៩
១ ខ្ញុំក៏ឃើញព្រះអម្ចាស់ទ្រង់ឈរក្បែរអាសនា ហើយទ្រង់បង្គាប់ថា ចូរវាយក្បាលសសរឲ្យជើងត្រូវញ័រ ហើយបំបែកនៅលើក្បាលរបស់មនុស្សទាំងអស់ រួចពួកអ្នកដែលសល់ អញនឹងប្រហារដោយដាវ ឥតមានអ្នកណា១ដែលរត់ទៅបាន ឬអ្នកណាដែលនឹងរួចឡើយ ២ ទោះបើគេជីកទំលុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏ដោយ គង់តែដៃអញនឹងចាប់គេមកពីទីនោះដែរ ហើយទោះបើគេប្រឹងឡើងទៅដល់ស្ថានសួគ៌ គង់តែអញនឹងនាំគេចុះពីនោះមកវិញ ៣ ទោះបើគេពួនខ្លួននៅលើកំពូលភ្នំកើមែលក៏ដោយ គង់តែអញនឹងរកគេ ហើយចាប់នាំចេញពីទីនោះមក ទោះបើបានលាក់កំបាំងពីភ្នែកអញនៅទីបាតាលនៃសមុទ្រក៏ដោយ គង់តែអញនឹងបង្គាប់ដល់នាគ ហើយវានឹងចឹកគេនៅទីនោះ ៤ ទោះបើគេត្រូវចាប់ទៅជាឈ្លើយនៅពីមុខខ្មាំងសត្រូវ គង់តែអញនឹងបង្គាប់ដល់ដាវ ហើយដាវនឹងសំឡាប់គេនៅទីនោះដែរ អើ អញនឹងផ្តោតភ្នែកទៅឯគេ សំរាប់ការអាក្រក់ មិនមែនជាការល្អទេ។ ៥ ដ្បិតព្រះអម្ចាស់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់ជាព្រះដែលគ្រាន់តែពាល់ផែនដី នោះផែនដីក៏រលាយទៅ ហើយអស់អ្នកដែលអាស្រ័យនៅ ក៏នឹងសោកសៅ ឯស្រុកគេទាំងមូលនឹងឡើងដូចជាទន្លេធំ រួចស្រកទៅវិញដូចជាទន្លេនៃស្រុកអេស៊ីព្ទ ៦ ឯព្រះដែលបានសាងអស់ទាំងស្ថានដ៏ខ្ពស់របស់ទ្រង់ នៅលើស្ថានសួគ៌ ហើយតាំងជីវិតទាំងឡាយ ឲ្យនៅផែនដី ក៏តែងតែបង្គាប់ទឹកសមុទ្រឲ្យឡើងទៅលើ រួចចាក់មកលើផែនដីវិញ ទ្រង់ព្រះនាមជា «ព្រះយេហូវ៉ា»។ ៧ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ឱពួកកូនចៅអ៊ីស្រាអែលអើយ តើឯងរាល់គ្នាមិនមែនដូចជាពួកកូនចៅរបស់សាសន៍អេធីយ៉ូពីដល់អញទេឬ តើមិនមែនអញដែលនាំពួកអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទ និងពួកភីលីស្ទីនពីស្រុកកាប់ថោរ ហើយពួកស៊ីរីពីស្រុកគារទេឬអី ៨ មើលព្រះនេត្រនៃព្រះអម្ចាស់យេហូវ៉ា ក៏ទតឃើញនគរនេះ ដែលមានបាប ហើយអញនឹងបំផ្លាញឲ្យសូន្យបាត់ពីផែនដីចេញតែព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញនឹងមិនបំផ្លាញពួកវង្សយ៉ាកុបអស់រលីងទេ ៩ ដ្បិតមើល អញនឹងបង្គាប់ហើយនឹងរែងពួកវង្សអ៊ីស្រាអែលទៅនៅកណ្តាលអស់ទាំងសាសន៍ ដូចជាគេរែងអង្ករនៅក្នុងកញ្ច្រែង ឥតមានគ្រាប់ណា១ធ្លាក់ដល់ដីឡើយ ១០ អស់អ្នកមានបាបក្នុងរាស្ត្រអញ ដែលពោលថា ការអាក្រក់នឹងតាមយើងមិនទាន់ឬប្រទះនឹងយើងឡើយ គេនឹងត្រូវស្លាប់ដោយដាវ។ ១១ នៅថ្ងៃនោះអញនឹងលើកទីលំនៅរបស់ដាវីឌឡើងវិញ គឺជាទីដែលត្រូវរលំ ហើយនឹងបិទចន្លោះបាក់បែកឲ្យជិត អញនឹងលើកទីខូចបង់ឡើង ហើយសង់ឡើងឲ្យដូចជាកាលពីដើម ១២ ដើម្បីឲ្យគេបានធ្វើជាម្ចាស់ លើសំណល់នៃសាសន៍អេដំម និងអស់ទាំងសាសន៍ផ្សេងៗ ដែលបានហៅតាមឈ្មោះអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាដែលទ្រង់ធ្វើការទាំងនេះ ១៣ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល មានថ្ងៃមក ដែលអ្នកភ្ជួររាស់នឹងធ្វើការ ដរាបដល់ជួបនឹងអ្នកច្រូតកាត់ ហើយអ្នកដែលជាន់ផ្លែទំពាំងបាយជូរ នឹងធ្វើការដរាបដល់ជួបនឹងអ្នកដែលសាបព្រោះ នោះភ្នំធំទាំងប៉ុន្មាន នឹងស្រក់ជាទឹកទំពាំងបាយជូរ ហើយអស់ទាំងភ្នំតូចនឹងហូរដែរ ១៤ អញនឹងនាំពួកអ៊ីស្រាអែល ជារាស្ត្រអញ ដែលជាប់ជាឈ្លើយឲ្យមកវិញ គេនឹងសង់អស់ទាំងទីក្រុងខូចបង់ឡើង ព្រមទាំងអាស្រ័យនៅផង គេនឹងដាំចំការទំពាំងបាយជូរ ក៏នឹងផឹកស្រាទំពាំងបាយជូរជាផលពីចំការនោះ គេនឹងដាំច្បារ ហើយស៊ីផលនោះដែរ ១៥ អញនឹងដាំគេចុះ នៅក្នុងស្រុករបស់គេ ហើយគេមិនត្រូវរលើងចេញពីស្រុករបស់ខ្លួន ដែលអញឲ្យដល់គេនោះទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង។:៚