៧
ចុងបញ្ចប់របស់ស្រុកអ៊ីស្រាអែល
១ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា ២ ឱកូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងស្រុកអ៊ីស្រាអែលដូច្នេះថា ដល់កំណត់ហើយ គឺដល់ចុងបំផុតនៃស្រុកទាំង៤ទិសហើយ ៣ ពេលនេះជាចុងបំផុតរបស់ឯងពិត អញនឹងចាត់សេចក្តីកំហឹងរបស់អញទៅលើឯង ហើយនឹងជំនុំជំរះឯងតាមគ្រប់ទាំងអំពើរបស់ឯង ព្រមទាំងទំលាក់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ឯង មកលើឯងផង ៤ ភ្នែកអញនឹងមិនប្រណី ឬអាណិតមេត្តា ដល់ឯងឡើយ គឺអញនឹងទំលាក់អស់ទាំងអំពើរបស់ឯងមកលើឯង នោះអស់ទាំងរបស់គួរស្អប់ខ្ពើមរបស់ឯង នឹងនៅកណ្តាលឯងហើយ ដូច្នេះ ឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
៥ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មានការអាក្រក់ គឺការអាក្រក់តែ១ មើល ការនោះកំពុងតែមកហើយ ៦ ដល់ចុងបំផុតហើយ ចុងបំផុតបានមកដល់គឺបានភ្ញាក់ឡើងមកទាស់នឹងឯង មើលន៏ កំពុងតែមកហើយ ៧ ឱអ្នកស្រុកអើយ កំណត់ឯងបានមកដល់ហើយ ពេលក៏បានមក ថ្ងៃនោះជិតដល់ គឺជាថ្ងៃដែលឮសូរអឺងកងមិនមែនជាសូរសំរែកដោយអំណរនៅលើភ្នំទេ ៨ ឥឡូវនេះ អញហៀបនឹងចាក់សេចក្តីក្រោធរបស់អញទៅលើឯង ហើយនឹងសំរេចសេចក្តីកំហឹងរបស់អញដល់ឯង អញនឹងជំនុំជំរះឯងតាមអំពើដែលឯងប្រព្រឹត្ត ហើយនឹងទំលាក់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ឯងទៅលើឯងផង ៩ ភ្នែកអញនឹងមិនប្រណីឡើយ អញក៏មិនអាណិតមេត្តាដល់ឯងដែរ អញនឹងសងឯងតាមអំពើដែលឯងប្រព្រឹត្ត ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯង នឹងនៅកណ្តាលឯងដែរ នោះឯងរាល់គ្នានឹងដឹងថា គឺអញនេះហើយ ជាព្រះយេហូវ៉ាដែលវាយឯងពិត។
១០ មើលន៏ ថ្ងៃដល់ហើយ មើល កំពុងតែមកកំណត់បានចេញបំព្រាងមកហើយ ឯដំបង បានបែកផ្កា សេចក្តីអំនួតបានប៉ិចឡើង ១១ សេចក្តីច្រឡោតបានដុះឡើង ជាដំបងនៃសេចក្តីអាក្រក់ ឥតមានពួកគេណា ឬពួកទ័ពកកកុញរបស់គេ ឬទ្រព្យសម្បត្តិរបស់គេណាបានរួចឡើយ ក៏នឹងគ្មានអ្នកណាសោកស្រណោះដល់គេដែរ ១២ ពេលវេលាបានមកដល់ ថ្ងៃកាន់តែជិតហើយ កុំបីឲ្យអ្នកដែលទទួលបញ្ចាំ បានអរសប្បាយ ឬអ្នកដែលលក់បញ្ចាំឲ្យគេ បានស្តាយឡើយ ដ្បិតសេចក្តីក្រោធបានមកលើអស់ទាំងពួកកកកុញនេះហើយ ១៣ ឯអ្នកដែលបញ្ចាំទោះបើបានគង់ជីវិតនៅក៏ដោយ គង់តែមិនត្រឡប់ទៅឯធនធាន ដែលបានបញ្ចាំវិញនោះទេ ដ្បិតការជាក់ស្តែងនេះតម្រូវលើជនជាតិទាំងអស់គ្នា នឹងគ្មានណាមួយវិលមកវិញឡើយ ក៏ឥតមានអ្នកណាអាចឲ្យជីវិតខ្លួនស្ថិតស្ថេរនៅដោយអំពើទុច្ចរិតបានដែរ។
