១៦
ធីម៉ូថេ​រួម​ដំណើរ​ជា​មួយ​ប៉ុល និង​ស៊ីឡាស
១ រីឯ​ប៉ុល បាន​ទៅ​ដល់​ក្រុង​ឌើបេ និង​លីស្ត្រា ហើយ​នៅ​ទី​នោះ ក៏​ប្រទះ​ឃើញ​សិស្ស​ម្នាក់ ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់ ដែល​បាន​ជឿ តែ​ឪពុក​ជា​សាសន៍​ក្រេក ២ គាត់​ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​ជំនុំ​នៅ​លីស្ត្រា និង​អ៊ីកូនាម ៣ ឯ​ប៉ុល ចង់​ឲ្យ​អ្នក​នោះ​ទៅ​ជា​មួយ​ផង បាន​ជា​គាត់​នាំ​យក​ទៅ​កាត់​ស្បែក​ឲ្យ ដោយ​ព្រោះ​ពួក​សាសន៍​យូដា​ដែល​នៅ​ស្រុក​ទាំង​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក​គាត់​ជា​សាសន៍​ក្រេក ៤ កំពុង​ដែល​ដើរ​កាត់​អស់​ទាំង​ទី​ក្រុង នោះ​ក៏​ប្រគល់​សេចក្តី​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដល់​គេ ជា​សេចក្តី​ដែល​ពួក​សាវ័ក និង​ពួក​ចាស់ទុំ ដែល​នៅ​ក្រុង​យេរូសាឡិម បាន​ជំនុំ​សំរេច​ឲ្យ​កាន់​តាម ៥ យ៉ាង​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន មាន​សេចក្តី​ជំនឿ រឹត​តែ​ខ្លាំង ហើយ​ចំនួន​នៃ​ពួក​សិស្ស ចេះ​តែ​ចំរើន​កើន​ឡើង​ជា​រាល់​ថ្ងៃ។
ប៉ុល​នៅ​ក្រុង​ទ្រអាស ព្រះ​ចាត់​លោក​ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន
៦ កាល​បាន​ដើរ​កាត់​ស្រុក​ព្រីគា និង​ដែន​ខេត្ត​កាឡាទី នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ ទ្រង់​ឃាត់ មិន​ឲ្យ​ផ្សាយ​ព្រះបន្ទូល​នៅ​ស្រុក​អាស៊ី​ទេ ៧ បាន​ជា​នាំ​គ្នា​ចុះ​ទៅ​ឯ​ស្រុក​មីស៊ា​វិញ ហើយ​ខំ​ចូល​ទៅ​ក្នុង​ស្រុក​ប៊ីធូនា ប៉ុន្តែ​ព្រះវិញ្ញាណ​នៃ​ព្រះយេស៊ូវ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ ៨ រួច​គេ​ដើរ​ហួស​ពី​ស្រុក​មីស៊ា ចុះ​ទៅ​ឯ​ទ្រអាស​វិញ ៩ នៅ​យប់​នោះ ប៉ុល​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង ជា​មនុស្ស​ពី​ស្រុក​ម៉ាសេដូន​ម្នាក់ ឈរ​អង្វរ​គាត់​ថា សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង ១០ លុះ​គាត់​បាន​ឃើញ​ការ​ជាក់​ស្តែង​នោះ​រួច​ហើយ នោះ​យើងក៏​រក​ឱកាស​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះអម្ចាស់​ទ្រង់​ហៅ​យើង ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ​ដល់​គេ។
ប៉ុល​នៅ​ក្រុង​ភីលីព នាង​លីឌា​ប្រែ​ចិត្ត​គំនិត​មក​ជឿ​ព្រះអម្ចាស់
១១ កាល​បាន​ចុះ​សំពៅ​ចេញ​ពី​ទ្រអាស​ទៅ នោះ​ក៏​ដំរង់​ទៅ​ឯ​កោះ​សាម៉ូត្រាស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​នាប៉ូល ១២ ពី​ទី​នោះ យើង​ក៏​ទៅ​ដល់​ក្រុង​ភីលីព ជា​ទី​ក្រុង​លេខ​១​ក្នុង​ដែន​ខេត្ត​ម៉ាសេដូន ដែល​ជា​ស្រុក​ចំណុះ ហើយ​យើង​សំចត​នៅ​ទី​នោះ​បាន​បួន​ដប់​ថ្ងៃ។
