១៥
ស្តេចអាប់សាឡំមប៉ុនប៉ងដណ្តើមរាជ្យ
១ រួចអំពីនោះមក អាប់សាឡំមទ្រង់ចាត់ចែងរទេះ និងសេះ ហើយមនុស្ស៥០នាក់ សំរាប់រត់ខាងមុខទ្រង់ ២ ទ្រង់ក៏តែងតើនឡើងពីព្រលឹម យាងទៅឈរនៅមាត់ថ្នល់ដែលចូលតាមទ្វារក្រុង បើកាលណាមានអ្នកណាមានក្តី ដែលត្រូវបញ្ជូនទៅថ្វាយស្តេចឲ្យជំនុំជំរះ នោះអាប់សាឡំម ទ្រង់ហៅអ្នកនោះមកសួរថា អ្នកមកពីស្រុកណា គេទូលឆ្លើយថា ទូលបង្គំ ជាអ្នកបំរើនៃទ្រង់ មកពីពូជអំបូរណាមួយក្នុងសាសន៍អ៊ីស្រាអែល ៣ ទើបអាប់សាឡំមមានព្រះបន្ទូលថា មើល ដំណើររឿងរបស់អ្នកជាល្អត្រឹមត្រូវហើយ តែស្តេចមិនបានតាំងអ្នកណា ឲ្យស្តាប់រឿងអ្នកទេ ៤ អាប់សាឡំមក៏មានព្រះបន្ទូលថែមទៀតថា ឱបើយើងបានធ្វើជាចៅហ្វាយនៅក្នុងនគរនេះទៅអេះ នោះអស់អ្នកណាដែលមានរឿងមានក្តីនឹងបានមកឯយើង ហើយយើងនឹងជំនុំជំរះឲ្យគេតាមយុត្តិធម៌ ៥ នៅគ្រានោះ បើមានអ្នកណាមកថ្វាយបង្គំដល់ទ្រង់ នោះទ្រង់ក៏លូកព្រះហស្តទៅចាប់ទាញមកថើបអ្នកនោះ ៦ អាប់សាឡំមទ្រង់តែងប្រព្រឹត្តយ៉ាងនេះ ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នា ដែលនាំរឿងមកថ្វាយស្តេចឲ្យជំនុំជំរះ ដូច្នេះ ទ្រង់បានទាក់ចិត្តពួកជនជាតិអ៊ីស្រាអែលទាំងឡាយ។
៧ គ្រាកន្លងដល់ចុងឆ្នាំទី៤០នោះអាប់សាឡំមទូលស្តេចថា សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅឯក្រុងហេប្រុន ដើម្បីនឹងលាបំណន់ ដែលទូលបង្គំបានបន់ដល់ព្រះយេហូវ៉ា ៨ ដ្បិតកាលទូលបង្គំ ជាអ្នកបំរើទ្រង់ នៅស្រុកកេស៊ូរី-អើរ៉ាមនៅឡើយ នោះទូលបង្គំបានបន់ទុកថា បើកាលណាព្រះយេហូវ៉ានាំទូលបង្គំ ត្រឡប់មកឯក្រុងយេរូសាឡិមវិញ នោះទូលបង្គំនឹងប្រតិបត្តិដល់ព្រះយេហូវ៉ា ៩ ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលថា ចូរទៅដោយសុខសាន្តចុះ នោះទ្រង់ក៏ក្រោកឡើងទៅឯក្រុងហេប្រុន ១០ រួចចាត់មនុស្សឲ្យទៅពេញក្នុងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន ប្រាប់ដោយសំងាត់ថា កាលណាឮសូរផ្លុំត្រែ នោះត្រូវស្រែកប្រកាសឡើងថា អាប់សាឡំម ទ្រង់បានសោយរាជ្យ នៅក្រុងហេប្រុនហើយ ១១ មានមនុស្ស២០០នាក់ចេញពីក្រុងយេរូសាឡិម ទៅជាមួយនឹងអាប់សាឡំម ទ្រង់បានអញ្ជើញគេទៅ គេក៏ទៅដោយចិត្តត្រង់ ឥតដឹងការអ្វីឡើយ ១២ ហើយកំពុងដែលអាប់សាឡំមថ្វាយយញ្ញបូជា នោះទ្រង់ក៏ចាត់គេ ឲ្យទៅហៅអ័ហ៊ីថូផែល ជាអ្នកស្រុកគីឡោ ដែលជាបុរោហិតរបស់ដាវីឌ ឲ្យមកពីគីឡោ ជាក្រុងរបស់ខ្លួនដែរ ការក្បត់នេះ ក៏បានកើតកាន់តែខ្លាំងឡើង ដ្បិតមានប្រជាជនចុះចូលខាងអាប់សាឡំម រឹតតែច្រើនឡើង។
ស្តេចដាវីឌភៀសខ្លួនចេញពីក្រុងយេរូសាឡិម
