ស្តេច​អ៊ីស្រាអែល​រក​យុត្តិធម៌​ជូន​ស្ត្រី​អ្នក​ភូមិ​ស៊ូណែម
១ នៅ​គ្រា​នោះ អេលីសេ​បាន​មាន​ប្រសាសន៍​ដល់​ស្ត្រី ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​រស់​ឡើង​វិញ​នោះ​ថា ចូរ​អ្នក និង​គ្រួ​របស់​អ្នក​ទាំង​ប៉ុន្មាន រៀបចំ​ឡើង ចេញ​ទៅ​អាស្រ័យ​នៅ​ទី​ណា ដែល​អាច​នឹង​អាស្រ័យ​នៅ​បាន​ចុះ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​បាន​បង្គាប់​ឲ្យ​មាន​គ្រា​អំណត់ អំណត់​នោះ​នឹង​មាន​នៅ​ក្នុង​ស្រុក​គ្រប់​៧​ឆ្នាំ ២ ដូច្នេះ ស្ត្រី​នោះ​ក៏​រៀបចំ​ឡើង ធ្វើ​តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ នាង​នាំ​យក​គ្រួ​របស់​នាង ទៅ​នៅ​ឯ​ស្រុក​ភីលីស្ទីន​អស់​៧​ឆ្នាំ ៣ កាល​គ្រប់​៧​ឆ្នាំ​ហើយ នោះ​នាង​បាន​ត្រឡប់​ពី​ស្រុក​ភីលីស្ទីន​មក​វិញ ក៏​ទៅ​ថ្លែង​ទុក្ខ​ដល់​ស្តេច ដើម្បី​ឲ្យ​បាន​ផ្ទះសំបែង និង​ស្រែ​ចំការ​របស់​នាង​មក​វិញ ៤ រីឯ​នៅ​គ្រា​នោះ ស្តេច​ទ្រង់​កំពុង​តែ​មាន​ព្រះបន្ទូល​នឹង​កេហាស៊ី ជា​អ្នក​បំរើ​នៃ​អ្នក​សំណប់​របស់​ព្រះ​ថា ចូរ​ប្រាប់​យើង​ពី​ការ​យ៉ាង​ធំ​ទាំង​ពួង ដែល​អេលីសេ​បាន​ធ្វើ ៥ កាល​គាត់​កំពុង​តែ​ថ្លែង​ទូល​ស្តេច​ពី​រឿង ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន ដែល​ស្លាប់​បាន​រស់​ឡើង​វិញ នោះ​មើល ស្ត្រី​នោះ​ឯង​ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​នាង​រស់​ឡើង​វិញ ក៏​មក​ថ្លែង​ទុក្ខ​ដល់​ស្តេច ដើម្បី​ឲ្យ​បាន​ផ្ទះសំបែង និង​ស្រែ​ចំការ​របស់​នាង​មក​វិញ កេហាស៊ី​ក៏​ទូល​ថា បពិត្រ​ព្រះករុណា ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ​អើយ គឺ​ស្ត្រី​នេះ​ឯង ហើយ​នេះ​គឺ​កូន​នាង ដែល​អេលីសេ​បាន​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នោះ ៦ កាល​ស្តេច​បាន​សួរ​ដល់​ស្ត្រី​នោះ នាង​ក៏​ទូល​បញ្ជាក់​ដល់​ទ្រង់ ដូច្នេះ ស្តេច​ទ្រង់​តម្រូវ​ពួក​រាជការ​ម្នាក់​សំរាប់​ជួយ​នាង ដោយ​បង្គាប់​ថា ចូរ​ប្រគល់​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​នាង​ទៅ​នាង​វិញ ព្រម​ទាំង​ផល​ដែល​កើត​ពី​ស្រែ​ចំការ​របស់​នាង ចាប់​តាំង​ពី​ថ្ងៃ​ដែល​នាង​ចេញ​ពី​ស្រុក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ផង។
ហោរា​អេលីសេ និង​ហាសែល
៧ ឯ​អេលីសេ លោក​បាន​ទៅ​ឯ​ក្រុង​ដាម៉ាស នៅ​គ្រា​នោះ​បេន-ហាដាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ប្រឈួន មាន​គេ​ទូល​ទ្រង់​ថា មើល អ្នក​សំណប់​របស់​ព្រះ​បាន​មក​ទី​នេះ​ហើយ ៨ ដូច្នេះ ស្តេច​ទ្រង់​បង្គាប់​ដល់​ហាសែលថា សូម​នាំ​យក​ជំនូន​នៅ​ដៃ ចេញ​ទៅ​ជួប​នឹង​អ្នក​សំណប់​របស់​ព្រះ ហើយ​សួរ​ដល់​ព្រះយេហូវ៉ា ដោយសារ​លោក​ថា តើ​យើង​នឹង​បាន​ជា​ពី​ជំងឺ​នេះ​ឬ​ទេ ៩ ដូច្នេះ ហាសែល​ក៏​យក​ជំនូន​ជា​របស់​ប្រសើរ​នៅ​ក្រុង​ដាម៉ាស​គ្រប់​មុខ ល្មម​ផ្ទុក​លើ​សត្វ​អូដ្ឋ​៤០​ចេញ​ទៅ ដើម្បី​ជួប​នឹង​លោក ក៏​ទៅ​ឈរ​នៅ​មុខ​លោក​ជំរាប​ថា បេន-ហាដាឌ់ ជា​កូន​លោក ដែល​ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​សួរ​លោក​ថា តើ​ទ្រង់​នឹង​បាន​ជា​ពី​ជំងឺ​នោះ​ឬ​ទេ ១០ អេលីសេ​ក៏​តប​ថា ចូរ​ទៅ​ទូល​ទ្រង់​វិញ​ថា នឹង​បាន​ជាៗ​ពិត ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ជាក់​ថា ទ្រង់​ត្រូវ​ស្លាប់​ជា​ប្រាកដ​វិញ ១១ នោះ​អ្នក​សំណប់​របស់​ព្រះ​ក៏​ផ្តោត​ភ្នែក សំឡឹង​មើល​មុខ ហាសែល ទាល់​តែ​ខ្មាស រួច​លោក​ក៏​យំ ១២ នោះ​ហាសែល​សួរ​លោក​ថា ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ​ដូច្នេះ លោក​ឆ្លើយ​ថា ពី​ព្រោះ​ខ្ញុំ​ដឹង​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នឹង​ធ្វើ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល គឺ​ទី​មាំមួន​របស់​គេ នោះ​អ្នក​នឹង​ដុត​ចោល ពួក​កំឡោះៗ​របស់​គេ អ្នក​នឹង​សំឡាប់​ដោយ​ដាវ អស់​ទាំង​កូន​តូចៗ​របស់​គេ អ្នក​នឹង​បោក​សំឡាប់​ចោល ហើយ​ពួក​ស្រីៗ​មាន​ទំងន់ នោះ​អ្នក​នឹង​វះ​ពោះ​គេ ១៣ នោះ​ហាសែល​ឆ្លើយ​តប​ថា ខ្ញុំ​ប្របាទ ដែល​ទុក​ដូច​ជា​ឆ្កែ តើ​ជា​អ្វី​ដែល​នឹង​ធ្វើ​ការ​យ៉ាង​ធំ​នេះ​បាន តែ​អេលីសេ​ឆ្លើយ​ថា ព្រះយេហូវ៉ា​ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ស៊ីរី ១៤ លោក​ក៏​ចេញ​ពី​អេលីសេ ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​វិញ ដល់​ហើយ​ទ្រង់​សួរ​ថា តើ​អេលីសេ​បាន​ប្រាប់​អ្នក​យ៉ាង​ដូច​ម្តេច រួច​លោក​ទូល​ទ្រង់​ថា លោក​បាន​ប្រាប់​ទូលបង្គំ​ថា ទ្រង់​នឹង​បាន​ជាៗ​ពិត ១៥ ដល់​ថ្ងៃ​ស្អែក​ឡើង ហាសែល​បាន​យក​ផួយ​មួយ​ជ្រលក់​ទឹក ទៅ​ខ្ទប់​ព្រះភក្ត្រ​នៃ​ស្តេច ឲ្យ​ទ្រង់​សុគត​ទៅ រួច​ហាសែល​បាន​សោយរាជ្យ​ឡើង​ជំនួស​ទ្រង់។
ស្តេច​យ៉ូរ៉ាម​សោយរាជ្យ​នៅ​ស្រុក​យូដា
១៦ នៅ​ឆ្នាំ​ទី​៥ ក្នុង​រាជ្យ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ស្តេច​ស្រុក​អ៊ីស្រាអែល កំពុង​ដែល​យ៉ូសាផាត​សោយរាជ្យ​លើ​ស្រុក​យូដា នោះ​យ៉ូរ៉ាម ជា​បុត្រ​យ៉ូសាផាត ក៏​ចាប់​តាំង​សោយរាជ្យ​ឡើង ១៧ កាល​ទ្រង់​ចាប់​តាំង​សោយរាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះជន្ម​៣២​ឆ្នាំ​ហើយ ក៏​សោយរាជ្យ​នៅ​ក្រុង​យេរូសាឡិម​បាន​៨​ឆ្នាំ ១៨ ទ្រង់​បាន​ដើរ​តាម​ផ្លូវ​នៃ​ពួក​ស្តេច​អ៊ីស្រាអែល ដូច​ជា​ជំនួរ​វង្ស​អ័ហាប់ដែរ ពី​ព្រោះ​ទ្រង់​បាន​យក​បុត្រី​របស់​អ័ហាប់ ធ្វើ​ជា​ភរិយា ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា ១៩ ប៉ុន្តែ​ព្រះយេហូវ៉ា ទ្រង់​មិន​សព្វ​ព្រះហឫទ័យ នឹង​បំផ្លាញ​ពួក​យូដា​ទេ ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ ដូច​ជា​បាន​សន្យា​ដល់​ទ្រង់​ថា នឹង​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​ចង្កៀង​១​ភ្លឺ សំរាប់​ពួក​ជំនួរ​វង្ស​របស់​ទ្រង់​ត​ទៅ។
