២៣
ការកែទំរង់នៅរជ្ជកាលស្តេចយ៉ូសៀស
១ ស្តេចទ្រង់ក៏ចាត់គេ ឲ្យទៅប្រមូលពួកចាស់ទុំទាំងប៉ុន្មាននៃស្រុកយូដា និងក្រុងយេរូសាឡិមមកប្រជុំគ្នា ២ រួចស្តេចទ្រង់យាងឡើង ទៅឯព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងពួកស្រុកយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មាន និងពួកសង្ឃ ពួកហោរា ហើយនឹងអស់ទាំងបណ្តាជន ទាំងតូចទាំងធំផង នោះទ្រង់ក៏អានមើលអស់ទាំងព្រះបន្ទូល នៅក្នុងគម្ពីរជាសេចក្តីសញ្ញាដែលបានប្រទះឃើញ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ឲ្យគេស្តាប់ ៣ ស្តេចទ្រង់ឈរនៅលើទីថ្កល់ ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ហើយកាន់តាមក្រឹត្យក្រម និងសេចក្តីបន្ទាល់ ហើយនឹងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន អស់អំពីចិត្ត ហើយអស់អំពីព្រលឹងទ្រង់ ដើម្បីនឹងសំរេចតាមអស់ទាំងពាក្យនៃសញ្ញា ដែលកត់ទុកនៅក្នុងគម្ពីរនេះ ហើយបណ្តាជនទាំងឡាយ គេក៏យល់ព្រមតាមដែរ។
៤ ស្តេចទ្រង់បង្គាប់ដល់ហ៊ីលគីយ៉ា ជាសំដេចសង្ឃ និងពួកសង្ឃជាបន្ទាប់ ព្រមទាំងពួកអ្នកឆ្មាំទ្វារ ឲ្យយកអស់ទាំងប្រដាប់ប្រដា ដែលបានធ្វើសំរាប់ព្រះបាល និងសំរាប់រូបព្រះ ហើយសំរាប់ពួកពលនៅលើមេឃ ចេញពីព្រះវិហារនៃព្រះយេហូវ៉ាទៅ រួចទ្រង់ដុតចោលទាំងអស់ នៅខាងក្រៅក្រុងយេរូសាឡិម ត្រង់វាលក្បែរជ្រោះកេដ្រុន ហើយក៏យកផែះទៅឯក្រុងបេត-អែល ៥ ទ្រង់បំបាត់ពួកសង្ឃនៃរូបព្រះ ដែលពួកស្តេចយូដាបានតាំង ឲ្យដុតកំញាននៅលើទីខ្ពស់ទាំងប៉ុន្មាន នៅទីក្រុងនៃស្រុកយូដា ហើយនៅទីជុំវិញក្រុងយេរូសាឡិមទាំងអស់ ព្រមទាំងពួកសង្ឃដែលដុតកំញានថ្វាយដល់ព្រះបាល ព្រះអាទិត្យ ព្រះចន្ទ ចក្ររាសី និងពួកពលបរិវារនៅលើមេឃទាំងប៉ុន្មានផង ៦ ទ្រង់ក៏យករូបព្រះចេញពីព្រះវិហារនៃព្រះយេហូវ៉ាទៅដល់ជ្រោះកេដ្រុន ខាងក្រៅក្រុងយេរូសាឡិម ដុតនៅទីនោះ រួចវាយកំទេចជាផង់ធូលី ហើយបាចទៅលើផ្នូររបស់ពួកអ្នកស្រុក ៧ ទ្រង់បានបំផ្លាញអស់ទាំងផ្ទះរបស់ពួកកូនជឹង ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាជាកន្លែងដែលពួកស្រីៗត្បាញពិតាន សំរាប់រូបព្រះទាំងប៉ុន្មានចេញ ៨ រួចទ្រង់នាំពួកសង្ឃចេញ ពីទីក្រុងស្រុកយូដាទាំងអស់ ទៅធ្វើបង្អាប់ដល់អស់ទាំងទីខ្ពស់ ដែលពួកសង្ឃបានដុតកំញាន ចាប់តាំងពីក្រុងកេបា រហូតដល់បៀរ-សេបា ទ្រង់ក៏បំផ្លាញទីខ្ពស់នៃទ្វារក្រុង ដែលនៅខាងឆ្វេងដៃនៃខ្លោងទ្វាររបស់យ៉ូស្វេ ជាចៅហ្វាយក្រុង ៩ ឯអស់ទាំងសង្ឃនៃទីខ្ពស់ទាំងនោះ គេមិនបានឡើងទៅឯអាសនាព្រះយេហូវ៉ានៅក្រុងយេរូសាឡិមទេ តែគេបរិភោគនំបុ័ងឥតដំបែ នៅជាមួយនឹងពួកបងប្អូនគេដែរ ១០ ទ្រង់ក៏ធ្វើបង្អាប់ដល់ដំបន់តូផែត ដែលនៅក្នុងច្រកភ្នំ របស់ពួកកូនចៅហ៊ីនណំម ដើម្បីមិនឲ្យមានអ្នកណាធ្វើឲ្យកូនប្រុស ឬកូនស្រី ឆ្លងកាត់ភ្លើងថ្វាយព្រះម៉ូឡុកទៀតឡើយ ១១ ទ្រង់បំបាត់សេះទាំងប៉ុន្មាន ដែលពួកស្តេចយូដា បានថ្វាយដល់ព្រះអាទិត្យដែលនៅមាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា ក្បែរបន្ទប់របស់នេថាន-មេលេក ជាមេដែលនៅដំបន់ក្រៅ ហើយក៏ដុតរថនៃព្រះអាទិត្យចោល ១២ ឯអាសនាដែលពួកស្តេចយូដាបានធ្វើ នៅលើដំបូលបន្ទប់ខាងលើរបស់អ័ហាស និងអាសនាដែលម៉ាន៉ាសេ បានធ្វើនៅក្នុងទីលានទាំង២របស់ព្រះវិហារនៃព្រះយេហូវ៉ា នោះស្តេចក៏បំបែកបំបាក់យកចេញពីនោះ បោះចោលផង់កំទេចទៅក្នុងជ្រោះកេដ្រុនទៅ ១៣ ហើយទីខ្ពស់ទាំងប៉ុន្មាន នៅមុខក្រុងយេរូសាឡិម គឺនៅខាងស្តាំភ្នំអសោច ដែលសាឡូម៉ូន ជាស្តេចសាសន៍អ៊ីស្រាអែល បានធ្វើថ្វាយដល់ព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ស៊ីដូន និងថ្វាយដល់ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ម៉ូអាប់ ហើយថ្វាយដង្វាយដល់ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍អាំម៉ូន នោះស្តេចទ្រង់ក៏ធ្វើបង្អាប់ទាំងអស់ដែរ ១៤ ក៏បំបាក់បំបែកអស់ទាំងបង្គោល ដែលសំរាប់គោរព ហើយរំលំរូបព្រះ រួចយកឆ្អឹងមនុស្សមករាយពេញកន្លែងនោះ។
១៥ ឯអាសនាដែលនៅត្រង់ក្រុងបេត-អែល និងទីខ្ពស់ ដែលយេរ៉ូបោម កូននេបាត ជាអ្នកដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាប បានធ្វើ ទ្រង់ក៏បំបែកបំបាក់អាសនា និងទីខ្ពស់ ព្រមទាំងដុតទីខ្ពស់នោះ វាយកំទេចជាផង់ធូលី ហើយដុតរូបព្រះផង ១៦ កាលយ៉ូសៀសបែរទតទៅ នោះក៏ឃើញផ្នូរខ្មោចនៅភ្នំ រួចទ្រង់ចាត់គេឲ្យទៅយកឆ្អឹងពីផ្នូរទាំងនោះ មកដុតលើអាសនា ធ្វើបង្អាប់ដល់អាសនានោះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលអ្នកសំណប់របស់ព្រះបានប្រកាសទុក គឺជាអ្នកដែលបានទាយប្រាប់ពីការទាំងនោះ ១៧ រួចទ្រង់មានព្រះបន្ទូលសួរថា តើម៉ុងអី ដែលអញឃើញឯណោះ ពួកអ្នកក្រុងនោះគេទូលឆ្លើយថា នោះគឺជាម៉ុងនៃអ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដា ហើយបានទាយពីការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើសំរេចដល់អាសនាបេត-អែលនេះ ១៨ ទ្រង់មានព្រះបន្ទូលថា ទុកចុះ កុំឲ្យអ្នកណាទៅរើឆ្អឹងគាត់ឡើយ ដូច្នេះ គេក៏ទុកឆ្អឹងគាត់នៅ ព្រមទាំងឆ្អឹងនៃហោរា ដែលមកពីសាម៉ារីនោះដែរ ១៩ ហើយអស់ទាំងវិហារនៃទីខ្ពស់ ក្នុងទីក្រុងនៃស្រុកសាម៉ារីទាំងប៉ុន្មាន ដែលពួកស្តេចអ៊ីស្រាអែលបានធ្វើ ជាការដែលនាំឲ្យព្រះយេហូវ៉ាមានសេចក្តីក្រោធ នោះស្តេចយ៉ូសៀស ក៏បំបាត់ចេញ ព្រមទាំងធ្វើដល់ទីទាំងនោះតាមគ្រប់ទាំងសេចក្តី ដែលទ្រង់បានធ្វើនៅត្រង់បេត-អែលដែរ ២០ ទ្រង់សំឡាប់ពួកសង្ឃទាំងអស់នៃទីខ្ពស់ ដែលនៅក្នុងស្រុកនោះនៅលើអាសនា ព្រមទាំងដុតឆ្អឹងខ្មោច នៅលើអាសនានោះផង រួចទ្រង់វិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
សាសន៍យូដាប្រារព្ធពិធីបុណ្យរំលង*
២១ ស្តេចទ្រង់បង្គាប់ដល់បណ្តាជនទាំងឡាយថា ចូរធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដូចជាបានចែងទុកមកក្នុងគម្ពីរសញ្ញានេះចុះ ២២ ពិតប្រាកដជាមិនដែលមានបុណ្យរំលងយ៉ាងនោះឡើយ ចាប់តាំងពីគ្រាពួកចៅហ្វាយ ជាអ្នកដែលគ្រប់គ្រងលើពួកអ៊ីស្រាអែលរហូតមកដល់គ្រាពួកស្តេចអ៊ីស្រាអែល និងពួកស្តេចយូដាទាំងប៉ុន្មានផង ២៣ គឺនៅឆ្នាំទី១៨ នៃរាជ្យស្តេចយ៉ូសៀសដែលគេធ្វើបុណ្យរំលងនោះ ថ្វាយព្រះយេហូវ៉ានៅត្រង់ក្រុងយេរូសាឡិម។
តំណាក់ចុងក្រោយនៃរាជ្យស្តេចយ៉ូសៀស
២៤ មួយទៀត យ៉ូសៀសក៏បំបាត់ពួកគ្រូខាប គ្រូគាថា ព្រមទាំងរូបឆ្លាក់ និងព្រះទាំងប៉ុន្មាន ហើយគ្រប់ទាំងសេចក្តីគួរស្អប់ខ្ពើម ដែលឃើញមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមទាំងអស់ចេញ ដើម្បីឲ្យបានសំរេចតាមពាក្យនៃក្រឹត្យវិន័យកត់ទុកក្នុងគម្ពីរ ដែលហ៊ីលគីយ៉ាជាសំដេចសង្ឃ បានប្រទះឃើញក្នុងព្រះវិហារនៃព្រះយេហូវ៉ា ២៥ នៅមុនទ្រង់នោះគ្មានស្តេចណាឲ្យដូចទ្រង់ ដែលបានត្រឡប់មកឯព្រះយេហូវ៉ា ឲ្យអស់ពីចិត្ត អស់ពីព្រលឹម ហើយអស់ពីកំឡាំង តាមគ្រប់ទាំងក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ ហើយកាលក្រោយទ្រង់មក ក៏មិនដែលកើតមានដែរ។
២៦ ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មិនបានអន់ថយ ពីសេចក្តីក្រោធដ៏ជាខ្លាំង ដែលទ្រង់កើតមានដល់ពួកយូដា ដោយព្រោះអស់ទាំងសេចក្តីចាក់រុក ដែលម៉ាន៉ាសេបានប្រព្រឹត្តនឹងទ្រង់នោះឡើយ ២៧ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងដកពួកយូដាពីមុខអញចេញ ដូចជាអញបានដកពួកអ៊ីស្រាអែលចេញដែរ ហើយអញនឹងបោះបង់ចោលក្រុងយេរូសាឡិមនេះ ដែលអញបានរើស និងព្រះវិហារដែលអញបានថា ឈ្មោះអញនឹងនៅទីនេះនោះផង។
