២១
ប៉ុល​នៅ​ក្រុង​ទីរ៉ុស និង​នៅ​ក្រុង​សេសារា
១ កាល​យើង​បាន​ឃ្លាត​ចេញ​ផុត​ពី​គេ​ទៅ​ហើយ នោះ​ក៏​បើក​ក្តោង​ដំរង់​ទៅ​ឯ​កោះ​កូស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​កោះ​រ៉ូដូស រួច​ពី​នោះ​ទៅ​ដល់​ក្រុង​ប៉ាតារ៉ា ២ កាល​ឃើញ​សំពៅ​១​មាន​ដំណើរ​ទៅ​ឯ​ស្រុក​ភេនីស នោះ​យើង​ក៏​ចុះ​តាម​សំពៅ​នោះ​ចេញ​ទៅ​ទៀត ៣ ដល់​បាន​ឃើញ​កោះ​គីប្រុស​ហើយ នោះ​បាន​បើក​បង្ហួស​ទៅ​ខាង​ឆ្វេង រួច​ទៅ​ដល់​ស្រុក​ស៊ីរី ចូល​ចត​នៅ​ត្រង់​ក្រុង​ទីរ៉ុស ដ្បិត​សំពៅ​ត្រូវ​រើ​ទំនិញ​នៅ​ទី​នោះ ៤ លុះ​កាល​រក​ឃើញ​ពួក​សិស្ស​ហើយ នោះ​ក៏​ស្នាក់​នៅ​ទី​នោះ​៧​ថ្ងៃ ហើយ​គេ​ឃាត់​ប៉ុល​ដោយ​នូវ​ព្រះវិញ្ញាណ មិន​ឲ្យ​គាត់​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ឡើយ ៥ ប៉ុន្តែ ដល់​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ យើង​ក៏​ចេញ​ធ្វើ​ដំណើរ​ដើរ​ទៀត ឯ​ពួក​គេ​ទាំង​អស់ ព្រម​ទាំង​ប្រពន្ធ​កូន បាន​ជូន​យើង​ខ្ញុំ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​ច្រាំង ៦ កាល​បាន​លា​គ្នា​រួច​ជា​ស្រេច នោះ​យើង​ក៏​ចុះ​សំពៅ​ទៅ ហើយ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៧ លុះ​សំរេច​ដំណើរ​ពី​ក្រុង​ទីរ៉ុស ទៅ​ដល់​ផ្ទលេមេ​ហើយ នោះ​ក៏​ទៅ​ជំរាប​សួរ​ដល់​ពួក​ជំនុំ ហើយ​បាន​សំចត​នៅ​ជា​មួយ​នឹង​គេ​អស់​១​ថ្ងៃ ៨ ដល់​ថ្ងៃ​ស្អែក​ឡើង ប៉ុល និង​ពួក​គាត់​បាន​ចេញ​ទៅ​ឯ​សេសារា ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ម្នាក់​ក្នុង​ពួក​ទាំង​៧​នាក់នោះ ហើយ​ស្នាក់​នៅ​នឹង​គាត់ ៩ អ្នក​នោះ​មាន​កូន​ក្រមុំ​៤​នាក់​ដែល​ចេះ​ទាយ​ទំនាយ ១០ លុះ​យើង​បាន​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ នោះ​មាន​ហោរា​ម្នាក់ ឈ្មោះ​អ័ក្កាបុស គាត់​ចុះ​ពី​ស្រុក​យូដា​មក ១១ លុះ​មក​ដល់​យើង​ហើយ គាត់​ក៏​យក​ខ្សែ​ក្រវាត់​របស់​ប៉ុល​មក ចង​ជើង​ចង​ដៃ​ខ្លួន ប្រាប់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ពួក​សាសន៍​យូដា​នឹង​ចាប់​ចង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​បែប​យ៉ាង​នេះ នៅ​ក្រុង​យេរូសាឡិម