សាស្តា
១
១ ពាក្យទាំងនេះជាពាក្យរបស់គ្រូប្រដៅ ដែលជាបុត្ររបស់ដាវីឌ ស្តេចនៅក្រុងយេរូសាឡិម ២ «ការឥតប្រយោជន៍ទទេៗ» នេះជាពាក្យរបស់គ្រូប្រដៅពោលទុកថា ការឥតប្រយោជន៍ទទេៗ គ្រប់ទាំងអស់សុទ្ធតែអត់ប្រយោជន៍ទទេៗ ៣ តើមនុស្សមានកំរៃអ្វីខ្លះ ពីអស់ទាំងការដែលខ្លួនខំធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ ៤ មនុស្សដំណ១កន្លងបាត់ទៅ ហើយដំណ១ទៀតកើតឡើង តែផែនដីស្ថិតស្ថេរនៅជាដរាប ៥ ថ្ងៃក៏រះឡើង ហើយលិចទៅវិញ រួចប្រញាប់នឹងវិលទៅឯកន្លែងដែលរះឡើងនោះទៀត ៦ ឯខ្យល់ក៏បក់ទៅខាងត្បូង រួចវិលមកខាងជើងវិញ គឺវិលទៅវិលមកជានិច្ច ហើយក៏ត្រឡប់មកតាមផ្លូវដដែលទៀត ៧ ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរតាមផ្លូវដដែលវិញទៀត ៨ គ្រប់ទាំងអស់ចេះតែជញ្ជាន់ដដែលៗជានិច្ចទាល់តែមនុស្សរកថ្លែងមិនបាន ភ្នែកមើលមិនចេះឆ្អែត ហើយត្រចៀកស្តាប់ក៏មិនចេះពេញដែរ ៩ របស់ដែលមានពីមុនមក គឺរបស់នោះឯងដែលនឹងមានតទៅទៀត ហើយការដែលបានធ្វើពីមុនមក គឺការនោះឯងដែលនឹងធ្វើរៀងតទៅដែរ ឥតមានអ្វីជាថ្មីនៅក្រោមថ្ងៃឡើយ ១០ តើមានអ្វីណាមួយដែលគេអាចនឹងថា មើល នេះជារបស់ថ្មីទេដូច្នេះគឺសុទ្ធតែបានមាននៅ តាំងពីបុរាណមក ក៏មាននៅអស់ទាំងកល្ប មុនដែលមនុស្សយើងកើតមកផង ១១ គ្មានអ្នកណានឹកចាំពីអ្វីៗនៅជាន់មុនទេ ហើយជំនាន់មនុស្សទៅខាងមុខ ក៏នឹងមិននឹកចាំអ្វីៗដែលត្រូវមាននៅខាងមុខដែរ។ ១២ យើង គឺជាគ្រូប្រដៅ បានធ្វើជាស្តេចនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម ១៣ យើងបានផ្ចង់ចិត្តពិនិត្យមើល ហើយស្វែងរកដោយប្រាជ្ញា ពីគ្រប់ទាំងអស់ដែលកើតមាននៅក្រោមមេឃ នេះហើយជាការមានទំងន់ដែលព្រះបានប្រគល់មកឲ្យមនុស្សជាតិប្រឹងធ្វើ ១៤ យើងបានឃើញបណ្តាការដែលមានធ្វើនៅក្រោមថ្ងៃ ហើយមើល ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ជាអសារឥតការផង ១៥ របស់ណាដែលវៀច នោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបាន ហើយរបស់អ្នកណាដែលខ្វះខាត នោះនឹងរាប់មិនបានដែរ ១៦ យើងបាននឹកក្នុងចិត្តថា មើល យើងបានធំឡើងហើយ មានប្រាជ្ញាលើសអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀត អើ ចិត្តយើងបានធ្លាប់បានដឹងចំពោះប្រាជ្ញា និងដំរិះជាច្រើនហើយ ១៧ យើងក៏បានផ្ចង់ចិត្តឲ្យបានស្គាល់ប្រាជ្ញា ព្រមទាំងសេចក្តីចំកួត និងសេចក្តីផ្តេសផ្តាស ក៏យល់ឃើញថា ការនោះជាការអសារឥតការដែរ។ ១៨ ដ្បិតដែលមានប្រាជ្ញាច្រើន នោះក៏កើតទុក្ខច្រើន ហើយអ្នកណាដែលចំរើនចំណេះ នោះក៏ចំរើនសេចក្តីព្រួយឡើងដែរ។