១៣ ដល់​ថ្ងៃ​ឈប់​សំរាក យើង​ដើរ​ចេញ​ពី​ទី​ក្រុង ទៅ​ឯ​មាត់​ទន្លេ ជា​កន្លែង​ដែល​គេ​ធ្លាប់​អធិស្ឋាន ក៏​អង្គុយ​និយាយ​នឹង​ពួក​ស្រីៗ ដែល​ប្រជុំ​គ្នា ១៤ នោះ​មាន​ស្ត្រី​ម្នាក់ ជា​អ្នក​ជំនួញ​ល័ខ​ពណ៌​ស្វាយ ឈ្មោះ​លីឌា ពី​ក្រុង​ធាទេរ៉ា ជា​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ នាង​ប្រុង​ស្តាប់ ហើយ​ព្រះអម្ចាស់​ទ្រង់​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​តាម​សេចក្តី ដែល​ប៉ុល​អធិប្បាយ ១៥ កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់​លោក​យល់​ឃើញ​ថា ខ្ញុំ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំ​ខាន នាង​ក៏​បង្ខំ​ដល់​យើង។
ប៉ុល និង​ស៊ីឡាស​ជាប់​ឃុំឃាំង​នៅ​ក្រុង​ភីលីព
១៦ រួច​កាល​យើង​កំពុង​តែ​ទៅ​ឯ​ទី​អធិស្ឋាន នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ជួប​នឹង​យើង នាង​នោះ​មាន​អារក្ស​ភីថង់​ចូល ក៏​បាន​ចំរើន​ឲ្យ​ចៅហ្វាយ​នាង​ជា​ច្រើន ដោយ​ការ​ទាយ ១៧ នាង​ដើរ​តាម​ប៉ុល និង​យើង​ខ្ញុំ ទាំង​ស្រែក​ថា អ្នក​ទាំង​នេះ​ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ ១៨ នាង​ក៏​ធ្វើ​ដូច្នោះ​ជា​យូរ​ថ្ងៃ ទាល់​តែ​ប៉ុល​មាន​សេចក្តី​រំខាន​ចិត្ត ហើយ​បែរ​ទៅ​និយាយ​នឹង​អារក្ស​នោះ​ថា អញ​បង្គាប់​ឯង​ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​ឯង​ចេញ​ពី​នាង​នេះ​ទៅ វា​ក៏​ចេញ​ទៅ​នៅ​វេលា​នោះ​ឯង ១៩ កាល​ពួក​ចៅហ្វាយ​របស់​នាង​ឃើញ​ថា ទី​សង្ឃឹម​ដែល​នឹង​បាន​កំរៃ បាន​បាត់​អស់​ទៅ​ហើយ នោះ​គេ​ក៏​ចាប់​ប៉ុល និង​ស៊ីឡាស ដោយ​កន្ត្រាក់កន្ត្រែង​នាំ​ទៅ​ឯ​ទី​ផ្សារ នៅ​ចំពោះ​មុខ​មេ​នគរបាល ២០ រួច​កាល​នាំ​ទៅ​ដល់​នាយក​ដំរួត​នគរបាល គេ​ជំរាប​ថា ពួក​សាសន៍​យូដា​ទាំង​នេះ​នាំ​ឲ្យ​ទី​ក្រុង​យើង កើត​វឹកវរ​ជា​ខ្លាំង​ណាស់ ២១ គេ​ប្រកាស​ប្រាប់​ពី​ទំនៀមទំលាប់ ដែល​យើង​ខ្ញុំ​ជា​សាសន៍​រ៉ូម គ្មាន​ច្បាប់​ទទួល ឬ​កាន់​តាម​ឡើយ ២២ ហ្វូង​មនុស្ស​ក៏​លើក​គ្នា​ទាស់​នឹង​ប៉ុល ហើយ​និង​ស៊ីឡាស​ដែរ រួច​មេ​នគរបាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់ ២៣ ក្រោយ​ដែល​វាយ មាន​ស្នាម​ជា​ច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់​គុក បង្គាប់​មេភូឃុំ ឲ្យ​រក្សា​ដោយ​ប្រយ័ត្នប្រយែង ២៤ មេភូឃុំ​ទទួល​បង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រម​ទាំង​ដាក់​ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង ២៥ លុះ​ពេល​ប្រហែល​ជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុង​តែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នក​ទោស​ក៏​ស្តាប់​ដែរ ២៦ នោះ​ស្រាប់​តែ​កើត​មាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំង​អស់​ទៅ ២៧ កាល​មេភូឃុំ​ភ្ញាក់​ឡើង ឃើញ​ទ្វារ​គុក​នៅ​ចំហ​ដូច្នោះ ក៏​ហូត​ដាវ​បំរុង​នឹង​សំឡាប់​ខ្លួន​ចោល ដោយ​ស្មាន​ថា អ្នក​ទោស​បាន​រត់​រួច​អស់​ហើយ ២៨ ប៉ុន្តែ ប៉ុល​ស្រែក​ឡើង​ឃាត់​ថា កុំ​ធ្វើ​បាប​ខ្លួន​ឡើយ ដ្បិត​យើង​នៅ​ឯ​ណេះ​ទាំង​អស់​គ្នា​ទេ ២៩ មេភូឃុំ​ក៏​ឲ្យ​គេ​យក​ភ្លើង​មក រួច​ម្នីម្នា​ស្ទុះ​ចូល​ទៅ​ក្នុង​គុក ផ្តួល​ខ្លួន​នៅ​ទៀប​ជើង​ប៉ុល និង​ស៊ីឡាស ទាំង​ញាប់ញ័រ ៣០ គាត់​នាំ​គេ​ចេញ​ទៅ​ក្រៅ​សួរ​ថា លោក​ម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​សង្គ្រោះ​ផង ៣១ គេ​ក៏​ប្រាប់​គាត់​ថា ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង ៣២ គេ​ក៏​ផ្សាយ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​ដល់​គាត់ និង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ ៣៣ នៅ​វេលា​យប់​នោះ​ឯង គាត់​យក​គេ​ទៅ​លាង​ស្នាម​រំពាត់​ចេញ រួច​ខ្លួន​គាត់ និង​ពួក​គាត់​ទាំង​អស់ ក៏​ទទួល​បុណ្យ​ជ្រមុជទឹក​ភ្លាម ៣៤ នោះ​គាត់​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​រៀប​តុ​ឲ្យ​បរិភោគ ដោយ​មាន​ចិត្ត​រីករាយ​សាទរ ព្រម​ទាំង​ពួក​គ្រួ​គាត់​ផង ដោយ​ព្រោះ​បាន​ជឿ​ដល់​ព្រះ​ហើយ។
៣៥ ដល់​ភ្លឺ​ឡើង នោះ​មេ​នគរបាល​ចាត់​ពួក​នាយ ឲ្យ​ទៅ​ប្រាប់​ថា ចូរ​លែង​អ្នក​ទាំង​២​នោះ​ទៅ ៣៦ មេភូឃុំ​ក៏​ប្រាប់​ដល់​ប៉ុល តាម​ពាក្យ​នោះ​ថា លោក​នគរបាល​បាន​ចាត់​គេ​មក ប្រាប់​ឲ្យ​លែង​លោក​ចេញ​ទៅ​ហើយ ដូច្នេះ សូម​អញ្ជើញ​ទៅ​ដោយ​សុខ​សាន្ត​ចុះ ៣៧ តែ​ប៉ុល​ឆ្លើយ​ទៅ​គេ​ថា ពួក​មេ​នគរបាល​វាយ​យើង​នឹង​រំពាត់ នៅ​កណ្តាល​ជំនុំ ឥត​មាន​កាត់​ទោស ហើយ​បាន​ដាក់​គុក​យើង​ផង ដែល​យើង​ជា​ជាតិ​រ៉ូម​ដូច្នេះ ឥឡូវ​នេះ លោក​ចង់​គេចកែ​ប្រែ​ជា​ដេញ​យើង​ទៅ​ដោយ​សំងាត់​វិញ​ឬ ធ្វើ​ដូច្នេះ​ពុំ​បាន​ទេ ត្រូវ​ឲ្យ​ខ្លួន​លោក​មក​នាំ​យើង​ចេញ​ទៅ​វិញ ៣៨ ពួក​នាយ​ក៏​ទៅ​ជំរាប​តាម​ពាក្យ​នោះ រួច​ពួក​មេ​នគរបាល​មាន​សេចក្តី​ភិតភ័យ ដោយ​ឮ​ថា​ជា​ជាតិ​រ៉ូម ៣៩ ក៏​មក​សូម​អង្វរ​ដល់​គាត់​ទាំង​២​នាក់ រួច​នាំ​ចេញ​ពី​ក្នុង​គុក ហើយ​សូម​ឲ្យ​ចេញ​ពី​ទី​ក្រុង​គេ​ទៅ ៤០ កាល​ចេញ​ពី​គុក​ហើយ ទើប​នាំ​គ្នា​ទៅ​ឯ​នាង​លីឌា លុះ​បាន​ឃើញ​ពួក​ជំនុំ នោះ​ក៏​ទូន្មាន​ដល់​គេ រួច​ចេញ​ដំណើរ​ទៅ។