១៦
នំ​ម៉ាណា និង​សត្វ​ក្រួច
១ រួច​គេ​ចេញ​ពី​អេលីម​ធ្វើ​ដំណើរ​ទៅ លុះ​ដល់​ថ្ងៃ​១៥​ខែ​ទី​២ តាំង​ពី​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ទៅ​ដល់​ទី​រហោស្ថាន​ស៊ីន ជា​ទី​ដែល​នៅ​ជា​កណ្តាល​អេលីម ហើយ​នឹង​ស៊ីណាយ ២ ហើយ​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ក៏​ត្អូញត្អែរ​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​នៅ​ទី​រហោស្ថាន​នោះ ៣ គេ​និយាយ​នឹង​លោក​ថា ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​ដោយ​ព្រះហស្ត​នៃ​ព្រះយេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​សំឡ ហើយ​បាន​ទទួល​ទាន​បាយ​ឲ្យ​ឆ្អែត នោះ​ជា​ជាង ដ្បិត​ដែល​អ្នក​បាន​នាំ​យើង​មក​ក្នុង​ទី​រហោស្ថាន​នេះ នោះ​គឺ​ដើម្បី​តែ​សំឡាប់​ពួក​ជំនុំ​នេះ​ទាំង​អស់​ដោយ​អត់ឃ្លាន​ទេ។
៤ បន្ទាប់​នោះ​មក ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា មើល អញ​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​បណ្តាជន​ចេញ​ទៅ​រើស​ឲ្យ​ល្មម​តែ​១​ថ្ងៃ​រាល់ៗ​ថ្ងៃ ដើម្បី​ឲ្យ​អញ​បាន​ល្បងល​គេ​មើល តើ​គេ​នឹង​ដើរ​តាម​ច្បាប់​របស់​អញ​ឬ​ទេ ៥ ដល់​ថ្ងៃ​ទី​៦ នោះ​ត្រូវ​ឲ្យ​គេ​រើស​លើស​ជាង​ធម្មតា​១​ជា​២ យក​ទៅ​រៀបចំ​ទុក។
៦ ម៉ូសេ និង​អើរ៉ុន ក៏​ប្រកាស​ប្រាប់ ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ថា នៅ​ល្ងាច​នេះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​ជា​ព្រះយេហូវ៉ា​ហើយ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ៧ ហើយ​ដល់​ព្រឹក​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរីល្អ​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​ឮ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ត្អូញត្អែរ​នឹង​ទ្រង់​ហើយ ឯ​យើង តើ​យើង​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្អូញត្អែរ​នឹង​យើង​ដូច្នេះ ៨ ម៉ូសេ​ក៏​ប្រាប់​ថា ល្ងាច​នេះ ព្រះយេហូវ៉ា​ទ្រង់​នឹង​ប្រទាន​សាច់ ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ ហើយ​ដល់​ព្រឹក​ឡើង​នឹង​ប្រទាន​នំបុ័ង​ឲ្យ​ចំអែត ដ្បិត​ទ្រង់​បាន​ឮ​ពាក្យ​ដំអូញ ដែល​អ្នក​រាល់​គ្នា​ត្អូញ​នឹង​ទ្រង់​ហើយ ឯ​យើង តើ​យើង​ជា​អ្វី ដែល​អ្នក​រាល់​គ្នា​ត្អូញត្អែរ​ដូច្នេះ នោះ​មិន​មែន​ត្អូញត្អែរ​ទាស់​នឹង​យើង​ទេ គឺ​នឹង​ព្រះយេហូវ៉ា​វិញ។