ហើយ​នឹង​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ ១២ កាល​ឮ​ដូច្នោះ នោះ​យើង និង​ពួក​អ្នក​នៅ​ទី​នោះ ក៏​អង្វរ​ប៉ុល មិន​ឲ្យ​ឡើង​ទៅ​ឯ​ក្រុង​យេរូឡិម​ឡើយ ១៣ តែ​គាត់​ឆ្លើយ​ថា ហេតុ​អ្វី​បាន​ជា​យំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​យ៉ាង​ដូច្នេះ ពី​ព្រោះ​ខ្ញុំ​ព្រម​ស្រេច​ហើយ នឹង​ឲ្យ​គេ​ចាប់​ចង​ខ្ញុំ​ចុះ មិន​តែ​ប៉ុណ្ណោះ​សោត ថែម​ទាំង​សុខ​ចិត្ត​ស្លាប់​ផង នៅ​ក្នុង​ក្រុង​យេរូសាឡិម​ទៀត គឺ​ដោយ​យល់​ដល់​ព្រះនាម​ព្រះអម្ចាស់យេស៊ូវ ១៤ នោះ​យើង​ក៏​ឈប់​និយាយ ដោយ​ថា សូម​តាម​ព្រះហឫទ័យ​ព្រះអម្ចាស់​ចុះ ពី​ព្រោះ​គាត់​មិន​យល់​ព្រម​តាម​យើង​ទេ។
១៥ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​មក កាល​យើង​បាន​រៀប​អីវ៉ាន់​ស្រេច​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម ១៦ ក៏​មាន​សិស្ស​ខ្លះ​ពី​សេសារា​ទៅ​ជា​មួយ​នឹង​យើង​ដែរ បាន​នាំ​ទាំង​មនុស្ស​ម្នាក់ ឈ្មោះ​ម៉្នាសុន ជា​សិស្ស​ចាស់ ពី​កោះ​គីប្រុស ដែល​យើង​រាល់​គ្នា​ត្រូវ​ស្នាក់​នៅ​ក្នុង​ផ្ទះ​គាត់​ទៅ​ផង។
ប៉ុល​នៅ​ក្រុង​យេរូសាឡិម
១៧ គ្រា​ដល់​ក្រុង​យេរូសាឡិម​ហើយ នោះ​ពួក​ជំនុំ​ក៏​ទទួល​យើង​ដោយ​អំណរ ១៨ ថ្ងៃ​ស្អែក​ឡើង ប៉ុល​ក៏​ចូល​ទៅ​សួរ​យ៉ាកុប​ជា​មួយ​នឹង​យើង ក្នុង​កាល​ដែល​ពួក​ចាស់ទុំ​ទាំង​អស់​ប្រជុំ​គ្នា​នៅ​ទី​នោះ ១៩ កាល​គាត់​បាន​ជំរាប​សួរ​ដល់​គេ​រួច​ហើយ នោះ​គាត់​ថ្លែង​ប្រាប់ ពី​អស់​ទាំង​ការ​និមួយៗ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយសារ​គាត់ ២០ គេ​ឮ​ដូច្នោះ ក៏​សរសើរដំកើង​ដល់​ព្រះ រួច​និយាយ​ទៅ​ប៉ុល​ថា បង​អើយ បង​ដឹង​ថា មាន​សាសន៍​យូដា​ប៉ុន្មាន​ម៉ឺន​បាន​ជឿ​ហើយ គេ​សុទ្ធ​តែ​មាន​សេចក្តី​ឧស្សាហ៍​ខ្មីឃ្មាត​កាន់​តាម​ក្រឹត្យវិន័យ​ទាំង​អស់​គ្នា ២១ ក៏​បាន​ឮ​និយាយ​ពី​បង​ថា បង​បង្រៀន​ដល់​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​សាសន៍​ដទៃ ឲ្យ​គេ​លះ​ចោល​លោក​ម៉ូសេ​ចេញ ព្រម​ទាំង​ហាមប្រាម​គេ កុំ​ឲ្យ​កាត់​ស្បែក​កូន ឬ​ប្រតិបត្តិ​តាម​ទំលាប់​ពី​បុរាណ​ផង ២២ ដូច្នេះ តើ​ដូច​ម្តេច មុខ​ជា​នឹង​មាន​គេ​ប្រជុំ​គ្នា​ទាំង​ហ្វូង​ជា​មិន​ខាន