២៨
ព្រះ​ពរ
១ បើសិន​ជា​ខំ​ប្រឹង​ស្តាប់ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​បញ្ញត្ត​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់ និង​លើក​ឯង​ឡើង​ជា​ខ្ពស់ លើស​ជាង​អស់​ទាំង​សាសន៍​នៅ​ផែនដី​ទាំង​ប៉ុន្មាន ២ រួច​អស់​ទាំង​ពរ​ទាំង​នេះ​នឹង​បាន​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង គឺ​បើ​ឯង​នឹង​ស្តាប់​តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ៣ ឯង​នឹង​មាន​ពរ​នៅ​ក្នុង​ក្រុង ហើយ​នឹង​មាន​ពរ​នៅ​ស្រែ​ចំការ​ដែរ ៤ ផល​ដែល​កើត​ពី​ពោះ​ឯង​មក ព្រម​ទាំង​ផល​កើត​ពី​ដី​ឯង និង​ផល​កើត​ពី​សត្វ​ឯង គឺ​ជា​សេចក្តី​ចំរើន​របស់​គោ និង​កូន​ទាំង​ប៉ុន្មាន​របស់​ចៀម​ឯង នោះ​នឹង​មាន​ពរ​គ្រប់​ទាំង​អស់ ៥ ឯ​កំប្រោង និង​ស្បៀង​អាហារ​របស់​ឯង នោះ​នឹង​មាន​ពរ​ដែរ ៦ ឯង​នឹង​មាន​ពរ​ក្នុង​កាល​ដែល​ឯង​ចូល​មក ហើយ​នឹង​មាន​ពរ​ក្នុង​កាល​ដែល​ចេញ​ទៅ​ផង។
៧ ព្រះយេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំងសត្រូវ​ដែល​លើក​គ្នា​មក​ទាស់​នឹង​ឯង ត្រូវ​ចុះ​ចាញ់​នៅ​មុខ​ឯង គេ​នឹង​ចេញ​មក​ទាស់​នឹង​ឯង​តាម​ផ្លូវ​មួយ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​៧​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខ​ឯង​ចេញ ៨ ព្រះយេហូវ៉ា​ទ្រង់​នឹង​បង្គាប់​ឲ្យ​មាន​ពរ​នៅ​លើ​ជង្រុក​ឯង ហើយ​លើ​គ្រប់​ទាំង​ការ​អ្វី​ដែល​ឯង​នឹង​ដាក់​ដៃ​ធ្វើ ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង​នៅ​ក្នុង​ស្រុក​ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក ៩ ទ្រង់​នឹង​តាំង​ឯង​សំរាប់​ជា​រាស្ត្រ​បរិសុទ្ធ​ដល់​ទ្រង់ ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ឯង​ហើយ គឺ​បើ​ឯង​នឹង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​ដើរ​តាម​ផ្លូវ​ទ្រង់​ផង ១០ នោះ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​ឃើញ​ថា ឯង​ជា​អ្នក​មាន​ឈ្មោះ​តាម​ព្រះនាម​ព្រះយេហូវ៉ា ហើយ​គេ​នឹង​កោតខ្លាច​ដល់​ឯង ១១ ព្រះយេហូវ៉ា​ទ្រង់​ក៏​នឹង​ចំរើន​ឲ្យ​ឯង​មាន​ជា​បរិបូរ​ឡើង ដោយ​ផល​ដែល​កើត​ពី​ពោះ និង​ផល​កើត​ពី​ហ្វូង​សត្វ ហើយ​នឹង​ផល​កើត​ពី​ដី​ឯង នៅ​ក្នុង​ស្រុក​ដែល​ព្រះយេហូវ៉ា​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ថា នឹង​ឲ្យ​ដល់​ឯង ១២ ព្រះយេហូវ៉ា​ទ្រង់​នឹង​បើក​ឃ្លាំង​ដ៏​វិសេស​របស់​ទ្រង់​ឲ្យ​ដល់​ឯង