ពេត្រុស និង​យ៉ូហាន​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់
១ កាល​អ្នក​ទាំង​២ កំពុង​តែ​និយាយ​នឹង​បណ្តាជន​នៅ​ឡើយ នោះ​ពួក​សង្ឃ និង​ពួក​សាឌូស៊ី ព្រម​ទាំង​មេ​ទ័ព​រក្សា​ព្រះវិហារ ក៏​មក​ដល់ ២ គេ​មាន​សេចក្តី​អាក់អន់​ចិត្ត​ពី​ដំណើរ​ដែល​គាត់​បង្រៀន​ដល់​ពួក​ជន ហើយ​ក៏​សំដែង​ប្រាប់​ដល់​បណ្តាជន ពី​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ ដោយសារ​ព្រះយេស៊ូវ ៣ គេ​ក៏​ចាប់​អ្នក​ទាំង​២ នាំ​ទៅ​ឃុំ​ទុក​ដរាប​ដល់​ស្អែក ដ្បិត​ពេល​នោះ​ល្ងាច​ហើយ ៤ ប៉ុន្តែ ឯ​ពួក​អ្នក​ដែល​ឮ​ព្រះបន្ទូល នោះ​មាន​គ្នា​ជា​ច្រើន​បាន​ជឿ ហើយ​ពួក​ដែល​ជឿ ក៏​បាន​កើន​ឡើង​មាន​ប្រុសៗ ប្រហែល​ជា​៤​ពាន់​នាក់។
៥ ដល់​ស្អែក​ឡើង ពួក​នាម៉ឺន ពួក​ចាស់ទុំ និង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម ៦ ព្រម​ទាំង​លោក​អាណ ជា​សំដេច​សង្ឃ លោក​កៃផា លោក​យ៉ូហាន និង​លោក​អ័លេក្សានត្រុស ហើយ​អស់​អ្នក​ដែល​ជា​គ្រួសារ​នៃ​សំដេច​សង្ឃ​ដែរ ៧ កាល​បាន​នាំ​អ្នក​ទាំង​២​មក ដាក់​នៅ​កណ្តាល​ចំណោម​ហើយ នោះ​ក៏​ពិចារណា​សួរ​ថា ឯង​បាន​ធ្វើ​ការ​នោះ​ដោយ​អាង​អំណាច​អ្វី ឬ​ដោយ​អាង​ឈ្មោះ​ណា ៨ នោះ​ពេត្រុស ដែល​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​ជំរាប​ថា ឱ​លោក​ដ៏​ធំ​លើ​បណ្តាជន និង​ពួក​លោក​ចាស់ទុំ​ទាំងឡាយ នៃ​សាសន៍​អ៊ីស្រាអែល​អើយ ៩ នៅ​ថ្ងៃ​នេះ បើ​សិន​ជា​លោក​អ្នក​រាល់​គ្នា គិត​ពិចារណា​សួរ​យើង​ខ្ញុំ ពី​ដំណើរ​ការ​ល្អ ដែល​បាន​ធ្វើ​ដល់​មនុស្ស​ពិការ​នោះ​ថា គាត់​បាន​ជា​ដោយសារ​អ្វី ១០ នោះ​សូម​ឲ្យ​លោក​រាល់​គ្នា​ជ្រាប​ដូច្នេះ ហើយ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ផង ថា ដែល​មនុស្ស​នេះ​បាន​ជា​ស្រឡះ ហើយ​ឈរ​នៅ​មុខ​លោក​រាល់​គ្នា​ដូច្នេះ គឺ​ដោយសារ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ដែល​លោក​រាល់​គ្នា​បាន​ឆ្កាង​ទ្រង់ តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ១១ ព្រះអង្គ​នោះ ជា​ថ្ម​ដែល​លោក​រាល់​គ្នា ជា​ជាង​សង់​ផ្ទះ បាន​មើលងាយ ប៉ុន្តែ​ទ្រង់​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​វិញ ១២ ហើយ​គ្មាន​សេចក្តី​សង្គ្រោះ ដោយសារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ។
