១០
១ ឯស្តេចអ័ហាស៊ូរុស ទ្រង់ដាក់ឲ្យមានពន្ធដារដល់ពួកអ្នកស្រុក និងពួកដែលនៅកោះសមុទ្រទាំងប៉ុន្មាន ២ រីឯអស់ទាំងកិច្ចការនៃព្រះចេស្តា និងឥទ្ធិឫទ្ធិរបស់ទ្រង់ព្រមទាំងរឿងសព្វគ្រប់ពីសក្តិយសរបស់ម៉ាដេកាយ ដែលស្តេចបានតាំងលោកឡើងដល់ថ្នាក់ណា នោះសុទ្ធតែបានកត់ទុក ក្នុងសៀវភៅរបាក្សត្ររបស់ពួកស្តេចសាសន៍មេឌី និងសាសន៍ពើស៊ីហើយ ៣ ដ្បិតម៉ាដេកាយ ជាសាសន៍យូដា លោកជាអ្នកបន្ទាប់នឹងស្តេចអ័ហាស៊ូរុសនោះឯង ហើយក៏ជាអ្នកធំក្នុងពួកសាសន៍យូដា ព្រមទាំងមានពួកបងប្អូនលោកយ៉ាងសន្ធឹករាប់អានផង ដោយលោករកតែសេចក្តីល្អដល់សាសន៍របស់ខ្លួន ហើយនិយាយជាពាក្យស្រគត់ស្រគំដល់ជាតិផង។:៚