២៤
ស្តេច​ដាវីឌ​ជំរឿន​បណ្តា​អ៊ីស្រាអែល
១ មាន​មួយ​គ្រា​ទៀត ដែល​ព្រះយេហូវ៉ា​ទ្រង់​មាន​សេចក្តី​ខ្ញាល់​ឆួល​ឡើង​ចំពោះ​ពួក​អ៊ីស្រាអែល ហើយ​ទ្រង់​បណ្តាល​ដាវីឌ​ឲ្យ​ប្រព្រឹត្ត​ទាស់​នឹង​គេ ដោយ​ព្រះបន្ទូល​ថា ចូរ​ទៅ​រាប់​ចំនួន​ពួក​អ៊ីស្រាអែល និង​ពួក​យូដា​ចុះ ២ ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​យ៉ូអាប់ ជា​មេ​ទ័ព​ដែល​នៅ​ចំពោះ​ទ្រង់​ថា ចូរ​ឲ្យ​ដើរ​ទៅ​មក​គ្រប់​ក្នុង​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា ហើយ​រាប់​បណ្តាជន​ទាំងឡាយ ដើម្បី​ឲ្យ​យើង​បាន​ដឹង​ចំនួន ៣ យ៉ូអាប់​ទូល​ទាស់​ថា សូម​ឲ្យ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ បន្ថែម​ពួក​ជន​ឲ្យ​មាន​ចំនួន​១០០​ដង​លើស​ទៅ​ទៀត ហើយ​សូម​ឲ្យ​ព្រះនេត្រ​ព្រះករុណា ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ បាន​ឃើញ​ផង តែ​ហេតុ​អ្វី​បាន​ជា​ព្រះករុណា ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ សព្វ​ព្រះហឫទ័យ​ក្នុង​ការ​នោះ ៤ ប៉ុន្តែ ព្រះបន្ទូល​នៃ​ស្តេច​បាន​ឈ្នះ​យ៉ូអាប់ ហើយ​នឹង​ពួក​មេទ័ព រួច​យ៉ូអាប់ និង​ពួក​មេទ័ព ក៏​ចេញ​ពី​ចំពោះ​ស្តេច​ទៅ ដើម្បី​រាប់​ចំនួន​ពួក​សាសន៍​អ៊ីស្រាអែល ៥ គេ​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ដំឡើង​ត្រសាល​នៅ​ត្រង់​អារ៉ូអ៊ើរ ជា​ខាង​ស្តាំ​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ ខាង​ស្រុក​កាឌ់ ជិត​យ៉ាស៊ើរ ៦ រួច​គេ​ទៅ​ដល់​ស្រុក​កាឡាត និង​ស្រុក​ថាសធីម-ហ៊ុតស៊ី ពី​នោះ​ក៏​ទៅ​ដល់​ដាន់-យ្អាន ហើយ​វាង​រហូត​ដល់​ស៊ីដូន ៧ គេ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស ហើយ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ហេវី និង​សាសន៍​កាណាន រួច​គេ​បែរ​ទៅ​ខាង​ត្បូង​ស្រុក​យូដា​ត្រង់​បៀរ-សេបា ៨ ដូច្នេះ កាល​គេ​បាន​ដើរ​ចុះ​ឡើង​ពេញ​ក្នុង​ស្រុក​ទាំង​អស់​រួច​ហើយ ដល់​ផុត​៩​ខែ​២០​ថ្ងៃ នោះ​គេ​វិល​មក​ដល់​ក្រុង​យេរូសាឡិម​វិញ ៩ យ៉ូអាប់​ក៏​ប្រគល់​បញ្ជី​ពួក​ជន​ទាំងឡាយ​ដល់​ស្តេច ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ ដែល​ចេះ​កាន់​ដាវ ក្នុង​ពួក​អ៊ីស្រាអែល​ចំនួន​៨​សែន​នាក់ ហើយ​ក្នុង​ពួក​យូដា​មាន​៥​សែន​នាក់។
ព្រះ​ដាក់​ទោស​កូន​ចៅ​អ៊ីស្រាអែល
