៣៤
លោក​ម៉ូសេ​ទទួល​មរណភាព
១ នោះ​ម៉ូសេ​ក៏​ឡើង​ពី​ស្រុក​វាល​របស់​ម៉ូអាប់​ទៅ​លើ​ភ្នំ​នេបូរ គឺ​ដល់​កំពូល​ភ្នំ​ពីសកា ដែល​ទល់​មុខ​នឹង​យេរីខូរ រួច​ព្រះយេហូវ៉ា​ទ្រង់​ក៏​បង្ហាញ ឲ្យ​លោក​ឃើញ​ស្រុក​កាឡាត​ទាំង​អស់ រហូត​ដល់​ស្រុក​ដាន់ ២ ហើយ​ស្រុក​ណែបថាលី ស្រុក​អេប្រាអិម និង​ស្រុក​ម៉ាន៉ាសេ​ហើយ​នឹង​ស្រុក​យូដា​ទាំង​អស់ រហូត​ដល់​សមុទ្រ​ខាង​លិច ៣ ព្រម​ទាំង​ស្រុក​ខាង​ត្បូង និង​វាល​នៅ​ច្រក​ភ្នំ​យេរីខូរ ហើយ​ទី​ក្រុង​លម៉ើ រហូត​ដល់​សូអារ ៤ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​លោក​ថា នេះ​ជា​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​អ័ប្រាហាំ និង​អ៊ីសាក ហើយ​នឹង​យ៉ាកុប​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង មើល អញ​បាន​ឲ្យ​ឯង​ឃើញ​ស្រុក​នេះ​ហើយ តែ​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​ទេ ៥ ដូច្នេះ​ម៉ូសេ​ជា​បាវ​បំរើ​ផង​ព្រះយេហូវ៉ា លោក​ស្លាប់​នៅ​ទី​នោះ​ក្នុង​ស្រុក​ម៉ូអាប់​ទៅ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ៦ ហើយ​ទ្រង់​ក៏​បញ្ចុះ​សព​នៅ​ក្នុង​ច្រក​ភ្នំ​១ នា​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​បេត-ពេអរ​ទៅ តែ​លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ គ្មាន​អ្នក​ណា​ដឹង​ជា​ផ្នូរ​លោក​នៅ​ឯ​ណា​ឡើយ ៧ កាល​ម៉ូសេ​ស្លាប់​ទៅ​នោះ​បាន​អាយុ​១២០​ឆ្នាំ​ហើយ តែ​ភ្នែក​លោក​មិន​ខ្សោយ​ហើយ​កំឡាំង​មិន​បាន​អន់​សោះ ៨ ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​យំ​សោក​នឹង​ម៉ូសេ​អស់​៣០​ថ្ងៃ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ រួច​វេលា​កាន់​ទុក្ខ​នឹង​ម៉ូសេ​ក៏​កន្លង​ផុត​ទៅ។
៩ ឯ​យ៉ូស្វេ ជា​កូន​នុន លោក​មាន​ចិត្ត​ពេញ​ដោយ​ប្រាជ្ញា ពី​ព្រោះ​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក។ ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ស្តាប់​តាម ព្រម​ទាំង​ធ្វើ​ដូច​ជា​ព្រះយេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ ១០ មិន​ដែល​កើត​មាន​ហោរា​ណា​មួយ ក្នុង​ពួក​អ៊ីស្រាអែល​ឲ្យ​ដូច​ជា​ម៉ូសេ ដែល​ព្រះយេហូវ៉ា​ទ្រង់​ស្គាល់​ប្រទល់​មុខ​ដូច្នេះ​ឡើយ។ ១១ គឺ​ដោយ​អស់​ទាំង​ទី​សំគាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះយេហូវ៉ា​បាន​ចាត់​ប្រើ​លោក ឲ្យ​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ទាស់​នឹង​ផារ៉ោន និង​ពួក​មហាតលិក​ទ្រង់ ហើយ​នឹង​ស្រុក​ទ្រង់​ទាំង​មូល ១២ ហើយ​ដោយ​ព្រះហស្ត​ដ៏​មាន​ព្រះចេស្តា និង​ការ​ស្ញែងខ្លាច​យ៉ាង​ធំ ដែល​លោក​បាន​ធ្វើ​នៅ​ចំពោះ​ភ្នែក​នៃ​ពួក​អ៊ីស្រាអែល​ផង។:៚