ការ​រួបរួម​របស់​គ្រីស្ទបរិស័ទ
១ ដូច្នេះ ខ្ញុំ​ជា​អ្នក​ជាប់​គុក​ក្នុង​ព្រះអម្ចាស់ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ដើរបែប​គួរ​នឹង​ការងារ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ចុះ ២ ព្រម​ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់​ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់ ៣ ហើយ​ខំ​ប្រឹង​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ ដោយ​សេចក្តី​មេត្រី ទុក​ជា​ចំណង​ផង ៤ មាន​រូបកាយ​តែ​១ ហើយ​ព្រះវិញ្ញាណ​តែ​១ ដូច​ជា​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​សេចក្តី​សង្ឃឹម​តែ​១​របស់​ការងារ​អ្នក​រាល់​គ្នា​ដែរ ៥ មាន​ព្រះអម្ចាស់​តែ​១ សេចក្តី​ជំនឿ​តែ​១ បុណ្យ​ជ្រមុជ​តែ​១ ៦ មាន​ព្រះ​តែ​១ គឺ​ជា​ព្រះវរបិតា​នៃ​ទាំង​អស់ ដែល​ទ្រង់​ខ្ពស់​លើ​ទាំង​អស់ គង់​នៅ​កណ្តាល​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់ ៧ តែ​មាន​ព្រះគុណ​ផ្តល់​មក​យើង​រាល់​គ្នា​រៀង​រាល់​ខ្លួន តាម​ខ្នាត​អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ ៨ បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា «ដែល​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ នោះ​ទ្រង់​បាន​ចាប់​ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​ប្រទាន​អំណោយ​ទាន​ដល់​មនុស្ស» ៩ តែ​ដែល​ថា ទ្រង់​យាង​ឡើង​ទៅ​នោះ តើ​មាន​ន័យ​ដូច​ម្តេច បើ​មិន​មែន​ថា ទ្រង់​បាន​យាង​ចុះ​ទៅ​ដល់​ស្ថាន​ទាប​ក្រោម​ដីជា​មុន​ប៉ុណ្ណោះ ១០ ឯ​ព្រះ​ដែល​យាង​ចុះ​ទៅ​នោះ គឺ​ជា​ព្រះ​ដដែល ដែល​បាន​យាង​ឡើង​ផុត​អស់​ទាំង​ជាន់​នៅ​ស្ថានសួគ៌ ដើម្បី​ឲ្យ​ទ្រង់​បាន​គង់​នៅ​ពេញ​គ្រប់​ទាំង​អស់ ១១ ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​បាន​ធ្វើ​ជា​សាវ័ក ខ្លះ​ជា​គ្រូ​អធិប្បាយ ខ្លះ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ ខ្លះ​ជា​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូ​បង្រៀន ១២ ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សំរាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ​ឡើង ១៣ ទាល់​តែ​យើង​រាល់​គ្នា​បាន​រួបរួម ខាង​ឯ​សេចក្តី​ជំនឿ​រួច​ជា​ស្រេច ហើយ​បាន​ស្គាល់​ព្រះរាជបុត្រា​នៃ​ព្រះ ដូច​គ្នា​ទាំង​អស់ គឺ​ដល់​បាន​ពេញ​ជា​មនុស្ស ហើយ​ដល់​ខ្នាត​កំពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ ១៤ ដើម្បី​កុំ​ឲ្យ​យើង​នៅ​ជា​កូន​តូច​ទៀត ទាំង​ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន​បោក ហើយ​ផាត់​យើង​ចុះ​ឡើង ដោយ​សេចក្តី​ឆបោក​របស់​ផង​មនុស្ស ហើយ​ដោយ​ឧបាយកល ដែល​គេ​ប្រើ​នឹង​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ ១៥ តែ​ដោយ​កាន់​តាម​សេចក្តី​ពិត​ដោយ​សេចក្តី​ស្រឡាញ់​វិញ នោះ​ឲ្យ​យើង​បាន​ធំ​ឡើង ខាង​ឯ​គ្រប់​ការ​ទាំង​អស់​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា គឺ​ជា​ព្រះគ្រីស្ទ ១៦ ដែល​រូបកាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​អំពី​ទ្រង់ ដោយសារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់ផ្គង់​ឲ្យ តាម​ខ្នាត​ការងារ​របស់​អវយវៈ​និមួយៗ នោះ​រូបកាយ​បាន​បង្កើន​ឡើង ដើម្បី​នឹង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់។
