១ ពី​ព្រោះ​យើង​ខ្ញុំ​ដឹង​ថា បើ​ត្រសាល​ដែល​ជា​ទី​លំនៅ​របស់​យើង​ខ្ញុំ នៅ​ផែនដី​នេះ ត្រូវ​បំផ្លាញ​វេលា​ណា នោះ​យើង​ខ្ញុំ​មាន​វិមាន​១ ដែល​មក​ពី​ព្រះ មិន​មែន​ធ្វើ​នឹង​ដៃ​ទេ គឺ​នៅ​លើ​ស្ថានសួគ៌​វិញ ជា​វិមាន​នៅ​ជាប់​អស់​កល្ប​ជានិច្ច ២ ដ្បិត​នៅ​ក្នុង​ត្រសាល​នេះ យើង​ខ្ញុំ​តែង​តែ​ថ្ងូរ ដោយ​សង្វាត​នឹង​ចង់​ប្រដាប់​ខ្លួន ដោយ​ទី​លំនៅ​របស់​យើង​ខ្ញុំ ជា​ទី​លំនៅ​ដែល​មក​ពី​ស្ថានសួគ៌​ណាស់ ៣ ឲ្យ​តែ​យើង​ខ្ញុំ​បាន​ប្រដាប់​ខ្លួន​ចុះ ដើម្បី​កុំ​ឲ្យ​មាន​ឃើញ​យើង​ខ្ញុំ​នៅ​អាក្រាត​ឡើយ ៤ ដ្បិត​យើង​ខ្ញុំ​ដែល​នៅ​ក្នុង​ត្រសាល​នេះ យើង​ថ្ងូរ​មែន ដោយ​មាន​បន្ទុក​យ៉ាង​ធ្ងន់ ពី​ព្រោះ​យើង​មិន​ចង់​ដោះ​សំលៀកបំពាក់​នេះ​ចេញ​ទេ គឺ​ចង់​តែ​ស្លៀកពាក់​វិញ ដើម្បី​ឲ្យ​ជីវិត​បាន​លេប​របស់ ដែល​តែង​តែ​ស្លាប់ ឲ្យ​បាត់​ទៅ​នោះ ៥ រីឯ​អ្នក​ដែល​បាន​បង្កើត​យើង​ខ្ញុំ​សំរាប់​ការ​នោះ​ឯង ជា​ព្រះ​ដែល​ទ្រង់​ក៏​ប្រទាន​ព្រះវិញ្ញាណ មក​បញ្ចាំ​ចិត្ត​យើង​ខ្ញុំ​ដែរ។
៦ ដូច្នេះ យើង​ខ្ញុំ​មាន​ចិត្ត​ជឿជាក់​ជា​ដរាប ហើយ​ដឹង​ថា ដែល​យើង​ខ្ញុំ​នៅ​ក្នុង​រូបកាយ​នេះ នោះ​យើង​ខ្ញុំ​នៅ​ឃ្លាត​ពី​ព្រះអម្ចាស់ ៧ ដ្បិត​យើង​ខ្ញុំ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ ៨ ដូច្នេះ យើង​ខ្ញុំ​មាន​ចិត្ត​ជឿជាក់ ហើយ​ក៏​សុខ​ចិត្ត​ស៊ូ​ចេញ​ពី​រូបកាយ​នេះ ទៅ​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ជាង ៩ ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​សង្វាត ឲ្យ​បាន​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់ ទោះ​នៅ​ក្នុង​រូបកាយ ឬ​ឃ្លាត​ពី​រូបកាយ​ក្តី ១០ ដ្បិត​យើង​ទាំង​អស់​គ្នា​ត្រូវ​ទៅ​នៅ​មុខ​ទី​ជំនុំជំរះ​របស់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ការ​ដែល​បាន​ធ្វើ ពី​កាល​នៅ​ក្នុង​រូបកាយ​រៀង​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី។
ការ​សំរុះសំរួល​ឲ្យ​មនុស្ស​លោក​បាន​ជា​នា​នឹង​ព្រះជាម្ចាស់​វិញ
