ផ្លែ​ពូថៅ​អណ្តែត
១ គ្រា​នោះ ពួក​សិស្ស​របស់​ពួក​ហោរា គេ​ជំរាប​ដល់​អេលីសេ​ថា សូម​មើល ទី​កន្លែង​ដែល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​លោក​នេះ ចង្អៀត​ដល់​យើង​ខ្ញុំ​ពេក​ណាស់ ២ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ទៅ​ឯ​ទន្លេ​យ័រដាន់ កាប់​យក​ឈើ​មួយ​ដើម​ម្នាក់ ធ្វើ​ជា​ទី​អាស្រ័យ​នៅ​ទី​នោះ លោក​ឆ្លើយ​ថា ចូរ​ទៅ​ចុះ ៣ មាន​ម្នាក់​និយាយ​ថា សូម​លោក​អញ្ជើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​ផង លោក​តប​ថា អញ​នឹង​ទៅ​ដែរ ៤ ដូច្នេះ លោក​ក៏​ទៅ​ជា​មួយ លុះ​គេ​បាន​ទៅ​ដល់​ទន្លេ​យ័រដាន់​ហើយ នោះ​ក៏​កាប់​ឈើ ៥ តែ​កាល​ម្នាក់​កំពុង​តែ​កាប់ នោះ​ផ្លែ​ពូថៅ​បាន​របូត​ធ្លាក់​ទៅ​ក្នុង​ទឹក រួច​អ្នក​នោះ​ស្រែក​ឡើង​ថា វរហើយ លោក​ម្ចាស់​ខ្ញុំ​អើយ ដ្បិត​ពូថៅ​នេះ​ខ្ញុំ​បាន​ខ្ចី​មក​ពី​គេ ៦ អ្នក​សំណប់​របស់​ព្រះ​សួរ​ថា តើ​ធ្លាក់​ត្រង់​ណា អ្នក​នោះ​ក៏​បង្ហាញ​កន្លែង រួច​លោក​កាប់​មែក​ឈើ​១​កំណាត់ បោះ​ទៅ​ក្នុង​ទឹក ហើយ​ផ្លែ​ពូថៅ​ក៏​អណ្តែត​ឡើង​មក ៧ នោះ​លោក​បង្គាប់​ថា ចូរ​ចាប់​យក​ចុះ អ្នក​នោះ​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក។
ហោរា​អេលីសេ​ចាប់​ទាហាន​ស៊ីរី​មក​ជា​ឈ្លើយ
៨ រីឯ​ស្តេច​ស្រុក​ស៊ីរី ទ្រង់​កំពុង​តែ​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល ក៏​ហៅ​ពួក​អ្នក​ជំនិត​ទ្រង់​មក​ពិគ្រោះ​គ្នា រួច​បង្គាប់​ថា យើង​នឹង​បោះ​ទ័ព​នៅ​ទី​ណា​មួយ​នោះ ៩ ដូច្នេះ អ្នក​សំណប់​របស់​ព្រះ លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដល់​ស្តេច អ៊ីស្រាអែល​ថា សូម​ទ្រង់​ប្រយ័ត្ន កុំ​យាង​ទៅ​តាម​ទី​១​នោះ​ឡើយ ដ្បិត​ពួក​ស៊ីរី​គេ​ចុះ​មក​តាម​ផ្លូវ​នោះ​ហើយ ១០ ស្តេច​អ៊ីស្រាអែល​ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​កន្លែង​ណា​ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រាប់​ឲ្យ​ប្រយ័ត្ន​នោះ ទ្រង់​ក៏​បាន​រួច​ពី​សេចក្តី​អន្តរាយ​នៅ​ទី​ទាំង​នោះ មិន​មែន​តែ​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ទេ ១១ ឯ​ស្តេច​ស្រុក​ស៊ីរី ទ្រង់​មាន​ព្រះទ័យ​វល់​អំពី​ដំណើរ​នោះ ក៏​ហៅ​ពួក​អ្នក​ជំនិត​មក​សួរ​ថា តើ​អ្នក​រាល់​គ្នា​មិន​ព្រម​ប្រាប់​ឲ្យ​យើង​ដឹង​ជា​អ្នក​ណា​ក្នុង​ពួក​យើង ដែល​កាន់​ខាង​ស្តេច​អ៊ីស្រាអែល​ទេ​ឬ ១២ នោះ​អ្នក​ជំនិត​ទ្រង់​ម្នាក់​ទូល​តប​ថា បពិត្រ​ព្រះករុណា ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ​អើយ ឥត​មាន​អ្នក​ណា​ឡើយ គឺ​ជា​អេលីសេ ជា​ហោរា ដែល​នៅ​ស្រុក​អ៊ីស្រាអែល​វិញ គាត់​នាំ​យក​អស់​ទាំង​ព្រះបន្ទូល ដែល​ទ្រង់​មាន​ព្រះបន្ទូល នៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​របស់​ទ្រង់ ទៅ​ប្រាប់​ដល់​ស្តេច​អ៊ីស្រាអែល ១៣ រួច​ទ្រង់​បង្គាប់​ថា ចូរ​ទៅ​សង្កេត​មើល​កន្លែង​ណា​ដែល​វា​នៅ ដើម្បី​ឲ្យ​អញ​បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​នាំ​មក នោះ​មាន​គេ​ទូល​ទ្រង់​ថា មើល គាត់​នៅ​ឯ​ក្រុង​ដូថាន់។