៩ រួច​ម៉ូសេ លោក​ប្រាប់​អើរ៉ុន​ឲ្យ​បង្គាប់​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ចំពោះ​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​បាន​ឮ​សេចក្តី​ដំអូញ​របស់​អ្នក​រាល់​គ្នា​ហើយ ១០ កាល​អើរ៉ុន​កំពុង​និយាយ​នឹង​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ នោះ​គេ​ងាក​បែរ​ទៅ​ឯ​ទី​រហោស្ថាន ឃើញ​សិរីល្អ​នៃ​ព្រះយេហូវ៉ា​លេច​មក​ក្នុង​ពពក ១១ ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ម៉ូសេ​ថា ១២ អញ​បាន​ឮ​សេចក្តី​ត្អូញត្អែរ របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ហើយ ដូច្នេះ ចូរ​ប្រាប់​គេ​ថា នៅ​ល្ងាច​នេះ ឯង​រាល់​គ្នា​នឹង​បាន​បរិភោគ​សាច់ លុះ​ដល់​ព្រឹក​ឡើង នោះ​នឹង​ចំអែត​ដោយ​នំបុ័ង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​ដឹង​ថា អញ​នេះ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។
១៣ លុះ​ដល់​វេលា​ល្ងាច នោះ​ក៏​មាន​សត្វ​ក្រួច​ហើរ​មក​គ្រប​នៅ​លើ​ទី​ដំឡើង​ត្រសាល ហើយ​ដល់​ព្រឹក​ឡើង ក៏​មាន​ទឹក​សន្សើម​នៅ​ជុំវិញ ១៤ កាល​ទឹក​សន្សើម​ស្ងួត​ទៅ​ហើយ នោះ​ឃើញ​នៅ​ពេញ​ទាំង​ទី​រហោស្ថាន សឹង​ដ៏​មាន​គ្រាប់​ល្អិតៗ ដែល​មើល​ទៅ​បែប​ដូច​ទឹក​សន្សើម​កក ឡើង​សស្គុស​នៅ​លើ​ដី ១៥ កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា នេះ​ជា​អ្វី​ហ្ន ដ្បិត​គេ​មិន​ស្គាល់​ជា​អ្វី​ទេ រួច​ម៉ូសេ​ប្រាប់​ថា នេះ​គឺ​ជា​នំបុ័ង​ដែល​ព្រះយេហូវ៉ា ទ្រង់​ប្រទាន​មក​អ្នក​រាល់​គ្នា ទុក​ជា​អាហារ​ហើយ ១៦ នេះ​ហើយ ជា​សេចក្តី​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក គឺ​ឲ្យ​អ្នក​រាល់​គ្នា​រើស​យក​ល្មម​តែ​នឹង​បរិភោគ​ឆ្អែត​គ្រប់​គ្នា​ចុះ គឺ​ជា​១​ខ្ញឹង​ម្នាក់ តាម​ចំនួន​ពួក​អ្នក​រាល់​គ្នា គ្រប់​គ្នា​ត្រូវ​យក​ឲ្យ​ល្មម​ដល់​ពួក​អ្នក​ដែល​នៅ​ត្រសាល​របស់​ខ្លួន ១៧ ពួក​អ៊ីស្រាអែល​ក៏​ធ្វើ​ដូច្នោះ ខ្លះ​រើស​បាន​ច្រើន​ខ្លះ​បាន​តិច ១៨ តែ​កាល​គេ​យក​ខ្ញឹង​មក​វាល់ នោះ​អ្នក​ដែល​រើស​បាន​ច្រើន​ក៏​គ្មាន​លើស​ទេ ហើយ​អ្នក​ណា​រើស​បាន​តិច​ក៏​មិន​ខ្វះ​ដែរ គ្រប់​គ្នា​មាន​ល្មម​តែ​បរិភោគ​ឆ្អែត​ប៉ុណ្ណោះ ១៩ រួច​ម៉ូសេ​ប្រាប់​ថា កុំ​ឲ្យ​អ្នក​ណា​ទុក​ឲ្យ​សល់​ដល់​ព្រឹក​ឡើយ ២០ តែ​គេ​មិន​បាន​ស្តាប់​តាម​ទេ ក៏​មាន​អ្នក​ខ្លះ​បាន​ទុក​នំ​នោះ​ដល់​ព្រឹក នោះ​ក៏​កើត​មាន​ដង្កូវ​មាន​ក្លិន​ស្អុយ ម៉ូសេ​ក៏​ខឹង​នឹង​គេ ២១ គេ​ក៏​តែងតែ​រើស​រាល់​តែ​ព្រឹក​ឲ្យ​ល្មម​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា លុះ​ដល់​ថ្ងៃ​ក្តៅ នំ​នោះ​ក៏​រលាយ​ទៅ។
