១២
បុណ្យរំលង
១ ព្រះយេហូវ៉ា ទ្រង់ក៏មានព្រះបន្ទូលនឹងម៉ូសេហើយនឹងអើរ៉ុននៅស្រុកអេស៊ីព្ទថា ២ ខែនេះជាខែដំបូង គឺជាខែដើមឆ្នាំសំរាប់ឯងរាល់គ្នា ៣ ចូរប្រកាសប្រាប់ដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាថា នៅថ្ងៃ១០ខែនេះ ត្រូវឲ្យគ្រប់គ្នាយកកូនចៀម១ តាមពួកគ្រួឪពុកខ្លួន គឺកូនចៀម១សំរាប់គ្រួ១
៤ បើផ្ទះណាមានគ្នាតិចពេក មិនល្មមឲ្យអស់កូនចៀម១បាន នោះត្រូវចូលជាមួយនឹងអ្នកជិតខាងតាមចំនួនមនុស្ស ត្រូវឲ្យរាប់ចំនួនមនុស្សតាមដែលគេបរិភោគកូនចៀម១បាន ៥ ត្រូវតែយកកូនចៀមឈ្មោលឥតខ្ចោះមានអាយុ១ខួប ទោះពីក្នុងហ្វូងចៀមឬហ្វូងពពែក៏បាន ៦ រួចត្រូវទុកវាដល់ថ្ងៃ១៤ខែនេះឯង នោះពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាត្រូវសំឡាប់វានៅវេលាថ្ងៃលិច ៧ រួចត្រូវយកឈាមវាប្រឡាក់នៅក្របទ្វារទាំងសងខាង ហើយលើធ្នឹមទ្វាររបស់ផ្ទះដែលគេបរិភោគផង ៨ ត្រូវឲ្យគេអាំងសាច់ យកទៅបរិភោគជាមួយនឹងនំបុ័ងឥតដំបែ ហើយនឹងបន្លែល្វីងនៅយប់នោះឯង ៩ មិនត្រូវបរិភោគឆៅឬស្ងោរទេ គឺត្រូវអាំងវិញ ឲ្យមានជាប់ទាំងក្បាលទាំងជើង ហើយនឹងអាការៈខាងក្នុងផង ១០ កុំទុកឲ្យអ្វីនៅសល់ដល់ព្រឹកឲ្យសោះ បើមានសល់អ្វីដល់ព្រឹក នោះត្រូវដុតចោលវិញ ១១ ហើយត្រូវបរិភោគបែបយ៉ាងនេះ គឺដោយក្រវាត់ចង្កេះ ពាក់ស្បែកជើងទាំងកាន់ដំបងនៅដៃ ហើយត្រូវបរិភោគឲ្យរហ័សផង នេះជាដំណើររំលងនៃព្រះយេហូវ៉ា ១២ ដ្បិតនៅយប់នោះអញនឹងដើរកាត់ស្រុកអេស៊ីព្ទ ហើយនឹងវាយអស់ទាំងកូនច្បងនៅក្នុងស្រុក ចាប់តាំងពីមនុស្សដល់សត្វ ព្រមទាំងធ្វើទោសដល់អស់ទាំងព្រះនៃស្រុកអេស៊ីព្ទផង គឺអញនេះជាព្រះយេហូវ៉ា ១៣ ឈាមនោះនឹងបានជាទីសំគាល់សំរាប់ឯងរាល់គ្នានៅផ្ទះណាដែលឯងរាល់គ្នាអាស្រ័យនៅ ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ ហើយនឹងគ្មានសេចក្តីវេទនាណាបំផ្លាញឯងរាល់គ្នា ក្នុងវេលាដែលអញវាយស្រុកអេស៊ីព្ទនោះឡើយ ១៤ ថ្ងៃនេះនឹងបានជាសេចក្តីរំឭកដល់ឯងរាល់គ្នា ត្រូវឲ្យឯងរាល់គ្នាកាន់ថ្ងៃនេះជាបុណ្យថ្វាយព្រះយេហូវ៉ា គឺត្រូវកាន់ថ្ងៃនេះទុកជាច្បាប់ជាដរាបនៅអស់ទាំងដំណររៀងរាបតទៅ។
ពិធីបុណ្យនំបុ័ងឥតដំបែ
