សំបុត្រទី២របស់ប៉ុលដល់ពួក
ថែស្សាឡូនីច
១
សេចក្តីផ្តើម
១ សំបុត្រប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ យើងខ្ញុំផ្ញើមកពួកជំនុំ នៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
៣ បងប្អូនអើយ យើងខ្ញុំត្រូវតែអរព្រះគុណដល់ព្រះជានិច្ច ពីដំណើរអ្នករាល់គ្នា ដូចជាគួរគប្បីដែរ ពីព្រោះសេចក្តីជំនឿរបស់អ្នករាល់គ្នា កំពុងតែចំរើនកាន់តែច្រើនឡើង ហើយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ ដល់គ្នាទៅវិញទៅមក រឹតតែខ្លាំងឡើងដែរ ៤ ដល់ម៉្លេះបានជាយើងខ្ញុំអួតពីអ្នករាល់គ្នា នៅក្នុងអស់ទាំងពួកជំនុំនៃព្រះ ពីដំណើរសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីជំនឿរបស់អ្នករាល់គ្នា ដែលមានក្នុងសេចក្តីបៀតបៀន និងសេចក្តីទុក្ខលំបាកទាំងប៉ុន្មាន ដែលអ្នករាល់គ្នារងទ្រាំ ៥ នោះជាភស្តុតាងពីសេចក្តីជំនុំជំរះដ៏សុចរិតរបស់ព្រះ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានរាប់ជាគួរនឹងនគរព្រះ ដែលអ្នករាល់គ្នាកំពុងតែរងទុក្ខ ដោយព្រោះនគរនោះឯង ៦ ដ្បិតនេះជាសេចក្តីសុចរិតនៅចំពោះព្រះ គឺនឹងសងសេចក្តីទុក្ខលំបាក ដល់ពួកអ្នកដែលធ្វើទុក្ខដល់អ្នករាល់គ្នា ៧ ហើយឲ្យអ្នករាល់គ្នា ដែលត្រូវគេធ្វើទុក្ខនោះ បានសំរាកជាមួយនឹងយើងខ្ញុំវិញ ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីស្ថានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់ ៨ នៅក្នុងអណ្តាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនិងពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អ ពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង ៩ គេនឹងរងទុក្ខទោស ជាសេចក្តីហិនវិនាសអស់កល្បជានិច្ច ឃ្លាតពីព្រះភក្ត្រនៃព្រះអម្ចាស់ ហើយពីសិរីល្អនៃព្រះចេស្តាទ្រង់ ១០ ក្នុងកាលដែលទ្រង់យាងមក ដើម្បីឲ្យបានដំកើងឡើងក្នុងពួកបរិសុទ្ធរបស់ទ្រង់ ហើយនៅថ្ងៃនោះ ឲ្យបានគេមើលទ្រង់ដោយអស្ចារ្យ ក្នុងពួកអ្នកដែលជឿ ដ្បិតអ្នករាល់គ្នាបានជឿពាក្យបន្ទាល់របស់យើងខ្ញុំហើយ ១១ ដូច្នេះ យើងខ្ញុំអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើងខ្ញុំ បានរាប់អ្នករាល់គ្នាជាគួរនឹងការ ដែលទ្រង់ហៅមកធ្វើ ហើយឲ្យទ្រង់បានបំពេញគ្រប់អស់ទាំងសេចក្តីបំណងខាងឯការល្អ និងការដែលធ្វើដោយជំនឿ ដោយព្រះចេស្តា ១២ ដើម្បីឲ្យព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានដំកើងឡើងក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាក្នុងទ្រង់ផង តាមព្រះគុណរបស់ព្រះនៃយើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។