២៨ រីឯដំណើរឯទៀតពីយ៉ូសៀស និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ ២៩ នៅក្នុងរាជ្យទ្រង់ នោះផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ ក៏ឡើងទៅច្បាំងនឹងស្តេចស្រុកអាសស៊ើរ ត្រង់ទន្លេអ៊ើប្រាត ឯស្តេចយ៉ូសៀសទ្រង់ក៏ចេញទៅស្ទាក់ផ្លូវ តែកាលផារ៉ោន-នេកោបានឃើញ នោះក៏សំឡាប់ទ្រង់នៅត្រង់មេគីដោទៅ
៣០ ពួកអ្នកបំរើទ្រង់ ក៏ដឹកសពទ្រង់ក្នុងរទេះពីមេគីដោ ទៅដល់ក្រុងយេរូសាឡិមវិញ បញ្ចុះនៅក្នុងផ្នូររបស់ទ្រង់ រួចពួកអ្នកស្រុក គេលើកយ៉ូអាហាស ជាព្រះរាជបុត្រារបស់យ៉ូសៀស ចាក់ប្រេងតាំងឡើង ជាស្តេចជំនួសបិតា។
ស្តេចយ៉ូអាហាសសោយរាជ្យនៅស្រុកយូដា
៣១ លុះកាលយ៉ូអាហាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៣ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ ព្រះមាតាព្រះនាមជា ហាមូថាលបុត្រីយេរេមី ជាអ្នកស្រុកលិបណា ៣២ ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើ ដែលពួកឰយុកោទ្រង់បានប្រព្រឹត្តដែរ ៣៣ ឯផារ៉ោន-នេកោក៏ចាប់ចងទ្រង់ នៅត្រង់ក្រុងរីបឡា ក្នុងស្រុកហាម៉ាត ដើម្បីមិនឲ្យទ្រង់សោយរាជ្យ នៅក្រុងយេរូសាឡិមទៀត ក៏តម្រូវឲ្យស្រុកនោះត្រូវបង់សួយជាប្រាក់១០០ហាប និងមាស១ហាប ៣៤ រួចផារ៉ោន-នេកោ ទ្រង់លើកអេលាគីម ជាបុត្រយ៉ូសៀស តាំងឡើងជាស្តេចជំនួសយ៉ូសៀស ជាព្រះបិតា ហើយផ្លាស់ព្រះនាមទ្រង់ទៅជា យេហូយ៉ាគីម វិញ ទ្រង់ក៏នាំយកយ៉ូអាហាស ទៅនៅស្រុកអេស៊ីព្ទ ហើយយ៉ូអាហាសសុគតនៅស្រុកនោះ ៣៥ ឯយេហូយ៉ាគីម ទ្រង់ថ្វាយប្រាក់ និងមាសនោះ ដល់ផារ៉ោន តែទ្រង់ទារពន្ធអាករពីពួកអ្នកស្រុក ដើម្បីឲ្យបានប្រាក់នោះថ្វាយ តាមបង្គាប់ផារ៉ោន ទ្រង់បានទារមាសប្រាក់នោះ ពីពួកអ្នកស្រុកគ្រប់គ្នាតាមពន្ធរៀងខ្លួន ដើម្បីនឹងថ្វាយដល់ផារ៉ោន-នេកោ។
ស្តេចយេហូយ៉ាគីមសោយរាជ្យនៅស្រុកយូដា
៣៦ លុះកាលយេហូយ៉ាគីមចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១១ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាសេប៊ូដា បុត្រីពេដាយ៉ា ជាអ្នកស្រុករូម៉ា ៣៧ ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើ ដែលពួកឰយុកោទ្រង់បានប្រព្រឹត្តដែរ។