១៣ គ្រានោះ មានម្នាក់នាំដំណឹងមកក្រាបទូលដាវីឌថា ពួកជនជាតិអ៊ីស្រាអែលទាំងអស់គ្នា មានចិត្តនិយមទៅតាមអាប់សាឡំមហើយ ១៤ ដូច្នេះ ដាវីឌទ្រង់មានព្រះបន្ទូលទៅពួកមហាតលិកទ្រង់ទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិម ជាមួយនឹងទ្រង់ថា ចូរយើងនាំគ្នារត់ចេញទៅ ពុំនោះ នឹងគ្មានពួកយើងណាមួយ បានរួចពីអាប់សាឡំមឡើយ ចូរប្រញាប់ប្រញាល់ចេញទៅចុះ ក្រែងលោវាមកទាន់ ធ្វើអាក្រក់ដល់យើងរាល់គ្នា ហើយប្រហារពួកក្រុងដោយមុខដាវ ១៥ ពួកមហាតលិករបស់ស្តេចទូលថា បពិត្រ ព្រះករុណា ទូលបង្គំរាល់គ្នាប្រុងប្រៀប នឹងធ្វើតាមតែព្រះហឫទ័យព្រះអម្ចាស់នៃទូលបង្គំហើយ ១៦ នោះស្តេចទ្រង់ក៏យាងចេញទៅ ព្រមទាំងពួកវង្សានុវង្សទាំងអស់ផង បានទុកនៅតែស្រីអ្នកម្នាង១០នាក់ ឲ្យរក្សាដំណាក់ប៉ុណ្ណោះ ១៧ ស្តេចទ្រង់យាងចេញទៅមានទាំងពួកទ្រង់ទាំងអស់ ដើរទៅតាម ឯទ្រង់ក៏ឈប់នៅត្រង់ផ្ទះដែលនៅទីបំផុត ១៨ ហើយពួកមហាតលិកទ្រង់ទាំងប៉ុន្មានគេដើរមកឈរអមទ្រង់ រួចពួកគេកេរេធីម និងពួកពេលេធីមទាំងប៉ុន្មាន ព្រមទាំងពួកកាថ ចំនួន៦០០នាក់ ដែលបានមកតាមទ្រង់ពីក្រុងកាថ គេក៏ដើរកាត់នៅចំពោះទ្រង់ទៅ។
១៩ ស្តេចទ្រង់មានព្រះបន្ទូលសួរអ៊ីតតាយ ជាពួកក្រុងកាថថា ហេតុអ្វីបានជាអ្នកមកជាមួយនឹងពួកយើងដូច្នេះ ចូរត្រឡប់ទៅនៅជាមួយនឹងស្តេចចុះ ដ្បិតអ្នកជាសាសន៍ដទៃ បានត្រូវនិរទេសចោលស្រុករបស់ខ្លួនមក ដូច្នេះ ចូរវិលទៅវិញចុះ ២០ ដែលអ្នកទើប និងមកពីម្សិលមិញ តើថ្ងៃនេះគួរឲ្យយើង នាំអ្នកមកដើរសាត់ព្រាត់ ទៅជាមួយនឹងយើង ដែលយើងក៏មិនដឹងជាទៅឯណាផងឬអី ចូរត្រឡប់ទៅវិញ ហើយនាំបងប្អូនអ្នកទៅផង សូមឲ្យអ្នកបានប្រកបដោយសេចក្តីមេត្តាករុណា និងសេចក្តីពិតត្រង់ចុះ ២១ តែអ៊ីតតាយទូលតបថា ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ និងទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំដ៏មានព្រះជន្មាយុថា នៅកន្លែងណាដែលទ្រង់ព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំគង់នៅ ទោះបើស្លាប់ឬរស់ក្តី នោះទូលបង្គំ ជាបាវបំរើទ្រង់ និងនៅទីនោះដែរ ២២ ដូច្នេះ ដាវីឌមានព្រះបន្ទូលប្រាប់ថា ចូរឆ្លងទៅចុះ នោះអ៊ីតតាយ ជាអ្នកក្រុងកាថ ព្រមទាំងពួកលោក និងកូនចៅទាំងប៉ុន្មានដែលនៅជាមួយ ក៏នាំគ្នាឆ្លងទៅ ២៣ ពួកអ្នកទាំងប៉ុន្មាននៅស្រុកនោះ គេនាំគ្នាយំដោយសំឡេងជាខ្លាំង ហើយបណ្តាជនទាំងឡាយក៏ឆ្លងទៅ ឯស្តេច ទ្រង់យាងឆ្លងជ្រោះកេដ្រុនដែរ គ្រប់គ្នាឆ្លងទៅ តាមផ្លូវដែលនាំទៅឯទីរហោស្ថាន។