១៥ ក្នុងរវាង៧ថ្ងៃ ឯងរាល់គ្នាត្រូវតែបរិភោគនំបុ័ងឥតដំបែ ចាប់តាំងពីថ្ងៃដំបូង នោះត្រូវយកដំបែពីផ្ទះចេញ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់តាំងពីថ្ងៃជាដំបូងរហូតដល់ថ្ងៃទី៧ អ្នកនោះនឹងត្រូវកាត់ពីសាសន៍អ៊ីស្រាអែលចេញ ១៦ នៅថ្ងៃដំបូង ឯងរាល់គ្នាត្រូវប្រជុំជំនុំបរិសុទ្ធ ហើយដល់ថ្ងៃទី៧ នោះក៏ត្រូវប្រជុំជំនុំបរិសុទ្ធទៀត នៅថ្ងៃទាំងនោះ មិនត្រូវឲ្យធ្វើការអ្វីសោះឡើយ ធ្វើបានតែម្ហូបដែលត្រូវបរិភោគប៉ុណ្ណោះ ១៧ ត្រូវឲ្យឯងរាល់គ្នាកាន់បុណ្យនំបុ័ងឥតដំបែនេះ ដ្បិតគឺនៅថ្ងៃនេះឯងដែលអញបាននាំពួកកងរបស់ឯងរាល់គ្នា ចេញពីស្រុកអេស៊ីព្ទមក បានជាត្រូវកាន់ថ្ងៃនេះទុកជាច្បាប់ជាដរាបនៅអស់ទាំងដំណរៀងរាបតទៅ ១៨ នៅថ្ងៃ១៤ខែដំបូង នោះពីល្ងាច ត្រូវឲ្យឯងរាល់គ្នាបរិភោគនំបុ័ងឥតដំបែ ដរាបដល់ល្ងាចថ្ងៃ២១ខែនោះ ១៩ ក្នុងរវាង៧ថ្ងៃ មិនត្រូវឲ្យមានដំបែនៅក្នុងផ្ទះឯងរាល់គ្នាទេ ដ្បិតអ្នកណាដែលបរិភោគអ្វីមានដំបែ អ្នកនោះនឹងត្រូវកាត់ពីពួកជំនុំសាសន៍អ៊ីស្រាអែលចេញ ទោះបើជាអ្នកប្រទេសក្រៅឬជាអ្នកស្រុកក្តី ២០ មិនត្រូវឲ្យបរិភោគអ្វីដែលមានដំបែឲ្យសោះ នៅក្នុងទីលំនៅរបស់ឯងរាល់គ្នាទាំងប៉ុន្មាន នោះត្រូវបរិភោគតែនំបុ័ងឥតដំបែម្យ៉ាងប៉ុណ្ណោះ។
ការរៀបចំម្ហូបអាហារសំរាប់បុណ្យរំលង*
២១ នោះម៉ូសេក៏ហៅពួកចាស់ទុំសាសន៍អ៊ីស្រាអែលមកប្រាប់ថា ចូរទៅយកកូនចៀម តាមគ្រួនៃអ្នករាល់គ្នា ហើយសំឡាប់ធ្វើបុណ្យរំលងទៅ ២២ រួចយកមែកហ៊ីសុប១កញ្ចុំជ្រលក់ចុះក្នុងឈាមនៅក្នុងផើង ប្រឡាក់នឹងធ្នឹម ហើយនឹងក្របទ្វារទាំងសងខាង ដោយឈាមដែលនៅក្នុងផើងនោះ ក្នុងពួកអ្នករាល់គ្នាមិនត្រូវឲ្យអ្នកណាមួយចេញទៅក្រៅទ្វារផ្ទះខ្លួនឲ្យសោះ រហូតដល់ព្រឹកឡើង ២៣ ពីព្រោះព្រះយេហូវ៉ា ទ្រង់នឹងយាងកាត់ស្រុក ដើម្បីវាយពួកសាសន៍អេស៊ីព្ទ កាលណាទ្រង់ទតឃើញឈាមប្រឡាក់នៅធ្នឹម ហើយនឹងក្របទ្វារទាំងសងខាង នោះទ្រង់នឹងរំលងហួសទ្វារនោះទៅ មិនឲ្យមេបំផ្លាញចូលវាយក្នុងផ្ទះអ្នករាល់គ្នាទេ ២៤ ដូច្នេះត្រូវឲ្យអ្នករាល់គ្នាកាន់របៀបនេះ ទុកជាច្បាប់សំរាប់ខ្លួនអ្នករាល់គ្នា និងកូនចៅតរៀងទៅ ២៥ កាលណាអ្នករាល់គ្នាបានចូល ទៅក្នុងស្រុកដែលព្រះយេហូវ៉ានឹងប្រទានមកតាមសេចក្តីសន្យាទ្រង់ នោះត្រូវកាន់តាមរបៀបនេះកុំខាន ២៦ បើកាលណាកូនចៅអ្នករាល់គ្នាសួរថា តើរបៀបនេះមានន័យដូចម្តេច ២៧ នោះត្រូវឆ្លើយថា នេះគឺជាយញ្ញបូជានៃបុណ្យរំលងថ្វាយដល់ព្រះយេហូវ៉ា