១ ដូច្នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​រស់​ឡើង​វិញ ជា​មួយ​នឹង​ព្រះគ្រីស្ទ នោះ​ចូរ​ស្វែង​រក​អស់​ទាំង​សេចក្តី ដែល​នៅ​ស្ថាន​លើ​វិញ ជា​ស្ថាន​ដែល​ព្រះគ្រីស្ទ​គង់​ខាង​ស្តាំ​នៃ​ព្រះ ២ ចូរ​ផ្ចង់​ចិត្ត​ទៅ​ឯ​សេចក្តី​ទាំង​អស់​ដែល​នៅ​ខាង​លើ កុំ​ឲ្យ​ផ្ចង់​ទៅ​ឯ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​នៅ​ផែនដី​ឡើយ ៣ ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្លាប់​ហើយ ជីវិត​អ្នក​រាល់​គ្នា​ក៏​លាក់​ទុក​ក្នុង​ព្រះ ជា​មួយ​នឹង​ព្រះគ្រីស្ទ ៤ កាល​ណា​ព្រះគ្រីស្ទ​ដ៏​ជា​ជីវិត​នៃ​យើង បាន​លេច​មក នោះ​អ្នក​រាល់​គ្នា​នឹង​លេច​មក​ក្នុង​សិរីល្អ ជា​មួយ​នឹង​ទ្រង់​ដែរ។
ជីវិត​ចាស់ និង​ជីវិត​ថ្មី
៥ ដូច្នេះ ចូរ​សំឡាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​ជា​ការ​សហាយស្មន់​ស្មោកគ្រោក សំរើប​សំរាល ប៉ងប្រាថ្នា​អាក្រក់ និង​សេចក្តី​លោភ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ៦ គឺ​ដោយ​ហេតុ​សេចក្តី​ទាំង​នោះ បាន​ជា​សេចក្តី​ខ្ញាល់​របស់​ព្រះ​មក​លើ​ពួក​មនុស្ស​រឹងចចេស ៧ ហើយ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​កាល​ពី​ដើម គឺ​ពី​កាល​ដែល​នៅ​រស់​ក្នុង​កិរិយា​ទាំង​នោះ​ដែរ ៨ តែ​ឥឡូវ​នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លះ​អស់​ទាំង​អំពើ​នោះ គឺ​សេចក្តី​កំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ និង​ពាក្យ​អព្វមង្គល ចេញ​ពី​មាត់​ចោល​ទៅ ៩ កុំ​ឲ្យ​កុហក​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ នឹង​អំពើ​របស់​វា​ចោល​ចេញ​ហើយ ១០ ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្តី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក ១១ ជា​សណ្ឋាន​ដែល​គ្មាន​សាសន៍​ក្រេក និង​សាសន៍​យូដា ការ​កាត់​ស្បែក ហើយ​មិន​កាត់​ស្បែក មនុស្ស​ប្រទេស​ដទៃ ឬ​ជាតិ​មនុស្ស​ព្រៃ បាវ​បំរើ ឬ​អ្នក​ជា​ផង​នោះ​ទេ គឺ​ព្រះគ្រីស្ទ ទ្រង់​ជា​គ្រប់​ទាំង​អស់​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់​ផង។
១២ ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​ចុះ ១៣ ហើយ​ទ្រាំ​ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះគ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ១៤ ចូរ​បន្ថែម​ទាំង​សេចក្តី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍ ១៥ ចូរ​ឲ្យ​សេចក្តី​មេត្រី​របស់​ព្រះគ្រីស្ទ​ត្រួត​ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​នោះ​ឯង ឲ្យ​មាន​រូបកាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។
១៦ ចូរ​ឲ្យ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ និង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះគុណ ១៧ ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ ទាំង​អរ​ព្រះគុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា ដោយសារ​ទ្រង់​ផង។
ក្រុម​គ្រួសារ​របស់​គ្រីស្ទបរិស័ទ
១៨ ពួក​ស្រីៗ អើយ ចូរ​ចុះ​ចូល​ចំពោះ​ប្តី​ខ្លួន ដូច​ជា​គួរ​គប្បី​ក្នុង​ព្រះអម្ចាស់ ១៩ ពួក​ប្រុសៗ អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ចុះ កុំ​ឲ្យ​មាន​ចិត្ត​ជិន​ឆ្អន់​ឡើយ ២០ ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ឪពុក​ម្តាយ ក្នុង​គ្រប់​ការ​ទាំង​អស់ ដ្បិត​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​យ៉ាង​ដូច្នោះ​ឯង ២១ ឪពុក​រាល់​គ្នា​អើយ កុំ​ឌុកដាន់​កូន​ចៅ​ឡើយ ក្រែង​វា​រសាយ​ចិត្ត​ចេញ ២២ ពួក​បាវ​បំរើ​អើយ ចូរ​ស្តាប់​បង្គាប់​ចៅហ្វាយ​នាយ​ខាង​សាច់​ឈាម ក្នុង​គ្រប់​ការ​ទាំង​អស់​ចុះ មិន​មែន​តែ​កាល​នៅ​មុខ​គេ​ប៉ុណ្ណោះ ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​នោះ​ទេ គឺ​ដោយ​ចិត្ត​ស្មោះត្រង់​វិញ ទាំង​កោតខ្លាច​ដល់​ព្រះ​ផង ២៣ ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ ២៤ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មរដក​អំពី​ព្រះអម្ចាស់​មក ដ្បិត​អ្នក​រាល់​គ្នា​ជា​អ្នក​បំរើ​របស់​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ ២៥ ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ខុសឆ្គង នោះ​នឹង​ទទួល​តាម​ការ​កំហុស​របស់​ខ្លួន ហើយ​ទ្រង់​មិន​រើស​មុខ​អ្នក​ណា​ឡើយ។