បណ្តាជន​ស្រុក​យូដា​អភិសេក​ដាវីឌ​ជា​ស្តេច​នៅ​ក្រុង​ហេប្រុន
១ ក្រោយ​នោះ​មក ដាវីឌ​ក៏​ទូល​សួរ​ដល់​ព្រះយេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ឡើង​ទៅ​ក្នុង​ទី​ក្រុង របស់​ស្រុក​យូដា​ណា​មួយ​ឬ​អី ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ចុះ រួច​ដាវីឌ​ទូល​សួរ​ថា តើ​ឲ្យ​ទូលបង្គំ​ឡើង​ទៅ​ឯ​ណា ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ទៅ​ឯ​ហេប្រុន​ចុះ ២ ដូច្នេះ​ដាវីឌ​ក៏​ឡើង​ទៅ​ដល់​ទី​នោះ នាំ​ប្រពន្ធ​ខ្លួន​ទាំង​២ ទៅ​ជា​មួយ​ផង​គឺ​អ័ហ៊ីណោម ជា​អ្នក​ស្រុក​យេសរាល និង​អ័ប៊ីកែល ជា​អ្នក​ស្រុក​កើមែល ដែល​ជា​ប្រពន្ធ​របស់​ខ្មោច​ណាបាល។ ៣ ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ នោះ​លោក​ក៏​នាំ​គេ ព្រម​ទាំង​ពួក​គ្រួ​គេ​រៀង​ខ្លួន​ឡើង​ទៅ​ដែរ គេ​ក៏​តាំង​ទី​លំនៅៗ​ក្នុង​អស់​ទាំង​ដំបន់​នៃ​ក្រុង​ហេប្រុន រួច​ពួក​យូដា គេ​មក​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ធ្វើ​ជា​ស្តេច លើ​ជនជាតិ​របស់​ខ្លួន​នៅ​ទី​នោះ។
៤ មាន​គេ​ទូល​ដល់​ដាវីឌ​ថា ពួក​ដែល​បញ្ចុះ​អដ្ឋិ​របស់​សូល នោះ​គឺ​ជា​ពួក​អ្នក​នៅ​ក្រុង​យ៉ាបេស-កាឡាត។ ៥ នោះ​ដាវីឌ​ទ្រង់​ចាត់​សារ ឲ្យ​ទៅ​ឯ​ពួក​ក្រុង​យ៉ាបេស-កាឡាត ប្រាប់​ថា សូម​ឲ្យ​ព្រះយេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​ចុះ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​សូល ជា​ចៅហ្វាយ​នៃ​អ្នក ដោយ​បញ្ចុះ​អដ្ឋិ​ទ្រង់ ៦ ឥឡូវ​នេះ សូម​ឲ្យ​ព្រះយេហូវ៉ា​ទ្រង់​សំដែង​សេចក្តី​សប្បុរស ហើយ​នឹង​សេចក្តី​ទៀង​ត្រង់​ដល់​អ្នក​រាល់​គ្នា​ចុះ ឯង​ខ្ញុំ​ក៏​នឹង​សង​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ការ​សប្បុរស​នោះ​ដែរ ៧ ដូច្នេះ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំឡាំង​ដៃ​ឡើង ហើយ​មាន​ចិត្ត​ក្លាហាន​ចុះ ដ្បិត​សូល ជា​ចៅហ្វាយ​នៃ​អ្នក​រាល់​គ្នា ទ្រង់​អស់​ព្រះជន្ម​ហើយ មួយ​ទៀត ពួក​ជនជាតិ​យូដា បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ​វិញ។
អ័ប៊ីនើរ​តែងតាំង​អ៊ីស-បូសែត​ជា​ស្តេច​ស្រុក​អ៊ីស្រាអែល
