៦
ការជ្រើសរើសក្រុមប្រាំពីររូប
១ នៅគ្រានោះ កាលពួកសិស្សបានចំរើនច្រើនឡើង នោះពួកហេលេនចាប់តាំងរទូរទាំទាស់នឹងពួកហេព្រើរ អំពីការចែកចាយរាល់តែថ្ងៃ ដោយព្រោះគេតែងធ្វេសការនឹងស្រីមេម៉ាយរបស់ពួកហេលេននោះ ២ ពួកសាវ័ក១២នាក់ក៏ហៅសិស្សទាំងអស់មកនិយាយថា មិនគួរគប្បីឲ្យយើងខ្ញុំទុកព្រះបន្ទូលចោល ដើម្បីនឹងទៅបំរើតុទេ ៣ ដូច្នេះ បងប្អូនអើយ ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេ ឲ្យត្រួតត្រាលើការងារនេះ ៤ ឯយើងខ្ញុំ នឹងខំព្យាយាមក្នុងសេចក្តីអធិស្ឋាន និងការផ្សាយព្រះបន្ទូលវិញ ៥ សេចក្តីនោះក៏ពេញចិត្តដល់ពួកជំនុំទាំងអស់គ្នា ហើយគេរើសយកស្ទេផាន១ ជាមនុស្សពេញដោយសេចក្តីជំនឿ និងព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងភីលីព១ ប្រូខូរ៉ុស១ នីកាន័រ១ ទីម៉ូន១ ប៉ាមេណា១ និងនីកូឡាស ជាអ្នកស្រុកអាន់ទីយ៉ូក ដែលចូលសាសន៍១ ៦ ក៏នាំអ្នកទាំងនោះមកនៅចំពោះមុខពួកសាវ័ក កាលពួកសាវ័កបានអធិស្ឋានរួចហើយ នោះក៏ដាក់ដៃលើអ្នកទាំង៧នាក់នោះ ៧ ព្រះបន្ទូលក៏បានផ្សាយទៅកាន់តែច្រើនឡើង ហើយចំនួនពួកសិស្ស បានចំរើនឡើងក្រៃលែង នៅក្រុងយេរូសាឡិម ឯពួកសង្ឃ ក៏មានសន្ធឹកចុះចូលជឿដែរ។
លោកស្ទេផានត្រូវគេចាប់ខ្លួន
៨ ឯស្ទេផាន ដែលពេញដោយសេចក្តីជំនឿ និងព្រះចេស្តា គាត់ក៏ធ្វើការអស្ចារ្យ និងទីសំគាល់យ៉ាងធំនៅក្នុងពួកជន ៩ គ្រានោះ មានអ្នកខ្លះក្នុងពួកដែលហៅថា ពួកអ្នកបំរោស និងពួកស្រុកគីរេន ពួកស្រុកអ័លេក្សានទ្រា ពួកអ្នកមកពីស្រុកគីលីគា ហើយស្រុកអាស៊ី គេលើកគ្នាមកជជែកនឹងស្ទេផាន ១០ តែគេពុំអាចដើម្បីទប់ទល់នឹងប្រាជ្ញា ហើយនិងព្រះវិញ្ញាណ ដែលគាត់អាងនឹងនិយាយនោះបានទេ ១១ នោះគេសូកមនុស្សខ្លះឲ្យនិយាយបង្កាច់ថា យើងបានឮអ្នកនេះពោលពាក្យប្រមាថដល់លោកម៉ូសេ ហើយដល់ព្រះផង ១២ អ្នកទាំងនោះក៏ញុះញង់ដល់បណ្តាជន ពួកចាស់ទុំ និងពួកអាចារ្យ រួចនាំគ្នាទៅចាប់គាត់ យកទៅដល់ពួកក្រុមជំនុំ ១៣ គេតាំងឲ្យមានសាក្សីក្លែងនិយាយថា មនុស្សនេះចេះតែពោលពាក្យប្រមាថដល់ទីបរិសុទ្ធ និងក្រឹត្យវិន័យ ១៤ ដ្បិតយើងខ្ញុំបានឮវាថា ឈ្មោះយេស៊ូវ ពីស្រុកណាសារ៉ែតនោះ នឹងបំផ្លាញទីនេះបង់ ព្រមទាំងបំផ្លាស់បំប្រែទំនៀមទំលាប់ ដែលលោកម៉ូសេបានទុកឲ្យយើងរាល់គ្នាចេញ ១៥ តែអស់អ្នកដែលអង្គុយនៅក្នុងក្រុមជំនុំ ក៏ជាប់ភ្នែកមើលមុខគាត់ ឃើញដូចជាមុខទេវតា។