ដ្បិត​គេ​នឹង​ឮ​ថា បង​មក​ដល់​ហើយ ២៣ ដូច្នេះ ចូរ​បង​ធ្វើ​តាម​ពាក្យ​យើង​វិញ ដ្បិត​មាន​មនុស្ស​៤​នាក់​ក្នុង​ពួក​យើង នៅ​ជាប់​ក្នុង​បំណន់​នៅ​ឡើយ ២៤ ចូរ​បង​នាំ​យក​គេ​ទៅ​លា​បំណន់​ជា​មួយ​គ្នា ហើយ​ចេញ​សោហ៊ុយ​ឲ្យ​គេ​ផង ដើម្បី​ឲ្យ​គេ​បាន​កោរ​សក់​ចេញ នោះ​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា សេចក្តី​ដែល​គេ​ឮ​និយាយ​ពី​បង​នោះ​មិន​ពិត​ទេ គឺ​ខ្លួន​បង​តែង​ប្រព្រឹត្ត​ទៀង​ត្រង់ ហើយ​កាន់​តាម​ក្រឹត្យវិន័យ​ដែរ ២៥ ឯ​ពួក​សាសន៍​ដទៃ​ដែល​ជឿ នោះ​យើង​បាន​ផ្ញើ​សំបុត្រ​ទៅ​ហើយ ដោយ​សំរេច​ថា មិន​ចាំ​បាច់​ឲ្យ​គេ​កាន់​តាម​សេចក្តី​ទាំង​នោះ​ទេ ត្រូវ​ប្រយ័ត្ន​តែ​នឹង​របស់​អ្វី ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឈាម និង​សត្វ​សំឡាប់​ដោយ​ច្របាច់​ក ហើយ​និង​សេចក្តី​កំផិត​ប៉ុណ្ណោះ ២៦ នោះ​ប៉ុល​ក៏​នាំ​យក​អ្នក​ទាំង​នោះ​ទៅ លុះ​ស្អែក​ឡើង កាល​បាន​ញែក​ជា​បរិសុទ្ធ​ជា​មួយ​នឹង​គេ​ហើយ ក៏​ចូល​ទៅ​ក្នុង​ព្រះវិហារ ដើម្បី​ប្រាប់​ពី​កំណត់​ដែល​ត្រូវ​បាន​បរិសុទ្ធ ចាំ​ទំរាំ​ដល់​បាន​ថ្វាយ​ដង្វាយ​សំរាប់​គេ​គ្រប់​គ្នា។
ប៉ុល​ត្រូវ​គេ​ចាប់​ខ្លួន​នៅ​ក្នុង​ព្រះវិហារ
២៧ កាល​ជិត​គ្រប់​៧​ថ្ងៃ​នោះ​ហើយ នោះ​ពួក​សាសន៍​យូដា​ពី​ស្រុក​អាស៊ី គេ​ឃើញ​ប៉ុល​ក្នុង​ព្រះវិហារ ក៏​ញុះញង់​ដល់​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន រួច​លូក​ដៃ​ទៅ​ចាប់​យក​គាត់ ហើយ​ស្រែក​ថា ២៨ នែ អ្នក​រាល់​គ្នា ជា​សាសន៍​អ៊ីស្រាអែល​អើយ មក​វ៉ឺយ​ជួយ​គ្នា នេះ​ហើយ​ជា​មនុស្ស​ដែល​បង្រៀន​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទី​ដំបន់ ឲ្យ​ទាស់​នឹង​សាសន៍​យើង និង​ក្រឹត្យវិន័យ ហើយ​ទី​នេះ​ដែរ ឥឡូវ​នេះ បាន​នាំ​ទាំង​សាសន៍​ក្រេក​ចូល​មក​ក្នុង​ព្រះវិហារ ធ្វើ​បង្អាប់​ទី​បរិសុទ្ធ​នេះ​ថែម​ទៀត​ផង ២៩ ដំណើរ​នេះ គេ​ស្មាន​ថា គាត់​នាំ​សាសន៍​ក្រេក​នោះ​ទៅ​ក្នុង​ព្រះវិហារ ដោយ​ព្រោះ​ពី​ថ្ងៃ​មុន គេ​ឃើញ​ទ្រភីម ជា​អ្នក​ស្រុក​អេភេសូរ នៅ​ជា​មួយ​នឹង​គាត់​ក្នុង​ទី​ក្រុង ៣០ នោះ​ក្រុង​ទាំង​មូល​ក៏​កើត​ជ្រួលជ្រើម បណ្តាជន​ទាំងឡាយ គេ​រត់​មក​មូល​គ្នា កាល​ចាប់​ប៉ុល​បាន​ហើយ នោះ​គេ​ទាញ​កន្ត្រាក់​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ព្រះវិហារ រួច​បិទ​ទ្វារ​ភ្លាម ៣១ តែ​កំពុង​ដែល​គេ​រក​ចន្លោះ​សំឡាប់​គាត់ នោះ​ដំណឹង​ក៏​ឮ​ផ្សាយ​ទៅ​ដល់​មេ​ទ័ព​ធំ​ថា មាន​កើត​វឹកវរ​ពេញ​ក្នុង​ក្រុង​យេរូសាឡិម ៣២ លោក​ក៏​យក​ទាហាន និង​មេ​ទ័ព​រង នាំ​រត់​ចុះ​ទៅ​ឯ​គេ​ភ្លាម កាល​ឃើញ​លោក និង​ទាហាន​មក​ដល់ គេ​ក៏​ឈប់​លែង​វាយ​ប៉ុល ៣៣ លោក​ចូល​ទៅ​ចាប់​គាត់ ហើយ​បង្គាប់​ឲ្យ​ដាក់​ច្រវាក់​២​ខ្សែ រួច​ស៊ើប​សួរ​ពី​គាត់​ជា​អ្នក​ណា ហើយ​បាន​ធ្វើ​អ្វី​ខ្លះ ៣៤ តែ​ក្នុង​ហ្វូង​មនុស្ស ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដូច្នេះ លោក​ពុំ​អាច​នឹង​ដឹង​អ្វី​ជា​ប្រាកដ​បាន ដោយ​ព្រោះ​មាន​សូរស៊ានអឺងកង​ជា​ខ្លាំង បាន​ជា​លោក​បង្គាប់​ឲ្យ​នាំ​គាត់​ចូល​ទៅ​ក្នុង​បន្ទាយ ៣៥ លុះ​បាន​ដល់​ទៅ​ជណ្តើរ​បន្ទាយ​ហើយ នោះ​ពួក​ទាហាន​ត្រូវ​លើក​សែង​គាត់​ឡើង ដោយ​ព្រោះ​ហ្វូង​មនុស្ស​ច្រឡោត​ឡើង​ជា​ខ្លាំង ៣៦ ដ្បិត​មាន​បណ្តាជន​សន្ធឹក​ណាស់​ដែល​ដើរ​តាម​មក ទាំង​ស្រែក​ថា ឲ្យ​សំឡាប់​វា​ទៅ។
ប៉ុល​ឆ្លើយ​ដោះ​សា​ខ្លួន
៣៧ កាល​គេ​រៀប​នឹង​នាំ​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ នោះ​គាត់​និយាយ​ទៅ​មេ​ទ័ព​ធំ​ថា តើ​លោក​បើក​ឲ្យ​ខ្ញុំ​ជំរាប​បន្តិច​បាន​ឬ​ទេ លោក​សួរ​ថា ឯង​ចេះ​និយាយ​ភាសា​ក្រេក​ដែរ​ឬ ៣៨ ដូច្នេះ តើ​ឯង​មិន​មែន​ជា​សាសន៍​អេស៊ីព្ទ​នោះ ដែល​នាំ​ឲ្យ​បះបោរ​អំពី​មុន ព្រម​ទាំង​នាំ​ពួក​មនុស្ស​កាប់​ចាក់​គ្នា​៤​ពាន់​នាក់ ឲ្យ​ទៅ​នៅ​ទី​ហោរស្ថាន​ទេ​ឬ​អី ៣៩ តែ​ប៉ុល​ឆ្លើយ​តប​ថា ខ្ញុំ​ជា​សាសន៍​យូដា មក​ពី​ក្រុង​តើសុស ដែល​នៅ​ស្រុក​គីលីគា ឯ​ស្រុក​កំណើត​របស់​ខ្ញុំ មិន​មែន​ជា​ក្រុង​ឥត​មាន​កេរ្តិ៍​ឈ្មោះ​នោះ​ទេ ដូច្នេះ សូម​លោក​បើក​ឲ្យ​ខ្ញុំ​និយាយ​ទៅ​ជន​ទាំងឡាយ​បន្តិច​សិន ៤០ លោក​ក៏​បើក​ឱកាស​ឲ្យ រួច​ប៉ុល​ឈរ​លើ​ជណ្តើរ ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ​ដល់​បណ្តាជន លុះ​បាន​ស្ងប់​ស្ងាត់​ហើយ នោះ​គាត់​និយាយ​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា