១០
១ រុយស្លាប់ធ្វើឲ្យប្រេងក្រអូបរបស់អ្នកអប់ប្រេងទៅជាមានក្លិនស្អុយ ហើយសេចក្តីចំកួតតែបន្តិចបន្តួចក៏បង្ខូចប្រាជ្ញា និងកិត្តិយសដូច្នោះដែរ ២ ចិត្តរបស់មនុស្សមានប្រាជ្ញារមែងនៅខាងដៃស្តាំ តែចិត្តរបស់មនុស្សល្ងីល្ងើនៅខាងដៃឆ្វេងវិញ ៣ អើ នេះ១ទៀត កាលណាមនុស្សល្ងីល្ងើដើរតាមផ្លូវ នោះប្រាជ្ញាលះបង់ចោលវាបាត់ ហើយវាប្រាប់ដល់គ្រប់គ្នាថាជាមនុស្សល្ងីល្ងើទេ ៤ បើអ្នកគ្រប់គ្រងកើតមានចិត្តមួម៉ៅនឹងឯង នោះកុំឲ្យថយចេញពីទីរបស់ឯងឡើយ ពីព្រោះសេចក្តីសំឡូតរមែងរំងាប់ទោសយ៉ាងធំ។
៥ មានការអាក្រក់១ ដែលយើងបានឃើញនៅក្រោមថ្ងៃ មើលទៅដូចជាការកំហុសដែលកើតជីវិតពីអ្នកគ្រប់គ្រងដែរ ៦ គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់គេអង្គុយនៅកន្លែងទាបថោកវិញ ៧ យើងបានឃើញបាវបំរើកំពុងតែជិះសេះ ហើយកូនស្តេចកំពុងតែដើរនៅដីដូចជាបាវវិញ។
៨ អ្នកណាដែលជីករណ្តៅ នោះនឹងធ្លាក់ចុះក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលទំលុះកំផែងគេ នោះសត្វពស់នឹងចឹកខ្លួន ៩ អ្នកណាដែលរើថ្មចេញ នោះនឹងត្រូវរបួសដោយថ្មនោះ ហើយអ្នកណាដែលពុះឧស នោះក៏មានអន្តរាយដោយសារការនោះឯង ១០ បើដែករិលហើយ ម្ចាស់មិនសំលៀងមុខទេ នោះត្រូវតែបព្ចោញកំឡាំងលើសជាងទៅទៀត ឯប្រាជ្ញាមានប្រយោជន៍នឹងដំរង់ការ ១១ បើពស់បានចឹកមុនដែលគ្រូអាយលម្ពាយមក នោះតើមានប្រយោជន៍អ្វីដល់គ្រូអាយលម្ពាយ។
១២ ឯពាក្យដែលចេញពីមាត់របស់មនុស្សមានប្រាជ្ញា នោះសុទ្ធតែប្រកបដោយគុណ តែបបូរមាត់របស់មនុស្សល្ងីល្ងើនឹងពន្លិចខ្លួនវិញ ១៣ កាលចាប់ផ្តើមបព្ចោញពាក្យ នោះសុទ្ធតែជាពាក្យល្ងីល្ងើ តែដល់ចុងបំផុតពាក្យសំដីវាជាសេចក្តីចំកួតយ៉ាងសហ័ស ១៤ មនុស្សល្ងីល្ងើក៏ពង្រីកពាក្យពោលជាច្រើន ឯមនុស្សលោកគេមិនដឹងជានឹងកើតមានអ្វីទេ ហើយការអ្វីដែលនឹងកើតមកខាងក្រោយខ្លួន នោះតើអ្នកណានឹងថ្លែងប្រាប់បាន ១៥ ការដែលមនុស្សល្ងីល្ងើខំធ្វើ នោះធ្វើឲ្យខ្លួននឿយហត់គ្រប់គ្នា ពីព្រោះគេមិនដឹងទៅឯទីក្រុងតាមផ្លូវណាទេ។
១៦ ឱស្រុកអើយ វរហើយ កាលណាស្តេចរបស់ឯងជាកូនក្មេង ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគធំពីព្រលឹម ១៧ មានពរហើយ ឱស្រុកអើយ កាលណាស្តេចឯងជាពូជពង្សមានត្រកូលខ្ពស់ ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគតាមត្រូវពេលវិញ ដើម្បីឲ្យតែបានកំឡាំង មិនមែនឲ្យបានស្រវឹងទេ ១៨ ឯដំបូលផ្ទះរមែងស្រុតធ្លាក់ ដោយព្រោះតែសេចក្តីខ្ជិលច្រអូសទេ ហើយដោយព្រោះនៅដៃទទេៗ បានជាទឹកភ្លៀងលេចចូលក្នុងផ្ទះដែរ ១៩ មនុស្សតែងជប់លៀង ដើម្បីឲ្យបានសើចសប្បាយ ហើយស្រាទំពាំងបាយជូរនាំចិត្តឲ្យរីករាយ តែប្រាក់នឹងធ្វើឲ្យសំរេចទាំងអស់បាន ២០ កុំឲ្យជេរប្រមាថដល់ស្តេចឡើយ សូម្បីតែនៅក្នុងគំនិតឯងក៏កុំដែរ ហើយកុំឲ្យជេរប្រមាថដល់ពួកអ្នកមាន ទោះទាំងនៅក្នុងបន្ទប់ដេករបស់ខ្លួនផង ខ្លាចក្រែងសត្វហើយលើអាកាសនាំយកសំឡេងនោះទៅ ហើយសត្វដែលមានស្លាបវាថ្លែងប្រាប់តាមរឿងនោះ។