គឺ​ជា​ផ្ទៃ​មេឃ ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សំរាប់​ស្រុក​ឯង​តាម​រដូវ​កាល ហើយ​នឹង​ឲ្យ​ពរ​ដល់​គ្រប់​ទាំង​ការ​ដែល​ដៃ​ឯង​ធ្វើ នោះ​ឯង​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី​ឥត​មាន​ខ្ចី​ពី​គេ​វិញ​ឡើយ ១៣ ព្រះយេហូវ៉ា​ទ្រង់​នឹង​តាំង​ឯង​ទុក​ជា​ក្បាល មិន​មែន​ជា​កន្ទុយ​ឡើយ ឯង​នឹង​នៅ​តែ​ពី​លើ​គេ មិន​ដែល​នៅ​ពី​ក្រោម​ទេ គឺ​បើ​ឯង​នឹង​ស្តាប់​តាម​អស់​ទាំង​សេចក្តី​បញ្ញត្ត​ផង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ផង ១៤ ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ចេញ​ពី​ព្រះបន្ទូល​ណា​មួយ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​រក ហើយ​គោរព​ប្រតិបត្តិ តាម​ព្រះ​ដទៃ​នោះ​ឡើយ។
បណ្តាសា
១៥ ប៉ុន្តែ បើ​ឯង​មិន​ព្រម​ស្តាប់​តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​មិន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្តី​បញ្ញត្ត និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​ទេ នោះ​អស់​ទាំង​សេចក្តី​បណ្តាសា​ទាំង​នេះ​នឹង​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង ១៦ គឺ​ឯង​នឹង​ត្រូវ​បណ្តាសា​នៅ​ក្នុង​ទី​ក្រុង ហើយ​នៅ​ស្រែ​ចំការ​ដែរ ១៧ ឯ​កំប្រោង និង​ស្បៀង​អាហារ​របស់​ឯង នោះ​នឹង​ត្រូវ​បណ្តាសា​វិញ ១៨ ផល​ដែល​កើត​ពី​ពោះ និង​ផល​កើត​ពី​ដី​ឯង ហើយ​នឹង​សេចក្តី​ចំរើន​របស់​ហ្វូង​គោ និង​កូន​ទាំង​ប៉ុន្មាន​របស់​ហ្វូង​ចៀម​ឯង នោះ​នឹង​ត្រូវ​បណ្តាសា​ទាំង​អស់ ១៩ ឯង​នឹង​ត្រូវ​បណ្តាសា ក្នុង​កាល​ដែល​ឯង​ចូល​មក ហើយ​នឹង​ត្រូវ​បណ្តាសា ក្នុង​កាល​ដែល​ឯង​ចេញ​ទៅ​ផង។
២០ ព្រះយេហូវ៉ា​ទ្រង់​នឹង​ចាត់​សេចក្តី​បណ្តាសា និង​សេចក្តី​បាក់បប ហើយ​សេចក្តី​បន្ទោស​មក​លើ​ឯង ក្នុង​គ្រប់​ការ​អ្វី​ដែល​ឯង​ដាក់​ដៃ​ធ្វើ ដរាប​ដល់​ត្រូវ​បំផ្លាញ​ចេញ ហើយ​វិនាស​អស់​ទៅ​ជា​ឆាប់​ផង ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ឯង ដែល​បាន​លះបង់​ចោល​អញ ២១ ព្រះយេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ជំងឺ​អាសន្នរោគ​នៅ​ជាប់​នឹង​ឯង ដរាប​ដល់​ឯង​រោយរៀវ​បាត់​ចេញ​ពី​ស្រុក ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ​អស់​ទៅ ២២ ព្រះយេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង​ដោយ​ជំងឺ​រីងរៃ និង​គ្រុន​រងា