១១ ដូច្នេះ ដែល​ស្គាល់​សេចក្តី​ស្ញែង​ខ្លាច​របស់​ព្រះអម្ចាស់ នោះ​យើង​ខ្ញុំ​ក៏​ខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ តែ​យើង​ខ្ញុំ​ជា​អ្នក​ប្រាកដ​ច្បាស់​ដល់​ព្រះ​ហើយ ខ្ញុំ​ក៏​សង្ឃឹម​ថា ដល់​បញ្ញា​ចិត្ត​របស់​អ្នក​រាល់​គ្នា​ដែរ ១២ ដ្បិត​យើង​ខ្ញុំ​មិន​មែន​ផ្ទុកផ្តាក់​ខ្លួន​នឹង​អ្នក​រាល់​គ្នា​ម្តង​ទៀត គឺ​យើង​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ឱកាស​នឹង​អួត​ពី​យើង​ខ្ញុំ​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ពាក្យ​តប​ឆ្លើយ ដល់​អស់​អ្នក​ដែល​អួត​តែ​ពី​ចរិត​ខាង​ក្រៅ មិន​មែន​ពី​សណ្ឋាន​ក្នុង​ចិត្ត​នោះ​ទេ ១៣ ដ្បិត​ទោះ​បើ​យើង​ខ្ញុំ​វង្វេង​ស្មារតី​ក្តី នោះ​គឺ​វង្វេង​សំរាប់​ព្រះអង្គ ឬ​បើ​មាន​គំនិត​នឹងធឹង​ក្តី ក៏​សំរាប់​អ្នក​រាល់​គ្នា​វិញ ១៤ ដ្បិត​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​បង្ខំ​យើង​ខ្ញុំ ដោយ​យើង​ខ្ញុំ​ពិចារណា​ឃើញ​ថា បើ​ម្នាក់​បាន​ស្លាប់​ជំនួស​អ្នក​ទាំង​អស់​នោះ​ទាំង​អស់​ឈ្មោះ​ថា​បាន​ស្លាប់​ហើយ ១៥ ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះអង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ ១៦ បាន​ជា​ពី​នេះ​ទៅ​មុខ យើង​ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​ខាង​ឯ​សាច់​ឈាម​ទៀត​ទេ តែ​បើ​យើង​ខ្ញុំ​បាន​ស្គាល់​ព្រះគ្រីស្ទ​ខាង​សាច់​ឈាម​ហើយ គង់​តែ​ឥឡូវ​នេះ​មិន​ស្គាល់​ទ្រង់​យ៉ាង​នោះ​ទៀត​ឡើយ ១៧ បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ ១៨ គ្រប់​ទាំង​អស់​ក៏​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ផ្សះផ្សា​យើង​នឹង​ព្រះអង្គ​ទ្រង់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ប្រទាន​ការងារ​ផ្សះផ្សា​នោះ មក​យើង​ខ្ញុំ​ដែរ ១៩ គឺ​ពី​ដំណើរ​ដែល​ព្រះ​ទ្រង់​គង់​ក្នុង​ព្រះគ្រីស្ទ កំពុង​ផ្សះផ្សា​លោកីយ៍​នឹង​ព្រះអង្គ​ទ្រង់ ឥត​ប្រកាន់​ទោស​គេ​ទៀត ហើយ​ទ្រង់​បាន​ប្រគល់​ព្រះបន្ទូល ពី​ការ​ផ្សះផ្សា​នោះ​មក​យើង​ខ្ញុំ។
២០ ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះគ្រីស្ទ ហាក់​ដូច​ជា​ព្រះ​ទ្រង់​អង្វរ​ដោយសារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះគ្រីស្ទ​ថា ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ ២១ ដ្បិត​ឯ​ព្រះអង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះអង្គ​នោះ​ឯង។