១៤ ដូច្នេះ ទ្រង់​ក៏​ចាត់​ពល​សេះ រទេះ​ចំបាំង និង​ពួក​ទ័ព​សន្ធឹក​ឲ្យ​ចេញ​ទៅ គេ​ក៏​ទៅ​ឡោមព័ទ្ធ​ទី​ក្រុង​នោះ​ទាំង​យប់ ១៥ ឯ​អ្នក​បំរើ​នៃ​អ្នក​សំណប់​របស់​ព្រះ កាល​បាន​ក្រោក​ពី​ព្រលឹម​ចេញ​ទៅ​ក្រៅ នោះ​ឃើញ​មាន​ពលទ័ព​ដែល​មាន​ទាំង​សេះ និង​រទេះ​ចំបាំង នៅ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង រួច​អ្នក​បំរើ​ជំរាប​លោក​ថា វរហើយ ចៅហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច ១៦ លោក​ឆ្លើយ​តប​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត ១៧ នោះ​អេលីសេ​ក៏​អធិស្ឋាន​ថា ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោស​ភ្នែក​អ្នក​បំរើ​នោះ ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលីសេ ១៨ កាល​បាន​ចុះ​មក​ដល់​អេលីសេ​ហើយ នោះ​លោក​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​ថា សូម​ព្រះអង្គ​វាយ​ពួក​ស៊ីរី​នេះ ឲ្យ​ភ្នែក​គេ​ត្រូវ​ថ្ពឹន​ទៅ ដូច្នេះ ទ្រង់​ក៏​ធ្វើ​ឲ្យ​ភ្នែក​គេ ត្រូវ​ថ្ពឹន​តាម​ពាក្យ​អេលីសេ ១៩ ហើយ​អេលីសេ​ប្រាប់​គេ​ថា មិន​មែន​ផ្លូវ​នេះ ហើយ​មិន​មែន​ទី​ក្រុង​នេះ​ដែរ សូម​មក​តាម​ខ្ញុំ​ចុះ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​មនុស្ស ដែល​ត្រូវ​រក​នោះ តែ​លោក​នាំ​គេ​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។
២០ លុះ​គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​សាម៉ារី​ហើយ នោះ​អេលីសេ​អធិស្ឋាន​ថា ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ទាំង​នេះ​បាន​ភ្លឺ​ឡើង ដើម្បី​ឲ្យ​មើល​ឃើញ​វិញ ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោស​ប្រទាន​ឲ្យ​ភ្នែក​គេ​បាន​ភ្លឺ​ឡើង​វិញ ឲ្យ​គេ​បាន​មើល​ឃើញ នោះ​ក៏​ឃើញ​ថា គេ​នៅ​កណ្តាល​ក្រុង​សាម៉ារី​ហើយ ២១ កាល​ស្តេច​អ៊ីស្រាអែល​បាន​ឃើញ​គេ នោះ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​អេលីសេ​ថា លោក​ឪពុក​អើយ តើ​ត្រូវ​ឲ្យ​ប្រហារ​ជីវិត​គេ តើ​ត្រូវ​សំឡាប់​គេ​ឬ​អី ២២ លោក​ទូល​ឆ្លើយ​ថា មិន​ត្រូវ​ប្រហារ​គេ​ទេ តើ​នឹង​វាយ​សំឡាប់​ពួក​ឈ្លើយ ដែល​ចាប់​ក្នុង​ការ​សង្គ្រាម​ឬ​អី សូម​ដាក់​នំបុ័ង និង​ទឹក​មក នៅ​មុខ​គេ​ឲ្យ​បរិភោគ​វិញ រួច​ឲ្យ​ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​គេ​ទៅ ២៣ ដូច្នេះ ស្តេច​ក៏​ចាត់ចែង​ភោជនាហារ​យ៉ាង​ច្រើន​ឲ្យ​គេ កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ទ្រង់​លែង​ឲ្យ​ទៅ​វិញ ហើយ​គេ​វិល​ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​ខ្លួន​ទៅ ឯ​សាសន៍​ស៊ីរី​ក៏​លែង​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​អ៊ីស្រាអែល​ដោយ​ពួកៗ​ទៀត។
ទុរ្ភិក្ស​នៅ​ក្រុង​សាម៉ារី
