ការ​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម
១ មួយ​ទៀត កូន​មនុស្ស​អើយ ចូរ​យក​ក្បឿង​១​មក ដាក់​នៅ​មុខ​ឯង ហើយ​គូរ​ផែន​ទី​ក្រុង​យេរូសាឡិម​នៅ​លើ​ក្បឿង​នោះ ២ រួច​នាំ​ទាហាន​មក​ឡោមព័ទ្ធ​ច្បាំង​នឹង​វា ព្រម​ទាំង​សង់​ប៉ម ជីក​ស្នាម​ភ្លោះ តាំង​បន្ទាយ​ទាស់​នឹង​វា ហើយ​ធ្វើ​គ្រឿង​បុក​ទំលាយ​កំផែង​នៅ​ជុំវិញ​ផង ៣ ត្រូវ​ឲ្យ​យក​បន្ទះ​ដែក​មក​ដាក់​កណ្តាល​ឯង ហើយ​នឹង​ទី​ក្រុង​ទុក​ជា​កំផែង​ដែក រួច​ឲ្យ​ដំរង់​មុខ​ឯង​ទាស់​នឹង​វា នោះ​ទី​ក្រុង​នឹង​ត្រូវ​គេ​ឡោមព័ទ្ធ​ហើយ ដោយ​ឯង​ឡោមព័ទ្ធ​ច្បាំង​នឹង​គេ​ដូច្នេះ ការ​នេះ​នឹង​បាន​ជា​ទី​សំគាល់ ដល់​ពួក​វង្ស​អ៊ីស្រាអែល។
៤ មួយ​ទៀត ចូរ​ឯង​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង ហើយ​ផ្ទុក​សេចក្តី​ទុច្ចរិត​របស់​ពូជពង្ស​អ៊ីស្រាអែល នៅ​លើ​ខ្លួន​ចុះ​ត្រូវ​ឲ្យ​ឯង​ទទួល​សេចក្តី​ទុច្ចរិត​របស់​គេ តាម​ចំនួន​ថ្ងៃ​ដែល​ឯង​ដេក​ផ្អៀង​ខាង​នោះ ៥ ដ្បិត​អញ​បាន​រាប់​ចំនួន​ថ្ងៃ​ឲ្យ​ស្មើ​នឹង​ចំនួន​ឆ្នាំ ដែល​គេ​ត្រូវ​រង​សេចក្តី​ទុច្ចរិត​របស់​ខ្លួន គឺ​៣៩០​ថ្ងៃ ត្រូវ​ឲ្យ​ឯង​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជពង្ស​អ៊ីស្រាអែល នៅ​លើ​ខ្លួន​យ៉ាង​ដូច្នោះ ៦ រួច​កាល​ណា​ឯង​បាន​សំរេច​ថ្ងៃ​ទាំង​នោះ​ហើយ នោះ​ត្រូវ​ឲ្យ​ឯង​ដេក​ផ្អៀង​ទៅ​ខាង​ស្តាំ​វិញ ហើយ​ត្រូវ​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជពង្ស​យូដា​អស់​៤០​ថ្ងៃទៀត អញ​បាន​កំណត់​១​ថ្ងៃ ទុក​ជា​១​ឆ្នាំ​ដល់​ឯង ៧ លំដាប់​នោះ ត្រូវ​ឲ្យ​ឯង​ដំរង់​មុខ​ទៅ​ខាង​ការ​ឡោមព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូសាឡិម ដោយ​មាន​ដើម​ដៃ​ឯង​បើក​ទទេ​នៅ ហើយ​ត្រូវ​ទាយ​ទាស់​នឹង​ទី​ក្រុង​ដែរ ៨ មើល​អញ​ដាក់​ខ្សែ​នេះ​ចង​ឯង​ជាប់ មិន​ឲ្យ​ប្រែ​ខ្លួន​ពី​ម្ខាង​ទៅ​ម្ខាង​ឡើយ ដរាប​ដល់​បាន​សំរេច​កំណត់​ថ្ងៃ​ដែល​ឯង​ឡោមព័ទ្ធ​ច្បាំង​នោះ។