២២ លុះ​ដល់​ថ្ងៃ​ទី​៦ គេ​ក៏​រើស​នំ​នោះ​បាន​ចំនួន​២​ភាគ គឺ​២​ខ្ញឹង​គ្រប់​គ្នា រួច​អស់​ទាំង​មេ​លើ​ពួក​ជំនុំ​ក៏​មក​ប្តឹង​ដល់​ម៉ូសេ ២៣ តែ​លោក​ឆ្លើយ​ថា នោះ​គឺ​ជា​សេចក្តី​ដែល​ព្រះយេហូវ៉ា​ទ្រប់​បង្គាប់​មក​ទេ ដ្បិត​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​សំរាក គឺ​ជា​ថ្ងៃ​ឈប់​សំរាក​បរិសុទ្ធ​ថ្វាយ​ព្រះយេហូវ៉ា អាហារ​ណា​ដែល​ត្រូវ​ដុត នោះ​ឲ្យ​ដុត​ចុះ ហើយ​អាហារ​ណា​ដែល​ត្រូវ​ស្ងោរ ក៏​ឲ្យ​ស្ងោរ​ទៅ ឯ​អាហារ​ដែល​សល់ នោះ​ត្រូវ​ទុក​ដល់​ព្រឹក​ឡើង​សំរាប់​អ្នក​រាល់​គ្នា ២៤ គេ​ក៏​ទុក​ដល់​ព្រឹក​តាម​បង្គាប់​ម៉ូសេ តែ​នំ​នោះ​ឥត​មាន​ធុំ​ក្លិន​ស្អុយ​អ្វី​ទេ ដង្កូវ​ក៏​មិន​បាន​កើត​ដែរ ២៥ រួច​ម៉ូសេ​ប្រាប់​ថា ត្រូវ​បរិភោគ​សំណល់​នោះ​នៅ​ថ្ងៃ​នេះ ដ្បិត​ជា​ថ្ងៃ​ឈប់​សំរាក​ថ្វាយ​ព្រះយេហូវ៉ា ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​នឹង​រក​នៅ​ឯ​វាល​ទៀត​គ្មាន​ទេ ២៦ អ្នក​រាល់​គ្នា​នឹង​រើស​នំ​នេះ​បាន​តែ​ក្នុង​រវាង​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ នោះ​គ្មាន​ទេ ព្រោះ​ជា​ថ្ងៃ​ឈប់​សំរាក។
២៧ នៅ​ថ្ងៃ​ទី​៧ ក៏​មាន​អ្នក​ខ្លះ​ចេញ​ទៅ​រើស​នំ​នោះ​ដែរ តែ​រក​គ្មាន​សោះ ២៨ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា តើ​ឯង​រាល់​គ្នា​មិន​ព្រម​ធ្វើ​តាម​បញ្ញត្ត ហើយ​នឹង​ច្បាប់​អញ​ដល់​កាល​ណា​ទៀត ២៩ មើល ដោយ​ព្រោះ​ព្រះយេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​ថ្ងៃ​ឈប់​សំរាក នោះ​បាន​ជា​ក្នុង​ថ្ងៃ​ទី​៦ ទ្រង់​ក៏​ប្រទាន​នំ​ឲ្យ​ល្មម​គ្រាន់​ដល់​២​ថ្ងៃ ដូច្នេះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​នៅ​តែ​ក្នុង​កន្លែង​ឯង​ចុះ កុំ​ឲ្យ​អ្នក​ណា​ចេញ​ទៅ​ក្រៅ​នៅ​ថ្ងៃ​ទី​៧​ឡើយ ៣០ ហេតុ​នោះ​បណ្តាជន​គ្រប់​គ្នា​ក៏​សំរាក​នៅ​ថ្ងៃ​ទី​៧​នោះ ៣១ ពួក​វង្ស​អ៊ីស្រាអែល​ក៏​ហៅ​នំ​នោះ​ថា «ម៉ាន៉ា» នំ​នោះ​មើល​ទៅ​មាន​សណ្ឋាន​ដូច​ជា​គ្រាប់​ល្ង សម្បុរ​ស ហើយ​មាន​រសជាតិ​ដូច​នំ​ដែល​ធ្វើ​ពី​ទឹក​ឃ្មុំ។
៣២ ម៉ូសេ​ក៏​ប្រាប់​ថា នេះ​ជា​សេចក្តី​ដែល​ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​មក គឺ​ឲ្យ​យក​នំ​នេះ​ដាក់​ពេញ​១​ខ្ញឹង ទុក​សំរាប់​កូន​ចៅ​ឯង​រាល់​គ្នា​ត​ទៅ​មុខ ដើម្បី​ឲ្យ​គេ​បាន​ឃើញ​នំ​ដែល​អញ​បាន​ឲ្យ​ឯង​បរិភោគ​នៅ​ទី​រហោស្ថាន ក្នុង​កាល​ដែល​អញ​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ផង ៣៣ នោះ​ម៉ូសេ​ក៏​ប្រាប់​ទៅ​អើរ៉ុន​ថា ចូរ​យក​ផើង​១​មក​ដាក់​នំ​ម៉ាន៉ា​១​ខ្ញឹង រួច​យក​ទៅ​ដាក់​នៅ​ចំពោះ​ព្រះយេហូវ៉ា​ទៅ ដើម្បី​ទុក​ដរាប​ដល់​អស់​ទាំង​ដំណ​នៃ​អ្នក​រាល់​គ្នា​ត​ទៅ ៣៤ នោះ​អើរ៉ុន​ក៏​យក​នំ​ម៉ាន៉ា​ទៅ​ដាក់​ទុក​នៅ​មុខ​សេចក្តី​បន្ទាល់ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ដែល​ទ្រង់​បង្គាប់​ដល់​ម៉ូសេ ៣៥ ពួក​កូន​ចៅ​អ៊ីស្រាអែល បាន​បរិភោគ​នំ​ម៉ាន៉ា​នោះ អស់​រវាង​៤០​ឆ្នាំ ទាល់​តែ​បាន​ទៅ​ដល់​ស្រុក​១​ដែល​មាន​មនុស្ស​នៅ គឺ​បាន​បរិភោគ​នំ​ម៉ាន៉ា​នោះ ដរាប​ទៅ​ដល់​ព្រំដែន​ស្រុក​កាណាន ៣៦ ឯ​ខ្ញឹង​នោះ គឺ​១​ថាំង​មាន​១០​ខ្ញឹង។