១៤ គេបានផ្លុំត្រែ ហើយទាំងអស់បានរៀបជាស្រេច តែគ្មានអ្នកណាចេញទៅតស៊ូឡើយ ដ្បិតសេចក្តីក្រោធរបស់អញ គ្របសង្កត់លើពួកទ័ពកកកុញរបស់គេទាំងអស់ ១៥ ឯខាងក្រៅ មានដាវ ហើយខាងក្នុង មានអាសន្នរោគ និងអំណត់អត់ អ្នកណាដែលនៅឯវាល នឹងត្រូវស្លាប់ដោយដាវ ហើយអ្នកដែលនៅក្នុងទីក្រុង នោះអំណត់អត់ និងអាសន្នរោគនឹងលេបគេទៅ ១៦ តែពួកណាដែលរត់រួចបាន នោះនឹងរួចជីវិត ហើយនឹងនៅលើភ្នំដូចជាព្រាបនៃច្រកភ្នំ គ្រប់គ្នាកំពុងតែយំថ្ងូរ ដោយព្រោះអំពើទុច្ចរិតរបស់រៀងខ្លួន ១៧ មនុស្សទាំងអស់នឹងខ្សោយដៃ ហើយជង្គង់គ្រប់គ្នានឹងទន់ដូចជាទឹក ១៨ គេនឹងស្លៀកសំពត់ធ្មៃ ហើយនឹងមានសេចក្តីស្ញែងខ្លាចហ៊ុមហគេ មុខគេទាំងអស់នឹងមានសេចក្តីខ្មាស ហើយគេនឹងកោរសក់គ្រប់គ្នា ១៩ គេនឹងបោះចោលប្រាក់របស់គេទៅក្នុងផ្លូវ ហើយមាសគេនឹងទុកដូចជារបស់មិនស្អាត អស់ទាំងប្រាក់ និងមាសរបស់គេនឹងជួយឲ្យគេរួច នៅថ្ងៃនៃសេចក្តីក្រោធរបស់ព្រះយេហូវ៉ាមិនបាន គេនឹងមិនស្កប់ចិត្តឡើយ ក៏មិនបានឆ្អែតពោះដោយរបស់នោះដែរ ពីព្រោះគឺរបស់នោះឯង ដែលនាំឲ្យគេចំពប់ដួលទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន ២០ ឯគ្រឿងដ៏លំអរបស់គេ នោះទ្រង់បានតាំងឡើងឲ្យមានសេចក្តីរុងរឿង តែគេបានធ្វើរូបនៃអស់ទាំងរបស់គួរស្អប់ខ្ពើម និងរបស់គួរឆ្អើមរបស់គេ នៅក្នុងទីនោះវិញ បានជាអញធ្វើឲ្យត្រឡប់ដូចជារបស់ស្មោកគ្រោកដល់គេ ២១ អញនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃទុកជារំពា និងដល់ពួកអាក្រក់នៅផែនដីទុកជារបឹប ហើយពួកនោះនឹងធ្វើបង្អាប់ទៅ ២២ អញនឹងបែរមុខចេញពីគេ ហើយគេនឹងបង្អាប់ទីកំបាំងរបស់អញដែរ និងមានពួកចោរចូលទៅធ្វើបង្អាប់ទីនោះ។
២៣ ចូរធ្វើច្រវាក់ចុះ ពីព្រោះស្រុកនេះមានពេញដោយទោសជាកំចាយឈាម ហើយទីក្រុងដ៏មានពេញដោយសេចក្តីច្រឡោត ២៤ ដូច្នេះ អញនឹងនាំសាសន៍ដែលកាចអាក្រក់បំផុតឲ្យមក សាសន៍នោះនឹងចាប់យកផ្ទះសំបែងរបស់គេបាន អញនឹងបំបាត់សេចក្តីអំនួតរបស់មនុស្សខ្លាំងពូកែដែរ ហើយទីបរិសុទ្ធទាំងប៉ុន្មានរបស់គេ នឹងត្រូវអាប់ឱនចុះ ២៥ មានការបំផ្លាញមក នោះគេនឹងស្វែងរកសេចក្តីសុខសាន្ត តែនឹងគ្មានសោះ ២៦ សេចក្តីវិនាសនឹងមកខ្ជាន់ៗ ហើយនឹងឮដំណឹងមកផ្ទួនៗ នោះគេនឹងស្វែងរកការជាក់ស្តែងពីពួកហោរា ប៉ុន្តែក្រឹត្យវិន័យនឹងវិនាសបាត់ពីពួកសង្ឃ ហើយសេចក្តីប្រឹក្សាពីពួកចាស់ទុំទៅដែរ ២៧ ឯស្តេច ទ្រង់នឹងទួញពិលាប ហើយពួកចៅហ្វាយនឹងប្រដាប់ខ្លួនដោយសេចក្តីស្រឡាំងកាំង ឯដៃនៃប្រជាជននៅក្នុងស្រុក នោះនឹងត្រូវញ័ររន្ធត់ អញនឹងធ្វើដល់គេតាមអំពើដែលគេប្រព្រឹត្ត ហើយនឹងជំនុំជំរះគេ តាមគួរនឹងទោសរបស់គេ នោះគេនឹងដឹងថា អញនេះហើយ ជាព្រះយេហូវ៉ាពិត។