ព្រះវិញ្ញាណ​យាង​មក​សណ្ឋិត​លើ​ពួក​សិស្ស
១ កាល​បុណ្យ​ថ្ងៃ​ទី​៥០​បាន​មក​ដល់ នោះ​គេ​មាន​ចិត្ត​ព្រម​ព្រៀង​ប្រជុំ​ទាំង​អស់​គ្នា នៅ​កន្លែង​តែ​១ ២ ស្រាប់​តែ​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ ៣ ក៏​មាន​អណ្តាត ដូច​ជា​អណ្តាត​ភ្លើង ដែល​បែក​ចេញ​ពី​គ្នា លេច​មក​ឲ្យ​គេ​ឃើញ ហើយ​មក​សណ្ឋិត​លើ​គេ​គ្រប់​គ្នា ៤ រួច​គេ​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំង​អស់ ក៏​តាំង​និយាយ​ភាសា​ផ្សេងៗ តាម​ដែល​ព្រះវិញ្ញាណ​ប្រទាន​ឲ្យ។
៥ រីឯ​នៅ​ក្រុង​យេរូសាឡិម មាន​ពួក​សាសន៍​យូដា ជា​អ្នក​កោតខ្លាច​ដល់​ព្រះ ដែល​មក​ពី​គ្រប់​នគរ​នៅ​ក្រោម​មេឃ ៦ កាល​សូរ​សព្ទ​ពី​ការ​នោះ​បាន​ឮ​សុស​សាយ​ទៅ នោះ​បណ្តា​មនុស្ស​ក៏​ប្រជុំ​គ្នា ហើយ​គេ​មាន​សេចក្តី​ស្រឡាំង​កាំង ដោយ​គ្រប់​គ្នា​ឮ​ភាសា​ជាតិ​របស់​ខ្លួន ដែល​ពួក​សាវ័ក​កំពុង​តែ​អធិប្បាយ ៧ គេ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ឆ្ងល់​ថា អ្នក​ទាំង​នេះ​ដែល​អធិប្បាយ តើ​មិន​មែន​ជា​ពួក​អ្នក​ស្រុក​កាលីឡេ​ទាំង​អស់​គ្នា​ទេ​ឬ​អី ៨ ចុះ​ដូច​ម្តេច​បាន​ជា​យើង​ឮ​គេ​និយាយ​តាម​ភាសា​កំណើត​របស់​យើង​រៀង​ខ្លួន​ដូច្នេះ ៩ គឺ​ជា​សាសន៍​ផារថុស មេឌី អេឡាំ និង​ពួក​អ្នក​ស្រុក​មេសូប៉ូតាមា ស្រុក​យូដា ស្រុក​កាបាដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី ១០ ព្រម​ទាំង​ស្រុក​ព្រីគា ស្រុក​ប៉ាមភីលា ស្រុក​អេស៊ីព្ទ និង​ដែន​ស្រុក​លីប៊ី ដែល​នៅ​ជុំវិញ​ស្រុក​គីរេន ហើយ​ពួក​អ្នក​ស្រុក​រ៉ូម ដែល​ស្នាក់​នៅ​ទី​នេះ ទោះ​ទាំង​សាសន៍​យូដា និង​អ្នក​ចូល​សាសន៍​ផង ១១ ហើយ​សាសន៍​ក្រេត និង​សាសន៍​អារ៉ាប់​ដែរ យើង​ទាំង​អស់​គ្នា​ឮ​គេ​និយាយ ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​រៀង​ខ្លួន ១២ អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ ព្រម​ទាំង​វល់​ក្នុង​ចិត្ត ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​ការ​នេះ​ដូច​ម្តេច​ហ្ន៎ ១៣ តែ​មាន​អ្នក​ខ្លះ​ចំអក​ឲ្យ​ថា ពួក​នេះ​ស្រវឹង​ស្រា​ថ្មី​ទេ។
សុន្ទរកថា​របស់​ពេត្រុស
១៤ នោះ​ពេត្រុស​ក៏​ឈរ​ឡើង ជា​មួយ​នឹង​ពួក​១១​នាក់ ក៏​បន្លឺ​សំឡេង​និយាយ​ទៅ​គេ​ថា ឱ​ពួក​សាសន៍​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ទាំង​អស់​គ្នា​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​នេះ ហើយ​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ ១៥ ដ្បិត​អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង ដូច​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​នោះ​ទេ ព្រោះ​ទើប​នឹង​ម៉ោង​៩​ព្រឹក​នៅ​ឡើយ ១៦ នេះ​គឺ​ជា​សេចក្តី​ទំនាយ​របស់​ហោរា​យ៉ូអែល​វិញ ដែល​លោក​ទាយ​ទុក​មក​ថា ១៧ «ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ដល់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​ចាក់​ព្រះវិញ្ញាណ​អញ ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​នឹង​ទាយ​ទំនាយ ពួក​កំឡោះ​ឯង​រាល់​គ្នា នឹង​ឃើញ​ការ​ជាក់​ស្តែង ហើយ​ពួក​ចាស់ៗ របស់​ឯង​រាល់​គ្នា​នឹង​យល់​សប្តិ ១៨ នៅ​គ្រា​នោះ អញ​នឹង​ចាក់​ព្រះវិញ្ញាណ​អញ ទៅ​លើ​ទាំង​ពួក​អ្នក​បំរើ​ប្រុស​ស្រី​ផង ហើយ​គេ​នឹង​ទាយ​ទំនាយ​ដែរ ១៩ អញ​នឹង​សំដែង​ការ​អស្ចារ្យ នៅ​លើ​មេឃ និង​ទី​សំគាល់​នៅ​ផែនដី គឺ​ជា​ឈាម ភ្លើង ហើយ​និង​កំសួល​ផ្សែង ២០ ថ្ងៃ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​ឧត្តម​របស់​ព្រះអម្ចាស់​មក​ដល់ ២១ នោះ​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះនាម​ព្រះអម្ចាស់ គេ​នឹង​បាន​សង្គ្រោះ» ២២ ឱ​ពួក​សាសន៍​អ៊ីស្រាអែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះយេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត ដែល​ព្រះ​បាន​សំដែង​បង្ហាញ​មក​អ្នក​រាល់​គ្នា​ដោយ​ការ​ឫទ្ធិបារមី ការ​អស្ចារ្យ និង​ទី​សំគាល់ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយសារ​ទ្រង់ ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ២៣ ព្រះអង្គ​នោះ​ទ្រង់​ត្រូវ​បញ្ជូន​ទៅ តាម​ការ​សំរេច និង​បព្វញាណ​នៃ​ព្រះ ហើយ​អ្នក​រាល់​គ្នា​បាន​ចាប់​ទ្រង់ ដោយសារ​ដៃ​មនុស្ស​ទទឹង​ច្បាប់ ព្រម​ទាំង​ឆ្កាង​សំឡាប់​ទ្រង់​ផង ២៤ ប៉ុន្តែ ព្រះ​បាន​ប្រោស​ទ្រង់ ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដោយ​បាន​ស្រាយ​ចំណង​នៃ​សេចក្តី​ស្លាប់​ចេញ ពី​ព្រោះ​សេចក្តី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំឃាំង​ទ្រង់​ទុក​បាន​ឡើយ ២៥ ដ្បិត​ហ្លួង​ដាវីឌ​មាន​ព្រះបន្ទូល​ពី​ទ្រង់​ថា «ទូលបង្គំ​បាន​ឃើញ​ព្រះអម្ចាស់ នៅ​មុខ​ទូលបង្គំ​ជានិច្ច ពី​ព្រោះ​ទ្រង់​សណ្ឋិត​នៅ​ខាង​ដៃ​ស្តាំ​ទូលបង្គំ ដើម្បី​មិន​ឲ្យ​ទូលបង្គំ​ត្រូវ​រង្គើ​ឡើយ ២៦ ហេតុ​នោះ​បាន​ជា​ចិត្ត​ទូលបង្គំ​មាន​សេចក្តី​អំណរ ហើយ​អណ្តាត​ទូលបង្គំ​ក៏​ថ្លែង ដោយ​សេចក្តី​ត្រេកអរ ១​ទៀត រូប​សាច់​ទូលបង្គំ​នឹង​ស្នាក់​នៅ ដោយ​សេចក្តី​សង្ឃឹម​ដែរ ២៧ ដ្បិត​ទ្រង់​នឹង​មិន​ទុក​ព្រលឹង​ទូលបង្គំ ឲ្យ​ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្តី​ពុករលួយ​ដែរ ២៨ ទ្រង់​បាន​ឲ្យ​ទូលបង្គំ​ស្គាល់​អស់​ទាំង​ផ្លូវ​នៃ​ជីវិត ក៏​នឹង​ឲ្យ​ទូលបង្គំ​បាន​ពេញ​ដោយ​សេចក្តី​អំណរ ដោយ​ភាព​នៃ​ព្រះភក្ត្រ​ទ្រង់» ២៩ ឱ​បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​មាន​ច្បាប់​នឹង​ថ្លែង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ ពី​ហ្លួង​ដាវីឌ ជា​ឰយុកោ​ថា លោក​បាន​ទាំង​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក​ដែរ ផ្នូរ​លោក​ក៏​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ៣០ ដូច្នេះ ដោយ​ព្រោះ​លោក​ជា​ហោរា ហើយ​ក៏​ជ្រាប​ថា ព្រះ​បាន​ស្បថ​សន្យា​នឹង​លោក​ថា ទ្រង់​នឹង​បង្កើត​ព្រះគ្រីស្ទ ពី​ពូជ​របស់​លោក​ខាង​សាច់​ឈាម ឲ្យ​បាន​គង់​លើ​បល្ល័ង្ក​របស់​លោក ៣១ គឺ​ដោយ​ព្រោះ​លោក​បាន​ឃើញ​ការ​នោះ​ជា​មុន បាន​ជា​លោក​សំដែង​ពី​ព្រះគ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រលឹង​ទ្រង់​មិន​ត្រូវ​ទុក​ចោល នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ហើយ​រូប​សាច់​ទ្រង់​មិន​ត្រូវ​ឃើញ​សេចក្តី​ពុករលួយ​ឡើយ ៣២ ឯ​ព្រះយេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជា​ទី​បន្ទាល់​ពី​ទ្រង់​ទាំង​អស់​គ្នា ៣៣ ដូច្នេះ ដែល​ទ្រង់​បាន​ដំកើង​ឡើង ដោយសារ​ព្រះហស្ត​ស្តាំ​នៃ​ព្រះ ហើយ​បាន​ទទួល​សេចក្តី​សន្យា គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ពី​ព្រះវរបិតា នោះ​ទ្រង់​បាន​ចាក់​សេចក្តី​នេះ​មក ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មើល​ហើយ​ស្តាប់ ៣៤ ដ្បិត​ហ្លួង​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថានសួគ៌​ទេ ប៉ុន្តែ លោក​បាន​និយាយ​ថា «ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ព្រះអម្ចាស់​នៃ​ទូលបង្គំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ៣៥ ដរាប​ដល់​អញ​យក​ពួក​ខ្មាំងសត្រូវ​ឯង ដាក់​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង» ៣៦ ដូច្នេះ ចូរ​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ជា​ប្រាកដ​ថា ព្រះ​ទ្រង់​បាន​លើក​ព្រះយេស៊ូវ​នេះ​ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះអម្ចាស់ ហើយ​ជា​ព្រះគ្រីស្ទ​ផង។
ក្រុម​គ្រិស្តបរិស័ទ​ដំបូង​បង្អស់
៣៧ កាល​គេ​បាន​ឮ នោះ​គេ​មាន​សេចក្តី​ចាក់​ចុច​ក្នុង​ចិត្ត ក៏​សួរ​ពេត្រុស និង​ពួក​សាវ័ក​ឯ​ទៀត​ថា បង​ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ៣៨ ពេត្រុស​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ៣៩ ដ្បិត​សេចក្តី​សន្យា​នោះ គឺ​សន្យា​ដល់​អ្នក​រាល់​គ្នា និង​កូន​ចៅ​អ្នក​រាល់​គ្នា ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ដែរ គឺ​ដល់​អស់​អ្នក​ណា​ដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ហៅ ៤០ គាត់​ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ទូន្មាន​ដោយ​ពាក្យ​ជា​ច្រើន​ទៀត​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​រួច​ពី​ពូជ​ដំណ​វៀច​នេះ ៤១ នោះ​ពួក​អ្នក​ដែល​ទទួល​ពាក្យ​របស់​គាត់​ដោយ​អំណរ ក៏​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​នៅ​ថ្ងៃ​ដដែល​នោះ មាន​ប្រហែល​ជា​៣​ពាន់​នាក់​ថែម​កើន​ឡើង​ទៀត។
៤២ អ្នក​ទាំង​នោះ​ក៏​នៅ​តែ​ព្យាយាម​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវ័ក ហើយ​ក្នុង​សេចក្តី​ប្រកប​គ្នា ព្រម​ទាំង​ការ​កាច់​នំបុ័ង និង​សេចក្តី​អធិស្ឋាន​ផង ៤៣ គ្រប់​គ្នា​កើត​មាន​ចិត្ត​កោតខ្លាច ហើយ​មាន​ការ​អស្ចារ្យ និង​ទី​សំគាល់​ជា​ច្រើន​កើត​មក ដោយសារ​ពួក​សាវ័ក​ដែរ ៤៤ ពួក​អ្នក​ដែល​ជឿ​ទាំង​ប៉ុន្មាន ក៏​នៅ​ជា​មួយ​គ្នា ហើយ​មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា ៤៥ គេ​ក៏​លក់​ទ្រព្យសម្បត្តិ និង​របស់​គេ​ទាំង​ប៉ុន្មាន ចែក​ដល់​គ្នា​តាម​ដែល​គ្រប់​គ្នា​ត្រូវ​ការ ៤៦ រាល់​តែ​ថ្ងៃ គេ​នៅ​តែ​ព្យាយាម​ក្នុង​ព្រះវិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា ឯ​កាល​នៅ​ផ្ទះ ក៏​កាច់​នំបុ័ង ហើយ​បរិភោគ​អាហារ​ដោយ​អំណរ និង​ចិត្ត​ស្មោះត្រង់ ៤៧ ព្រម​ទាំង​សរសើរ​ដល់​ព្រះ ហើយ​បណ្តាជន​ទាំង​អស់​គ្នា​ក៏​រាប់​អាន​គេ ចំណែក​ព្រះអម្ចាស់ ទ្រង់​ក៏​បន្ថែម​នូវ​អស់​អ្នក ដែល​កំពុង​តែ​បាន​សង្គ្រោះ​រាល់​តែ​ថ្ងៃ​ទៅ ក្នុង​ពួក​ជំនុំ​ថែម​ទៀត។