២៤ ក្រោយ​នោះ​មក បេន-ហាដាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី​ទ្រង់​ក៏​ប្រមូល​កងទ័ព​ទាំង​អស់ លើក​ឡើង​ទៅ​ឡោមព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី ២៥ ដូច្នេះ នៅ​ក្រុង​សាម៉ារី​មាន​អំណត់​អត់​ជា​ខ្លាំង ពួក​ស៊ីរី​ឡោមព័ទ្ធ​ច្បាំង​នឹង​ទី​ក្រុង​នោះ​ទាល់​តែ​ក្បាល​លា​១​លក់​ថ្លៃ​៨០​រៀល ហើយ​អាចម៍​ព្រាប​១​កំប៉ុង​លក់​ថ្លៃ​៥​រៀល ២៦ គ្រា​នោះ កាល​ស្តេច​អ៊ីស្រាអែល​ទ្រង់​កំពុង​តែ​យាង​នៅ​លើ​កំផែង​ក្រុង នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ទូល​ទ្រង់​ថា បពិត្រ​ព្រះករុណា ជា​ព្រះអម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង ២៧ តែ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា បើ​ព្រះយេហូវ៉ា​មិន​ជួយ​អ្នក​ទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ជួយ​បាន តើ​នឹង​ជួយ​ដោយ​ស្រូវ​ពី​ទីលាន ឬ​ដោយ​ស្រា​ទំពាំងបាយជូរ​ពី​ធុង​ឃ្នាប​ឬ​អី ២៨ ស្តេច​ក៏​សួរ​ស្ត្រី​នោះ​ថា តើ​អ្នក​កើត​មាន​អ្វី ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា នាង​នេះ​បាន​និយាយ​មក​ខ្ញុំ​ម្ចាស់​ថា ចូរ​ឲ្យ​កូន​ឯង​មក​ឲ្យ​យើង​បរិភោគ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ឡើង នោះ​យើង​នឹង​បរិភោគ​កូន​អញ​វិញ ២៩ ដូច្នេះ ខ្ញុំ​ម្ចាស់​បាន​ស្ងោរ​កូន​ខ្ញុំ​ម្ចាស់ រួច​យើង​ខ្ញុំ​បាន​បរិភោគ​ទៅ លុះ​ដល់​ថ្ងៃ​ក្រោយ ខ្ញុំ​ម្ចាស់​បាន​និយាយ​ទៅ​នាង​ថា ចូរ​យក​កូន​ឯង​មក​ឲ្យ​យើង​បរិភោគ​ទៀត តែ​គេ​បាន​យក​កូន​ទៅ​លាក់​ទុក​វិញ ៣០ កាល​ស្តេច​បាន​ឮ​ពាក្យ របស់​ស្ត្រី​នោះ​ហើយ នោះ​ទ្រង់​ហែក​ព្រះពស្ត្រ​ទ្រង់ ហើយ​កំពុង​ដែល​ទ្រង់​យាង​នៅ​លើ​កំផែង​ហួស​ទៅ នោះ​ពួក​រាស្ត្រ​គេ​ក្រឡេក​មើល​ទៅ​ឃើញ​ថា ទ្រង់​ស្លៀក​សំពត់​ធ្មៃ​ខាង​ក្នុង​ជាប់​នឹង​អង្គ​ទ្រង់ ៣១ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ស្បថ​ថា បើ​ក្បាល​អេលីសេ កូន​សាផាត នៅ​ជាប់​លើ​ខ្លួន​វា​នៅ​ថ្ងៃ​នេះ នោះ​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រព្រឹត្ត​នឹង​យើង​យ៉ាង​នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង។
៣២ ឯ​អេលីសេ លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ផ្ទះ មាន​ពួក​ចាស់ទុំ​នៅ​ជា​មួយ ហើយ​ស្តេច​ទ្រង់​ចាត់​មនុស្ស​ម្នាក់​ពី​ចំពោះ​ទ្រង់ ឲ្យ​ទៅ​រក​លោក តែ​មុន​ដែល​អ្នក​នោះ​មក​ដល់ នោះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​ចាស់ទុំ​ថា សូម​មើល​បែប​យ៉ាង​ណា ដែល​កូន​របស់​អ្នក​សំឡាប់​គេ​នេះ បាន​ចាត់​មនុស្ស​មក​យក​ក្បាល​ខ្ញុំ​ទៅ សូម​ចាំ​មើល កាល​ណា​អ្នក​នោះ​មក​ដល់ ឲ្យ​បិទ​ទ្វារ​ឲ្យ​ជាប់ កុំ​ឲ្យ​គេ​ចូល​ឡើយ តើ​មិន​ឮ​សូរ​ជើង​របស់​ចៅហ្វាយ​គេ មក​តាម​ក្រោយ​ទេ​ឬ ៣៣ កាល​លោក​កំពុង​មាន​ប្រសាសន៍ នឹង​អ្នក​ទាំង​នោះ​នៅ​ឡើយ អ្នក​នោះ​ក៏​ចុះ​មក​ដល់ និយាយ​ថា មើល សេចក្តី​វេទនា​នេះ មក​ពី​ព្រះយេហូវ៉ា តើ​ត្រូវ​ឲ្យ​យើង​នៅ​ចាំ​ព្រះយេហូវ៉ា​ធ្វើ​អី​ទៀត។