ហើយ​ដោយ​កើត​ហើម​ពិស និង​ក្តៅ​ខ្លួន​ដូច​ភ្លើង ដោយ​ដាវ និង​ស្រូវ​ស្កក ហើយ​ក្រា​ផង សេចក្តី​វេទនា​ទាំង​នោះ​នឹង​ដេញ​តាម​ឯង ទាល់​តែ​វិនាស​បាត់​អស់​រលីង​ទៅ ២៣ ឯ​មេឃ​ពី​លើ​ក្បាល​ឯង និង​បាន​ដូច​ជា​បង្ហិន ហើយ​ដី​នៅ​ក្រោម​ឯង នឹង​បាន​ដូច​ជា​ដែរ ២៤ ព្រះយេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​ឯង ជា​ធូលី និង​ផង់​លំអង​ដី ដែល​នឹង​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ឯង ដរាប​ដល់​ឯង​វិនាស​បាត់​អស់​ទៅ។
២៥ ព្រះយេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​ចុះ​ចាញ់ នៅ​មុខ​ពួក​ខ្មាំងសត្រូវ ឯង​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវ​១ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​៧​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខ​គេ​ចេញ ហើយ​ឯង​នឹង​ត្រូវ​ខ្ចាត់​ចុះ​ឡើង ក្នុង​គ្រប់​ទាំង​នគរ​នៅ​ផែនដី ២៦ ខ្មោច​របស់​ឯង​នឹង​បាន​ជា​អាហារ ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​សត្វ​ព្រៃ​នៅ​ដី ឥត​មាន​អ្នក​ណា​នឹង​ដេញ​វា​ឡើយ ២៧ ព្រះយេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ដោយ​បូស​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទនិង​ឫសដូងបាត កម​ហើយ​និង​រមាស់​ផង ដែល​ឯង​នឹង​មើល​មិន​ចេះ​ជា​ឡើយ ២៨ ព្រះយេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ឲ្យ​វង្វេង​ស្មារតី ឲ្យ​ខ្វាក់​ភ្នែក ហើយ​ឲ្យ​មាន​ចិត្ត​ឆ្ងល់​ភាំង ២៩ ឯង​នឹង​ដើរ​ស្ទាប​រក​ផ្លូវ​ទាំង​ថ្ងៃ​ត្រង់ ដូច​ជា​មនុស្ស​ខ្វាក់​ស្ទាប​រាវ​រក​ផ្លូវ​ក្នុង​ទី​ងងឹត​ដែរ ហើយ​ឯង​នឹង​ធ្វើ​ការ​អ្វី តាម​ផ្លូវ​ប្រព្រឹត្ត​របស់​ឯង ក៏​មិន​កើត​ឡើយ គេ​នឹង​សង្កត់សង្កិន​ឯង​ជានិច្ច ហើយ​បំបាត់​យក​របស់​ឯង​ជា​ដរាប ឥត​មាន​អ្នក​ណា​ជួយ​ឡើយ ៣០ ឯង​នឹង​ដណ្តឹង​ប្រពន្ធ តែ​នឹង​មាន​អ្នក​ឯ​ទៀត​រួម​ដំណេក​នឹង​នាង​វិញ ឯង​នឹង​សង់​ផ្ទះ តែ​មិន​បាន​ឡើង​នៅ​ទេ ឯង​នឹង​ដាំ​ចំការ​ទំពាំងបាយជូរ តែ​មិន​បាន​ទទួល​ផល​ផ្លែ​ទេ ៣១ គេ​នឹង​សំឡាប់​គោ​ឯង​នៅ​ចំពោះ​ភ្នែក​ឯង តែ​ឯង​មិន​បាន​បរិភោគ​សោះ គេ​នឹង​កំហែង​យក​លា​ពី​មុខ​ឯង​ទៅ ឥត​ប្រគល់​មក​វិញ​ឡើយ គេ​នឹង​ឲ្យ​ហ្វូង​ចៀម​ឯង ទៅ​ពួក​ខ្មាំងសត្រូវ​វិញ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឯង​ផង ៣២ គេ​នឹង​ឲ្យ​កូន​ប្រុស​កូន​ស្រី​ឯង​ដល់​សាសន៍​ដទៃ ភ្នែក​ឯង​នឹង​ស្រវាំង​ទៅ ដោយ​នឹក​រឭក ហើយ​សំឡឹង​មើល​តាម​វា​ជានិច្ច ដៃ​ឯង​ក៏​នឹង​គ្មាន​កំឡាំង​សោះ ៣៣ សាសន៍១​ដែល​ឯង​មិន​ស្គាល់ គេ​នឹង​ស៊ី​បំផ្លាញ​ផល​ពី​ដី និង​ការ​នឿយ​ហត់​របស់​ឯង​ទាំង​អស់ ឯង​នឹង​ត្រូវ​គេ​សង្កត់សង្កិន​ជានិច្ច ហើយ​ជិះជាន់​ជា​ដរាប ៣៤ ដល់​ម៉្លេះ​បាន​ជា​ឯង​នឹង​វង្វេង​ស្មារតី ដោយ​អស់​ទាំង​ការ​ដែល​ឯង​មើល​ឃើញ​នឹង​ភ្នែក ៣៥ ព្រះយេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង​នៅ​ត្រង់​ក្បាល​ជង្គង់ ហើយ​នៅ​ជើង ឲ្យ​កើត​មាន​ដំបៅ​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​ទៅ​ដល់​ក្រយៅ​ក្បាល ដែល​ឥត​មាន​អ្នក​ណា​មើល​ឲ្យ​ជា​បាន​ឡើយ។
៣៦ ព្រះយេហូវ៉ា​ទ្រង់​នឹង​នាំ​យក​ឯង ហើយ​នឹង​ស្តេច​ដែល​ឯង​នឹង​តាំង​ឡើង​លើ​ឯង ទៅ​ឯ​នគរ​១​ទៀត ដែល​ឯង និង​ពួក​ឰយុកោ​ឯង​មិន​ដែល​បាន​ស្គាល់ នៅ​ស្រុក​នោះ​ឯង​នឹង​គោរព​ប្រតិបត្តិ ដល់​ព្រះ​ដទៃ ដែល​ធ្វើ​ពី​ឈើ ហើយ​ពី​ថ្ម ៣៧ ឯង​នឹង​ត្រឡប់​ទៅ​ជា​ទី​អស្ចារ្យ និង​ជា​ទី​ប្រៀបធៀប ហើយ​ជា​ទី​ដំនៀល នៅ​កណ្តាល​គ្រប់​អស់​ទាំង​សាសន៍ ដែល​ព្រះយេហូវ៉ា​នឹង​នាំ​ឯង​ទៅ​នៅ​នោះ ៣៨ ឯង​នឹង​នាំ​យក​ពូជ​ពង្រោះ​ជា​ច្រើន ទៅ​សាបព្រោះ​នៅ​ក្នុង​ស្រែ​ឯង តែ​នឹង​ច្រូត​បាន​តែ​បន្តិច​វិញ​ទេ ដ្បិត​កណ្តូប​នឹង​កាត់​បំផ្លាញ​ទាំង​អស់​ទៅ ៣៩ ឯង​នឹង​ដាំ​ចំការ​ទំពាំងបាយជូរ ហើយ​ខំ​ថែ​រក្សា​ផង តែ​មិន​បាន​ក្រេប​រស​របស់​ផ្លែ​នោះ​ឡើយ ក៏​មិន​បាន​ទាំង​បេះ​ផង ដ្បិត​ដង្កូវ​នឹង​ស៊ី​ទាំង​អស់​ទៅ ៤០ ឯង​នឹង​មាន​ដើម​អូលីវ នៅ​ពេញ​ក្នុង​ស្រុក​ឯង តែ​មិន​បាន​យក​ប្រេង​មក​លាប​ខ្លួន​សោះ ដ្បិត​ក្តឹប​នឹង​ជ្រុះ​រុះ​ទាំង​អស់​ទៅ ៤១ ឯង​នឹង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី តែ​មិន​បាន​ជា​របស់​ផង​ឯង​ទេ ដ្បិត​គេ​នឹង​នាំ​វា​ទៅ​ជា​ឈ្លើយ ៤២ អស់​ទាំង​ដើម​ឈើ​នឹង​ផល​កើត​ពី​ដី​របស់​ឯង នោះ​នឹង​បាន​ជា​របស់​ផង​កណ្តូប​វិញ ៤៣ អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ជា​មួយ នឹង​ឡើង​ទៅ​ជា​ខ្ពស់​ជាង​ឯង​ជា​ដរាប ហើយ​ឯង​នឹង​ចុះ​ទៅ​ជា​ទាប​ជាង​គេ ៤៤ គេ​នឹង​ឲ្យ​ឯង​ខ្ចី តែ​ឯង​មិន​បាន​ឲ្យ​គេ​ខ្ចី​ទេ គេ​នឹង​ធ្វើ​ជា​ក្បាល ហើយ​ឯង​នឹង​ទៅ​ជា​កន្ទុយ​វិញ។ ៤៥ គ្រប់​ទាំង​សេចក្តី​បណ្តាសា​ទាំង​នេះ នឹង​ផ្សាយ​មក​លើ​ឯង ហើយ​នឹង​ដេញ​តាម​ឯង​ទាន់​ផង ដរាប​ដល់​ឯង​វិនាស​បាត់​ទៅ ដោយ​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​មក​ឯង​នោះ ៤៦ សេចក្តី​ទាំង​នោះ​នឹង​នៅ​ជាប់​លើ​ឯង ហើយ​លើ​ពូជ​ឯង សំរាប់​ជា​ទី​សំគាល់ ហើយ​ជា​ទី​អស្ចារ្យ នៅ​អស់​កល្ប​ជានិច្ច។