៨ រីឯ​អ័ប៊ីនើរ កូន​នើរ ជា​មេទ័ព​របស់​សូល លោក​បាន​នាំ​យក​អ៊ីស-បូសែត​ជា​បុត្រា​សូល ទៅ​ឯ​ក្រុង​ម៉ាហាណែម ៩ ហើយ​បាន​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​កាឡាត ពួក​អេស៊ើរ ពួក​យេសរាល ពួក​អេប្រាអិម និង​ពួក​បេនយ៉ាមីន ហើយ​និង​លើ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ១០ ឯ​អ៊ីស-បូសែត ជា​បុត្រា​សូល​នេះ ទ្រង់​មាន​ព្រះជន្ម​៤០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​ចាប់​សោយរាជ្យ​លើ​ពួក​អ៊ីស្រាអែល​ទ្រង់​ក៏​សោយរាជ្យ​បាន​២​ឆ្នាំ​តែ​ពួក​ជនជាតិ​យូដា គេ​ប្រតិបត្តិ​តាម​ដាវីឌ​វិញ ១១ ហើយ​គ្រា​ដែល​ដាវីឌ​សោយរាជ្យ​លើ​ជនជាតិ​យូដា នៅ​ក្រុង​ហេប្រុន នោះ​ទាំង​អស់​បាន​៧​ឆ្នាំ​៦​ខែ។
សង្គ្រាម​រវាង​យូដា និង​អ៊ីស្រាអែល នៅ​គីបៀន
១២ ឯ​អ័ប៊ីនើរ ជា​កូន​នើរ និង​ពួក​ខាង​អ៊ីស-បូសែត​ជា​បុត្រា​សូល គេ​ក៏​ចេញ​ពី​ម៉ាហាណែម ទៅ​ឯ​គីបៀន ១៣ ហើយ​យ៉ូអាប់ ជា​កូន​សេរូយ៉ា និង​ពួក​ខាង​ដាវីឌ​ក៏​ចេញ​ទៅ​ប្រទះ​គ្នា នៅ​ត្រង់​ស្រះ​គីបៀន គេ​អង្គុយ​នៅ​ទាំង​សង​ខាង​ស្រះ គឺ​ម្ខាង​ពួក​១ ម្ខាង​ពួក​១ ១៤ នោះ​អ័ប៊ីនើរ​និយាយ​ទៅ​យ៉ូអាប់​ថា ចូរ​ឲ្យ​ពួក​កំឡោះៗ​ក្រោក​ឡើង​លេង​គ្នា​នៅ​មុខ​យើង​ទៅ យ៉ូអាប់​ក៏​ឆ្លើយ​ថា ចូរ​ឲ្យ​គេ​ក្រោក​ឡើង​ចុះ ១៥ នោះ​គេ​ក៏​ក្រោក​ឡើង​ទៅ​តាម​ចំនួន​ដែល​បាន​កំណត់ គឺ​មាន​១២​នាក់​ដំណាង​ខាង​ពួក​បេនយ៉ាមីន និង​អ៊ីស-បូសែត​ជា​បុត្រា​សូល ហើយ​១២​នាក់​ដំណាង​ខាង​ពួក​ដាវីឌ ១៦ គ្រប់​គ្នា​ក៏​ចាប់​ក្បាល​គូ​គេ​រៀង​ខ្លួន ហើយ​ចាក់​គ្នា​ត្រង់​ចំហៀង​ដោយ​ដាវ ដួល​ស្លាប់​ទាំង​អស់​គ្នា​ទៅ ដូច្នេះ គេ​ហៅ​ទី​នោះ​ថា ហេលកាត-ហាស៊ូរីម ទី​នោះ​នៅ​ត្រង់​គីបៀន ១៧ រួច​នៅ​ថ្ងៃ​នោះ ចំបាំង​ក៏​សាហាវ​ណាស់ ហើយ​អ័ប៊ីនើរ និង​ពួក​ខាង​អ៊ីស្រាអែល ត្រូវ​ចាញ់​ដៃ​នៃ​ពួក​ខាង​ដាវីឌ។
១៨ រីឯ​យ៉ូអាប់ អ័ប៊ីសាយ និង​អេសាអែល ទាំង​៣​នាក់​ដែល​ជា​កូន​សេរូយ៉ា ក៏​នៅ​ទី​នោះ ឯ​អេសាអែល​មាន​ជើង​លឿន​ណាស់ ដូច​ជា​ប្រើស​ព្រៃ ១៩ គាត់​ក៏​ដេញ​តាម​អ័ប៊ីនើរ​ទៅ ឥត​បង្អង់​ដោយ​ងាក​បែរ​ទៅ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ឡើយ ២០ នោះ​អ័ប៊ីនើរ​ក៏​ក្រឡេក​មើល​មក​ក្រោយ សួរ​ថា តើ​ឯង​ឬ​អី​អេសាអែល​អើយ គាត់​ឆ្លើយ​ថា គឺ​អញ​នេះ​ហើយ ២១ ដូច្នេះ អ័ប៊ីនើរ​ប្រាប់​គាត់​ថា ចូរ​ឯង​បែរ​ទៅ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង ដើម្បី​នឹង​ចាប់​កំឡោះ​ណា​ម្នាក់ ហើយ​យក​គ្រឿង​សស្ត្រាវុធ​របស់​គេ​វិញ តែ​អេសាអែល​ចេះ​តែ​ដេញ​តាម​លោក​ទៅ មិន​ព្រម​បែរ​ចេញ​ឡើយ ២២ អ័ប៊ីនើរ​ក៏​ប្រាប់​ទៅ​អេសាអែល​ម្តង​ទៀត​ថា ចូរ​ឯង​បែរ​ចេញ​លែង​តាម​អញ​ទៅ ត្រូវ​ឲ្យ​អញ​វាយ​ឯង​ឲ្យ​ដួល​ដល់​ដី​ធ្វើ​អី បើ​ដូច្នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​បាន​ងើប​មុខ​នៅ​ចំពោះ​យ៉ូអាប់ ជា​បង​ឯង​បាន ២៣ ប៉ុន្តែ គាត់​មិន​ព្រម​បែរ​ចេញ​សោះ​ឡើយ បាន​ជា​អ័ប៊ីនើរ​កាន់​លំពែង​បុះ​ទៅ​ក្រោយ ត្រូវ​ត្រង់​ពោះ​គាត់ ដោយ​ចុង​ដង​លំពែង ធ្លុះ​ចេញ​មក​ក្រោយ ហើយ​គាត់​ដួល​ស្លាប់​នៅ​ទី​នោះ​ឯង ឯ​អស់​អ្នក​ដែល​មក​តាម​ក្រោយ ដល់​កន្លែង​អេសាអែល​ដួល​ស្លាប់​នោះ គេ​ក៏​ឈប់​នៅ។
២៤ យ៉ូអាប់ និង​អ័ប៊ីសាយ គេ​ចេះ​តែ​ដេញ​តាម​អ័ប៊ីនើរ​ទៅ កាល​គេ​មក​ដល់​ភ្នំ​អាំម៉ា ដែល​នៅ​ប្រទល់​មុខ និង​គីយ៉ា តាម​ផ្លូវ​កាត់​ទី​រហោស្ថាន​គីបៀន នោះ​ថ្ងៃ​ក៏​លិច ២៥ ចំណែក​ពួក​ខាង​បេនយ៉ាមីន គេ​មូល​ផ្តុំ​គ្នា​ជា​ពួក​១​នឹង​អ័ប៊ីនើរ ក៏​ឈរ​នៅ​លើ​កំពូល​កូន​ភ្នំ​១ ២៦ នោះ​អ័ប៊ីនើរ​ក៏​ស្រែក​ហៅ​ទៅ​យ៉ូអាប់​ថា តើ​ត្រូវ​ឲ្យ​ដាវ​ស៊ី​បំផ្លាញ​ជា​រៀងរាប​ដរាប​ឬ តើ​មិន​ដឹង​ទេ​ឬ​អី ថា​ដល់​ចុង​បំផុត​នឹង​មាន​សេចក្តី​ជូរ​ចត់ ដូច្នេះ តើ​ចាំ​ដល់​កាល​ណា​ទៀត ទើប​ប្រាប់​ដល់​ពួក​ពល ឲ្យ​ត្រឡប់​វិល​ទៅ​វិញ លែង​ដេញ​តាម​បង​ប្អូន​គេ​នោះ ២៧ យ៉ូអាប់​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ថា បើ​ឯង​មិន​បាន​និយាយ​ទេ នោះ​ដល់​ព្រឹក​ឡើង គង់​តែ​ពួក​ពល​ទាំង​ប៉ុន្មាន បាន​ចេញ​ទៅ​លែង​ដេញ​តាម​បង​ប្អូន​គេ​រៀង​ខ្លួន​ហើយ ២៨ ដូច្នេះ យ៉ូអាប់​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​ពួក​ពល​ឈប់​នឹង​នៅ គេ​លែង​ដេញ​តាម​ពួក​អ៊ីស្រាអែល​ត​ទៅ ក៏​មិន​បាន​ច្បាំង​គ្នា​ទៀត​ឡើយ ២៩ ឯ​អ័ប៊ីនើរ ព្រម​ទាំង​ពួក​ពល​ទ័ព​របស់​លោក គេ​ដើរ​កាត់​ស្រុក​វាល ពេញ​១​យប់​នោះ រួច​គេ​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​ក៏​ដើរ​កាត់​ស្រុក​ប៊ីត្រោន ដល់​ទៅ​ម៉ាហាណែម​វិញ។
៣០ យ៉ូអាប់​ក៏​វិល​ត្រឡប់​មក ពី​ដេញ​តាម​អ័ប៊ីនើរ​ដែរ ហើយ​កាល​លោក​បាន​ប្រមូល​ពួក​ពល​ខាង​ដាវីឌ​ទាំង​អស់​មក នោះ​ឃើញ​បាត់​តែ​១៩​នាក់ ហើយ​និង​អេសាអែល​ប៉ុណ្ណោះ ៣១ តែ​ពួក​ពល​របស់​ដាវីឌ បាន​វាយ​សំឡាប់​ខាង​ពួក​បេនយ៉ាមីន និង​ពួក​អ័ប៊ីនើរ​អស់​៣៦០​នាក់ ៣២ រួច​គេ​នាំ​យក​សព​របស់​អេសាអែល ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ឪពុក​គាត់ ដែល​នៅ​បេថ្លេហិម​ទៅ នោះ​យ៉ូអាប់ ព្រម​ទាំង​ពួក​លោក​ក៏​ដើរ​ពេញ​១​យប់​នោះ មក​ដល់​ក្រុង​ហេប្រុន​នៅ​ពេល​ថ្ងៃ​ទើប​នឹង​ភ្លឺ។