាម​ឡើង ១១ ហេតុ​នោះ​បាន​ជា​ព្រះយេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ពួក​មេទ័ព​របស់​ស្តេច​អាសស៊ើរ លើក​គ្នា​មក​ច្បាំង​នឹង​គេ ពួក​នោះ​ចាប់​ម៉ាន៉ាសេ ដាក់​ខ្នោះ​ដាក់​ច្រវាក់ នាំ​ទៅ​ឯ​ក្រុង​បាប៊ីឡូន ១២ តែ​កាល​ទ្រង់​មាន​សេចក្តី​វេទនា នោះ​ក៏​ទូល​អង្វរ​ដល់​ព្រះយេហូវ៉ា​នៃ​ទ្រង់ ព្រម​ទាំង​បន្ទាប​ព្រះទ័យ​ចុះ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់​វិញ ១៣ ក៏​អធិស្ឋាន​ហើយ​ព្រះ​ក៏​ទន់​ព្រះហឫទ័យ ស្តាប់​តាម​សេចក្តី​ដែល​ទ្រង់​ទូល​អង្វរ ប្រោស​នាំ​ទ្រង់​មក​ឯ​រាជ្យ​ក្នុង​ក្រុង​យេរូសាឡិម​វិញ ដូច្នេះ ទើប​ម៉ាន៉ាសេ​បាន​ជ្រាប​ថា ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ពិត។
១៤ ក្រោយ​នោះ ទ្រង់​សង់​កំផែង នៅ​ខាង​ក្រៅ​កំផែង​ក្រុង​ដាវីឌ​ទៀត គឺ​ត្រង់​ច្រក​ភ្នំ​ខាង​លិច​ជ្រោះ​គីហុន រហូត​ដល់​មាត់​ទ្វារ​ផ្សារ​ត្រី ក៏​ធ្វើ​ព័ទ្ធ​ជុំវិញ​ប៉ម​អូផែល​ដែរ ហើយ​បាន​ធ្វើ​ឲ្យ​មាន​កំពស់​ឡើង​ជា​ច្រើន រួច​ទ្រង់​តម្រូវ​ឲ្យ​មាន​មេទ័ព​នៅ​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា ១៥ ទ្រង់​យក​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ និង​រូប​ព្រះ​នោះ​ចេញ​ពី​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ព្រម​ទាំង​អាសនា​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ស្អាង នៅ​លើ​ភ្នំ​នៃ​ព្រះវិហារ​ព្រះយេហូវ៉ា និង​នៅ​ក្រុង​យេរូសាឡិម​ទៅ​បោះ​ចោល​នៅ​ខាង​ក្រៅ​ទី​ក្រុង ១៦ រួច​ទ្រង់​ស្អាង​អាសនា​ព្រះយេហូវ៉ា​ឡើង​វិញ ហើយ​ថ្វាយ​យញ្ញបូជា ជា​ដង្វាយ​មេត្រី និង​ដង្វាយ​អរ​ព្រះគុណ នៅ​លើ​អាសនា​នោះ ក៏​បង្គាប់​ឲ្យ​ពួក​យូដា​គោរព​ប្រតិបត្តិ​តាម​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ១៧ ប៉ុន្តែ​ពួក​បណ្តាជន​នៅ​តែ​ថ្វាយ​យញ្ញបូជា​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នៅ​ឡើយ​តែ​គេ​ថ្វាយ​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​គេ​វិញ។
១៨ រីឯ​ដំណើរ​ឯ​ទៀត​ពី​ម៉ាន៉ាសេ និង​សេចក្តី​ដែល​ទ្រង់​អធិស្ឋាន​ដល់​ព្រះ​នៃ​ទ្រង់ ព្រម​ទាំង​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ពួក​អ្នក​មើលឆុត​បាន​ទូល​ទ្រង់ ដោយ​នូវ​ព្រះនាម​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​កិច្ចការ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ ១៩ ឯ​សេចក្តី​អធិស្ឋាន​របស់​ទ្រង់ នឹង​ការ​ដែល​ព្រះ​បាន​ទន់​ព្រះហឫទ័យ​ទទួល​តាម​ទ្រង់ ព្រម​ទាំង​អំពើ​បាប និង​ការ​រំលង​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​ទាំង​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​ទី​ខ្ពស់ ហើយ​តម្កល់​រូប​ព្រះ និង​រូប​ឆ្លាក់ មុន​ដែល​ទ្រង់​បាន​បន្ទាប​ព្រះទ័យ​ចុះ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​ពង្សាវតារ ដែល​ពួក​អ្នក​មើលឆុត​បាន​ចារឹក​ទុក​ហើយ ២០ ម៉ាន៉ាសេ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​ឰយុកោ​របស់​ទ្រង់​ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ដំណាក់​ទ្រង់ រួច​អាំម៉ូន​ជា​ព្រះរាជបុត្រា ក៏​ឡើង​សោយរាជ្យ​ជំនួស​ព្រះបិតា។
ស្តេច​អាំម៉ូន​សោយរាជ្យ​លើ​ស្រុក​យូដា
២១ កាល​អាំម៉ូន​ចាប់​តាំង​សោយរាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះជន្ម​២២​ឆ្នាំ​ហើយ ទ្រង់​សោយរាជ្យ​នៅ​ក្រុង​យេរូសាឡិម​បាន​២​ឆ្នាំ ២២ ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា ដូច​ជា​ម៉ាន៉ាសេ ជា​ព្រះបិតា​បាន​ប្រព្រឹត្ត​ដែរ អាំម៉ូន​ទ្រង់​ក៏​ថ្វាយ​យញ្ញបូជា ហើយ​គោរព​ដល់​អស់​ទាំង​រូប​ឆ្លាក់ ដែល​ម៉ាន៉ាសេ ជា​ព្រះបិតា បាន​ធ្វើ ២៣ ឥត​បន្ទាប​ព្រះទ័យ​ចុះ នៅ​ចំពោះ​ព្រះយេហូវ៉ា ដូច​ជា​ម៉ាន៉ាសេ ជា​ព្រះបិតា​ទ្រង់​បាន​បន្ទាប​នោះ​ឡើយ គឺ​អាំម៉ូន​នេះ​ទ្រង់​បាន​ប្រព្រឹត្ត​រំលង​កាន់​តែ​ច្រើន​ឡើង ២៤ ឯ​ពួក​អ្នក​បំរើ​ទ្រង់ គេ​លើក​គ្នា​ធ្វើ​គុត​ទ្រង់ នៅ​ក្នុង​ព្រះរាជដំណាក់​ទៅ ២៥ តែ​ពួក​អ្នក​ស្រុក​គេ​សំឡាប់​អស់​អ្នក ដែល​បាន​លើក​គ្នា​ក្បត់​នឹង​ស្តេច​អាំម៉ូន​នោះ​វិញ គេ​លើក​យ៉ូសៀស​ជា​ព្រះរាជបុត្រា តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះបិតា។