១៣
ព្រះវិញ្ញាណជ្រើសយកបាណាបាស និងសុលឲ្យទៅបំពេញបេសកកម្ម
១ រីឯក្នុងពួកជំនុំនៅក្រុងអាន់ទីយ៉ូក នោះមានគ្រូអធិប្បាយ និងគ្រូបង្រៀនខ្លះ គឺបាណាបាស១ ស៊ីម្មានដែលហៅថា នីគើរ១ លូគាស ជាសាសន៍គីរេន១ ម៉ាន៉ាអេន ជាកូនចិញ្ចឹមជាមួយនឹងហេរ៉ូឌ ស្តេចអនុរាជ១ និងសុល១ ២ កំពុងដែលអ្នកទាំងនោះធ្វើការងារ ថ្វាយព្រះអម្ចាស់ទាំងតម នោះព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលប្រាប់ថា ចូរញែកបាណាបាស និងសុលចេញឲ្យខ្ញុំ សំរាប់ការងារដែលខ្ញុំហៅគេឲ្យធ្វើ ៣ ដូច្នេះ ក្រោយដែលបានតម ហើយអធិស្ឋាន ព្រមទាំងដាក់ដៃលើអ្នកទាំង២ នោះក៏បើកឲ្យគេទៅ។
បាណាបាស និងសុលនៅកោះគីប្រុស
៤ ឯអ្នកទាំង២នោះ ក៏ចុះទៅដល់សេលើស៊ា ដោយព្រះវិញ្ញាណបរិសុទ្ធចាត់ឲ្យទៅ នៅទីនោះ គេចុះសំពៅចេញទៅឯកោះគីប្រុស ៥ ដល់សាឡាមីនហើយ គេក៏ផ្សាយព្រះបន្ទូល នៅក្នុងសាលាប្រជុំទាំងប៉ុន្មានរបស់ពួកសាសន៍យូដា មានទាំងយ៉ូហានជាអ្នកជំនួយដែរ ៦ កាលបានដើរកាត់កោះទៅត្រឹមប៉ាផុសហើយ នោះក៏ប្រទះនឹងសាសន៍យូដាម្នាក់ ដែលធ្វើជាគ្រូអាបធ្មប់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ ៧ គ្រូនោះនៅជាមួយនឹងអ្នកដំណាងជាតិរ៉ូមម្នាក់ ឈ្មោះស៊ើគាស-ប៉ូល៉ូស ជាអ្នកឆ្លៀវឆ្លាត លោកក៏ហៅបាណាបាស និងសុលមក ដើម្បីចង់ស្តាប់ព្រះបន្ទូល ៨ តែអេលីម៉ាស ជាគ្រូអាបធ្មប់នោះ (ដ្បិតឈ្មោះនោះប្រែមកដូច្នេះ) ក៏តាំងខ្លួនទាស់នឹងគេ ដើម្បីបង្វែរលោកមិនឲ្យជឿ ៩ តែសុលដែលហៅថា ប៉ុលដែរ គាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏សំឡឹងមើលទៅគ្រូនោះ ដោយនិយាយថា ១០ នែ មនុស្សដែលពេញដោយកិច្ចកល និងសេចក្តីល្បិចគ្រប់យ៉ាង ជាកូននៃអារក្ស ហើយជាខ្មាំងសត្រូវ ដល់គ្រប់ទាំងសេចក្តីសុចរិតអើយ តើមិនព្រមឈប់បង្ខូចផ្លូវត្រង់របស់ព្រះអម្ចាស់ទេឬអី ១១ មើល ឥឡូវនេះ ព្រះហស្តនៃព្រះអម្ចាស់បានមកលើឯងហើយ ឯងនឹងត្រូវខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃជាយូរបន្តិច នោះស្រាប់តែភ្នែករបស់គ្រូនោះបានទៅជាព្រិលៗ ហើយងងឹតសូន្យទៅ រួចក៏ដើរវិលវល់រកអ្នកណាឲ្យដឹកដៃ ១២ កាលលោកដំណាងជាតិឃើញការដែលកើតមកដូច្នោះ នោះក៏ជឿ ព្រមទាំងមានសេចក្តីអស្ចារ្យក្នុងចិត្ត អំពីសេចក្តីបង្រៀនរបស់ព្រះអម្ចាស់ផង។
ប៉ុល និងបាណាបាសនៅក្រុងអាន់ទីយ៉ូកក្នុងស្រុកពីស៊ីឌា
១៣ ប៉ុល និងពួកគូកនគាត់ ក៏ចុះសំពៅចេញពីប៉ាផុស ទៅដល់ពើកា នៅស្រុកប៉ាមភីលា ឯយ៉ូហាន គាត់បែកពីគេ ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ១៤ តែគេចេញពីពើកា ដើរកាត់ទៅឯអាន់ទីយ៉ូក នៅស្រុកពីស៊ីឌា ក៏ចូលទៅអង្គុយក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក ១៥ ក្រោយការដែលអានមើលក្រឹត្យវិន័យ និងគម្ពីរពួកហោរាហើយ នោះមេសាលាក៏ប្រើមនុស្ស ឲ្យទៅប្រាប់ថា បងប្អូនអើយ បើមានសេចក្តីអ្វីនឹងទូន្មានដល់ពួកជន នោះសូមបងប្អូនមានប្រសាសន៍ចុះ។
១៦ លំដាប់នោះ ប៉ុលក៏ក្រោកឡើង ធ្វើគ្រឿងសំគាល់នឹងដៃ និយាយថា ពួកសាសន៍អ៊ីស្រាអែល និងអស់អ្នកដែលកោតខ្លាចដល់ព្រះអើយ សូមស្តាប់ចុះ ១៧ ព្រះនៃសាសន៍អ៊ីស្រាអែលយើងនេះ ទ្រង់បានរើសពួកឰយុកោយើងរាល់គ្នា ក៏លើកដំកើងសាសន៍យើង ក្នុងកាលដែលគេអាស្រ័យនៅស្រុកអេស៊ីព្ទនៅឡើយ រួចទ្រង់នាំគេចេញពីស្រុកនោះ ដោយព្រះហស្តដ៏មានព្រះចេស្តា ១៨ ហើយទ្រង់បានទ្រាំទ្រនឹងកិរិយារបស់គេ នៅទីរហោស្ថាន ក្នុងរវាងប្រហែលជា៤០ឆ្នាំ ១៩ ក្រោយដែលទ្រង់បានបំផ្លាញសាសន៍ទាំង៧នគរនៅស្រុកកាណាន នោះក៏ចែកស្រុករបស់គេដល់ពួកឰយុកោយើងដោយចាប់ឆ្នោត ២០ ក្រោយការទាំងនោះមក ទ្រង់ប្រទានឲ្យមានចៅហ្វាយក្នុងរវាងប្រហែលជា៤៥០ឆ្នាំ ដរាបដល់គ្រាហោរាសាំយូអែល ២១ នោះគេសូមឲ្យមានស្តេច រួចព្រះទ្រង់តាំងសូល ជាបុត្រគីស ក្នុងពូជអំបូរបេនយ៉ាមីន ឲ្យធ្វើជាស្តេចលើគេ នៅរវាង៤០ឆ្នាំ ២២ កាលដកស្តេចនោះចេញហើយ នោះទ្រង់លើកដាវីឌតាំងឡើងជាស្តេចវិញ ក៏ធ្វើបន្ទាល់ពីស្តេចដាវីឌថា «អញរកបានដាវីឌ កូនអ៊ីសាយ ជាទីគាប់ចិត្តដល់អញ ដែលនឹងធ្វើតាមចិត្តអញគ្រប់ជំពូក» ២៣ គឺពីព្រះវង្សាស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះអង្គសង្គ្រោះ១អង្គ ដល់សាសន៍អ៊ីស្រាអែល តាមសេចក្តីសន្យា គឺជាព្រះយេស៊ូវ ២៤ តែមុនដែលទ្រង់យាងមក នោះលោកយ៉ូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែលទាំងអស់គ្នាជាស្រេចហើយ ២៥ កាលលោកយ៉ូហានកំពុងតែធ្វើសំរេចការងារ នោះលោកមានប្រសាសន៍ថា តើអ្នករាល់គ្នាស្មានថា ខ្ញុំជាអ្នកណា ខ្ញុំមិនមែនជាព្រះអង្គនោះទេ តែមើល ព្រះអង្គនោះយាងមកក្រោយខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផង។
២៦ ឱបងប្អូន ជាកូនចៅពូជអ័ប្រាហាំ និងអស់អ្នកក្នុងពួកអ្នករាល់គ្នា ដែលកោតខ្លាចដល់ព្រះអើយ ទ្រង់បានផ្ញើព្រះបន្ទូលពីសេចក្តីសង្គ្រោះនេះ មកដល់អ្នករាល់គ្នា ២៧ ដ្បិតដោយព្រោះពួកមនុស្សនៅក្រុងយេរូសាឡិម ព្រមទាំងពួកមេរបស់គេមិនបានស្គាល់ទ្រង់ទេ ក៏មិនបានយល់សេចក្តីទំនាយរបស់ពួកហោរា ដែលគេមើលរាល់តែថ្ងៃឈប់សំរាកដែរ បានជាគេធ្វើសំរេចតាមសេចក្តីទំនាយនោះឯង ដោយគេបានកាត់ទោសដល់ទ្រង់ ២៨ ហើយទោះបើគេរកហេតុអ្វីនឹងសំឡាប់ទ្រង់មិនបានក៏ដោយ គង់តែគេសូមអង្វរដល់លោកពីឡាត់ ឲ្យបានសំឡាប់ទ្រង់ដែរ ២៩ ក្រោយដែលគេធ្វើសំរេចគ្រប់សេចក្តី ដែលចែងទុកពីទ្រង់រួចហើយ នោះគេក៏យកទ្រង់ចុះពីឈើឆ្កាងមកបញ្ចុះក្នុងផ្នូរ ៣០ តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ៣១ ហើយទ្រង់លេចមក ឲ្យពួកអ្នកដែលបានឡើងពីស្រុកកាលីឡេ មកឯក្រុងយេរូសាឡិមជាមួយនឹងទ្រង់បានឃើញជាយូរថ្ងៃ អ្នកទាំងនោះជាស្មរបន្ទាល់ពីទ្រង់ដល់ពួកជនទាំងឡាយ។
៣២ យើងខ្ញុំក៏ប្រាប់ដំណឹងល្អនេះ ដល់អ្នករាល់គ្នា គឺជាសេចក្តីសន្យា ដែលបានតាំងនឹងពួកឰយុកោយើងថា ៣៣ ព្រះបានធ្វើសំរេចតាមសេចក្តីសន្យាទ្រង់ ដល់យើងជាពូជនៃពួកឰយុកោនោះហើយ ដោយទ្រង់បានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដូចមានសេចក្តីចែងទុកមក ក្នុងទំនុកដំកើងបទទី២ថា «ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ» ៣៤ ហើយដែលព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីមិនឲ្យទ្រង់ត្រឡប់ទៅឯសេចក្តីពុករលួយទៀតឡើយ នោះទ្រង់មានព្រះបន្ទូលដូច្នេះថា «អញនឹងផ្តល់សេចក្តីមេត្តាករុណាស្មោះត្រង់ដែលឲ្យដល់ដាវីឌ ដល់ឯងរាល់គ្នាដែរ» ៣៥ ហេតុដូច្នេះបានជាទ្រង់មានព្រះបន្ទូលក្នុងបទ១ទៀតថា «ទ្រង់មិនទុកឲ្យអ្នកបរិសុទ្ធនៃទ្រង់ ឃើញសេចក្តីពុករលួយឡើយ» ៣៦ រីឯហ្លួងដាវីឌ កាលទ្រង់បានធ្វើការងារចំពោះមនុស្សជំនាន់ទ្រង់ តាមព្រះហឫទ័យព្រះ រួចស្រេចហើយ នោះក៏ផ្ទំលក់ទៅ ហើយបានប្រមូលទៅមូលនឹងពួកឰយុកោទ្រង់ ក៏ឃើញសេចក្តីពុករលួយដែរ ៣៧ តែព្រះអង្គនោះ ដែលព្រះបានប្រោសឲ្យរស់ឡើងវិញ ទ្រង់មិនបានឃើញសេចក្តីពុករលួយឡើយ ៣៨ ដូច្នេះ អ្នករាល់គ្នា ជាបងប្អូនអើយ សូមជ្រាបថា ដែលមានសេចក្តីប្រោសឲ្យរួចពីបាប បានប្រកាសប្រាប់ដល់អ្នករាល់គ្នា នោះគឺដោយសារព្រះអង្គនោះឯង ៣៩ មួយទៀត ដោយសារទ្រង់ អស់អ្នកណាដែលជឿ បានរាប់ជាសុចរិត រួចពីគ្រប់ការទាំងអស់ ដែលពុំអាចនឹងបានរាប់ជាសុចរិត ដោយសារក្រឹត្យវិន័យលោកម៉ូសេបានឡើយ ៤០ ដូច្នេះ ត្រូវប្រយ័ត្ន ក្រែងអ្នករាល់គ្នាកើតមានសេចក្តី ដែលពួកហោរាបានទាយទុកថា ៤១ «នែ អស់អ្នកដែលមើលងាយអើយ ចូរភាំងឆ្ងល់ ហើយវិនាសទៅចុះ ដ្បិតអញធ្វើការ១នៅជំនាន់ឯងរាល់គ្នា គឺជាការដែលឯងរាល់គ្នាមិនព្រមជឿឡើយ ទោះបើមានគេប្រាប់មកឯងរាល់គ្នាក៏ដោយ»។