១៣ កាល​បាន​ឃើញ​ថា ពេត្រុស និង​យ៉ូហាន​មាន​ចិត្ត​ក្លាហាន នោះ​ពួក​លោក​ទាំង​នោះ​ក៏​មាន​សេចក្តី​អស្ចារ្យ ដោយ​ដឹង​ថា គេ​ជា​មនុស្ស​មិនសូវ​ចេះ​ជ្រៅជ្រះ ហើយ​ឥត​បាន​រៀនសូត្រ​ប៉ុន្មាន​ផង បាន​ជា​លោក​យល់​ឃើញ​ថា គេ​ធ្លាប់​នៅ​ជា​មួយ​នឹង​ព្រះយេស៊ូវ ១៤ តែ​លោក​គ្មាន​ពាក្យ​ណា​នឹង​ឆ្លើយ​តប​មក​វិញ​សោះ ដោយ​ឃើញ​មនុស្ស​ដែល​បាន​ជា គាត់​ឈរ​ជា​មួយ​នឹង​គេ ១៥ ដូច្នេះ កាល​បាន​បង្គាប់​ឲ្យ​គេ​ចេញ​ពី​ពួក​ក្រុមជំនុំ​ទៅ​បន្តិច នោះ​ក៏​ពិគ្រោះ​ថា ១៦ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំង​២​នេះ ដ្បិត​ដែល​គេ​បាន​ធ្វើ​ទី​សំគាល់​យ៉ាង​អស្ចារ្យ នោះ​ក៏​ច្បាស់​ដល់​គ្រប់​មនុស្ស​នៅ​ក្រុង​យេរូសាឡិម​ហើយ យើង​ក៏​ប្រកែក​មិន​បាន​ផង ១៧ ប៉ុន្តែ ចូរ​យើង​កំហែង​ហាម​គេ មិន​ឲ្យ​និយាយ​នឹង​អ្នក​ណា​ទៀត ដោយ​ឈ្មោះ​នោះ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​ផ្សាយ​ទៅ​ក្នុង​ពួក​ជន​ទៀត ១៨ រួច​លោក​ហៅ​មក​វិញ ហាម​ផ្តាច់​មិន​ឲ្យ​និយាយ ឬ​បង្រៀន ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវ​ទៀត​ឡើយ ១៩ តែ​ពេត្រុស និង​យ៉ូហាន ឆ្លើយ​តប​ថា បើ​គួរ​គប្បី​នៅ​ចំពោះ​ព្រះ ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាម​លោក​រាល់​គ្នា ជា​ជាង​ស្តាប់​តាម​ព្រះ នោះ​សូម​ពិចារណា​ចុះ ២០ ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ ពុំ​បាន​ទេ ២១ តែ​លោក​កំហែង​ទៀត រួច​លែង​ឲ្យ​ទៅ ដោយ​មិន​ឃើញ​ជា​មាន​ហេតុ​អ្វី​នឹង​ធ្វើ​ទោស​សោះ ដោយ​ព្រោះ​បណ្តាជន ដ្បិត​ទាំង​អស់​គ្នា​កំពុង​តែ​សរសើរដំកើង​ដល់​ព្រះ ពី​ការ​នោះ​ដែល​ទើប​នឹង​កើត​មក ២២ ពី​ព្រោះ​មនុស្ស​ដែល​បាន​ជា ដោយសារ​ទី​សំគាល់​នោះ គាត់​មាន​អាយុ​ជាង​៤០​ឆ្នាំ​ហើយ។
២៣ លុះ​បាន​លែង​ស្រេច​ហើយ នោះ​ក៏​នាំ​គ្នា​ទៅ​ឯ​ពួក​របស់​ខ្លួន​វិញ ទាំង​រ៉ាយ​រឿង​ប្រាប់​ពី​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ពួក​សង្គ្រាជ និង​ពួក​ចាស់ទុំ​បាន​ហាមប្រាម ២៤ កាល​ពួក​ជំនុំ​បាន​ឮ​ដូច្នោះ នោះ​ក៏​បន្លឺឧទាន​ព្រម​គ្នា ទូល​ដល់​ព្រះ​ថា ឱ​ព្រះ​ដ៏​ជា​ម្ចាស់​ធំ​បំផុត​អើយ គឺ​ទ្រង់​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី និង​សមុទ្រ ហើយ​របស់​ទាំង​អស់ ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ២៥ ទ្រង់​បាន​មាន​ព្រះបន្ទូល ដោយសារ​ព្រះឱស្ឋ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា «ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួលជ្រើម​ឡើង