៦
១ នៅវេលាយប់ថ្ងៃនោះឯង ស្តេចទ្រង់ផ្ទំមិនលក់ទេ ដូច្នេះ ទ្រង់បង្គាប់ឲ្យគេយកសៀវភៅ ដែលកត់អស់ទាំងរឿងទុកសំរាប់ពង្សាវតារមក រួចគេក៏អានមើលថ្វាយស្តេច ២ នោះឃើញមានសេចក្តីកត់ទុក ពីម៉ាដេកាយបានប្តឹងពីប៊ីកថាន និងថេរែស ជាភ្នាក់ងារ២នាក់របស់ស្តេច ក្នុងពួកអ្នកឆ្មាំទ្វារ ដែលបានរកឱកាសដល់ព្រះជន្មនៃស្តេចអ័ហាស៊ូរុស ៣ ស្តេចមានព្រះបន្ទូលសួរថា តើបានប្រោសឲ្យម៉ាដេកាយនេះបានរង្វាន់ និងយសជាយ៉ាងណាខ្លះ ដោយព្រោះការនោះ ពួកមហាតលិក ដែលបំរើស្តេច ទូលតបថា មិនបានប្រោសអ្វីដល់គាត់ឡើយ ៤ ខណៈនោះ ស្តេចមានព្រះបន្ទូលសួរថា តើអ្នកណានៅឯទីធ្លានោះ រីឯហាម៉ានបានមកដល់ទីធ្លាខាងក្រៅនៃព្រះរាជដំណាក់ហើយ ចង់សូមច្បាប់ស្តេចឲ្យចងកម៉ាដេកាយព្យួរនឹងឈើ ដែលលោកបានដំឡើងទុកនោះទៅ ៥ ដូច្នេះ ពួកមហាតលិកទូលទ្រង់ថា គឺជាលោកហាម៉ានដែលឈរនៅទីធ្លានោះ ស្តេចមានព្រះបន្ទូលថា ចូរឲ្យលោកចូលមកចុះ ៦ ហាម៉ានក៏ចូលមករួចស្តេចទ្រង់សួរថា តើគួរប្រោសជាយ៉ាងណា ដល់អ្នកដែលស្តេចសព្វព្រះទ័យចង់លើកមុខ ហាម៉ាននឹកក្នុងចិត្តថា តើមានអ្នកណាក្រៅពីអញ ដែលស្តេចសព្វព្រះទ័យនឹងលើកមុខឲ្យ ៧ ដូច្នេះ ហាម៉ានទូលឆ្លើយថា ឯមនុស្សដែលព្រះករុណាសព្វព្រះទ័យចង់លើកមុខឲ្យ ៨ នោះគួរតែយកព្រះពស្ត្រារាជ្យ ដែលព្រះករុណាធ្លាប់ទ្រង់ និងសេះដែលព្រះករុណាគង់ ព្រមទាំងមកុដរាជ្យ ដែលពាក់លើព្រះសិរមក ៩ ហើយប្រគល់ប្រដាប់ទាំងនោះ និងសេះដល់ម្នាក់ ជាអ្នកប្រធានវិសេសបំផុតរបស់ស្តេច ឲ្យគេបំពាក់ដល់អ្នកដែលព្រះករុណាទ្រង់សព្វព្រះទ័យចង់លើកមុខនោះ ថា រួចបញ្ជិះសេះបណ្តើរនាំទៅតាមផ្លូវទីក្រុង ហើយស្រែកប្រកាសនៅមុខអ្នកនោះ អ្នកដែលស្តេចសព្វព្រះទ័យចង់លើកមុខនោះបានដូច្នេះហើយ ១០ ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលបង្គាប់ហាម៉ានថា ចូរប្រញាប់ឡើង ទៅយកព្រះពស្ត្រារាជ្យ និងសេះ ដូចជាអ្នកបានថានោះ ទៅធ្វើដូច្នោះដល់ម៉ាដេកាយ ជាសាសន៍យូដា ដែលអង្គុយនៅមាត់ទ្វារព្រះរាជវាំង កុំឲ្យខានធ្វើអ្វីមួយដែលអ្នកបានថានោះឲ្យសោះ ១១ ហាម៉ានក៏យកព្រះពស្ត្រារាជ្យ និងសេះនោះមក រួចបំពាក់ឲ្យម៉ាដេកាយ ហើយបញ្ជិះគាត់បណ្តើរនាំទៅតាមផ្លូវទីក្រុង ដោយស្រែកប្រកាសនៅមុខគាត់ថា អ្នកដែលស្តេចទ្រង់សព្វព្រះទ័យចង់លើកមុខ នោះបានដូច្នេះហើយ ១២ រួចហើយ ម៉ាដេកាយក៏វិលត្រឡប់មកឯទ្វារព្រះរាជវាំងវិញ តែឯហាម៉ានលោកប្រញាប់ប្រញាល់ទៅឯផ្ទះ ដោយសៅសោក ហើយគ្រលំក្បាល ១៣ លោកក៏រាប់រៀបប្រាប់ដល់សេរែស ជាប្រពន្ធ និងពួកមិត្រសំឡាញ់ទាំងប៉ុន្មានពីអស់ទាំងការដែលបានកើតមកដល់ខ្លួន ដូច្នោះ ពួកអ្នកប្រាជ្ញរបស់លោក និងសេរែស ជាប្រពន្ធ ក៏និយាយទៅលោកថា បើសិនជាម៉ាដេកាយនេះជាតិជាសាសន៍យូដាដែលលោកបានចាប់តាំងដួលនៅចំពោះគាត់ហើយ នោះលោកនឹងឈ្នះគាត់មិនបានឡើយ គឺនឹងត្រូវដួលនៅចំពោះគាត់ជាពិតប្រាកដ ១៤ កាលគេកំពុងតែនិយាយនឹងលោកនៅឡើយ នោះមានពួកភ្នាក់ងាររបស់ស្តេចមកដល់ ដាស់តឿនហាម៉ាន ឲ្យទៅបរិភោគលៀង ដែលអេធើរបានរៀបចំទុក។