៥
១ ស្តេចបេលសាសារ ទ្រង់ជប់លៀងយ៉ាងធំ ដល់ពួកសេនាបតីរបស់ទ្រង់១ពាន់នាក់ ហើយក៏សោយស្រាទំពាំងបាយជូរ នៅចំពោះអ្នកទាំង១ពាន់នាក់នោះ ២ កាលបេលសាសារកំពុងតែភ្លក់ស្រាទំពាំងបាយជូរ នោះទ្រង់ក៏បង្គាប់ឲ្យគេយកពែងមាស ពែងប្រាក់ ដែលនេប៊ូក្នេសា ជាបិតាទ្រង់ បានប្រមូលយកពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិមមក សំរាប់ឲ្យស្តេច និងពួកសេនាបតីរបស់ទ្រង់ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់គេទាំងអស់គ្នាបានផឹក ៣ ដូច្នេះ គេក៏យកពីមាស ដែលបានប្រមូលយកពីទីបរិសុទ្ធក្នុងព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមមកថ្វាយ រួចស្តេច និងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា និងពួកស្រីអ្នកម្នាងទាំងប៉ុន្មានក៏ផឹកពីពែងទាំងនោះ ៤ គេបានផឹកស្រាបណ្តើរ ហើយសរសើរដល់អស់ទាំងព្រះបណ្តើរ ជាព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។ ៥ នៅវេលានោះឯង មានម្រាមដៃនៃមនុស្ស លេចចេញមក សរសេរនៅជញ្ជាំងនៃព្រះរាជដំណាក់ ប្រទល់មុខនឹងជើងចង្កៀង ស្តេចទ្រង់ក៏ឃើញចំណែកដៃដែលសរសេរនោះ ៦ ដូច្នេះ ព្រះភក្ត្របំព្រងនៃស្តេចក៏ផ្លាស់ប្រែទៅ ហើយគំនិតទ្រង់ក៏នាំឲ្យបារម្ភព្រួយវិញ កំឡាំងទ្រង់ក៏ល្វើយទៅ ហើយព្រះជង្ឃទ្រង់ប្រដំគ្នា ៧ ស្តេចទ្រង់ស្រែកយ៉ាងខ្លាំង បង្គាប់ឲ្យនាំពួកអាបធ្មប់ និងពួកខាល់ដេ ហើយពួកគ្រូទាយមក រួចស្តេចទ្រង់មានព្រះបន្ទូលនឹងពួកអ្នកប្រាជ្ញ ដែលនៅក្រុងបាប៊ីឡូនថា អ្នកណាដែលអានមើលអក្សរនេះ ហើយស្រាយន័យឲ្យយើងផង អ្នកនោះនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយនឹងមានខ្សែមាសពាក់នៅក ក៏នឹងបានតាំងឡើងជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ ៨ ខណៈនោះ អស់ទាំងពួកអ្នកប្រាជ្ញរបស់ស្តេចក៏ចូលមក តែគេមើលអក្សរនោះមិនបានឡើយ ក៏មិនអាចនឹងស្រាយន័យថ្វាយស្តេចបានដែរ ៩ ដូច្នេះ បេលសាសារទ្រង់មានព្រះទ័យវិតក្កជាខ្លាំង ហើយព្រះភក្ត្រទ្រង់ក៏ស្លុតទៅ ឯពួកសេនាបតីរបស់ទ្រង់គេក៏ទាល់គំនិតដែរ។ ១០ រីឯអគ្គមហេសី ព្រះនាងក៏យាងចូលទៅក្នុងរោងលៀង ដោយឮព្រះបន្ទូលនៃស្តេច និងពួកសេនាបតីរបស់ទ្រង់ ព្រះនាងទូលដល់ស្តេចថា បពិត្រព្រះករុណាសូមទ្រង់មានព្រះជន្មចំរើននៅជាយឺនយូរ សូមកុំឲ្យគំនិតទ្រង់នាំឲ្យមានព្រះទ័យវិតក្កឡើយ ក៏កំពុងឲ្យព្រះភក្ត្រទ្រង់ផ្លាស់ប្រែទៅដូច្នេះដែរ ១១ ដ្បិតនៅក្នុងនគរទ្រង់ មានមនុស្សម្នាក់ឈ្មោះដានីយ៉ែល ជាអ្នកដែលមានវិញ្ញាណនៃព្រះដ៏បរិសុទ្ធសណ្ឋិតនៅ ហើយនៅក្នុងរាជ្យនៃព្រះបិតាទ្រង់នោះឃើញមានពន្លឺ និងយោបល់ ព្រមទាំងប្រាជ្ញា ដូចជាប្រាជ្ញារបស់ពួក ព្រះនៅក្នុងអ្នកនោះ រីឯស្តេចនេប៊ូក្នេសា បិតាទ្រង់ ក៏បានតាំងអ្នកនោះឡើង ជាអធិបតីលើពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងពួកគ្រូទាយ អើ គឺជាស្តេច ជាបិតាទ្រង់នោះឯង ដែលតាំងគេ ១២ ពីព្រោះឃើញថា មានវិញ្ញាណយ៉ាងវិសេស មានដំរិះ និងយោបល់ ក៏មានចំណេះចេះកាត់ស្រាយសប្តិ និងដោះស្រាយប្រស្នា ហើយកែសេចក្តីដ៏ជ្រាលជ្រៅ នៅក្នុងខ្លួនអ្នកនោះ ដែលស្តេចទ្រង់ប្រទានឈ្មោះថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមកឥឡូវ លោកនឹងបកប្រែសេចក្តីថ្វាយទ្រង់។ ១៣ ដូច្នេះ គេក៏នាំដានីយ៉ែលចូលមក ចំពោះស្តេចហើយស្តេចទ្រង់មានព្រះបន្ទូលទៅដានីយ៉ែលថា តើលោកជាឈ្មោះដានីយ៉ែលនោះ នៅក្នុងពួកឈ្លើយសាសន៍យូដាដែលស្តេច ជាបិតាយើង បានដឹកនាំចេញពីស្រុកយូដាមកឬអី ១៤ យើងបានឮនិយាយពីលោកថា មានវិញ្ញាណនៃពួកព្រះសណ្ឋិតលើលោក ហើយថាមានពន្លឺ យោបល់នឹងប្រាជ្ញាស្រួចស្រាល់នៅក្នុងខ្លួនលោក ១៥ រីឯពួកអ្នកប្រាជ្ញ និងពួកគ្រូអង្គុយធម៌បានចូលមកចំពោះយើង ដើម្បីឲ្យបានអានមើលអក្សរនេះ ហើយនឹងប្រែន័យសេចក្តីមកឲ្យស្តាប់បាន តែគេមិនអាចនឹងប្រែបានទេ ១៦ ប៉ុន្តែចំណែកលោក យើងបានឮថា លោកប៉ិនប្រសប់នឹងប្រែសេចក្តី ហើយកែន័យដ៏ជ្រាលជ្រៅបាន ឥឡូវនេះ បើលោកអាចនឹងមើលអក្សរនេះ ហើយប្រែន័យសេចក្តីឲ្យយើងស្តាប់បាន នោះលោកនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយមានខ្សែមាសពាក់នៅកផង ក៏នឹងបានតាំងឡើងជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ។ ១៧ នោះដានីយ៉ែល លោកទូលតបនឹងស្តេចថា ឯអំណោយទានរបស់ព្រះករុណា សូមទុកសំរាប់ព្រះអង្គទ្រង់ ហើយសូមប្រទានរង្វាន់ដល់អ្នកដទៃទៀតចុះ ប៉ុន្តែចំណែកទូលបង្គំៗនឹងអានមើលអក្សរនេះ ថ្វាយទ្រង់ព្រះករុណា ហើយនឹងបកប្រែថ្វាយទ្រង់ជ្រាបផង ១៨ បពិត្រព្រះរាជាព្រះដ៏ខ្ពស់បំផុតទ្រង់បានប្រទានរាជ្យ អំណាច សិរីល្អ និងឥទ្ធានុភាពដល់នេប៊ូក្នេសា ជាព្រះបិតាទ្រង់ ១៩ បណ្តាជនទាំងឡាយ និងគ្រប់សាសន៍ គ្រប់ភាសាក៏ញាប់ញ័រ ហើយកោតខ្លាចចំពោះទ្រង់ ដោយព្រោះអំណាច ដែលព្រះបានប្រទាននោះ អ្នកណាដែលទ្រង់ចង់សំឡាប់ នោះក៏សំឡាប់ទៅ ហើយអ្នកណាដែលចង់ទុកឲ្យរស់នៅ នោះក៏ទុកតាមព្រះទ័យ ឯអ្នកណាដែលទ្រង់ចង់តាំងឡើង នោះក៏តាំង ហើយអ្នកណាដែលទ្រង់ចង់ទំលាក់ចុះ នោះក៏ទំលាក់ទៅ ២០ តែកាលព្រះទ័យទ្រង់បានប៉ោងឡើង ត្រឡប់ជារឹងត្អឹងដល់ម៉្លេះបានជាទ្រង់ប្រព្រឹត្ត ដោយសេចក្តីអំនួត នោះទ្រង់ត្រូវទំលាក់ចុះពីបល្ល័ង្ករាជ្យរបស់ទ្រង់ ហើយគេក៏ដកកិត្តិយសរបស់ទ្រង់ចេញ ២១ ទ្រង់ត្រូវបណ្តេញពីពួកមនុស្សទៅ ហើយព្រះទ័យទ្រង់បានត្រឡប់ទៅ ដូចជាចិត្តរបស់សត្វវិញ ទ្រង់មានទីលំនៅជាមួយនឹងលាព្រៃ ក៏សោយស្មៅដូចជាគោ ហើយត្រូវទទឹកដោយសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង នោះក៏តាមព្រះហឫទ័យ ២២ តែទ្រង់ ដែលជាព្រះរាជបុត្រ ឱបេលសាសារអើយ ទោះបើទ្រង់បានជ្រាបរឿងទាំងនោះហើយក៏ដោយ គង់តែទ្រង់មិនបានបន្ទាបព្រះទ័យដែរ ២៣ គឺទ្រង់បានលើកអង្គទ្រង់ឡើង ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌វិញ ហើយគេបាននាំយកពែងរបស់ព្រះវិហារនៃព្រះមកចំពោះទ្រង់ ឯទ្រង់ និងអស់ពួកសេនាបតីរបស់ទ្រង់ ព្រមទាំងភរិយា និងពួកស្រីអ្នកម្នាងទាំងអស់គ្នា បានផឹកស្រាទំពាំងបាយជូរពីពែងទាំងនោះក៏បានសរសើរដល់អស់ទាំងព្រះ ដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកព្រះដែលក្តាប់ដង្ហើមជីវិតព្រះករុណានៅក្នុងព្រះហស្ត ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ផងព្រះនោះដែរ នោះព្រះករុណាមិនបានលើកដំកើងព្រះអង្គនោះសោះ ២៤ យ៉ាងនោះបានជាចាត់ប្រើចំណែកដៃនេះពីចំពោះព្រះមក ហើយមានកត់អក្សរនេះទុកនៅ ២៥ ឯពាក្យដែលបានសរសេរនោះ គឺថា «មេនេ មេនេ ទេកិល អ៊ូផារស៊ីន» ២៦ ហើយនេះជាសេចក្តីបកប្រែនៃពាក្យទាំងនោះ «មេនេ»ប្រែថា ព្រះបានរាប់ថ្ងៃនៃរាជ្យទ្រង់ ហើយបានធ្វើឲ្យផុតទៅ ២៧ «ទេកិល» ប្រែថា ទ្រង់បានត្រូវផ្លឹងនៅជញ្ជីង ឃើញថាខ្វះខាត ២៨ ឯ«ពេរេស»នោះប្រែថា នគររបស់ទ្រង់ត្រូវបែងចែកឲ្យដល់ពួកសាសន៍មេឌី និងសាសន៍ពើស៊ីហើយ។ ២៩ នោះបេលសាសារទ្រង់ក៏ចេញបង្គាប់ ហើយគេបំពាក់ដានីយ៉ែលដោយសំពត់ពណ៌ស្វាយ ព្រមទាំងខ្សែមាសនៅកផង រួចក៏ប្រកាសប្រាប់ពីដំណើរលោកថា ត្រូវបានជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ ៣០ នៅយប់នោះឯងបេលសាសារ ជាស្តេចសាសន៍ខាល់ដេទ្រង់ត្រូវគេធ្វើគុត ៣១ ហើយដារីយុស ជាសាសន៍មេឌី ដែលមានព្រះជន្មប្រមាណ៦២ឆ្នាំហើយ ក៏ទទួលគ្រងរាជ្យឡើង។