ដែលទ្រង់យាងរំលងផ្ទះពួកកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលទ្រង់បានវាយពួកសាសន៍អេស៊ីព្ទ ហើយបានប្រោសឲ្យពួកផ្ទះយើងរាល់គ្នារួច នោះពួកជនជាតិអ៊ីស្រាអែលគេឱនក្បាលចុះថ្វាយបង្គំ ២៨ ហើយនាំគ្នាទៅធ្វើតាមសេចក្តីដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ និងអើរ៉ុន គេក៏ធ្វើសំរេចការនោះ។
គ្រោះកាចចុងក្រោយ: ការប្រហារកូនច្បងរបស់ជនជាតិអេស៊ីព្ទ
២៩ រីឯនៅកណ្តាលអធ្រាត្រក្នុងយប់នោះ ព្រះយេហូវ៉ាទ្រង់ក៏វាយអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ ចាប់តាំងពីបុត្រច្បងរបស់ផារ៉ោន ដែលគង់លើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់អ្នកទោសនៅក្នុងគុក ព្រមទាំងកូនច្បងនៃអស់ទាំងសត្វផង ៣០ ផារ៉ោនទ្រង់ក៏តើនឡើងទាំងយប់ ព្រមទាំងពួកមហាតលិកទ្រង់ និងពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា នោះក៏ឮសំរែកទ្រហោយំនៅក្នុងស្រុកអេស៊ីព្ទ ដ្បិតគ្មានផ្ទះឯណាមួយដែលមិនមានម្នាក់ស្លាប់នោះទេ ៣១ ផារ៉ោនទ្រង់មានព្រះបន្ទូលហៅម៉ូសេ និងអើរ៉ុនមកទាំងយប់ប្រាប់ថា ចូរឯងរាល់គ្នាក្រោកឡើងនាំគ្នាចេញពីកណ្តាលរាស្ត្រអញនេះទៅ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់គ្នាផង ចូរទៅថ្វាយបង្គំដល់ព្រះយេហូវ៉ា ដូចជាឯងរាល់គ្នាបានសូមនោះចុះ ៣២ ចូរនាំទាំងហ្វូងចៀមហ្វូងគោទៅផង ដូចជាបានសូមហើយ ទៅចុះ ហើយសូមឲ្យពរដល់អញផង ៣៣ ពួកសាសន៍អេស៊ីព្ទក៏បង្ខំពួកអ៊ីស្រាអែលឲ្យចេញពីស្រុកទៅជាប្រញាប់ ដោយពាក្យថា យើងស្លាប់ទាំងអស់គ្នាហើយ ៣៤ ពួកកូនចៅអ៊ីស្រាអែលក៏យកម្សៅដែលមិនទាន់ដាក់ដំបែ នឹងស្នាចសំរាប់លាយម្សៅរុំក្នុងអាវគេលីទៅ ៣៥ ក៏ធ្វើតាមបង្គាប់ម៉ូសេ គឺគេសូមគ្រឿងមាស គ្រឿងប្រាក់ និងខោអាវពីសាសន៍អេស៊ីព្ទ ៣៦ ហើយព្រះយេហូវ៉ា ទ្រង់ក៏ធ្វើឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រកបដោយគុណនៃសាសន៍អេស៊ីព្ទ ដល់ម៉្លេះបានជាគេចែកឲ្យតាមដែលសូម យ៉ាងនោះគេក៏បង្ហិនបង្ហោចដល់ពួកសាសន៍អេស៊ីព្ទ។
ជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប
៣៧ ពួកកូនចៅអ៊ីស្រាអែល គេចេញពីស្រុករ៉ាមសេសដើរដោយជើងទៅដល់សិកូត មានមនុស្សប្រុសៗចំនួន៦សែននាក់ឥតរាប់កូនក្មេងឡើយ ៣៨ ក៏មានមនុស្សសន្ធឹកគ្រប់បែបឡើងទៅជាមួយដែរ ព្រមទាំងហ្វូងចៀមហ្វូងគោគេ ជាហ្វូងសត្វមានប្រមាណសន្ធឹកណាស់ ៣៩ គេនាំគ្នាយកម្សៅ ដែលយកពីស្រុកអេស៊ីព្ទមក ទៅដុតធ្វើជានំឥតដំបែ ដ្បិតមិនទាន់បានដាក់ដំបែនៅឡើយទេ ពីព្រោះពេលដែលគេត្រូវបណ្តេញចេញពីស្រុកអេស៊ីព្ទមក នោះឥតមានឲ្យបង្អែបង្អង់បានទេ បានជាគេមិនបានធ្វើម្ហូបម្ហាសំរាប់តាមផ្លូវឡើយ។
៤០ រីឯវេលា ដែលពួកកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ នោះបាន៤៣០ឆ្នាំ ៤១ រួចដល់ផុតពី៤៣០ឆ្នាំនោះទៅ នៅថ្ងៃដដែលនោះឯង ពួកកកកុញរបស់ព្រះយេហូវ៉ាគេក៏នាំគ្នាចេញពីស្រុកអេស៊ីព្ទទៅ ៤២ គឺជាយប់១ដែលត្រូវកាន់យ៉ាងសំខាន់ចំពោះព្រះយេហូវ៉ា ដោយព្រោះទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក យប់នោះឯងជាយប់ដែលពួកកូនចៅអ៊ីស្រាអែលទាំងអស់ ត្រូវកាន់យ៉ាងសំខាន់ នៅចំពោះព្រះយេហូវ៉ា នៅអស់ទាំងដំណគេតរៀងទៅ។
ច្បាប់សំរាប់ប្រារព្ធពិធីបុណ្យចម្លង
៤៣ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា នេះជាច្បាប់សំរាប់បុណ្យរំលង គឺមិនត្រូវឲ្យអ្នកប្រទេសក្រៅណាបរិភោគបុណ្យនេះឡើយ ៤៤ តែអស់ទាំងបាវបំរើដែលឯងរាល់គ្នាទិញនឹងប្រាក់មក បើកាលណាបានកាត់ស្បែកឲ្យហើយ នោះឲ្យគេបរិភោគទៅបាន ៤៥ ឯអ្នកប្រទេសក្រៅឬជើងឈ្នួល នោះមិនត្រូវបរិភោគទេ ៤៦ ត្រូវឲ្យបរិភោគនៅក្នុងផ្ទះតែ១ មិនត្រូវយកសាច់ចេញទៅក្រៅផ្ទះឡើយ ក៏មិនត្រូវបំបាក់ឆ្អឹងណាមួយផង ៤៧ ត្រូវឲ្យពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាធ្វើបុណ្យនេះ ៤៨ បើមានអ្នកប្រទេសក្រៅណាមួយមកនៅជាមួយនឹងឯងរាល់គ្នា ហើយចង់ធ្វើបុណ្យរំលងនេះថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវឲ្យពួកប្រុសៗរបស់គេទទួលកាត់ស្បែកសិន ទើបនឹងចូលមកធ្វើបាន យ៉ាងនេះគេនឹងបានដូចជាអ្នកស្រុកដែរ តែអ្នកឯណាដែលមិនបានកាត់ស្បែកសោះ នោះនឹងបរិភោគបុណ្យនេះមិនបានឡើយ ៤៩ មានច្បាប់តែ១ប៉ុណ្ណោះ សំរាប់ពួកអ្នកស្រុក ហើយនឹងពួកអ្នកប្រទេសក្រៅ ដែលនៅកណ្តាលឯងរាល់គ្នាដែរ។
៥០ ពួកកូនចៅអ៊ីស្រាអែលគេក៏ធ្វើដូច្នោះ តាមដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ និងអើរ៉ុន គេបានធ្វើសំរេចការទាំងនោះ ៥១ ហើយនៅថ្ងៃនោះឯង ព្រះយេហូវ៉ា ទ្រង់ក៏នាំកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទដោយពួកកងរបស់គេ។