២៤ រីឯសាដុក លោកក៏មកដែរ ព្រមទាំងពួកលេវីទាំងអស់ ដែលសែងហិបនៃសេចក្តីសញ្ញារបស់ព្រះផង គេក៏ដាក់ហិបនៃព្រះចុះ ហើយអ័បៀថើរលោកឡើងទៅ ដរាបដល់ពួកបណ្តាជន បានចាកចេញផុតពីទីក្រុងទាំងអស់ទៅ ២៥ រួចស្តេចមានព្រះបន្ទូលទៅសាដុកថា ចូរនាំយកហិបនៃព្រះត្រឡប់ទៅឯទីក្រុងវិញទៅ បើសិនជាយើង នឹងបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា នោះមុខជាទ្រង់នឹងនាំយើងមកវិញ ឲ្យបានឃើញទាំងហិបនេះ និងទីលំនៅរបស់ទ្រង់ផង ២៦ តែបើទ្រង់មានព្រះបន្ទូលមកដូច្នេះថា អញមិនសព្វព្រះហឫទ័យនឹងឯងទេ នោះមើល យើងនេះហើយ សូមទ្រង់ប្រព្រឹត្តនឹងយើង តាមព្រះហឫទ័យចុះ ២៧ ស្តេចទ្រង់ក៏មានព្រះបន្ទូលទៅសាដុកដ៏ជាសង្ឃទៀតថា លោកជាអ្នកមើលឆុត ដូច្នេះ ចូរត្រឡប់ទៅក្នុងទីក្រុងវិញដោយសុខសាន្តចុះ នាំទាំងអ័ហ៊ីម៉ាស កូនលោក និងយ៉ូណាថាន ជាកូនអ័បៀថើរ ទៅជាមួយផង ២៨ ឯយើងៗ និងចាំនៅត្រង់វាលនៃទីរហោស្ថាន ដរាបដល់មានដំណឹងមកបញ្ជាក់ដល់យើង ២៩ ដូច្នេះ សាដុក និងអ័បៀថើរ ក៏សែងហឹងនៃព្រះទៅក្នុងក្រុងយេរូសាឡិមវិញ ហើយក៏នៅទីនោះ។
ស្តេចដាវីឌចាត់ហ៊ូសាយទៅស៊ើបការណ៍ពីស្តេចអាប់សាឡំម
៣០ ឯដាវីឌ ទ្រង់យាងឡើងទៅតាមផ្លូវភ្នំដើមអូលីវ ទាំងទ្រង់ព្រះកន្សែងបណ្តើរ ទ្រង់ទទូរព្រះសិរ ហើយយាងទៅដោយព្រះបាទទទេ ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ ក៏ឡើងទៅទាំងទទូរក្បាល ហើយយំបណ្តើរដែរ ៣១ មានម្នាក់ទូលដាវីឌថា អ័ហ៊ីថូផែលក៏នៅក្នុងពួកក្បត់នោះ ជាមួយ និងអាប់សាឡំមដែរ នោះដាវីឌអធិស្ឋានទូលថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់បំផ្លាស់បំប្រែសេចក្តីទូន្មានរបស់អ័ហ៊ីថូផែល ឲ្យទៅជាផ្តេសផ្តាសវិញទៅ ៣២ កាលដាវីឌបានយាងដល់លើកំពូលភ្នំ ជាកន្លែងដែលទ្រង់ធ្លាប់ថ្វាយបង្គំព្រះ នោះឃើញហ៊ូសាយ ជាពួកអើគីចូលមកនៅចំពោះទ្រង់ ទាំងមានអាវរហែក និងដីនៅលើក្បាល ៣៣ ដាវីឌមានព្រះបន្ទូលទៅលោកថា បើអ្នកទៅជាមួយនឹងយើង នោះអ្នកនឹងបានជាបន្ទុកដល់យើងទេ ៣៤ តែបើសិនជាអ្នកត្រឡប់ទៅឯទីក្រុងវិញ ហើយទូលដល់អាប់សាឡំមថា បពិត្រព្រះករុណា ទូលបង្គំសូមថ្វាយខ្លួនធ្វើជាខ្ញុំបំរើរបស់ទ្រង់ ដូចជាបានធ្វើជាខ្ញុំបំរើដល់ព្រះបិតាទ្រង់កាលពីដើមដែរ បើធ្វើដូច្នេះ នោះអ្នក នឹងអាចឈ្នះសេចក្តីទូន្មានរបស់អ័ហ៊ីថូផែលឲ្យយើងបាន ៣៥ នៅទីនោះ អ្នកក៏មានសាដុក និងអ័បៀថើរដ៏ជាសង្ឃនៅជាមួយដែរ យ៉ាងនោះ ការអ្វីដែលអ្នកឮពីក្នុងដំណាក់ស្តេចមក នោះចូរសាសព្ទប្រាប់ដល់សាដុក និងអ័បៀថើរដ៏ជាសង្ឃ ៣៦ លោកទាំង២នោះមានកូន២នាក់នៅជាមួយ គឺអ័ហ៊ីម៉ាស ជាកូនសាដុក និងយ៉ូណាថាន ជាកូនអ័បៀថើរ ត្រូវឲ្យអ្នកចាត់មក ឲ្យយើងដឹងពីគ្រប់សេចក្តី ដែលអ្នកឮ ៣៧ ដូច្នេះ ហ៊ូសាយ ជាសំឡាញ់របស់ដាវីឌ ក៏ត្រឡប់ទៅក្នុងទីក្រុងវិញ ឯអាប់សាឡំមទ្រង់ក៏យាងចូលមក ដល់ក្រុងយេរូសាឡិមដែរ។