៩ ត្រូវ​ឲ្យ​ឯង​យក​ម្សៅ​ភោជ្ជសាលី ម្សៅ​ឱក សណ្តែក​អង្គុយ សណ្តែកបាយ ថ្ពៅ ហើយ​ស្រូវ​អេប៉ូត​មក​ដាក់​ក្នុង​ផើង ហើយ​ប្រើ​ធ្វើ​ជា​នំបុ័ង​សំរាប់​ខ្លួន តាម​ចំនួន​ថ្ងៃ​ដែល​ឯង​ត្រូវ​ដេក​ផ្អៀង​នោះ គឺ​ឯង​ត្រូវ​ស៊ី​នំបុ័ង​នោះ​គ្រប់​៣៩០​ថ្ងៃ ១០ ឯ​អាហារ​ដែល​ឯង​នឹង​ស៊ី នោះ​ត្រូវ​ថ្លឹង​ជា​កន្លះ​នាលិ​សំរាប់​១​ថ្ងៃ ហើយ​ត្រូវ​ស៊ី​បន្តិច​ម្តងៗ ១១ ក៏​ត្រូវ​ផឹក​ទឹក​ដោយ​វាល់​ដែរ គឺ​២​កំប៉ុង​ក្នុង​១​ថ្ងៃ ហើយ​ត្រូវ​ផឹក​បន្តិច​ម្តងៗ​ដូច​គ្នា ១២ ត្រូវ​ឲ្យ​ឯង​ស៊ី​នំបុ័ង​នោះ​ទុក​ដូច​ជា​នំ​ម្សៅ​ឱក ហើយ​ត្រូវ​ចំអិន​នំបុ័ង​នោះ​នៅ​មុខ​គេ ដោយ​ដុត​លាមក​ដែល​ចេញ​ពី​មនុស្ស ១៣ ព្រះយេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​ស៊ី​នំបុ័ង​ស្មោកគ្រោក​របស់​គេ​យ៉ាង​ដូច្នោះ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ដែល​អញ​បណ្តេញ​គេ​ទៅ ១៤ ខ្ញុំ​ក៏​ប្រកែក​ថា ឱ​ព្រះអម្ចាស់យេហូវ៉ា​អើយ មើល ព្រលឹង​ទូលបង្គំ​មិន​ដែល​ត្រូវ​ស្មោកគ្រោក​ឡើយ ចាប់​តាំង​ពី​ក្មេង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ទូលបង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​ស្លាប់​ឯង ឬ​ដែល​ត្រូវ​សត្វ​ណា​ហែកហួរ​ឡើយ ក៏​មិន​ដែល​មាន​សាច់​គួរ​ខ្ពើម​ចូល​ក្នុង​មាត់​ទូលបង្គំ​ដែរ ១៥ នោះ​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា មើល អញ​ឲ្យ​ឯង​ប្រើ​អាចម៍​គោ ជំនួស​លាមក​របស់​មនុស្ស​វិញ ឯង​នឹង​ចំអិន​នំបុ័ង​ឯង ដោយ​ដុត​អាចម៍​គោ​នោះ​បាន ១៦ ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ទៀត​ថា កូន​មនុស្ស​អើយ អញ​នឹង​ផ្តាច់​ស្បៀង​ចេញ​ពី​ក្រុង​យេរូសាឡិម គេ​នឹង​ស៊ី​នំបុ័ង​ដោយ​ថ្លឹង​ហើយ​បារម្ភ​ព្រួយ ក៏​នឹង​ផឹក​ទឹក​ដោយ​វាល់ ហើយ​ភ្លាំងភ្លឹក​ដែរ ១៧ ដើម្បី​ឲ្យ​គេ​ខ្វះ​នំបុ័ង និង​ទឹក ព្រម​ទាំង​មាន​សេចក្តី​ភ្លាំងភ្លឹក​ជា​មួយ​គ្នា ហើយ​រោយរៀវ​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​គេ។