៤២ កាលពួកសាសន៍យូដា បានចេញពីសាលាប្រជុំទៅហើយ នោះពួកសាសន៍ដទៃ ក៏សូមឲ្យប៉ុលអធិប្បាយ តាមសេចក្តីទាំងនោះ នៅថ្ងៃឈប់សំរាកមួយក្រោយទៀត ៤៣ កាលពួកអ្នកប្រជុំនោះបានបែកចេញពីគ្នាទៅ នោះមានពួកសាសន៍យូដា និងពួកចូលសាសន៍ជាច្រើន ដែលមកថ្វាយបង្គំ គេដើរតាមប៉ុល និងបាណាបាស ដែលទូន្មានឲ្យគេកាន់ខ្ជាប់ក្នុងព្រះគុណនៃព្រះ។
៤៤ ដល់ថ្ងៃឈប់សំរាកក្រោយ នោះពួកអ្នកក្រុងស្ទើរតែទាំងអស់ ក៏មកប្រជុំគ្នា ដើម្បីនឹងស្តាប់ព្រះបន្ទូល ៤៥ តែកាលពួកសាសន៍យូដាបានឃើញមនុស្សទាំងហ្វូងដូច្នេះ នោះកើតមានចិត្តពេញដោយសេចក្តីច្រណែន ហើយក៏ឆ្លើយទទឹងទាស់នឹងសេចក្តី ដែលប៉ុលអធិប្បាយនោះ ទាំងជំនះ ហើយប្រមាថផង ៤៦ ប៉ុន្តែ ប៉ុល និងបាណាបាសនិយាយដោយក្លាហានថា មុខគួរឲ្យយើងខ្ញុំថ្លែងប្រាប់ព្រះបន្ទូល ដល់អ្នករាល់គ្នាជាមុនដំបូង ប៉ុន្តែ ដោយព្រោះអ្នករាល់គ្នាបោះបង់ចោលព្រះបន្ទូលនោះ ហើយជំនុំជំរះកាត់ទោសដល់ខ្លួនឯងថា មិនគួរនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនោះទេ ហេតុដូច្នេះបានជាយើងខ្ញុំបែរទៅឯពួកសាសន៍ដទៃវិញ ៤៧ ដ្បិតព្រះអម្ចាស់ ទ្រង់បានបង្គាប់មកយើងខ្ញុំដូច្នេះថា «អញបានតាំងឯងសំរាប់ជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យឯងបានសំរាប់ជាសេចក្តីសង្គ្រោះដល់ចុងផែនដីបំផុត»។
៤៨ កាលពួកសាសន៍ដទៃបានឮដូច្នេះ នោះគេមានសេចក្តីអំណរ ហើយក៏សរសើរព្រះបន្ទូលនៃព្រះអម្ចាស់ ចំណែកអស់អ្នកដែលត្រូវបានជីវិតអស់កល្បជានិច្ច នោះក៏បានជឿ ៤៩ ឯព្រះបន្ទូលនៃព្រះអម្ចាស់ បានផ្សាយសុសសាយទួទៅពេញក្នុងស្រុកនោះ ៥០ តែពួកសាសន៍យូដាគេញុះញង់ពួកស្ត្រីអ្នកមុខអ្នកការ ដែលមកថ្វាយបង្គំ និងពួកអ្នកធំនៅក្នុងទីក្រុងនោះ បណ្តាលឲ្យមានសេចក្តីបៀតបៀន ដល់ប៉ុល និងបាណាបាស ក៏ដេញអ្នកទាំង២នោះចេញពីស្រុកគេទៅ ៥១ ដូច្នេះ អ្នកទាំង២ក៏រលាស់ធូលីដី ពីជើងចេញទាស់នឹងគេ រួចចេញទៅឯក្រុងអ៊ីកូនាម ៥២ ឯពួកសិស្ស គេមានចិត្តពេញដោយសេចក្តីអំណរ ហើយនិងព្រះវិញ្ញាណបរិសុទ្ធ។