ជីវិត​ចាស់ និង​ជីវិត​ថ្មី
១៧ ដូច្នេះ ខ្ញុំ​និយាយ​សេចក្តី​នេះ ហើយ​ធ្វើ​បន្ទាល់​ក្នុង​ព្រះអម្ចាស់​ថា កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​ដូច​ជា​សាសន៍​ដទៃឯ​ទៀត ដែល​គេ​ដើរ​តាម​គំនិត​ឥត​ប្រយោជន៍​របស់​គេ​ទៀត​ឡើយ ១៨ គំនិត​គេ​ត្រូវ​បង្អាប់ ហើយ​គេ​ដាច់​ចេញ​ពី​ព្រះជន្ម​ព្រះ ដោយសារ​សេចក្តី​ខ្លៅ​ល្ងង់ក្នុង​ខ្លួន​គេ ព្រោះ​ចិត្ត​គេ​រឹងទទឹង ១៩ គេ​លែង​ខ្លាច​បាប បាន​ជា​គេ​ប្រគល់​ខ្លួន​ទៅ​ខាង​សេចក្តី​អាសអាភាស ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្តី​ស្មោកគ្រោក​គ្រប់​យ៉ាង ដោយ​ចិត្ត​វក់​វិញ ២០ តែ​អ្នក​រាល់​គ្នា​មិន​បាន​រៀន​ឲ្យ​ស្គាល់​ព្រះគ្រីស្ទ​យ៉ាង​នោះ​ទេ ២១ នោះ​គឺ​បើ​តិច​ណាស់​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​រៀន​នឹង​ទ្រង់ តាម​សេចក្តី​ពិត​ដែល​នៅ​ក្នុង​ព្រះយេស៊ូវ​ដែរ ២២ ថា​ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ ដែល​តែង​តែ​ខូច​ទៅ តាម​សេចក្តី​ប៉ងប្រាថ្នា​របស់​សេចក្តី​ឆបោក​ចោល​ចេញ ២៣ ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង ២៤ ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្តី​សុចរិត ហើយ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ផង​សេចក្តី​ពិត តាម​ភាព​ព្រះ។
២៥ ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​កំភូត​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន​វិញ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​ផង​គ្នា​ទៅ​វិញ​ទៅ​មក ២៦ ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ ២៧ ក៏​កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ ២៨ អ្នក​ណា​ដែល​ធ្លាប់​លួច ត្រូវ​ឈប់​លួច​ទៅ ស៊ូ​ឲ្យ​អ្នក​នោះ​ទ្រាំ​នឿយ​ហត់​ជា​ជាង ទាំង​ធ្វើ​ការ​ល្អ​ដោយ​ដៃ​ខ្លួន​វិញ ដើម្បី​ឲ្យ​មាន​អ្វី​នឹង​ចែក​ដល់​អ្នក​ណា​ដែល​ត្រូវ​ការ​ផង ២៩ មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់​អ្នក​ដែល​ស្តាប់ ៣០ កុំ​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​បាន​ព្រួយ​ព្រះហឫទ័យ ដែល​ទ្រង់​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សំរាប់​ដល់​ថ្ងៃ​ប្រោស​លោះ​នោះ​ឡើយ ៣១ ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្តី​ជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ ៣២ ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះគ្រីស្ទ​ដែរ។