៤
ចូរប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់!
១ ឥឡូវនេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្ត ដែលអញបង្រៀនដល់ឯងរាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅទទួលយកស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោឯង ទ្រង់ប្រទានមក ២ មិនត្រូវឲ្យឯងរាល់គ្នាបន្ថែមបញ្ចូលអ្វីៗក្នុងសេចក្តីទាំងប៉ុន្មាន ដែលអញបង្គាប់ដល់ឯង ឬកាត់ចោលអ្វីណាមួយឡើយ ដើម្បីឲ្យឯងរាល់គ្នាបានកាន់តាមអស់ទាំងបញ្ញត្តផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលអញបង្គាប់មកឯងនេះ ៣ ភ្នែកឯងរាល់គ្នាបានឃើញការ ដែលព្រះយេហូវ៉ាទ្រង់ធ្វើ ដោយព្រោះដំណើរព្រះបាល-ពេអរ ដ្បិតអស់អ្នកណាដែលបានតាមព្រះបាល-ពេអរ នោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានបំផ្លាញគេពីពួកឯងចេញ ៤ តែពួកឯងរាល់គ្នា ដែលបាននៅជាប់នឹងព្រះយេហូវ៉ា ជាព្រះនៃឯង នោះបានរស់នៅដរាបដល់សព្វថ្ងៃនេះវិញ ៥ មើល អញបានបង្រៀនច្បាប់ហើយនឹងបញ្ញត្តដល់ឯងរាល់គ្នា តាមដែលព្រះយេហូវ៉ាជាព្រះនៃអញ បានបង្គាប់មក ដើម្បីឲ្យឯងបានប្រព្រឹត្តតាមនៅក្នុងស្រុកដែលឯងត្រូវចូលទៅទទួលយក ៦ ដូច្នេះចូរឲ្យឯងរាល់គ្នាកាន់ ហើយប្រព្រឹត្តតាមចុះ ដ្បិតនេះនឹងបានជាប្រាជ្ញា ហើយជាយោបល់ដល់ឯងរាល់គ្នា នៅភ្នែកនៃអស់ទាំងសាសន៍ ដែលនឹងឮថ្លែងពីបញ្ញត្តច្បាប់ទាំងប៉ុន្មាននេះ ហើយគេនឹងនិយាយថា ប្រាកដជាសាសន៍នេះមានប្រាជ្ញា និងយោបល់ពិត ៧ ដ្បិតតើមានសាសន៍ដ៏ធំណាមួយ ដែលមានព្រះគង់នៅជិតគេ ដូចជាព្រះយេហូវ៉ា ជាព្រះនៃយើង ទ្រង់គង់នៅជិត ក្នុងកាលដែលយើងអំពាវនាវរកទ្រង់នោះ ៨ ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ និងបញ្ញត្តដ៏ត្រឹមត្រូវ ឲ្យដូចជាក្រឹត្យព្រះវិន័យនេះ ដែលអញដាក់នៅមុខឯងរាល់គ្នានៅថ្ងៃនេះដូច្នេះ។
វិន័យរបស់ព្រះអម្ចាស់នៅភ្នំហោរែប
៩ ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការ ដែលភ្នែកឯងបានឃើញ ហើយក្រែង នៅក្នុងជីវិតឯង ការទាំងនោះបានឃ្លាតចេញពីចិត្តឯងទៅ ត្រូវឲ្យឯងប្រាប់ពីការទាំងនោះដល់កូនចៅឯងឲ្យដឹងតរៀងទៅវិញ ១០ គឺពីថ្ងៃដែលឯងបានឈរនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់ភ្នំហោរែប ក្នុងកាលដែលទ្រង់មានព្រះបន្ទូលមកអញថា ចូរប្រមូលពួកបណ្តាជនមកឯអញ នោះអញនឹងឲ្យគេឮអស់ទាំងពាក្យរបស់អញ ដើម្បីឲ្យគេរៀនឲ្យចេះកោតខ្លាចដល់អញ នៅគ្រប់១ជីវិតដែលគេរស់នៅលើផែនដី ហើយឲ្យគេបានបង្រៀនដល់កូនចៅគេថែមទៀត ១១ នោះឯងរាល់គ្នាបានចូលមកឈរនៅជិតជើងភ្នំ ហើយភ្នំក៏ឆេះឡើងជាភ្លើង នាំឲ្យស្រអាប់ពេញផ្ទៃមេឃ ហើយក៏មានពពក និងងងឹតសូន្យសុងផង ១២ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកឯងរាល់គ្នាពីកណ្តាលភ្លើងនោះ ឯងរាល់គ្នាក៏បានឮព្រះសូរសៀងនៃព្រះបន្ទូលនោះ តែមិនឃើញរូបអង្គណាសោះ គ្រាន់តែឮសំឡេងប៉ុណ្ណោះ ១៣ ទ្រង់បានមានព្រះបន្ទូលប្រាប់ដល់ឯងរាល់គ្នាពីសេចក្តីសញ្ញារបស់ទ្រង់ ដែលទ្រង់បានបង្គាប់ឲ្យឯងរាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យទាំង១០ប្រការ ហើយទ្រង់ក៏ចារឹកកត់ក្រឹត្យទាំងនោះ ចុះទៅបន្ទះថ្ម២ផ្ទាំង ១៤ នៅវេលានោះ ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកអញ ឲ្យបង្រៀនអស់ទាំងច្បាប់ និងបញ្ញត្តដល់ឯង ដើម្បីឲ្យបានប្រព្រឹត្តតាម នៅក្នុងស្រុក ដែលឯងនឹងឆ្លងចូលទៅទទួលយកនោះ។
បំរាមគោរពព្រះក្លែងក្លាយ
១៥ ដូច្នេះ ចូរឯងរាល់គ្នាប្រយ័ត្នខ្លួនឲ្យមែនទែន ដ្បិតឯងមិនបានឃើញរូបអង្គបែបយ៉ាងណា នៅថ្ងៃដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលមកឯង ពីកណ្តាលភ្លើងនៅភ្នំហោរែបនោះទេ ១៦ ក្រែងឯងរាល់គ្នាបង្ខូចខ្លួន ដោយឆ្លាក់ធ្វើរូបមានរាងដូចជាអង្គណា១ផង ទោះជាប្រុស ឬស្រីក្តី ១៧ ឬជារូបសត្វណាដែលនៅលើផែនដី ឬជារូបសត្វណាដែលហើរនៅលើអាកាស ១៨ ឬរូបសត្វណាដែលលូនវានៅដី ឬរូបត្រីណាដែលនៅក្នុងទឹកក្តី ១៩ ហើយក្រែងឯងរាល់គ្នាងើបភ្នែក មើលទៅលើមេឃវេលាណាឃើញថ្ងៃ ខែ និងអស់ទាំងផ្កាយ គឺគ្រប់ទាំងរបស់ដែលមានជាបរិបូរនៅលើមេឃ នោះឯងរាល់គ្នាមានសេចក្តីល្បួងប្រទាញចេញទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិដល់របស់ទាំងនោះ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានមកឲ្យគ្រប់ទាំងសាសន៍ នៅក្រោមផ្ទៃមេឃវិញ ២០ តែព្រះយេហូវ៉ាបាននាំយកឯង ចេញពីគុករំលាយដែកនៅស្រុកអេស៊ីព្ទមក ដើម្បីឲ្យបានធ្វើជារាស្ត្រដ៏ជាមរដកទ្រង់ ដូចជាសព្វថ្ងៃនេះ។
២១ ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់នឹងអញ ដោយព្រោះឯងរាល់គ្នាដែរ ហើយទ្រង់ស្បថមិនឲ្យអញឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកល្អ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដករបស់ឯងនោះទេ ២២ គឺអញត្រូវស្លាប់នៅស្រុកនេះ អញមិនត្រូវឆ្លងទន្លេយ័រដាន់នេះទៅឡើយ តែឯងរាល់គ្នានឹងឆ្លងទៅ ទទួលយកស្រុកល្អនោះវិញ ២៣ ដូច្នេះចូរប្រយ័ត្នខ្លួនចុះ ក្រែងភ្លេចសេចក្តីសញ្ញាផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់បានតាំងនឹងពួកឯង រួចងាកបែរទៅឆ្លាក់ធ្វើរូបមានរាងដូចរបស់យ៉ាងណាដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានហាមប្រាមមិនឲ្យធ្វើ ២៤ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ជាភ្លើងឆេះបន្សុស គឺជាព្រះប្រចណ្ឌ។
២៥ កាលណាបាននៅស្រុកនោះជាយូរអង្វែង ព្រមទាំងបង្កើតកូនចៅ ហើយបង្ខូចខ្លួនទៅជាឆ្លាក់ធ្វើរូបមានរាងដូចរបស់ណាមួយ ក៏ប្រព្រឹត្តការអ្វីដែលអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង ជាការដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង ២៦ នោះអញអាងដល់ស្ថានសួគ៌ ហើយនឹងផែនដី ឲ្យធ្វើជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា បន្តិចទៀត ឯងរាល់គ្នាត្រូវវិនាសអស់រលីង ចេញពីស្រុកដែលឯងឆ្លងទន្លេយ័រដាន់ ចូលទៅទទួលយកនោះ ជាមិនខាន និងធ្វើឲ្យនៅយូរអង្វែងតទៅទៀតមិនបាន គឺនឹងត្រូវវិនាសទៅទាំងអស់គ្នាវិញ ២៧ ព្រះយេហូវ៉ាទ្រង់នឹងកំចាត់កំចាយឯងរាល់គ្នាទៅ ឲ្យនៅគ្រប់ទាំងសាសន៍ ឯងនឹងនៅមានតែគ្នាតិច ក្នុងគ្រប់ទាំងនគរ ដែលព្រះយេហូវ៉ា និងនាំឯងទៅនៅនោះ ២៨ ហើយនៅស្រុកទាំងនោះ ឯងនឹងគោរពប្រតិបត្តិដល់ព្រះផ្សេងៗ ដែលធ្វើពីឈើ ឬពីថ្មដោយដៃមនុស្ស ជារូបដែលមិនអាចនឹងមើលឃើញស្តាប់ឮ ឬទទួលអាហារ ឬដឹងក្លិនឡើយ ២៩ ប៉ុន្តែនៅទីនោះឯងនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃឯង ហើយនឹងឃើញទ្រង់ ក្នុងកាលដែលរកទ្រង់អស់ពីចិត្ត ហើយអស់ពីព្រលឹងឯងផង ៣០ កាលណាឯងកើតមានសេចក្តីវេទនា ហើយគ្រប់ទាំងសេចក្តីនេះបានកើតឡើងដល់ឯង នោះនៅគ្រាចុងបំផុត ឯងនឹងត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់ ៣១ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ជាព្រះដ៏មានសេចក្តីមេត្តាករុណា ទ្រង់មិនខាននឹងប្រោសឯងទេ ក៏មិនបំផ្លាញឯង ឬភ្លេចសេចក្តីសញ្ញា ដែលទ្រង់បានស្បថនឹងពួកឰយុកោឯងឡើយ។
ឯកសិទ្ធិរបស់ជនជាតិអ៊ីស្រាអែល
៣២ ចូរស៊ើបសួររក ពីអស់ទាំងថ្ងៃកន្លងទៅហើយដែលមានតាំងពីមុនឯងមក គឺចាប់តាំងពីថ្ងៃដែលព្រះទ្រង់បានបង្កើតមនុស្សនៅលើផែនដី ហើយពីជើងមេឃម្ខាងទៅដល់ជើងមេឃម្ខាងផង តើដែលមានការដ៏ធំយ៉ាងនេះ ឬដែលមានឮនិយាយពីការយ៉ាងនេះឬអី ៣៣ តើដែលមានសាសន៍ណាឮព្រះសៀងនៃព្រះ ដែលទ្រង់មានព្រះបន្ទូលពីកណ្តាលភ្លើងមក ដូចជាឯងបានឮ ហើយបានរស់នៅឬទេ ៣៤ ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍១សំរាប់អង្គទ្រង់ ពីកណ្តាលសាសន៍១ទៀត ដោយសារការល្បង ទីសំគាល់ និងការអស្ចារ្យ ដោយចំបាំង ដោយព្រះហស្តដ៏មានព្រះចេស្តា និងដោយព្រះពាហុលើកសំរេច ហើយដោយការគួរស្ញែងខ្លាចជាធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានធ្វើ ជាប្រយោជន៍ដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងឃើញផងឬទេ ៣៥ ការទាំងនោះបានសំដែងមកឲ្យឯងឃើញ ដើម្បីឲ្យឯងបានដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ក្រៅពីទ្រង់ នោះគ្មានព្រះឯណាទៀតឡើយ ៣៦ ទ្រង់ធ្វើឲ្យឯងឮព្រះសៀងទ្រង់ពីលើមេឃ ដើម្បីនឹងបង្រៀនឯង ហើយលើផែនដី ទ្រង់បានឲ្យឃើញភ្លើងដ៏ធំរបស់ទ្រង់ ឯងក៏បានឮព្រះបន្ទូលទ្រង់ចេញពីកណ្តាលភ្លើងនោះមក ៣៧ ហើយដោយព្រោះទ្រង់បានស្រឡាញ់ពួកឰយុកោឯង បានជាទ្រង់រើសយកពូជគេតៗមក ព្រមទាំងនាំឯងចេញពីស្រុកអេស៊ីព្ទមកនៅចំពោះទ្រង់ ដោយព្រះចេស្តាដ៏ជាធំរបស់ទ្រង់ ៣៨ ដើម្បីនឹងបណ្តេញអស់ទាំងសាសន៍ដែលធំ ហើយពូកែជាងឯង ពីមុខឯងចេញ ឲ្យបាននាំឯងចូលទៅ ប្រយោជន៍នឹងឲ្យស្រុកគេ ទុកជាមរដកដល់ឯង ដូចជាមានសព្វថ្ងៃនេះ ៣៩ ដូច្នេះ ចូរដឹងនៅថ្ងៃនេះ ហើយកំណត់ទុកក្នុងចិត្តចុះថា ព្រះយេហូវ៉ា ទ្រង់ជាព្រះនៅលើស្ថានសួគ៌ ហើយនៅផែនដីនេះផង គ្មានព្រះឯណាទៀតសោះឡើយ ៤០ ត្រូវឲ្យឯងរាល់គ្នារក្សាអស់ទាំងបញ្ញត្តច្បាប់របស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ដើម្បីឲ្យបានសប្បាយ ព្រមទាំងកូនចៅឯងតរៀងទៅផង ហើយឲ្យបានជីវិតយូរអង្វែងតទៅ នៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកឲ្យឯងបាននៅជាដរាប។
ក្រុងជំរកនៅខាងកើតទន្លេយ័រដាន់
៤១ នៅគ្រានោះ ម៉ូសេក៏ញែកទីក្រុង៣នៅត្រើយទន្លេយ័រដាន់ ទិសខាងកើត ៤២ សំរាប់ឲ្យអ្នកណាដែលសំឡាប់អ្នកជិតខាងខ្លួន មិនប្រកបដោយចិត្តប៉ង ហើយដែលមិនបានស្អប់អ្នកនោះពីកាលមុន បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ហើយឲ្យបានរស់នៅដោយរត់ទៅជ្រកកោននៅទីក្រុងណាមួយនោះ ៤៣ ទីក្រុងទាំងនោះ គឺក្រុងបេស៊ើរ១ ដែលនៅទីរហោស្ថាន នាស្រុកវាល សំរាប់ពួករូបេន និងទីក្រុងរ៉ាម៉ូត១ នៅស្រុកកាឡាត សំរាប់ពួកកាឌ់ ហើយទីក្រុងកូឡាន១ នៅស្រុកបាសាន សំរាប់ពួកម៉ាន៉ាសេ។
សុន្ទរកថាទីពីររបស់លោកម៉ូសេ
ព្រះបន្ទូលទាំងដប់ប្រការ
៤៤ នេះគឺជាក្រឹត្យវិន័យ ដែលម៉ូសេបានដាក់នៅមុខពួកកូនចៅអ៊ីស្រាអែល ៤៥ ហើយនេះជាសេចក្តីបន្ទាល់ ជាច្បាប់ ហើយជាបញ្ញត្តទាំងប៉ុន្មាន ដែលម៉ូសេបានប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ក្នុងកាលដែលគេចេញពីស្រុកអេស៊ីព្ទមក ៤៦ គឺនៅខាងអាយទន្លេយ័រដាន់ ត្រង់ច្រកភ្នំ ទល់មុខនឹងបេត-ពេអរ ក្នុងស្រុករបស់ស៊ីហុនជាស្តេចសាសន៍អាម៉ូរី ដែលនៅក្រុងហែសបូន ជាអ្នកដែលម៉ូសេ និងពួកកូនចៅអ៊ីស្រាអែលបានវាយ ពីកាលគេចេញពីស្រុកអេស៊ីព្ទមក ៤៧ គេក៏ចាប់យកស្រុករបស់ស្តេចនោះ និងស្រុករបស់អុក ជាស្តេចស្រុកបាសាន គឺជាស្តេចសាសន៍អាម៉ូរីទាំង២ ដែលនៅត្រើយទន្លេយ័រដាន់ ទិសខាងកើតទុកជារបស់ផងគេ ៤៨ ចាប់តាំងពីក្រុងអារ៉ូអ៊ើរដែលនៅមាត់ស្ទឹងអើណូន រហូតដល់ភ្នំស៊ីអូន (គឺជាភ្នំហ៊ើម៉ូន) ៤៩ ហើយស្រុកវាលទាំងមូលដែលនៅត្រើយទន្លេយ័រដាន់ខាងកើត រហូតដល់សមុទ្រស្រុកវាល ត្រង់ជើងភ្នំពីសកាផង។