៤៧ ដោយ​ហេតុ​តែ​ឯង​មិន​បាន​គោរព​ប្រតិបត្តិ ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដោយ​ចិត្ត​រីករាយ​សប្បាយ នៅ​កណ្តាល​របស់​ដែល​មាន​ជា​បរិបូរ​ទាំង​ប៉ុន្មាន ៤៨ បាន​ជា​ឯង​ត្រូវ​បំរើ​ពួក​ខ្មាំងសត្រូវ ដែល​ព្រះយេហូវ៉ា​នឹង​ឲ្យ​មក​ទាស់​នឹង​ឯង គឺ​នឹង​បំរើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​នៅ​អាក្រាត ទាំង​ខ្វះខាត​របស់​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​បំពាក់​នឹម​ដែក​មក​លើ​ក​ឯង ដរាប​ដល់​ឯង​បាន​វិនាស​បាត់​ទៅ ៤៩ ព្រះយេហូវ៉ា​ទ្រង់​នឹង​នាំ​សាសន៍១​ពី​ចំងាយ គឺ​ពី​ចុង​ផែនដី​មក ដូច​ជា​ឥន្ទ្រី​ហើរ ជា​សាសន៍​ដែល​ឯង​ស្តាប់​ភាសា​គេ​មិន​បាន ៥០ ជា​សាសន៍​មាន​ទឹក​មុខ​សាហាវ ឥត​មាន​យល់​ដល់​ចាស់ ក៏​មិន​ចេះ​អាណិត​ដល់​ក្មេង​ផង ៥១ គេ​នឹង​ស៊ី​ផល​ពី​ហ្វូង​សត្វ​ឯង និង​ពី​ដី​ឯង ដរាប​ដល់​ឯង​វិនាស​បាត់​ទៅ គេ​មិន​ទុក​ឲ្យ​ឯង​មាន​ស្រូវ ឬ​ទឹក​ទំពាំងបាយជូរ ឬ​ប្រេង ឬ​ផល​ចំរើន​ពី​ហ្វូង​គោ ហ្វូង​ចៀម​ឯង​ឡើយ ដរាប​ដល់​គេ​បាន​បំផ្លាញ​ឯង​អស់​រលីង​ទៅ ៥២ គេ​នឹង​ចោម​ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ឯង ដរាប​ដល់​កំផែង​ខ្ពស់ ហើយ​មាំមួន ដែល​ឯង​យក​ជា​ទី​ពឹង​នោះ បាន​រលំ​នៅ​ពេញ​ក្នុង​ស្រុក​ឯង គេ​នឹង​ឡោមព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​ទី​ក្រុង​ទាំង​អស់​នៅ​ពេញ​ក្នុង​ស្រុក ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ ៥៣ ហើយ​នៅ​វេលា​គេ​ឡោមព័ទ្ធ​ឯង​ជុំវិញ និង​គ្រា​ដែល​មាន​សេចក្តី​លំបាក ដែល​ខ្មាំងសត្រូវ​នឹង​ធ្វើ​ទុក្ខ​ដល់​ឯង នោះ​ឯង​នឹង​បរិភោគ​ផល​ដែល​កើត​ចេញ​ពី​ខ្លួន​ឯង គឺ​ជា​សាច់​របស់​កូន​ប្រុស​កូន​ស្រី​ឯង ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ ៥៤ អ្នក​ណា​ដែល​រមែង​មាន​ចិត្ត​ថ្នម ហើយ​ស្រទន់​ណាស់​ក្នុង​ពួក​ឯង អ្នក​នោះ​ឯង​នឹង​ត្រឡប់​ជា​មាន​ភ្នែក​អាក្រក់​ដល់​បង​ប្អូន​ខ្លួន ដល់​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ហើយ​ដល់​កូន​ខ្លួន​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​វិញ ៥៥ ដល់​ម៉្លេះ​បាន​ជា​មិន​ព្រម​ទាំង​ចែក​សាច់​កូន​របស់​ខ្លួន ដែល​កំពុង​តែ​បរិភោគ ឲ្យ​ដល់​អ្នក​ណា​មួយ​នោះ​ឡើយ ដោយ​ព្រោះ​គ្មាន​អ្វី​សល់​ទៀត គឺ​ក្នុង​គ្រា​ដែល​ខ្មាំងសត្រូវ​ឯង​នៅ​ព័ទ្ធ​ជុំវិញ​នោះ នឹង​វេលា​ដែល​ឯង​មាន​សេចក្តី​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​ដល់​ឯង នៅ​គ្រប់​ទាំង​ទី​ក្រុង​ឯង​ផង ៥៦ ហើយ​ស្ត្រី​ណា​ដែល​មាន​ចិត្ត​ថ្នម ហើយ​ស្រទន់​នៅ​ក្នុង​ពួក​ឯង ជា​ស្ត្រី​ដែល​មិន​ដែល​ទាំង​ដាក់​បាត​ជើង​ដល់​ដី​ផង ដោយ​ព្រោះ​នាង​ទន់ភ្លន់​ហើយ​ថ្នម​ខ្លួន នាង​នោះ​នឹង​មាន​ភ្នែក​អាក្រក់​ដល់​ប្តី ជា​ទី​ស្រឡាញ់​របស់​ខ្លួន និង​ដល់​កូន​ប្រុស​កូន​ស្រី​ខ្លួន ៥៧ ហើយ​ដល់​ទាំង​កូន​ខ្ចី ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​ខ្លួន​មក ព្រម​ទាំង​ដល់​កូន​ដែល​នឹង​សំរាល​ទៀត​ផង ដ្បិត​នាង​នឹង​បរិភោគ​វា​ដោយ​សំងាត់ ដោយ​ព្រោះ​គ្មាន​អ្វី​សោះ ក្នុង​គ្រា​ដែល​ពួក​ខ្មាំងសត្រូវ​នៅ​ព័ទ្ធ​ជុំវិញ​នោះ​នឹង​វេលា​ដែល​មាន​សេចក្តី​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​ដល់​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ឯង។
៥៨ បើ​ឯង​មិន​ព្រម​ប្រយ័ត្ន និង​ធ្វើ​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យវិន័យ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដើម្បី​ឲ្យ​បាន​កោតខ្លាច​ដល់​ព្រះនាម​ដ៏​មាន​សិរីល្អ ហើយ​គួរ​ស្ញែងខ្លាច​នេះ គឺ«ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង» ៥៩ នោះ​ព្រះយេហូវ៉ា​នឹង​ធ្វើ​ឲ្យ​សេចក្តី​វេទនា​របស់​ឯង បាន​ចំឡែក​អស្ចារ្យ​ព្រម​ទាំង​សេចក្តី​វេទនា​នៃ​ពូជ​ឯង​ផង គឺ​ជា​សេចក្តី​វេទនា​យ៉ាង​ធំ ហើយ​ជាប់​ជា​យូរ និង​ជំងឺ​គ្រាំគ្រា​ដែល​នៅ​ជាប់​ជា​យូរ​ដែរ ៦០ ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​កើត​អស់​ទាំង​ជំងឺ​របស់​ស្រុក​អេស៊ីព្ទ ដែល​ឯង​បាន​ខ្លាច​នោះ​ទាំង​ប៉ុន្មាន ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​នឹង​ឯង ៦១ ព្រះយេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​កើត​គ្រប់​ទាំង​ជំងឺ ហើយ​នឹង​សេចក្តី​វេទនា​ទាំង​អស់ ដែល​មិន​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ​នេះ​ទៀត ដរាប​ដល់​ឯង​បាន​វិនាស​បាត់​អស់​រលីង​ទៅ ៦២ ហើយ​ទោះ​ពី​ដើម​ឯង​រាល់​គ្នា​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ​ក៏​ដោយ គង់​តែ​នឹង​នៅ​សល់​តែ​បន្តិច​ទេ ពី​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ៦៣ នៅ​គ្រា​នោះ​ព្រះយេហូវ៉ា​ទ្រង់​នឹង​សព្វ​ព្រះហឫទ័យ ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិនាស ហើយ​នឹង​បំផ្លាញ​ឯង​រាល់​គ្នា​ចេញ ដូច​ជា​កាល​ពី​ដើម​ទ្រង់​សព្វ​ព្រះហឫទ័យ នឹង​ប្រោស​សេចក្តី​ល្អ​ដល់​ឯង ហើយ​ចំរើន​ឯង​រាល់​គ្នា​ឡើង​នោះ​ដែរ ឯង​រាល់​គ្នា​នឹង​ត្រូវ​ដក​ចេញ​ពី​ស្រុក ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ ៦៤ ព្រះយេហូវ៉ា​ទ្រង់​នឹង​កំចាត់កំចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ ពី​ចុង​ផែនដី​ម្ខាង រហូត​ដល់​ចុង​ផែនដី​ម្ខាង នៅ​ទី​នោះ​ឯង​នឹង​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ដ៏ទៃ​ធ្វើ​ពី​ឈើ ហើយ​នឹង​ថ្ម ដែល​ឯង និង​ពួក​ឰយុកោ​ឯង​មិន​ដែល​ស្គាល់​សោះ ៦៥ នៅ​ក្នុង​សាសន៍​ទាំង​នោះ ឯង​នឹង​រក​សេចក្តី​ស្រណុក​មិន​បាន ហើយ​បាត​ជើង​ឯង​មិន​ចេះ​បាន​សំរាក​ឡើយ គឺ​នៅ​ទី​នោះ​ព្រះយេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ចិត្ត​ឯង​ញ័រ​រន្ធត់ ឲ្យ​ភ្នែក​ឯង​ស្រវាំង​ទៅ ហើយ​ឲ្យ​មាន​គំនិត​ព្រួយ​លំបាក​ដែរ ៦៦ ទោះ​ទាំង​ជីវិត​ឯង ក៏​នឹង​គ្មាន​ទី​កំណត់​ដល់​ឯង​ផង ឯង​នឹង​ចេះ​តែ​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ឥត​មាន​សង្ឃឹម​នឹង​រស់​នៅ​ឡើយ ៦៧ នៅ​ពេល​ព្រឹក​ឯង​នឹង​ថា ឱ​កាល​ណា​បាន​ល្ងាច​ទៅ​ហ្ន៎ ហើយ​ដល់​ពេល​ល្ងាច នោះ​នឹង​ថា ឱ​កាល​ណា​បាន​ព្រឹក​ឡើង​ទៅ​ហ្ន៎ គឺ​ដោយ​ព្រោះ​សេចក្តី​ភិតភ័យ​នៅ​ក្នុង​ចិត្ត​ឯង ដែល​នាំ​ឲ្យ​ឯង​ខ្លាច​នោះ ហើយ​ដោយ​ព្រោះ​ការ​ដែល​ភ្នែក​ឯង​នឹង​ឃើញ​ផង ៦៨ ព្រះយេហូវ៉ា​ទ្រង់​នឹង​ដឹង​នាំ​ឯង​ដោយ​នាវា ត្រឡប់​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​វិញ តាម​ផ្លូវ​ដែល​អញ​បាន​ប្រាប់​ឯង​ថា ឯង​នឹង​មិន​ឃើញ​ផ្លូវ​នោះ​ទៀត​ឡើយ រួច​នៅ​ស្រុក​នោះ ឯង​នឹង​ខំ​លក់​ខ្លួន​ទៅ​ឲ្យ​ពួក​ខ្មាំងសត្រូវ ដើម្បី​នឹង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​គេ តែ​នឹង​គ្មាន​អ្នក​ណា​ទិញ​ឯង​សោះ។
សុន្ទរកថា​ចុង​ក្រោយ​របស់​លោក​ម៉ូសេ សម្ពន្ធមេត្រី​នៅ​ស្រុក​ម៉ូអាប់
៦៩ នោះ​ហើយ ជា​ពាក្យ​ទាំង​ប៉ុន្មាន​នៃ​សេចក្តី​សញ្ញា​ដែល​ព្រះយេហូវ៉ា​ទ្រង់​បាន​បង្គាប់ ឲ្យ​ម៉ូសេ​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល នៅ​ស្រុក​ម៉ូអាប់ ក្រៅ​ពី​សេចក្តី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​គេ នៅ​ភ្នំ​ហោរែប​នោះ។