៣៨
អាសនា​ថ្វាយ​យញ្ញបូជា និង​អាង​សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ
១ គាត់​ស្អាង​អាសនា​ដង្វាយ​ដុត​ពី​ឈើ​នាងនួន​មាន​បណ្តោយ​៥​ហត្ថ ទទឹង​៥​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​កំពស់​៣​ហត្ថ ២ នៅ​ជ្រុង​ទាំង​៤ គាត់​ធ្វើ​ស្នែង​ចេញ​ពី​អាសនា ស្រោប​ដោយ​លង្ហិន ៣ គាត់​ធ្វើ​ប្រដាប់​ទាំង​ប៉ុន្មាន​សំរាប់​អាសនា គឺ​ជា​ប្រដាប់​ដាក់​ផែះ ចបចូក ផើង សម ហើយ​នឹង​ជើងក្រាន​ដែរ នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់ ៤ គាត់​ធ្វើ​ប្រទាស​លង្ហិន​ខ្ទាស់​ក្រឡា​គ្នា​សំរាប់​អាសនា ក៏​ដាក់​ប្រទាស​ពី​ខាង​ក្រោម​គែម​ឲ្យ​ជាប់​ត្រង់​ពាក់​កណ្តាល​របស់​កំពស់​អាសនា ៥ រួច​សិត​ធ្វើ​កង​៤​ដាក់​នៅ​ប្រទាស​លង្ហិន​ទាំង​៤​ជ្រុង សំរាប់​នឹង​ព្រហក​ឈើ​ស្នែង​សែង​ទៅ ៦ ក៏​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាងនួន ព្រម​ទាំង​ស្រោប​ដោយ​លង្ហិន ៧ គាត់​ព្រហក​ឈើ​ស្នែង​ចូល​ក្នុង​កង​ទាំង​ប៉ុន្មាន នៅ​សង​ខាង​អាសនា សំរាប់​នឹង​សែង​ទៅ​ឯ​អាសនា​នោះ គាត់​ធ្វើ​ឲ្យ​ខូង​ពី​ក្តារ។
៨ គាត់​ក៏​ធ្វើ​ចាន​ក្លាំ​ពី​លង្ហិន ព្រម​ទាំង​ជើង​នៃ​ចាន​ក្លាំ​ដែរ គឺ​ធ្វើ​ពី​កញ្ចក់​របស់​ស្រីៗ​ដែល​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។
ទីលាន
៩ គាត់​ធ្វើ​ទីលាន ឯ​នៅ​ខាង​ត្បូង​មាន​រនាំង​ត្បាញ​ធ្វើ​ពី​អំបោះ​ខ្លូតទេស វេញ​យ៉ាង​ខ្មាញ់ សំរាប់​បាំង​ទីលាន​ប្រវែង​១០០​ហត្ថ ១០ មាន​ទាំង​សសរ​២០​ដាក់​លើ​ជើង​លង្ហិន​២០ ឯ​ទំពក់​សសរ ហើយ​នឹង​គន្លឹះ នោះ​សុទ្ធ​តែ​ធ្វើ​ពី​ប្រាក់​វិញ ១១ នៅ​ខាង​ជើង មាន​រនាំង​ប្រវែង​១០០​ហត្ថ ហើយ​សសរ​២០ និង​ជើង​លង្ហិន​២០ មាន​ទាំង​ទំពក់ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់​ដែរ ១២ នៅ​ខាង​លិច មាន​រនាំង​ប្រវែង​៥០​ហត្ថ មាន​សសរ​១០ និង​ជើង​១០ មាន​ទាំង​ទំពក់​សសរ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់​ដែរ ១៣ ឯ​នៅ​ខាង​កើត​ក៏​មាន​ទទឹង​៥០​ហត្ថ​ដូច​គ្នា ១៤ តែ​នៅ​១​ចំហៀង មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​សសរ​៣ និង​ជើង​៣ ១៥ ឯ​ចំហៀង​១​ទៀត ដែល​ស្មើ​នឹង​ចំហៀង​ម្ខាង​ទ្វារ​ទីលាន​នោះ​មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​សសរ​៣ និង​ជើង​៣​ដូច​គ្នា ១៦ រនាំង​ទាំង​ប៉ុន្មាន​ដែល​បាំង​ជុំវិញ​ទីលាន​នោះ​សុទ្ធ​តែ​ត្បាញ ធ្វើ​ពី​អំបោះ​ខ្លូតទេស វេញ​យ៉ាង​ខ្មាញ់ ១៧ អស់​ទាំង​ជើង​សសរ​បាន​ធ្វើ​ពី​លង្ហិន ឯ​ទំពក់​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​បាន​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ទាំង​អស់​ដែរ អស់​ទាំង​សសរ​ទីលាន នោះ​ភ្ជាប់​គ្នា​ដោយសារ​ទំពក់​ប្រាក់ ១៨ រនាំង​មាត់​ទ្វារ​ទីលាន ជា​សំពត់​ប៉ាក់ ត្បាញ​ធ្វើ​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូតទេស​វេញ​យ៉ាង​ខ្មាញ់ រនាំង​នោះ​មាន​បណ្តោយ​២០​ហត្ថ កំពស់​៥​ហត្ថ ស្មើ​នឹង​រនាំង​ទីលាន​ទាំង​អស់ ១៩ សសរ​ទាំង​៤ និង​ជើង​ទាំង​៤​សំរាប់​រនាំង​ក៏​ធ្វើ​ពី​លង្ហិន ឯ​ទំពក់ និង​គន្លឹះ​នោះ​បាន​ធ្វើ​ពី​ប្រាក់​វិញ ហើយ​ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ដែរ ២០ ចំណែក​អស់​ទាំង​ចំរ៉ឹង សំរាប់​រោង​ឧបោសថ និង​ទីលាន សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។
២១ នេះ​ហើយ​ជា​បញ្ជី​ប្រដាប់ប្រដា សំរាប់​រោង​ឧបោសថ គឺ​ជា​រោង​នៃ​សេចក្តី​បន្ទាល់ ឯ​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ គាត់​បាន​ទទួល​បង្គាប់​ម៉ូសេ ដើម្បី​នឹង​រាប់​ប្រដាប់​ទាំង​នោះ សំរាប់​ការងារ​នៃ​ពួក​លេវី ២២ ឯ​បេតសាលាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​ពូជ​អំបូរ​យូដា គាត់​បាន​ធ្វើ​អស់​ទាំង​ការ ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ២៣ មាន​ទាំង​អូហូលីអាប់ ជា​កូន​អ័ហ៊ីសាម៉ាក់​ក្នុង​ពូជ​អំបូរ​ដាន់​មក​ជួយ​ធ្វើ​ការ​ដែរ អ្នក​នោះ​ជា​អ្នក​ប្រសប់​ខាង​ការ​ចំឡាក់ ហើយ​ខាង​បង្កើត​ការ​ថ្មី និង​ខាង​ធ្វើ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ខ្លូតទេស​យ៉ាង​ម៉ដ្ត ២៤ ឯ​មាស​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ថ្វាយ​សំរាប់​នឹង​ប្រើ​ធ្វើ​អស់​ទាំង​ការ​ស្អាង​ទី​បរិសុទ្ធ នោះ​មាន​ចំនួន​២៩​ហាប​៧៣០​ដំឡឹង តាម​ទំងន់​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ២៥ ហើយ​ប្រាក់​របស់​អស់​អ្នក​ក្នុង​ពួក​ជំនុំ​ដែល​បាន​រាប់​ដាក់​បញ្ជី នោះ​មាន​ចំនួន​១០០​ហាប​១៧៧៥​ដំឡឹង តាម​ទំងន់​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ២៦ គឺ​ជា​៥​កាក់​ដែល​ត្រូវ​ជា​កន្លះ​រៀល​ម្នាក់​គ្រប់ៗ​គ្នា តាម​រៀល​សំរាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ជា​ថ្លៃ​នៃ​អស់​ទាំង​អ្នក​ដែល​មាន​ឈ្មោះ​ចុះ​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ឯ​ចំនួន​មនុស្ស​ទាំង​នោះ មាន​៦​សែន​៣​ពាន់​៥៥០​នាក់ ២៧ ហើយ​ប្រាក់​១០០​ហាប​នោះ គេ​ក៏​យក​ទៅ​សិត​ធ្វើ​ជើង​សសរ​ទី​បរិសុទ្ធ និង​ជើង​វាំងនន គឺ​ជើង​១​មាន​១​ហាប​ប្រាក់ ឯ​ជើង​១០០ នោះ​ត្រូវ​ជា​១០០​ហាប ២៨ គេ​ក៏​យក​ប្រាក់​១៧៧៥​ដំឡឹង​ទៅ​ធ្វើ​ជា​ទំពក់ និង​គន្លឹះ​ទាំង​ប៉ុន្មាន​សំរាប់​សសរ ហើយ​រំលែក​ខ្លះ​មក​ស្រោប​នៅ​ក្បាច់​ក្បាល​សសរ រួច​ថ្ពក់​ភ្ជាប់​គ្នា ២៩ ឯ​លង្ហិន​ដែល​គេ​បាន​ថ្វាយ នោះ​មាន​ចំនួន​៧០​ហាប​២៤០០​ដំឡឹង ៣០ លង្ហិន​នោះ​គេ​ប្រើ​សំរាប់​ធ្វើ​ជើង​សសរ ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ព្រម​ទាំង​អាសនា​លង្ហិន និង​ប្រទាស ហើយ​អស់​ទាំង​ប្រដាប់​សំរាប់​អាសនា​នោះ ៣១ អស់​ទាំង​ជើង​នៃ​ទីលាន​នៅ​គ្រប់​ជុំវិញ ព្រម​ទាំង​ជើង​ទ្វារ​ទីលាន និង​អស់​ទាំង​ចំរ៉ឹង​សំរាប់​រោង​ឧបោសថ ហើយ​នឹង​ទីលាន​នៅ​ជុំវិញ​ដែរ។