១០ ក្រោយ​ដែល​រាប់​ចំនួន​បណ្តាជន​ហើយ នោះ​ដាវីឌ​មាន​ព្រះទ័យ​ឈឺ​ស្តាយ​ជា​ខ្លាំង រួច​ទ្រង់​ទូល​ទៅ​ព្រះយេហូវ៉ា​ថា ទូលបង្គំ​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ក្នុង​ការ​ដែល​ទូលបង្គំ​ធ្វើ​នោះ តែ​ឥឡូវ​នេះ ឱ​ព្រះយេហូវ៉ា​អើយ សូម​លើក​ចោល​ទោស​នៃ​ការ​អាក្រក់​របស់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ​ល្ងង់ ១១ ព្រឹក​ឡើង កាល​ដាវីឌ​បាន​តើន​ហើយ នោះ​ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ហោរា​កាឌ់ ជា​អ្នក​មើលឆុត​របស់​ដាវីឌ ១២ ឲ្យ​ទៅ​ទូល​ដាវីឌ​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ អញ​ដាក់​សេចក្តី​ទាំង​៣​នេះ​ឲ្យ​ឯង ចូរ​រើស​យក​១​ចុះ ឲ្យ​អញ​បាន​ធ្វើ​យ៉ាង​នោះ​ដល់​ឯង ១៣ ដូច្នេះ កាឌ់​ក៏​ទៅ​ឯ​ដាវីឌ​ទូល​ថា តើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ​យ៉ាង​ណា ចង់​ឲ្យ​មាន​អំណត់​៧​ឆ្នាំ​នៅ​ក្នុង​នគរ ឬ​ចង់​រត់​ពី​មុខ​ពួក​ខ្មាំងសត្រូវ​ក្នុង​រវាង​៣​ខែ ដែល​គេ​ដេញ​តាម ឬ​ឲ្យ​មាន​ជំងឺ​អាសន្នរោគ​អស់​៣​ថ្ងៃ​នៅ​ក្នុង​នគរ​វិញ សូម​ពិចារណា​ឥឡូវ​ចុះ ហើយ​មាន​ព្រះបន្ទូល​មក ឲ្យ​ទូលបង្គំ​បាន​ឆ្លើយ​ដល់​ព្រះ ដែល​ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក ១៤ ដាវីឌ​មាន​ព្រះបន្ទូល​តប​ថា យើង​មាន​សេចក្តី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​រាល់​គ្នា​ធ្លាក់​ទៅ​ក្នុង​ព្រះហស្ត​នៃ​ព្រះយេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្តី​មេត្តាករុណា​របស់​ទ្រង់​ធំ​ណាស់ សូម​កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​ឡើយ។
១៥ ដូច្នេះ ព្រះយេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​មាន​ជំងឺ​អាសន្នរោគ​កើត​ឡើង​ក្នុង​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​កំណត់​នោះ ហើយ​មាន​មនុស្ស​ស្លាប់​តាំង​តែ​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា អស់​ចំនួន​៧​ម៉ឺន​នាក់ ១៦ តែ​កាល​ទេវតា​លើក​ដៃ​ទៅ ដើម្បី​នឹង​បំផ្លាញ​ក្រុង​យេរូសាឡិម នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះហឫទ័យ​រំជួល​ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ក៏​មាន​ព្រះបន្ទូល​ទៅ​ទេវតា​ដែល​កំពុង​តែ​បំផ្លាញ​បណ្តាជន​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណៈ​នោះ ទេវតា​នៃ​ព្រះយេហូវ៉ា​កំពុង​តែ​នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅណា សាសន៍​យេប៊ូស ១៧ ឯ​ដាវីឌ កាល​ទ្រង់​ទត​ឃើញ​ទេវតា ដែល​បាន​ប្រហារ​ពួក​ជន នោះ​ក៏​ទូល​ដល់​ព្រះយេហូវ៉ា​ថា មើល ទូលបង្គំ​បាន​ធ្វើ​បាប គឺ​ទូលបង្គំ​ដែល​ត្រូវ​មាន​ទោស តែ​ឯ​តួ​ចៀម​ទាំង​នេះ តើ​បាន​ធ្វើ​អ្វី សូម​ឲ្យ​ព្រះហស្ត​នៃ​ទ្រង់​បាន​ទាស់ និង​ទូលបង្គំ ហើយ​នឹង​ពួក​វង្ស​របស់​ទូលបង្គំ​វិញ​ចុះ។
ស្តេច​ដាវីឌ​សង់​អាសនៈ​ថ្វាយ​ព្រះអម្ចាស់
១៨ នៅ​ថ្ងៃ​នោះ​ឯង កាឌ់​ក៏​ចូល​មក​គាល់​ដាវីឌ ទូល​ថា សូម​ព្រះករុណា​ឡើង​ទៅ​ស្អាង​អាសនា​១​ថ្វាយ​ព្រះយេហូវ៉ា នៅ​ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស​ទៅ ១៩ ដូច្នេះ ដាវីឌ​ក៏​ឡើង​ទៅ​តាម​ពាក្យ​របស់​កាឌ់ ដូច​ជា​ព្រះយេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក ២០ ឯ​អ័រ៉ៅណា គាត់​ក្រឡេក​មើល​ទៅ​ឃើញ​ស្តេច និង​ពួក​មហាតលិក កំពុង​តែ​មក​ឯ​គាត់ នោះ​គាត់​ក៏​ចេញ​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយបង្គំ​នៅ​ចំពោះ​ស្តេច​ទូល​ថា ២១ បពិត្រ​ព្រះករុណា ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ តើ​ទ្រង់​យាង​មក​ឯ​ទូលបង្គំ​មាន​ការ​អ្វី ដាវីឌ​ឆ្លើយ​ថា មក​ទិញ​លាន​ស្រូវ​របស់​ឯង ដើម្បី​នឹង​ស្អាង​អាសនា​១​ថ្វាយ​ព្រះយេហូវ៉ា ប្រយោជន៍​ឲ្យ​សេចក្តី​វេទនា​នេះ​បាន​ថយ​ចេញ​ពី​ពួក​ជន​ទៅ ២២ អ័រ៉ៅណា​ទូល​ទ្រង់​ថា បពិត្រ​ព្រះអម្ចាស់​នៃ​ទូលបង្គំ សូម​ឲ្យ​ព្រះករុណា​យក​ចុះ ហើយ​ថ្វាយ​អ្វី​តាម​បំណង​ព្រះទ័យ មើល មាន​គោ​នេះ​សំរាប់​ដង្វាយ​ដុត ហើយ​ប្រដាប់​បែន​ស្រូវ និង​នឹម​គោ ទុក​ជា​ឧស​ស្រាប់ ២៣ អ័រ៉ៅណា​ក៏​ថ្វាយ​ទាំង​អស់​នោះ ដល់​ស្តេច ដោយ​ពាក្យ​ថា សូម​ឲ្យ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ទទួល​ទ្រង់​ផង ២៤ តែ​ស្តេច​មាន​ព្រះបន្ទូល​ទៅ​អ័រ៉ៅណា​ថា កុំ​ឡើយ គឺ​យើង​ចង់​ទិញ​ពី​ឯង​តាម​ដំឡៃ​វិញ យើង​មិន​ព្រម​យក​របស់ ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ ទៅ​ថ្វាយ​ដល់​ព្រះយេហូវ៉ា​នៃ​យើង​ឡើយ ដូច្នេះ ដាវីឌ​ក៏​ទិញ​លាន​ស្រូវ និង​គោ​ទាំង​នោះ ដំឡៃ​ជា​ប្រាក់​៥០​រៀល ២៥ រួច​ទ្រង់​ស្អាង​អាសន៍១ ថ្វាយ​ព្រះយេហូវ៉ា​នៅ​ទី​នោះ ក៏​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​ទៅ នោះ​ព្រះយេហូវ៉ា​ទ្រង់​ព្រះសណ្តាប់​សេចក្តី​ទូល​អង្វរ​ឲ្យ​ស្រុក​នោះ ហើយ​សេចក្តី​វេទនា​នោះ ក៏​ថយ​ពី​ពួក​អ៊ីស្រាអែល​ទៅ។:៚