គ្រីស្ទបរិស័ទ​ឆ្លង​ផុត​ពី​សេចក្តី​ស្លាប់​ទៅ​ដល់​ជីវិត
១ ពី​ដើម អ្នក​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើ​បាប​ដែរ ២ ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត តាម​របៀប​លោកីយ៍​នេះ គឺ​តាម​មេ​គ្រប់​គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណ ដែល​សព្វ​ថ្ងៃ​នេះ បណ្តាល​មក​ក្នុង​ពួក​មនុស្ស​រឹងចចេស ៣ យើង​រាល់​គ្នា​ទាំង​អស់​ក៏​បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​ពី​ដើម​ដែរ ដោយ​សេចក្តី​ប៉ងប្រាថ្នា​របស់​សាច់​ឈាម​យើង ទាំង​ប្រព្រឹត្ត​សេចក្តី​ដែល​សាច់​ឈាម និង​គំនិត​យើង​ចង់​បាន​ផង ហើយ​តាម​កំណើត​យើង នោះ​យើង​ជា​មនុស្ស​ជាប់​ក្នុង​សេចក្តី​ខ្ញាល់ ដូច​ជា​មនុស្ស​ឯ​ទៀត​ដែរ ៤ ប៉ុន្តែ ព្រះ​ដែល​ទ្រង់​មាន​សេចក្តី​មេត្តាករុណា​ដ៏​លើស​លប់ ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មាន​ដល់​យើង​រាល់​គ្នា ៥ ក្នុង​កាល​ដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅ​ឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់ ជា​មួយ​នឹង​ព្រះគ្រីស្ទ គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ៦ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើង​វិញ ក៏​ឲ្យ​យើង​អង្គុយ​ជា​មួយ​នឹង​ព្រះគ្រីស្ទ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ ៧ ដើម្បី​ឲ្យ​ទ្រង់​បាន​សំដែង ឲ្យ​អស់​ទាំង​កល្ប​ខាង​មុខ បាន​ឃើញ​ព្រះគុណ​ដ៏​ធ្ងន់​លើស​លប់​របស់​ទ្រង់ ដោយ​សេចក្តី​សប្បុរស ដែល​ទ្រង់​ផ្តល់​មក​យើង ក្នុង​ព្រះគ្រីស្ទយេស៊ូវ ៨ ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ ៩ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន ១០ ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទយេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជា​មុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម។
ការ​រួបរួម​គ្នា​ក្នុង​អង្គ​ព្រះគ្រីស្ទ
១១ ដូច្នេះ ចូរ​នឹក​ចាំ​ថា កាល​ពី​ដើម​អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃខាង​សាច់​ឈាម ដែល​ពួក​ទទួល​កាត់​ស្បែក​ក្នុង​សាច់ ដោយ​ដៃ​មនុស្ស គេ​ហៅ​អ្នក​រាល់​គ្នា​ជា​ពួក​មិន​កាត់​ស្បែក​វិញ ១២ នៅ​វេលា​នោះ អ្នក​រាល់​គ្នា​នៅ​ទីទៃ​ពី​ព្រះគ្រីស្ទ ក៏​ឃ្លាត​ចេញ​ពី​អំណាច​ជាតិ​អ៊ីស្រាអែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​សន្យា​ទុក ក៏​ឥត​មាន​ទី​សង្ឃឹម ហើយ​គ្មាន​ព្រះ​ក្នុង​លោកីយ៍​នេះ​ដែរ ១៣ តែ​ឥឡូវ​នេះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយសារ​ព្រះលោហិត​ទ្រង់ ១៤ ដ្បិត​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខាន់​កណ្តាល​ចេញ ១៥ ព្រម​ទាំង​បំបាត់​សេចក្តី​សំអប់​គ្នា ដោយ​នូវ​រូប​សាច់​ទ្រង់ គឺ​បំបាត់​ក្រឹត្យវិន័យ​ដែល​មាន​បញ្ញត្ត និង​សេចក្តី​ហាមប្រាម​ទាំង​ប៉ុន្មាន​ចេញ ដើម្បី​ឲ្យ​បាន​យក​ទាំង​២​មក បង្កើត​ជា​មនុស្ស​ថ្មី​តែ​១​ក្នុង​ព្រះអង្គ​ទ្រង់ ដោយ​តាំង​ជា​ស្ពាន​មេត្រី​ឲ្យ ១៦ ហើយ​ឲ្យ​ទ្រង់​បាន​ផ្សះផ្សា​ទាំង​២​នឹង​ព្រះ ក្នុង​រូបកាយ​តែ​១ ដោយសារ​ឈើ​ឆ្កាង ព្រម​ទាំង​រំងាប់​សេចក្តី​សំអប់​គ្នា ដោយ​ឈើ​ឆ្កាង​នោះ​ឯង ១៧ ហើយ​កាល​ទ្រង់​បាន​យាង​មក នោះ​ទ្រង់​បាន​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​សេចក្តី​មេត្រី​ដល់​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ និង​ដល់​ពួក​អ្នក​ដែល​នៅ​ជិត​ផង ១៨ ដ្បិត​ដោយសារ​ទ្រង់ នោះ​យើង​ទាំង​២​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​ដល់​ព្រះវរបិតា ដោយ​ព្រះវិញ្ញាណ​តែ​១ ១៩ ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​១​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ ២០ ដែល​បាន​ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួក​សាវ័ក និង​ពួក​ហោរា ហើយ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ២១ ដែល​ដោយសារ​ទ្រង់ ដំណាក់​ទាំង​មូល​នោះ​បាន​ផ្គុំ​ភ្ជាប់​គ្នា ទាំង​ចំរើន​ឡើង​ជា​វិហារ​បរិសុទ្ធ​ក្នុង​ព្រះអម្ចាស់ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង​ក្នុង​ទ្រង់​ដែរ សំរាប់​ជា​លំនៅ​នៃ​ព្រះ​ដោយ​នូវ​ព្រះវិញ្ញាណ។