២០ នៅ​ក្នុង​រាជ្យ​យ៉ូរ៉ាម នោះ​សាសន៍​អេដំម​បាន​បះបោរ​ដោះ​ខ្លួន ពី​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​យូដា ហើយ​ក៏​តាំង​ស្តេច​១​អង្គ ឲ្យ​សោយរាជ្យ​លើ​ខ្លួន​គេ ២១ គ្រា​នោះ យ៉ូរ៉ាម​ទ្រង់​យាង​ទៅ​ឯ​ក្រុង​សាអ៊ារ នាំ​ទាំង​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង ក៏​លើក​គ្នា​ទាំង​យប់​ទៅ​វាយ​ពួក​អេដំម ដែល​ឡោមព័ទ្ធ​ទ្រង់ ព្រម​ទាំង​ពួក​មេទ័ព​របស់​រទេះ​ចំបាំង​ផង ហើយ​បណ្តា​ទ័ព​ទាំងឡាយ ក៏​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ ២២ ប៉ុន្តែ សាសន៍​អេដំម​គេ​បះបោរ ដោះ​ខ្លួន​ពី​អំណាច​នៃ​ពួក​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នៅ​គ្រា​នោះ​ឯង ក្រុង​លិបណា​ក៏​បះបោរ​ដែរ ២៣ រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូរ៉ាម និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ ២៤ យ៉ូរ៉ាម​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​ទ្រង់ នៅ​ក្នុង​ក្រុង​ដាវីឌ ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ រួច​អ័ហាស៊ីយ៉ា ជា​ព្រះរាជបុត្រា ក៏​ឡើង​សោយរាជ្យ​ជំនួស​បិតា។
ស្តេច​អ័ហាស៊ីយ៉ា​សោយរាជ្យ​នៅ​ស្រុក​យូដា
២៥ នៅ​ឆ្នាំ​ទី​១២​ក្នុង​រាជ្យ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់​ស្តេច​អ៊ីស្រាអែល នោះ​អ័ហាស៊ីយ៉ា ជា​បុត្រ​យ៉ូរ៉ាម​ស្តេច​យូដា ក៏​ចាប់​តាំង​សោយរាជ្យ​ឡើង ២៦ កាល​អ័ហាស៊ីយ៉ា​ចាប់​តាំង​សោយរាជ្យ នោះ​មាន​ព្រះជន្ម​២២​ឆ្នាំ​ហើយ ក៏​សោយរាជ្យ​នៅ​ក្រុង​យេរូសាឡិម​បាន​១​ឆ្នាំ មាតា​ទ្រង់​ព្រះនាម​ជា អ័ថាលា ជា​បុត្រី​អំរី ដែល​បាន​ធ្វើ​ជា​ស្តេច​អ៊ីស្រាអែល ២៧ ទ្រង់​បាន​ដើរ​តាម​ផ្លូវ​នៃ​ជំនួរ​វង្ស​របស់​អ័ហាប់ ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា ដូច​ជា​ជំនួរ​វង្ស​អ័ហាប់​ដែរ ដ្បិត​ទ្រង់​បាន​ចង​ព័ន្ធ​នឹង​ជំនួរ​វង្ស​អ័ហាប់ ២៨ ទ្រង់​ក៏​បាន​យាង​ទៅ​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត-កាឡាត ជា​មួយ​នឹង​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ហើយ​ពួក​ស៊ីរី​បាន​ធ្វើ​ឲ្យ​យ៉ូរ៉ាម​មាន​របួស ២៩ រួច​ស្តេច​យ៉ូរ៉ាម​ទ្រង់​ត្រឡប់​ទៅ​ឯ​ក្រុង​យេសរាល ដើម្បី​នឹង​រក្សា​របួស ដែល​ពួក​ស៊ីរី​បាន​ធ្វើ​ដល់​ទ្រង់ នៅ​ត្រង់​រ៉ាម៉ា​ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី ឯ​អ័ហាស៊ីយ៉ា ជា​បុត្រ​យ៉ូរ៉ាម ស្តេច​ស្រុក​យូដា ទ្រង់​ក៏​យាង​ចុះ​ទៅ​ឯ​ក្រុង​យេសរាល ដើម្បី​នឹង​សួរ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ពី​ព្រោះ​ទ្រង់​ប្រឈួន។