ហើយ​ជនជាតិ​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ ២៦ ពួក​មហាក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់​គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះអម្ចាស់ ហើយ​ទាស់​នឹង​ព្រះគ្រីស្ទ​នៃ​ទ្រង់» ២៧ ប្រាកដ​មែន​ហើយ ដ្បិត​នៅ​ក្រុង​នេះ ស្តេច​ហេរ៉ូឌ និង​លោក​ប៉ុនទាសពីឡាត់ បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​សាសន៍​ដទៃ និង​សាសន៍​អ៊ីស្រាអែល ទាស់​នឹង​ព្រះយេស៊ូវ​ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ២៨ ដើម្បី​នឹង​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះហស្ត​ទ្រង់ និង​ព្រះដំរិះ​ទ្រង់ បាន​គិត​សំរេច​ជា​មុន ២៩ ឥឡូវ​នេះ ឱ​ព្រះអម្ចាស់​អើយ សូម​ទត​មើល​សេចក្តី​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់ បាន​ផ្សាយ​ព្រះបន្ទូល ដោយ​សេចក្តី​ក្លាហាន​ដ៏​ពេញលេញ ៣០ ដោយ​ទ្រង់​លូក​ព្រះហស្ត​មក សំរាប់​នឹង​ប្រោស​មនុស្ស​ឲ្យ​បាន​ជា ហើយ​និង​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យ ដោយសារ​ព្រះនាម​ព្រះយេស៊ូវ ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់ ៣១ កាល​បាន​អធិស្ឋាន​រួច​ហើយ នោះ​កន្លែង​ដែល​គេ​ប្រជុំ​គ្នា​ក៏​រញ្ជួយ ហើយ​គេ​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា រួច​ក៏​ផ្សាយ​ព្រះបន្ទូល​ដោយ​ចិត្ត​ក្លាហាន។
ក្រុម​គ្រីស្ទបរិស័ទ​រួម​រស់​ជា​មួយ​គ្នា
៣២ ឯ​មនុស្ស​ទាំង​ហ្វូង​ដែល​បាន​ជឿ គេ​ក៏​មាន​ចិត្ត​មាន​គំនិត​តែ​១ គ្មាន​អ្នក​ណា​ប្រកាន់​ថា អ្វីៗ ដែល​ខ្លួន​មាន​ជា​របស់​ផង​ខ្លួន​នោះ​ទេ គឺ​គ្រប់​របស់​ទាំង​ប៉ុន្មាន ជា​របស់​សំរាប់​ប្រើ​ជា​មួយ​គ្នា​ទាំង​អស់ ៣៣ ពួក​សាវ័ក​ក៏​ធ្វើ​បន្ទាល់ ដោយ​ព្រះចេស្តា​ដ៏​ធំ ពី​ដំណើរ​ដែល​ព្រះអម្ចាស់យេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​មាន​ព្រះគុណ​ជា​ធំ សណ្ឋិត​លើ​គេ​ទាំង​អស់​គ្នា​ដែរ ៣៤ នៅ​ក្នុង​ពួក​គេ​គ្មាន​អ្នក​ណា​ខ្វះ​ខាត​អ្វី​សោះ ដ្បិត​អស់​អ្នក​ណា​ដែល​មាន​ដី​មាន​ផ្ទះ នោះ​ក៏​លក់ យក​ប្រាក់​ដែល​ជា​ថ្លៃ​របស់​ទាំង​នោះ​មក ៣៥ ដាក់​នៅ​ទៀប​ជើង​ពួក​សាវ័ក ហើយ​គេ​ក៏​ចែក​ដល់​គ្រប់​គ្នា​តាម​ត្រូវ​ការ។
៣៦ រីឯ​យ៉ូសេ ដែល​ពួក​សាវ័ក​ហៅ​ថា បាណាបាស (ប្រែ​ថា​ជា​អ្នក​ជំនួយ) ជា​ពួក​លេវី ដែល​កើត​នៅ​កោះ​គីប្រុស ៣៧ គាត់​មាន​ដី​ដែរ ហើយ​ក៏​លក់​យក​ប្រាក់​មក ដាក់​នៅ​ទៀប​ជើង​ពួក​សាវ័ក។